ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គេហទំព័រ​សម្រាប់​ផ្តល់​ព័ត៌មាន​ទេសចរណ៍​នៅ​តំបន់​អង្គរ​នឹង​បង្កើត​ឡើង

7 ឆ្នាំ មុន

ខេត្តសៀមរាប ៖ សម្រាប់​តំបន់​ទេសចរណ៍ ល្បី​ៗ​ជា​ច្រើន និង​តំបន់​បេតិកភណ្ឌ​ពិភពលោក គឺ​តែងតែមាន​គេហទំព័រ​ផ្ទាល់​ប្រចាំ​តំបន់​ទាំងនោះ ដើម្បី​ផ្សព្វផ្សាយ​ពី​វិសាលភាព​នៃ​តំបន់​ទេសចរណ៍​របស់​ខ្លួន​ទៅ​កាន់​ពិភពលោក​។

ខេត្តសៀមរាប ៖ សម្រាប់​តំបន់​ទេសចរណ៍ ល្បី​ៗ​ជា​ច្រើន និង​តំបន់​បេតិកភណ្ឌ​ពិភពលោក គឺ​តែងតែមាន​គេហទំព័រ​ផ្ទាល់​ប្រចាំ​តំបន់​ទាំងនោះ ដើម្បី​ផ្សព្វផ្សាយ​ពី​វិសាលភាព​នៃ​តំបន់​ទេសចរណ៍​របស់​ខ្លួន​ទៅ​កាន់​ពិភពលោក​។ ដូច​គ្នា​នោះ​ដែរ​អាជ្ញាធរ​ជាតិ​អប្សរា ដែល​មាន​តួនាទី​គ្រប់គ្រង អភិរក្ស និង​រៀបចំ​តំបន់​អង្គរ​ដ៏​ល្បីល្បាញ ក៏​គ្រោង​រៀបចំ​បង្កើត​គេហទំព័រ www.angkor.com.kh សម្រាប់​ផ្តល់​ព័ត៌មាន​ទូលំទូលាយ​អំពី​សក្តានុពល​វិស័យ​ទេសចរណ៍​ដល់​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ​បានដឹង​ពី​តំបន់​អង្គរ ។

គោលបំណង​នៃ​ការ​រៀបចំ​គេហទំព័រ www.angkor.com.kh គឺ​ដើម្បី​ផ្តល់​ព័ត៌មាន​បន្ថែម​ដល់​ភ្ញៀវ​ទេសចរ​ទាក់ទង​នឹង​ព័ត៌មាន​សំខាន់​លើ​ផ្នែក​ទេសចរណ៍​ក្នុង​តំបន់​ឧទ្យាន​អង្គរ ដែល​ជា​តំបន់​ទេសចរណ៍​ដ៏​ល្បីល្បាញ​លើ​ពិភពលោក និង​ជា​កន្លែង​កម្សាន្ត​ប្រកបដោយ​សក្តានុពល ផ្សេង​ៗ​ទៀត​ក្នុង​ខេត្តសៀមរាប​។ គេហទំព័រ​នេះ ក៏​ជួយ​សម្រួល​ផង​ដែរ​ដើម្បី​ឱ្យ​ភ្ញៀវ​ទេសចរ​ជាតិ​-​អន្តរជាតិ បាន​ឈ្វេងយល់​ព័ត៌មាន​ជា​មុន​អំពី​ទីតាំង​ភូមិសាស្ត្រ ប្រាង្គ​ប្រាសាទ ការ​កក់​សំបុត្រ ការ​ពិនិត្យ​មើល​ពី​តម្លៃ​សំបុត្រ​ក្នុង​ការ​ទស្សនា​នៅ​ក្នុង​តំបន់​ឧទ្យាន​អង្គរ សហគមន៍ ទំនៀមទម្លាប់​អ្នកស្រុក រួម​ទាំង​ប្រវត្តិសាស្ត្រ សេវាកម្ម​ដឹក​ជញ្ជូន និង​អាកាសធាតុ​ជាដើម ។

លោក​សុខ សង្វារ អគ្គនាយករង​ទទួល​បន្ទុក​នាយកដ្ឋាន​អភិវឌ្ឍន៍​ទេសចរណ៍​អង្គរ បញ្ជាក់​ថា គេហទំព័រ www.angkor.com.kh ដែល​គ្រោង​នឹង​ដាក់​ឱ្យ​ដំណើរការ​នា​ពេល​ខាង​មុខ​នេះ គឺ​ផ្តោត​សំខាន់​លើ​តំបន់​ទេសចរណ៍​នៅ​ឧទ្យាន​អង្គរ និង​ក្នុង​ខេត្តសៀមរាប ខ្លះ​ៗ ។ ជា​ជំហាន​ទី​១​នេះ ក្រុមការងារ​បាន​យក​គេហទំព័រ www.angkor.com.kh មក​បង្ហាញ​ដល់​មន្ត្រី បុគ្គលិក និង​ថ្នាក់ដឹកនាំ​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​គ្រប់​ជាន់ថ្នាក់ និង​គ្រប់​នាយកដ្ឋាន​ដើម្បី​សុំ​ជា​យោបល់​ក្នុង​ន័យ​ស្ថាបនា​ឱ្យ​គេហទំព័រ​នេះ​ដំណើរការ​ទៅ​ដោយ​រលូន មាន​ព័ត៌មាន​ប្រកបដោយ​សុក្រឹតភាព ក៏​ដូច​ជា​ស្វែងរក​ចំណុច​ខ្វះខាត​មក​កែ​លម្អ​ឱ្យ​បាន​កាន់តែ​ប្រសើរ ។

ជំហាន​បន្ទាប់​នៅ​ពេល​បញ្ចប់​ការ​កែសម្រួល​ផ្ទៃក្នុង អាជ្ញាធរ​ជាតិ​អប្សរា​គ្រោង​នឹង​យក​គេហទំព័រ​នេះ​ទៅ​ស្នើ​សុំ​យោបល់​ពី​បណ្តា​ដៃគូ​ពាក់ព័ន្ធ​ទាំង​វិស័យ​ឯកជន និង​ស្ថាប័នរដ្ឋ​ផង​ដែរ ដើម្បី​ឱ្យ​គេហទំព័រ​នេះ​កាន់តែ​ល្អ ពិសេស​ជួយ​សម្រួល​ក្នុង​ការ​ផ្តល់​ព័ត៌មាន ក៏​ដូច​ជា​ជំរុញ​វិស័យ​ទេសចរណ៍​នៅ​តំបន់​អង្គរ និង​ខេត្តសៀមរាប​ឱ្យ​បាន​គ្រប់​ជ្រុងជ្រោយ​ថែម​ទៀត ។

អាជ្ញាធរ​ជាតិ​អប្សរា​ក៏​មាន​គេហទំព័រ​ផ្លូវការ www.apsaraauthority.gov.kh និង​បណ្តាញ​ទំនាក់ទំនង​សង្គម Facebook (​អាជ្ញាធរ​ជាតិ​អប្សរា Apsara Authority) រួច​មក​ហើយ សម្រាប់​ផ្សព្វផ្សាយ​ព័ត៌មាន​ទូទៅ​ជូន​សាធារណជន​ដែល​ចង់​ឈ្វេងយល់​ពី​ការងារ​ទាក់ទង​នឹង​ការ​ជួសជុល ការ​អភិរក្ស​ប្រាសាទ និង​សកម្មភាព​នានា​ប្រចាំ​ថ្ងៃ​របស់​ស្ថាប័ន​អាជ្ញាធរ​ជាតិ​អប្សរា​ទាំងមូល ៕