ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បម្រុង​ចូល​លួច​អាយ​ផេ​ត ត្រូវ​ម្ចាស់​ទាន់​ស្វាគមន៍​យ៉ាង​កក់ក្ដៅ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​លួច​បើកទ្វារ​ចូល​ផ្ទះ​គេ​ប៉ុនប៉ង​លួច​ទ្រព្យសម្បត្តិ តែ​ត្រូវ​ម្ចាស់​តាម​ទាន់​ស្រែ​កថា​ចោរ​ៗ ហើយ​ត្រូវ​ម្ចាស់ផ្ទះ​ដេញចាប់​បាន​វាយ​ទ្រោម​ខ្លួន​ប្រគល់​ឲ្យ​សមត្ថកិច្ច​

រាជធានី​ភ្នំពេញ ៖ បុរស​ម្នាក់​លួច​បើកទ្វារ​ចូល​ផ្ទះ​គេ​ប៉ុនប៉ង​លួច​ទ្រព្យសម្បត្តិ តែ​ត្រូវ​ម្ចាស់​តាម​ទាន់​ស្រែ​កថា​ចោរ​ៗ ហើយ​ត្រូវ​ម្ចាស់ផ្ទះ​ដេញចាប់​បាន​វាយ​ទ្រោម​ខ្លួន​ប្រគល់​ឲ្យ​សមត្ថកិច្ច​កាលពី​វេលា​ម៉ោង ៧​និង​០០​នាទី​យប់ ថ្ងៃ​ទី​១៤ ខែកញ្ញា ឆ្នាំ​២០១៦ ត្រង់​ចំណុច​ផ្ទះ​លេខ​១៥០ ផ្លូវ​១៥៦ សង្កាត់​ទឹកល្អក់​២ ខណ្ឌទួលគោក។

តាម​ប្រភព​ព័ត៌មាន​ពី​ម្ចាស់ផ្ទះ ដែល​ជា​ជន​រង​គ្រោះ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​រូបគេ​កំពុង​តែ​នៅ​ក្នុង​បន្ទប់​គេង​ហើយ​ស្រាប់តែ​ឮ​សូរ​សំឡេង​បើកទ្វារ​ផ្ទះ ពេល​នោះ​ប្រពន្ធ​របស់​ជន​រង​គ្រោះ​ក៏​បាន​ដើរ​ចេញ​មក​មើល​ស្រាប់តែ​ឃើញ​ជនសង្ស័យ បាន​ដើរ​ចូល​ដល់​កណ្ដាល​ផ្ទះ​សង្ស័យ​មាន​បំណង​ចង់​លួច​ទ្រព្យសម្បត្តិ​។

ពេល​នោះ​ប្រពន្ធ​ជន​រង​គ្រោះ​ក៏​បាន​ស្រែ​កថា​ចោរ​ៗ ធ្វើ​ភ្ញាក់ផ្អើល​ដល់​ជន​រង​គ្រោះ​ចេញពី​បន្ទប់​គេង​ហើយ​ដេញ​តាម​ជនសង្ស័យ រហូត​ដល់​ផ្លូវ​វ​១៥៦​កែង​២៦១ ទើប​ឃាត់ខ្លួន​បាន ហើយ​ពេល​នោះ​ប្រជាពលរដ្ឋ​ម្ដុំ​នោះ​បាន​បញ្ចេញ​កំហឹង ស្វាគមន៍​ដាក់​ជនសង្ស័យ​ម្នាក់​មួយ​ដៃ​មួយ​ជើង​រហូត​ទ្រម​ខ្លួន ទើប​នាំ​ខ្លួន​ប្រគល់​ឲ្យ​សមត្ថកិច្ច​មូលដ្ឋាន​ដើម្បី​ធ្វើការ​សាកសួរ​។

បើ​តាម​សម្ដី​របស់​លោក នាយ​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ទឹកល្អក់​២ បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ខាងលើ​មានឈ្មោះ អ៊ុំ ម៉ៅ ភេទ​ប្រុស អាយុ​២៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ ស្នាក់​នៅ​សង្កាត់​ផ្សារ​ដេប៉ូ​១ ខណ្ឌទួលគោក ហើយ​បក្ខពួក​របស់​គេ​ម្នាក់​ទៀត​មានឈ្មោះ អា​ប៉ុង បាន​រត់គេច​ខ្លួន​បាត់​ស្រមោល​។

បើ​តាម​សម្ដី​របស់​ជនសង្ស័យ​ខាងលើ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​រូបគេ និង​បក្ខពួក​ម្នាក់​ទៀត​បាន​ជិះ​ម៉ូតូឌុប​ពី​កន្លែង​ស្នាក់​នៅ ហើយ​មក​ចុះ​មុខ​ផ្ទះ​កើតហេតុ រួច​ពួក​គេ​បាន​ដើរ​រុញ​ទ្វារផ្ទះ​ជន​រង​គ្រោះ​ខាងលើ​។ តែ​ដោយសារ​តែ​រុញ​ទៅ​ទ្វារផ្ទះ​ខាងលើ​មិន​បាន​ខ្ទាស់​គ​ន្លឹះ ទើប​រូបគេ​ឆ្លៀតឱកាស​ដើរ​ចូល​ក្នុងផ្ទះ​បំណង​លួច​យក​អាយ​ផេ​ត​ដែល​កំពុង​តែ​សាក​ថ្ម​ចោល​លើ​តុ តែ​ត្រូវ​ម្ចាស់​ចេញ​មក​ទាន់​ស្រែ​កថា​ចោរ​ៗ ហើយ​ដេញ​តាម​ចាប់ខ្លួន​បាន​។

ក្រោយ​ពេល​កើតហេតុ ដោយសារ​តែ​ជន​រង​គ្រោះ​មិន​ទាន់​បាត់បង់​ទ្រព្យសម្បត្តិ​អ្វី​នោះ​ទើប​រូប​គាត់​មិន​បាន​ដាក់​ពាក្យបណ្ដឹង​ទៅ​លើ​ជនសង្ស័យ​ខាងលើ​ឡើយ​។ ចំណែកឯ​សមត្ថកិច្ច​មូលដ្ឋាន​ក៏​សម្រេច​បញ្ជូន​ជនសង្ស័យ​ខាងលើ​ទៅ​កាន់​មន្ទីរ​សង្គមកិច្ច​ដើម្បី​ធ្វើការ​អប់រំ​កែប្រែ​ជនសង្ស័យ​ខាងលើ​នោះ​៕