ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូលហេតុ​ដែល​ជប៉ុន ហុងកុង និង​ចិន​អាច​ទទួល​បាន​ផល​ពី Brexit

7 ឆ្នាំ មុន

ប្រទេស​អង់គ្លេស ៖ ការ​បោះ​ឆ្នោត​ចាក​ចេញពី​សហភាព​អឺរ៉ុប​របស់​អង់គ្លេស អាច​ធ្វើ​ឲ្យ​ប្រទេស​មួយ​ចំនួន​នៅ​អាស៊ី​ទទួល​បាន​ផល​ចំណេញ ។ មូលហេតុ គឺ​មក​ពី​ប្រទេស​អង់គ្លេស​នឹង​ត្រូវ​បង្ខំ​ឲ្យ​ពង្រឹង​ទំនាក់ទំនង

ប្រទេស​អង់គ្លេស ៖ ការ​បោះ​ឆ្នោត​ចាក​ចេញពី​សហភាព​អឺរ៉ុប​របស់​អង់គ្លេស អាច​ធ្វើ​ឲ្យ​ប្រទេស​មួយ​ចំនួន​នៅ​អាស៊ី​ទទួល​បាន​ផល​ចំណេញ ។ មូលហេតុ គឺ​មក​ពី​ប្រទេស​អង់គ្លេស​នឹង​ត្រូវ​បង្ខំ​ឲ្យ​ពង្រឹង​ទំនាក់ទំនង​ជាមួយ​ដៃគូ​ពាណិជ្ជកម្ម​នៅអាស៊ី និង​ព្រមព្រៀង​គ្នា​ក្នុង​ការ​ចេញចូល​ទីផ្សារ​ទៅ​វិញ​ទៅ​មក ។

ផ្លូវ​មួយ​នេះ​អាច​បង្កើត​ឱកាស​សម្រាប់​ប្រទេស​ដូច​ជា ចិន ជប៉ុន និង​ហុងកុង ដែល​មាន​ទំនាក់ទំនង​ផ្នែក​វិនិយោគ ហិរញ្ញវត្ថុ ទេសចរណ៍ និង​ពាណិជ្ជកម្ម​ខ្លាំង​ជាងគេ​ជាមួយ​អង់គ្លេស (​យោង​តាម​លោក Chen និង​លោក Orlik អ្នកវិភាគ​សេដ្ឋកិច្ច​របស់ Bloomberg Intelligence) ។ ប៉ុន្តែ​ប្រទេស​ដែល​អាច​បាត់បង់​ផលប្រយោជន៍​នោះ​រួម​មាន ម៉ា​ឡេ​ស៊ី ឥណ្ឌូ​ណេ​ស៊ី និង​ហ្វ៊ី​លី​ពី​ន ។

លោក Chen និង​លោក Orlik បាន​ឲ្យ​ដឹង​ថា ៖ « ការ​ចាកចេញ​របស់​អង់គ្លេស​បាន​ធ្វើ​ឲ្យ​ទំនាក់ទំនង​របស់​អង់គ្លេស និង​អឺរ៉ុប​មាន​ភាព​ច្របូកច្របល់ ។ វា​ក៏​បាន​ធ្វើ​ឲ្យ​ការ​ពង្រឹង​ទំនាក់ទំនង​ជាមួយ​សេដ្ឋកិច្ច​អាស៊ី ដែល​ជា​សេដ្ឋកិច្ច ជំរុញ​ឲ្យ​មានការ​លូតលាស់​ជាស​កល​នោះ​កាន់តែ​សំខាន់​ថែម​ទៀត » ។ ពួក​គេ​បាន​លើក​ឡើង​អំពី​ពាណិជ្ជកម្ម ការ​វិនិយោគ និង​ហិរញ្ញវត្ថុ ដែល​អាច​វាស់​ពី​កម្លាំង​ទំនាក់ទំនង​ទ្វេភាគី ។

ពួក​គេ​បន្ថែម​ថា ទំនាក់ទំនង​ពាណិជ្ជកម្ម​កាន់តែ​ខ្លាំង មាន​ន័យ​ថា សក្តានុពល​កាន់តែ​ច្រើន​ក្នុង​ការ​ទទួល​បាន​ពី​ការ​ងាក​នៃ​លំហូរ​ពាណិជ្ជកម្ម​បន្ទាប់​ពី​ការ​ចាក​ចេញពី EU ក្នុង​ពេល​ដែល​ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​អាច​ផ្តល់​ឱកាស​សម្រាប់​ប្រទេស​ដទៃ ព្រោះ​អង់គ្លេស​នៅ​តែ​បន្ត​ចង់​បើក​ទូលាយ​សម្រាប់​អាជីវកម្ម​សកល ។ ទំនាក់ទំនង​ហិរញ្ញវត្ថុ​ខ្លាំងក្លា ក៏​អាច​ផ្តល់​នូវ​មូលដ្ឋាន​សម្រាប់​ពង្រឹង​លំហូរ​ពាណិជ្ជកម្ម និង​ការ​វិនិយោគ​ផង​ដែរ ។

លំហូរ​ចូល​នៃ​អ្នកទេសចរ​នឹង​បង្កើត​ប្រាក់​ចំណូល​ជា​ច្រើន​សម្រាប់​អង់គ្លេស និង​បង្កើន​នូវ​ទំនាក់ទំនង​ដែល​ជា​មូលដ្ឋាន​នៃ​លំហូរ​ផលិតផល និង​ធនធាន ។ លើស​ពី​នេះ​ទៀត អ្នកទេសចរ​ក៏​អាច​ទទួល​បាន​ផលប្រយោជន៍​ផង​ដែរ​ពី​ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​ប្រាក់​អង់គ្លេស បន្ទាប់​ពី Brexit ដែល​នាំ​ឲ្យ​តម្លៃ​ទំនិញ​ធ្លាក់​ចុះ ។

ប្រទេស​ចិន​មាន​ចំណាត់ថ្នាក់​លេខ​៣ ដែល​នៅ​ក្រោម​ជប៉ុន និង​ហុងកុង ។ ពិន្ទុ​របស់​ប្រទេស​ចិន ត្រូវ​បាន​ជំរុញ​ដោយ​ទំនាក់ទំនង​ទេសចរណ៍ ប៉ុន្តែ​បាន​ធ្លាក់​ចុះ ព្រោះ​ការ​ធ្លាក់​នៃ​តម្លៃ​ប្រាក់​យន់ ។

ទំនាក់ទំនង​អង់គ្លេស​ក្នុង​ពេល​អនាគត​ជាមួយ​អឺរ៉ុប និង​អាស៊ី នៅ​តែ​មិន​ទាន់​ច្បាស់​ដដែល ដោយ​មាន​ផលវិបាក​បណ្តាល​មក​ពី​ការ​បោះ​ឆ្នោត​ចាក​ចេញពី​សហភាព​អឺ​រុ​៉​ប ទើបតែ​ចាប់ផ្តើម​លាតត្រដាង​នៅឡើយ ។

ប៉ុន្តែ​អ្នកវិភាគ​របស់ Bloomberg Intelligence បាន​ព្រមាន​ថា ការ​ព្រមព្រៀង​ពាណិជ្ជកម្ម គឺ​ត្រូវការ​ពេល​ដើម្បី​ធ្វើ​បាន ហើយ​និន្នាការ​នៃ​ការ​វិនិយោគ​ក៏​ត្រូវការ​ពេល​រាប់​ឆ្នាំ​ដែរ មិនមែន​រាប់​ខែ​នោះ​ទេ ។

លោក Chen និង​លោក Orlik បន្ត​ថា ៖ «​អាជីវកម្ម និង​វិនិយោគិន នឹង​មិន​រង់ចាំ​យូរ​ទេ មុន​ពេល​ឈោង​ចាប់​ឱកាស​ដែល​បាន​មក​ពី Brexit នេះ » ៕