ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជិះ​ម៉ូតូ​ដើរ​លេង​ត្រឡប់​មក​វិញ ក្មេង​ទំនើង​យក​ដុំ​ថ្ម​គប់​បាក់ជើង​ឆ្វេង

7 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ យុវជន​ម្នាក់ រង​របួស​បាក់​កជើង​ឆ្វេង ខណៈ​នាំ​មិត្តភក្តិ​ជិះ​ម៉ូតូ​ចំនួន​៤ ទៅ​៥​គ្រឿង​ដើរ​លេង​នៅ​តាម​ដងផ្លូវ​ព្រំដែន ដោយពេល​កំពុង​តែ​ជិះ​ម៉ូតូ​ត្រឡប់​មក​ខេត្ត​ប៉ៃលិន​វិញ

ខេត្ត​ប៉ៃលិន ៖ យុវជន​ម្នាក់ រង​របួស​បាក់​កជើង​ឆ្វេង ខណៈ​នាំ​មិត្តភក្តិ​ជិះ​ម៉ូតូ​ចំនួន​៤ ទៅ​៥​គ្រឿង​ដើរ​លេង​នៅ​តាម​ដងផ្លូវ​ព្រំដែន ដោយពេល​កំពុង​តែ​ជិះ​ម៉ូតូ​ត្រឡប់​មក​ខេត្ត​ប៉ៃលិន​វិញ ស្រាប់តែ​មាន​ក្មេង​ទំនើង​មួយ​ក្រុម បាន​យក​ដុំ​ថ្ម​គប់​ទៅ​លើ​ក្រុម​ម៉ូតូ លុះ​ជន​រង​គ្រោះ​លើកជើង​មិន​ទាន់​ក៏​ប៉ះ​ចំ​ជើង​ឆ្វេង បណ្តាល​ឱ្យ​រង​របួស​បាក់​ផ្នែក​ខាងឆ្វេង​តែ​ម្តង​។

ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​៤ និង​៣០​នាទី​រសៀល​ថ្ងៃ​ទី​១០ ខែកញ្ញា ឆ្នាំ​២០១៦ ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥៩ ក្នុងភូមិ​បឹង​រាំង ឃុំ​បឹង​រាំង ស្រុក​កំ​រៀង ខេត្តបាត់ដំបង​។ ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា យុវជន​រង​គ្រោះ​ឈ្មោះ សើ សុខ​លី ភេទ​ប្រុស អាយុ​១៤​ឆ្នាំ រង​របួស​បាក់ជើង​ឆ្វេង ជា​សិស្ស​រៀន​ថ្នាក់​ទី​១០ នៃ​វិទ្យាល័យ ហ៊ុន​សែន សាលា​ក្រៅ រស់នៅ​ភូមិ​ថ្នល់កែង ឃុំ​អូរ​អណ្តូង ស្រុក​សាលា​ក្រៅ​។

ប្រភព​ព័ត៌មាន​ពី​បងស្រី​យុវជន​រង​គ្រោះ បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ ប្អូនប្រុស​របស់​ខ្លួន បាន​បបួល​នាំ​មិត្តភក្តិ​ជិះ​ម៉ូតូ​ចំនួន​៤ ទៅ​៥​គ្រឿង ដោយ​អ្នកខ្លះ​ជិះ​ម៉ូតូ​ម៉ាក​ឌ្រី​ម និង​ម៉ាក​(MSX) មួយ​ចំនួន​ដែរ​។ ប្រភព​បន្ត​ទៀត​ថា ពេល​នោះ​ពួក​គេ​បាន​នាំ​គ្នា​ជិះ​ដើរ​លេង​តាំងពី​ថ្ងៃត្រង់​នៅ​តាម​ផ្លូវ​ចេញពី​ខេត្ត​ប៉ៃលិន ឆ្ពោះទៅ​ទិស​ខាងលិច រហូត​ដល់​ស្រុក​សំពៅ​លូន ខេត្តបាត់ដំបង ប្រហែលជា​វេលា​ម៉ោង​៤​រសៀល​ក៏​នាំ​គ្នា​ជិះ​ត្រឡប់​មក​ផ្ទះ​វិញ លុះ​កន្លះ​ម៉ោង​ក្រោយមក​ដល់​ក្បែរ​ស្ពានថ្ម​ស្រុក​កំ​រៀង ស្រាប់តែ​មាន​យុវជន​មួយ​ក្រុម​បាន​ទាញ​យក​ដុំ​ថ្ម​ទៅ​គប់​ពួក​គេ ដោយ​ម្នាក់​ៗ​បន្ថែម​ល្បឿន​ស្ទើរ​មិន​ទាន់​។

ចំណែក​ប្អូនប្រុស​របស់​ខ្លួន ជា​អ្នកបើកបរ​ម៉ូតូ​ក្រោយ ស្រាប់តែ​គេ​យក​ដុំ​ថ្ម​គប់​ចំ​ជើង​ឆ្វេង​រង​របួស​បាក់​តែ​ម្តង​។ ភ្លាម​ៗ​នោះ​បាន​ឆ្លង​ចូល​មក​ដល់​ទឹកដី​ខេត្ត​ប៉ៃលិន​វិញ ក៏​ប្រាប់​ឱ្យ​មិត្តភក្តិ​រួម​ដំណើរ ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន ត្រូវ​បាន​គ្រូពេទ្យ​ដាក់​ដែក​ភ្ជាប់​។ ចំណែក​ឪពុក​ម្តាយ​យុវជន​រង​គ្រោះ​បានឱ្យ​ដឹង​ថា ពួក​គាត់​ពិតជា​ព្រួយបារម្ភ​ចំពោះ​សុវត្ថិភាព​កូន​របស់​ខ្លួន ខណៈ​ជិះ​ម៉ូតូ​ដើរ​លេង​ជាមួយ​មិត្តភក្តិ នេះ​បើសិនជា​ជនសង្ស័យ​គប់​ចំ​ក្បាល​វិញ​ប្រាកដជា​បែក​ស្លាប់​នៅ​នឹង​កន្លែង​ជាក់​ជា​មិន​ខាន​។

ពួក​គាត់​បន្ត​ទៀត​ថា ពេល​នេះ​មិន​ទាន់​បាន​ដាក់​ពាក្យបណ្តឹង​ទៅ​នគរបាល​នៅឡើយ​ទេ រហូត​ដល់​កូនប្រុស​របស់​គាត់​ជា​សះស្បើយ​ពីរ​បួស ឱ្យទៅ​បង្ហាញ​កន្លែង​ទទួល​រងគ្រោះថ្នាក់ ហើយនឹង​ដាក់​ពាក្យបណ្តឹង ដើម្បី​ចាប់​ជនសង្ស័យ​យក​ទៅ​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់​៕