អង្គការសហប្រជាជាតិកាលពីថ្ងៃទី២៨ កុម្ភៈ កន្លងមក បានចោទប្រកាន់ប្រទេសបេឡារុសពីបទផ្គើនការហ៊ុមព័ទ្ធអាវុធប្រឆាំងប្រទេសកូតឌីវ័រ ដោយបានផ្តល់ឧទ្ធម្ភាគចក្រ៣គ្រឿងទៅឱ្យប្រធានាធិបតីរបស់ប្រទេសអាហ្វ្រិកខាងលិចមួយនេះ ។ អ្នកនាំពាក្យប្រមុខអង្គការសហប្រជាជាតិលោកបាន គីមូន ថ្លែងថា ឧទ្ធម្ភាគចក្រទាំងនោះរួមទាំងសម្ភារទាក់ទងដទៃទៀត ត្រូវបានគេរាយការណ៍ថា ប្រគល់នៅក្នុងទីក្រុង Yamoassoukro រដ្ឋធានីកូតឌីវ័រ សម្រាប់កងកម្លាំងរបស់លោកឡូរ៉ង់ ហ្សេបាបូ ប្រធានាធិបតីកូតឌីវ័រ ដែលផុតអាណត្តិ ប៉ុន្តែនៅតែមិនព្រមចុះចេញពីតំណែង ។
អ្នកនាំពាក្យរូបនេះបានឱ្យដឹងទៀតថា លោកបាន គីមូន កំពុងជម្រុញឱ្យក្រុមប្រឹក្សាសន្តិសុខ អ.ស.ប បើកកិច្ចប្រជុំបន្ទាន់មួយដើម្បីពិភាក្សាអំពីបញ្ហានេះ ។
អ.ស.ប និយាយថា ការផ្តល់ឧទ្ធម្ភាគចក្រនោះទៅឱ្យលោកហ្សេបាបូ ជាការរំលោភបំពានការហ៊ុមព័ទ្ធអាវុធ ដែលមានតាំងពីឆ្នាំ២០០៤មក ។ ប៉ុន្តែទោះបីជាបែបណា អ្នកនាំពាក្យក្រសួងការបរទេសបេឡារុស បានបដិសេធយ៉ាងដាច់អហង្កាចំពោះការចោទប្រកាន់នោះ ដោយចាត់ទុកការចោទប្រកាន់នេះថាជា «ការភូតកុហក និងមួលបង្កាច់» ប្រឆាំងប្រទេសបេឡារុស ៕
ចែករំលែកព័តមាននេះ