ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ប្រទេស​ឥណ្ឌា​ទាក់ទាញ​សហគ្រិន​បរទេស​ដោយ​ផ្តល់​សិទ្ធិ​ស្នាក់​នៅ

7 ឆ្នាំ មុន

ប្រទេស​ឥណ្ឌា ៖ ឥណ្ឌា​កំពុង​តែ​ព្យាយាម​ប្រកួតប្រជែង​ជាមួយ​ប្រទេស​សិង្ហ​បុរី និង​ហុងកុង ក្នុង​ការ​ទាក់ទាញ​សហគ្រិន​បរទេស ដោយ​ផ្តល់​សិទ្ធិ​ស្នាក់​នៅ​រយៈពេល​យូរ​ដើម្បី​ប្តូរ​យក​ការ​វិនិយោគ ។

ប្រទេស​ឥណ្ឌា ៖ ឥណ្ឌា​កំពុង​តែ​ព្យាយាម​ប្រកួតប្រជែង​ជាមួយ​ប្រទេស​សិង្ហ​បុរី និង​ហុងកុង ក្នុង​ការ​ទាក់ទាញ​សហគ្រិន​បរទេស ដោយ​ផ្តល់​សិទ្ធិ​ស្នាក់​នៅ​រយៈពេល​យូរ​ដើម្បី​ប្តូរ​យក​ការ​វិនិយោគ ។

អ្នកនាំពាក្យ​រដ្ឋាភិបាល លោក Frank Noronha បាន​និយាយ​ថា គណៈរដ្ឋមន្ត្រី​បាន​យល់​ព្រមទៅ​លើ​គម្រោង​ក្នុង​ការ​អនុញ្ញាត​ឲ្យ​ជនបរទេស​មក​រស់នៅ​ក្នុង​ប្រទេស​ឥណ្ឌា ប្រសិនបើ​ពួក​គេ​វិនិយោគ​គ្រប់​ចំនួន​ចូល​ក្នុង​សេដ្ឋកិច្ចជាតិ ។

នៅ​ក្រោម​សំណើ​របស់​ក្រសួង​លំនៅ​ឋាន ជនបរទេស​ដែល​វិនិយោគ​ប្រមាណ​១,៤៩​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុងអំឡុងពេល​១៨​ខែ ឬ​៣,៧៣​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុងអំឡុងពេល​៣​ឆ្នាំ និង​មាន​សិទ្ធិ​រស់នៅ​ប្រទេស​ឥណ្ឌា​រយៈពេល​១០​ឆ្នាំ ។ ប្រសិនបើ​ជនបរទេស​នោះ​មាន​គ្រប់​លក្ខខណ្ឌ​ផ្សេង​ទៀត សិទ្ធិ​រស់នៅ​នេះ​នឹង​អាច​បន្ត​រយៈពេល​១០​ឆ្នាំ​ទៀត ។

នាយក​រដ្ឋមន្ត្រី លោក Narendra Modi កំពុង​តែ​ព្យាយាម​បង្ហាញ​ថា ប្រទេស​ឥណ្ឌា​មាន​សេដ្ឋកិច្ច​ដ៏​ធំ និង​លូតលាស់​លឿន​ជាងគេ ដើម្បី​ទាក់ទាញ​ការ​វិនិយោគ ជា​ពិសេស ក្នុង​វិស័យ​ផលិតកម្ម ក្នុង​គោលបំណង​បង្កើត​ការងារ​ជូន​អ្នក​ក្រីក្រ ។

ប៉ុន្តែ​នៅ​មាន​ឧបសគ្គ​មួយ​ចំនួន​ដូច​ជា ច្បាប់ទម្លាប់​ខុស​ប្លែក បរិយាកាស​កខ្វក់ និង​បញ្ហា​ផ្លូវ​ចង្អៀត ដូចដែល​បានឃើញ​កាលពី​រដ្ឋលេខាធិការ​សហរដ្ឋអាមេរិក លោក John Kerry បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ឥណ្ឌា​កាលពី​ថ្ងៃ​ចន្ទ ដែល​ពេល​នោះ​ក្បួន​រថយន្ត​របស់​លោក ត្រូវ​បាន​ស្ទះចរាចរណ៍​លើ​ផ្លូវ​អស់​ប្រមាណ​២​ម៉ោង ។

បើ​ងាក​មក​មើល​សំណើ​មួយ​នេះ​វិញ ប្រសិនបើ​ជនបរទេស​មក​រស់នៅ​ក្នុង​ប្រទេស​ឥណ្ឌា គឺ​ពួក​គេ​មាន​សិទ្ធិ​ទិញ​ផ្ទះ មាន​ប្រពន្ធ និង​កូន មាន​សិទ្ធិ​ក្នុង​ការ​ប្រកបការងារ និង​រៀនសូត្រ​ទៀត​ផង ។ ប៉ុន្តែ​សម្រាប់​ប្រជាជន​ដែល​មាន​សញ្ជាតិ​ប៉ា​គី​ស្ថាន គឺ​មិន​ត្រូវ​បាន​រាប់​បញ្ចូល​ក្នុង​គម្រោង​នេះ​ទេ ។

លោក Mohan Guruswamy អតីតរដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ ថ្លែង​ថា ៖ « នេះ​គឺជា​ការ​បង្ហាញ​ពី​ការ​បើក​ទូលាយ​បន្ថែម​ទៀត​ដល់​វិនិយោគិន​បរទេស » ។

រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ Arun Jaitley បាន​បង្ហាញ​ថា សំណើ​សម្រាប់​ការ​រស់នៅ​រយៈពេល​យូរ​នឹង​មាននៅ​ក្នុង​ខែកុម្ភៈ តែ​លោក​មិន​បាន​ផ្តល់​ព័ត៌មាន​លម្អិត​បន្ថែម​ទេ ។

គួរ​បញ្ជាក់​ថា បច្ចុប្បន្ន វិនិយោគិន​គ្រាន់ តែ​ទទួល​បាន​វី​សា​ដែល​មាន​រយៈពេល​៥​ឆ្នាំ​ប៉ុណ្ណោះ​។ ការ​វិនិយោគ​ផ្ទាល់​ពី​បរទេស​ក្នុង​ប្រទេស​ឥណ្ឌា បាន​កើនឡើង​២៣% ឬ​ស្មើនឹង​៥៥​ប៊ី​លាន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​រយៈពេល​១២​ខែ ។

ក្នុង​ស​ន្ទ​ស្សន៍​នៃ​ភាព​ងាយស្រួល​ក្នុង​ការ ប្រកប​អាជីវកម្ម​របស់ World Bank ក្នុង ឆ្នាំ​នេះ​បាន​ឲ្យ​ដឹង​ថា ប្រទេស​ឥណ្ឌា​ជាប់​ចំណាត់ថ្នាក់​លេខ​១៣០ ក្នុង​ចំណោម​ប្រទេស​ទាំង​១៨៩ ដែល​បាន​កើនឡើង​៤​ចំណាត់ថ្នាក់ បើ​ធៀប​នឹង​ឆ្នាំ​មុន ប៉ុន្តែ​នៅ​តែ​ទាប​ជាង​ប្រទេស​អាស៊ី​មួយ​ចំនួន​ដូច​ជា សិង្ហ​បុរី និង​ហុងកុង ៕