ប្រទេសថៃ ៖ ថៃនឹងចាប់ផ្តើមនាំចេញអង្ករ១លានតោនលើកទី២ នៅក្រោមកិច្ចសន្យាជាមួយប្រទេសចិន បន្ទាប់ពីប្រទេសនេះបានពន្យារពេលការនាំចូលអស់រយៈពេល២-៣ខែ ដោយសារថៃមិនទាន់ត្រៀមខ្លួនរួចរាល់សម្រាប់ការនាំចេញ ។
លោកស្រី Duangporn Rodphaya អគ្គនាយកនៃនាយកដ្ឋានពាណិជ្ជកម្មបរទេសនៃក្រសួងពាណិជ្ជកម្ម បានឱ្យដឹងថា ការនាំចេញអង្ករ១លានតោនលើកដំបូងនៅក្រោមកិច្ចព្រមព្រៀង ត្រូវបានបញ្ចប់កាលពីពាក់កណ្តាលឆ្នាំ។ បន្ទាប់ពីចិនស្នើសុំផ្អាកការនាំចូលអង្ករ ឥឡូវនេះថៃហាក់ដូចជាត្រៀមខ្លួនរួចរាល់សម្រាប់ការនាំចេញជាលើកទី២ ។ លោកស្រីនិយាយថា ៖ «រដ្ឋាភិបាលថៃនឹងបន្តនាំចេញអង្ករក្នុងបរិមាណតូចចំនួន១០ម៉ឺនតោនក្នុង១ខែដូចកាលពីមុន ។ មន្ត្រីចិន និងថៃកំពុងពិភាក្សាអំពីសេចក្តីលម្អិតនៃការនាំចេញ ហើយអាចនឹងចាប់ផ្តើមក្នុងពេលឆាប់ៗនេះ » ។
លោកស្រី Duangporn បន្តថា ក្នុងអំឡុងការនាំចេញលើកទី២ ថៃរំពឹងថា ចិននឹងចរចាក្នុងការនាំចូលអង្ករ១លានតោនបន្ថែមទៀតពីថៃ នាពេលអនាគត ។
ទន្ទឹមនឹងនេះ ក្រសួងពាណិជ្ជកម្មមានទំនុកចិត្តក្នុងការបញ្ចប់ឯកសារទាំងអស់មុនពេលកំណត់ក្នុងខែកុម្ភៈខាងមុខ សម្រាប់ការទាមទារសំណងតាមវិធានការផ្លូវច្បាប់ពីអ្នកនយោបាយ៤រូប និងអតីតមន្ត្រីរដ្ឋាភិបាល២រូប ដែលបានចូលរួមក្នុងកិច្ចព្រមព្រៀងអង្ករក្លែងក្លាយរវាងរដ្ឋាភិបាល និងរដ្ឋាភិបាលមួយផ្សេងទៀត ។
លោកស្រី Duangporn បន្តថា ៖ « ក្រសួងត្រូវការពេលវេលាយូរបន្តិចក្នុងការសិក្សាអំពីនីតិវិធីច្បាប់ដោយប្រុងប្រយ័ត្ន ព្រោះវាជាករណីដ៏គួរឲ្យរសើបមួយដែលទាក់ទងនឹងភ្នាក់ងារមួយចំនួន » ។
ក្រសួងបានរាយការណ៍ថា ឈ្មួញអង្ករ១៣នាក់បានចូលរួមការដេញថ្លៃអង្ករប្រចាំឆ្នាំ ចំនួន៧៥ម៉ឺនតោនលើកទី៥ ។ ប្រសិនបើរដ្ឋាភិបាលទទួលយកការដេញថ្លៃរបស់ពួកគេ និងលក់ភាគហ៊ុននោះ រដ្ឋាភិបាលនឹងទទួលបាន៧,៤ប៊ីលានបាតក្នុងតម្លៃលក់ ។
លើសពីនេះទៀត អ្នកដេញថ្លៃ១០នាក់បានចូលរួមការដេញថ្លៃអង្ករមានគុណភាពទាបចំនួន២៥៥ពាន់តោនសម្រាប់វិស័យឧស្សាហកម្ម។ ក្រសួងនឹងពិចារណាការដេញថ្លៃរបស់ពួកគេក្នុងពេលឆាប់ៗផងដែរ ។
អង្ករមានប្រហែល៩,១លានតោនក្នុងស្តុករបស់រដ្ឋាភិបាល រួមទាំងបរិមាណចុងក្រោយបំផុតដែលបានដាក់ដេញថ្លៃ ។ គិតមកត្រឹមថ្ងៃទី២៦ សីហា ថៃបាននាំចេញអង្ករ៦,៣លានតោននៅឆ្នាំនេះ ស្មើនឹង៩៩ប៊ីលានបាត ពោលគឺកើនឡើង៨,២%ក្នុងបរិមាណ និង៦%ក្នុងតម្លៃនៃរយៈពេលដូចគ្នាកាលពីឆ្នាំមុន ៕
ចែករំលែកព័តមាននេះ