ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​បរទេស​ចំនួន​8​ទៀត​គ្រោង​វិនិយោគ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បើ​តាម​អ្នកគ្រប់គ្រង​នៃ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​បាន​បញ្ជាក់​ថា នៅ​ក្នុង​ឆ្នាំ​២០១៦​នេះ មាន​ក្រុមហ៊ុន​បរទេស​ចំនួន​៨​បន្ថែម​ទៀត​គ្រោង​ចូល​វិនិយោគ​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ បើ​តាម​អ្នកគ្រប់គ្រង​នៃ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​បាន​បញ្ជាក់​ថា នៅ​ក្នុង​ឆ្នាំ​២០១៦​នេះ មាន​ក្រុមហ៊ុន​បរទេស​ចំនួន​៨​បន្ថែម​ទៀត​គ្រោង​ចូល​វិនិយោគ​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ ក្នុង​នោះ​មាន​ក្រុមហ៊ុន​មក​ពី​ប្រទេស​ជប៉ុន សហរដ្ឋអាមេរិក ចិន និង​ថៃ ។

ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​កាលពី​ពេល​ថ្មី​ៗ​នេះ លោក Hiroshi Uematsu នាយក​ប្រតិបត្តិ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ បានឱ្យ​ដឹង​ថា នៅ​ក្នុង​ឆមាស​ទី​២​ឆ្នាំ​២០១៦ ក្រុមហ៊ុន​ថ្មី​ៗ​ចំនួន​៨ នឹង​សិក្សា​ចូល​វិនិយោគ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ ក្នុង​នោះ​មាន​ក្រុមហ៊ុន​ជប៉ុន​ចំនួន​៤ នឹង​វិនិយោគ​ទៅ​លើ​គ្រឿងសំអាង សម្ភារ​សំណង់ គ្រឿងបន្លាស់​វ៉ែនតា និង​គ្រឿងបន្លាស់​យានយន្ត ។ សម្រាប់​ក្រុមហ៊ុន​ចិន នឹង​មក​វិនិយោគ​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ មាន​ចំនួន​២ ហើយ​គ្រោង​នឹង​វិនិយោគ​ទៅ​លើ​មជ្ឈមណ្ឌល​ទិន្នន័យ និង​ឧបករណ៍​ភ្ជាប់​ចរន្តអគ្គិសនី ។ ក្រុមហ៊ុន​ថៃ​ចំនួន​១ នឹង​មក​វិនិយោគ​ទៅ​លើ​ថ្នាំ​ពណ៌ ខណៈ​ក្រុមហ៊ុន​មួយទៀត​របស់​សហរដ្ឋអាមេរិក នឹង​មក​វិនិយោគ​ទៅ​លើ​ការ​ផលិត​សម្បក​កំប៉ុង ។

លោក​បន្ត​ថា ៖ « ក្នុង​ចំណោម​ក្រុមហ៊ុន​ទាំង​៨​នោះ ក្រុមហ៊ុន​ជប៉ុន​មួយ​បាន​សិក្សា​ចរចា​រួច​ជា​ស្រេច​ហើយ និង​រង់​ចាំតែ​ការ​ចុះហត្ថលេខា​ចាប់ផ្ដើម​វិនិយោគ​ប៉ុណ្ណោះ ហើយ​សម្រាប់​ក្រុមហ៊ុន​ផ្សេង​ៗ​ទៀត​កំពុង​តែ​សិក្សា និង​ចរចា​គ្នា​នៅ​ពេល​ក្រោយ​ៗ​ទៀត » ។

លោក​បន្ថែម​ថា ដើម្បី​ផ្ដល់​ភាព​ងាយស្រួល​ដល់​ក្រុមហ៊ុន​វិនិយោគ​ទាំងអស់​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ ក៏​មានការ​ផ្ដល់​ជូន​នូវ​សេវាកម្ម​សន្តិសុខ​ដល់​បណ្ដា​ក្រុមហ៊ុន​វិនិយោគ​ក្នុង​តំបន់​ផង​ដែរ ដោយ​កាលពីមុន តំបន់​សេដ្ឋកិច្ច​ពិសេស​ត្រូវការ​ជួល​សន្តិសុខ​ច្រើន​មក​ផ្ដល់​ជូន​ក្រុមហ៊ុន​វិនិយោគ​នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​នោះ តែ​ពេល​នេះ មិន​ចាំបាច់​ជួល​សន្តិសុខ​ពី​ក្រុមហ៊ុន​ខាងក្រៅ​ឡើយ ។

លោក​បន្ថែម​ទៀត​ថា បច្ចុប្បន្ន​នេះ តំបន់​សេដ្ឋកិច្ច​នៅ​មាន​ផ្ទៃដី​ទំនេរ​ប្រមាណ​៧០​ហិ​កតា​ទៀត​សម្រាប់​ឱ្យ​ក្រុមហ៊ុន​ក្នុង និង​ក្រៅ​ស្រុក​វិនិយោគ​ក្នុង​តំបន់​នោះ និង​អាច​ទទួល​ក្រុមហ៊ុន​វិនិយោគ​ប្រមាណ​៧០​ក្រុមហ៊ុន​បន្ថែម​ទៀត​នៅ​លើ​ផ្ទៃដី​ជាង​៧០​ហិ​កតា ។

លោក​បញ្ជាក់​ថា ចំណូល​របស់​តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ​នៅ​ដើមឆ្នាំ​២០១៦ បាន​ថមថយ​ជាង​ឆ្នាំ​២០១៥​កន្លង​មក ដោយសារ​តែ​នៅ​ដើមឆ្នាំ​២០១៦ ក្រុមហ៊ុន​តំបន់​សេដ្ឋកិច្ច​ពិសេស​មានការ​មមាញឹក​ខ្លាំង​ជាមួយនឹង​ការ​បោះផ្សាយ​ភាគហ៊ុន​នៅ​ក្នុង​ផ្សា​រមូល​ប​ត្រ​កម្ពុជា តែ​ចាប់ពី​ឆមាស​ទី​២​ឆ្នាំ​២០១៦​នេះ​តទៅ ក្រុមហ៊ុន​នឹង​ព្យាយាម​រក​វិធី​រក​ចំណូល​ឱ្យ​បាន​ច្រើន​ឡើង​វិញ ។

គួរ​បញ្ជាក់​ថា បច្ចុប្បន្ន តំបន់​សេដ្ឋកិច្ច​ពិសេស​ភ្នំពេញ មាន​ក្រុមហ៊ុន​ប្រមាណ​៦៥​កំពុង​ធ្វើ​ប្រតិបត្តិ ដោយ​បាន​ផ្ដល់​ការងារ​ជូន​កម្មករ​កម្មការិនី​ប្រមាណ​១៨​ពាន់​នាក់ ។ នៅ​ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ​ដែរ ក្រុមហ៊ុន​ដែល​វិនិយោគ​ធំ​ជាងគេ គឺ​ក្រុមហ៊ុន Minebea ដែល​វិនិយោគ​សាងសង់​រោងចក្រ​លើ​ផ្ទៃដី​ជាង​២០​ហិ​កតា​ទៅ​ហើយ និង​ជា​ក្រុមហ៊ុន​ដែល​ផ្ដល់​ការងារ​ដល់​កម្មករ កម្មការិនី​ច្រើន​ជាងគេ​ក្នុង​ចំណោម​ក្រុមហ៊ុន​ទាំងអស់​នៅ​តំបន់​សេដ្ឋកិច្ច​ពិសេស ហើយ​សម្រាប់​ការ​នាំ​ចេញ​សរុប​វិញ ក៏​ក្រុមហ៊ុន​នេះ​បាន​នាំ​ចេញ​ច្រើន​គេ​ផង​ដែរ ៕