ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តោះ​ទៅ​មើល​ជើង​ខ្លាំង​កម្ពុជា​-​ថៃ​8​រូប​ប៉ះ​គ្នា​លើ​សង្វៀន​អន្តរជាតិ​ថ្ងៃស្អែកនេះ​ទាំងអស់​គ្នា

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ មិន​រាប់​បញ្ចូល​ការ​ប្រកួត​អន្តរជាតិ​២​គូ​នៅ​ល្ងាច​ថ្ងៃ​សៅរ៍ស្អែក​នេះ នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​ពេល​ព្រឹក និង​ពេល​រសៀល​ក៏​មានការ​ប្រកួត​អន្តរជាតិ​៤​គូ​ផ្សេង​ទៀត​ផង​ដែរ ។ ការ​ប្រកួត​របស់​ពួក​គេ

រាជធានី​ភ្នំពេញ ៖ មិន​រាប់​បញ្ចូល​ការ​ប្រកួត​អន្តរជាតិ​២​គូ​នៅ​ល្ងាច​ថ្ងៃ​សៅរ៍ស្អែក​នេះ នៅ​លើ​សង្វៀន​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍​ពេល​ព្រឹក និង​ពេល​រសៀល​ក៏​មានការ​ប្រកួត​អន្តរជាតិ​៤​គូ​ផ្សេង​ទៀត​ផង​ដែរ ។ ការ​ប្រកួត​របស់​ពួក​គេ គឺ​២​គូ​ត្រូវការ​ចាញ់​ឈ្នះ​ធម្មតា ឯ​២​គូ​ទៀត​ស្ថិត​នៅ​ក្នុង​សមាសភាព​៨​នាក់​ដែល​ត្រូវ​ដណ្ដើម​ពាន​អន្តរជាតិ ។

សម្រាប់​ព្រឹត្តិការណ៍​«Ganzburg Top Fighter» ដែល​ចាប់ផ្ដើម​ពី​ម៉ោង​៨​ព្រឹក កីឡាករ ម៉​ន លី​ហួរ មក​ពី​ក្លិប​ការិយាល័យទី​៥​កងទ័ពជើងគោក ប៉ះ​គ្នា​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ Yorth Raknong និង​កីឡាករ ព្រំ សំណាង មក​ពី​ក្លិប​កងទ័ព​ឆត្រយោង​៩១១ ប៉ះ​គ្នា​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​ Phach Bopha​។ សំអាង​លើ​ប្រវត្តិ​ប្រកួត​បាន​៦៦​លើក ឈ្នះ​៤៩​លើក ចាញ់​១៦​លើក និង​ស្មើ​១​លើក កីឡាករ ម៉​ន លី​ហួរ ហាក់​មាន​សង្ឃឹម​ខ្ពស់​ក្នុង​ការ​យកឈ្នះ​លើ​គូប្រកួត​ជា​កីឡាករ​ថៃ​ដែល​ឆ្លងកាត់​ការ​ប្រកួត​បាន​តែ​៦៤​លើក ឈ្នះ​៥៥​លើក ចាញ់​៨​លើក និង​ស្មើ​១​លើក ។

យ៉ាងណា​ក៏​ដោយ មន្ត្រី​ជា​អ្នកដឹកនាំ​កីឡាករ​ថៃ​ឲ្យ​មក​ប្រកួត​ក៏​មាន​ជំនឿ​ចិត្ត​ទៅ​លើ​កីឡាករ​ថៃ Yorth Raknong ដូច​គ្នា​ផង​ដែរ ដោយ​អះអាង​ថា គេ​ប្រកួត​បាន​តិច​ជាង​មែន​ប៉ុន្តែ​សមត្ថភាព​គេ​ខ្លាំង​មិនធម្មតា ។

មិន​ខុស​គ្នា​ដែរ កីឡាករ ព្រំ សំណាង ដែល​ធ្លាប់​ប្រកួត​បាន​៨៣​លើក ឈ្នះ​៧០​លើក ចាញ់​១១​លើក និង​ស្មើ​២​លើក ក៏​មាន​ជំនឿ​ចិត្ត​ឈ្នះ​ដែរ បើ​ទោះជា​កីឡាករ​ថៃ​ជា​គូប្រកួត​ធ្លាប់​ប្រកួត​បាន​១១០​លើក ឈ្នះ​៩០​លើក ចាញ់​១៨​លើក និង​ស្មើ​២​លើក​ច្រើន​ជាង​ក្ដី ។ គូ​នេះ​មាន​អ្នក​ឃ្លាំមើល​ច្រើន​ដោយសារ​តែ​កីឡាករ​ថៃ​ក៏​ខ្លាំង ហើយ​កីឡាករ​កម្ពុជា​ក៏​មិនធម្មតា​។

សម្រាប់​សមាសភាព​៤​រូប​ផ្សេង​ទៀត គឺ​កីឡាករ ពុទ្ធ ឆាយ​រិ​ទ្ធី មក​ពី​ក្លិប​ពុទ្ធ​សេរី​វង្ស​ព្រែក​តា​ទែន ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ Super Chhai និង​កីឡាករ រឿង សោ​ភ័​ណ្ឌ មក​ពី​ក្លិប​មកុដ​រាជសីហ៍ ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ Thai Oulek ។ ការ​ប្រកួត​របស់​កីឡាករ​ទាំង​៤​រូប មិន​គ្រាន់តែ​ជា​ការ​ប្រកួត​ចាញ់​ឈ្នះ​ដើម្បី​ស្ទាបស្ទង់​សមត្ថភាព​នោះ​ទេ ប៉ុន្តែ​ក៏​ជា​ការ​ប្រកួត​ដណ្ដើម​ពិន្ទុ​សម្រាប់​បោះ​ជំហាន​ទៅ​រក​ការ​ដណ្ដើម​ចំណាត់ថ្នាក់​ជើងឯក​រដូវ​កាល​ទី​២​ក្នុង​ការ​ប្រកួត​រវាង​កីឡាករ​ខ្មែរ និង​កីឡាករ​បរទេស​ផង​ដែរ ។ អ្នក​ទាំង​៤​នឹង​ប៉ះ​គ្នា​នៅ​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​ជើងឯក​អន្តរជាតិ​ស្រា​បៀរ​កម្ពុជា​លើក​ទី​២​ចាប់ពី​ម៉ោង​២​រសៀល​ទៅ បន្ទាប់​ពី​ព្រឹត្តិការណ៍​នេះ​ទើបនឹង​រក​ឃើញ​កីឡាករ​ឱ្យ​គ្រង​តំណែង​ជា​ម្ចាស់​ជើងឯក​ក្នុង​រដូវ​កាល​ទី​១​។ កីឡាករ ពុទ្ធ ឆាយ​រិ​ទ្ធី គឺជា​ជើង​ខ្លាំង​ម្នាក់​ក្នុង​ព្រឹត្តិការណ៍​ប្រដាល់​នា​ពេល​កន្លង​មក ខណៈ​ដែល​កីឡាករ​ជា​គូប្រកួត​ក៏​មិនមែន​ជា​ជើង​ខ្លាំង​ដែល​គួរ​ឱ្យ​ខ្លាច​ដូច​សមាសភាព​មក​ពី​កីឡាករ​ថៃ ។

ឆ្លងកាត់​ការ​ប្រកួត​បាន​៧៨​លើក ឈ្នះ​៦៤​លើក ចាញ់​១៣​លើក និង​ស្មើ​១​លើក កីឡាករ​ពុទ្ធ ឆាយ​រិ​ទ្ធី មិន​សង្ឃឹម​ខ្ពស់​ប៉ុន្មាន​ទេ ក្នុង​ពេល​កីឡាករ​ថៃ​មាន​ប្រវត្តិ​ប្រកួត​រហូត​ដល់​១២០​លើក ឈ្នះ​១០៣​លើក ចាញ់​១៥​លើក និង​ស្មើ​២​លើក ដែល​មាន​ន័យ​ថា​គេ​មានបទពិសោធន៍​ច្រើន​ជាង​ដាច់​ឆ្ងាយ ។ ងាក​ទៅ​ការ​ប្រកួត​មួយគូ​ទៀត​វិញ កីឡាករ រឿង សោ​ភ័​ណ្ឌ ធ្លាប់​ប្រកួត​បាន​១៣៩​លើក ឈ្នះ​១២៤​លើក ចាញ់​១៣​លើក និង​ស្មើ​២​លើក ក្នុង​ពេល​ដែល​កីឡាករ​ថៃ​ប្រកួត​បាន​១០៧​លើក ឈ្នះ​៩០​លើក ចាញ់​១៥​លើក និង​ស្មើ​២​លើក ទើប​អ្នកគាំទ្រ​ហាក់​មិន​មាន​ទំនុកចិត្ត​លើ​កីឡាករ​កម្ពុជា​ច្រើន​ទេ បើ​ទោះជា​គេ​ខ្លាំង​នៅ​ក្នុង​ពិភព​ប្រដាល់​ក្ដី ។ ចាំ​មើល​តើ​ការ​ប្រកួត​របស់​ពួក​គេ​អ្នក​ណា​នឹង​យក​បាន​៣​ពិន្ទុ​នាំមុខ​មុន​៕