ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញៀវ​ទេសចរ​មី​យ៉ា​ន់​ម៉ា​នៅ​ក្រៅប្រទេស​អាច​ប្តូរ​ប្រាក់​ខ្យា​ដ​បាន

7 ឆ្នាំ មុន

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ ភ្ញៀវ​ទេសចរ​មី​យ៉ា​ន់​ម៉ា​ដែល​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ថៃ​កាលពីមុន បាន​ពឹងផ្អែក​លើ​ការ​ទិញ​ប្រាក់​ដុល្លារ​ជា​មុន​ដើម្បី​ប្តូរ​ជា​ប្រាក់​បាត ឬ​ដោះ​ដូរ​ប្រាក់​ខ្យា​ដ​ជាមួយ​ឈ្មួញ​ទីផ្សារ​ងងឹត​ក្នុង​ប្រទេស​ថៃ

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ ភ្ញៀវ​ទេសចរ​មី​យ៉ា​ន់​ម៉ា​ដែល​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ថៃ​កាលពីមុន បាន​ពឹងផ្អែក​លើ​ការ​ទិញ​ប្រាក់​ដុល្លារ​ជា​មុន​ដើម្បី​ប្តូរ​ជា​ប្រាក់​បាត ឬ​ដោះ​ដូរ​ប្រាក់​ខ្យា​ដ​ជាមួយ​ឈ្មួញ​ទីផ្សារ​ងងឹត​ក្នុង​ប្រទេស​ថៃ ឬ​ក៏​ប្រើ​កាត​ធនាគារ​បរទេស ។

កញ្ញា Ma Thandar ជា​អាជីវករ​លក់រាយ​តាម​អន​ឡាញ​មក​ពី​ទីក្រុង​យ៉ាំ​ង​ហ្គោ​ន តែងតែ​ធ្វើ​ដំណើរ​ទៅ​ទិញ​សម្លៀក​បំពាក់​នៅ​ទីក្រុង​បាងកក បាន​បង្ខំចិត្ត​ប្តូរ​ប្រាក់​ជាមួយ​ឈ្មួញ​ទីផ្សារ​ងងឹត នៅ​ពេល​ដែល​នាង​គ្មាន​ប្រាក់​បាត​គ្រប់គ្រាន់ ។

ប៉ុន្តែ​អ្វី​ៗ​កំពុង​ផ្លាស់​ប្តូរ ការ​ធ្វើ​ដំណើរ​នា​ពេល​ថ្មី​ៗ​នេះ កញ្ញា Ma Thandar បាន​រក​ឃើញ​ថា ក្រុមហ៊ុន​ថៃ​ដែល​មាន​អាជ្ញាប័ណ្ណ SuperRich  មានការ​ប្តូរ​ប្រាក់​ខ្យា​ដ ។ នាង​និយាយ​ថា ៖ « ខ្ញុំ​ពិតជា​ភ្ញាក់ផ្អើល​នៅ​ពេល​ឃើញ​ថា មានការ​ប្តូរ​ប្រាក់​ខ្យា​ដ​មី​យ៉ា​ន់​ម៉ា នៅ​លើ​ផ្ទាំង​ផ្សព្វផ្សាយ​ពាណិជ្ជកម្ម​នៃ​មជ្ឈមណ្ឌល​ប្តូរ​ប្រាក់ SuperRich នេះ ។ វា​កាន់តែ​មាន​ភាព​ងាយស្រួល​សម្រាប់​ខ្ញុំ » ។

ចំណែក​កញ្ញា Ma Win Myat Mon ជា​អាជីវករ​លក់រាយ​សម្លៀក​បំពាក់​មី​យ៉ា​ន់​ម៉ា បាន​ប្រើប្រាស់ Visa Card សម្រាប់​ការ​ទិញ​ទំនិញ​នៅ​ផ្សារ​ទំនើប​នៅ​ទីក្រុង​បាងកក ។ នាង​និយាយ​ថា ៖ « ខ្ញុំ​មិន​ដែល​យក​ប្រាក់​ខ្យា​ដ​មី​យ៉ា​ន់​ម៉ា​តាម​ខ្លួន​ឡើយ ពីព្រោះ​គ្មាន​កន្លែង​ដូរ​ប្រាក់​នេះ​ទេ » ។

នាង​សប្បាយចិត្ត​នៅ​ពេល​ដឹង​ថា មានការ​ប្តូរ​រូបិយប័ណ្ណ​ថៃ​និង​ខ្យា​ដ​ជា​ផ្លូវការ ដែល​ពី​មុន​នាង​ត្រូវ​ទាក់ទង​ជាមួយ​ឈ្មួញ​ទីផ្សារ​ងងឹត​នៅ​ជិត​ស្ថានទូត​មី​យ៉ា​ន់​ម៉ា ដើម្បី​ទទួល​បាន​ប្រាក់​បាត ។

មី​យ៉ា​ន់​ម៉ា​បាន​អនុម័ត​អត្រា​ប្តូរ​លុយកខ្វក់​កាលពី​ឆ្នាំ​២០១២ ហើយ​ប្រាក់​ខ្យា​ដ​នៅ​តែ​ជា​រូបិយប័ណ្ណ​ដែល​ងាយ​នឹង​ប្រែប្រួល​ខ្លាំង ។ ក្នុង​ឆ្នាំ​២០១៥ ប្រាក់​ខ្យា​ដ​បាន​បាត់បង់​តម្លៃ​ជាង​២៥% នៃ​តម្លៃ​របស់​ខ្លួន ។ ការ​ប្រែប្រួល​អត្រា​ប្តូរ​ប្រាក់​ដុល្លារ​អា​មេ​រិ​ក​និង​ខ្យា​ដ កាលពីដើម​ឆ្នាំ​នេះ បាន​ជំរុញ​ឱ្យ​អ្នក​ផ្តល់​ប្រាក់​កម្ចី​នៅ​មី​យ៉ា​ន់​ម៉ា ផ្អាក​អាជីវកម្ម​របស់​ខ្លួន​ជា​បណ្តោះអាសន្ន ។

ការ​ប្រែប្រួល​នេះ​មិន​អាច​រារាំង​ក្រុមហ៊ុន SuperRich បាន​ទេ ខណៈ​ដែល​ក្រុមហ៊ុន​នេះ​មើលឃើញ​ថា ភ្ញៀវ​ទេសចរ​មី​យ៉ា​ន់​ម៉ា​បាន​ធ្វើ​ដំណើរ​មក​កាន់​ប្រទេស​ថៃ​កាន់តែ​ច្រើន បន្ទាប់​ពី​ការ​បោះ​ឆ្នោត​ទូទៅ​ជា​ប្រវត្តិសាស្ត្រ ក្នុង​ឆ្នាំ​២០១៥​។ នេះ​បើ​យោង​តាម​អ្នកនាំពាក្យ​របស់​ក្រុមហ៊ុន ។

អ្នកនាំពាក្យ​បាន​ប្រាប់​កាសែត The Myanmar Times ថា ៖ « តម្រូវការ​លុយ​ខ្យា​ដ​នឹង​កើនឡើង​នា​ពេល​អនាគត ហើយ​យើង​ចង់ឱ្យ​អតិថិជន​មាន​ភាព​ងាយស្រួល​ក្នុង​ការ​ប្រើប្រាស់ ។ ក្រុមហ៊ុន​នេះ​បាន​ចាប់ផ្តើម​ប្តូរ​ប្រាក់​ខ្យា​ដ​តាំងពី​ដើមឆ្នាំ​មក​ម្ល៉េះ » ។

ក្រុមហ៊ុន SuperRich រំពឹង​ថា ភ្ញៀវ​ទេសចរ​នឹង​ធ្វើ​ដំណើរ​ទៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា​កាន់តែ​ច្រើន ។ ចំណែកឯ​បុគ្គលិក​នៅ​ធនាគារ​មី​យ៉ា​ន់​ម៉ា​និយាយ​ថា ភ្ញៀវ​ទេសចរ​ពី​មី​យ៉ា​ន់​ម៉ា​ដែល​ធ្វើ​ដំណើរ​ទៅ​បណ្តា​ប្រទេស​ជិតខាង នឹង​កើនឡើង​ផង​ដែរ ។

លោក Soe Thein អនុប្រធាន​គ្រប់គ្រង​នៃ​ធនាគារ Asian Green Development Bank ថ្លែង​ថា ៖ « ជនជាតិ​មី​យ៉ា​ន់​ម៉ា​នឹង​ទៅ​ប្រទេស​ថៃ​កាន់តែ​ច្រើន ហើយ​ការ​ប្តូរ​ប្រាក់​ខ្យា​ដ​នឹង​ក្លាយជា​ទីផ្សារ​ដ៏​ធំ​មួយ » ។

ប្រទេស​មី​យ៉ា​ន់​ម៉ា ថៃ វៀតណាម និង​ឡាវ បាន​ពិភាក្សា​អំពី​សេចក្តីណែនាំ​នៃ​ការ​ធ្វើ​កាត​តែ​មួយ (Single Visa) នា​កិច្ចប្រជុំ​កាលពី​ខែមិថុនា  ដែល​នឹង​អនុញ្ញាត​ឱ្យ​អ្នក​ធ្វើ​ដំណើរ​ប្រើប្រាស់​កាត​នេះ​បាន​ក្នុង​ប្រទេស​ទាំង​៤ ។

រដ្ឋមន្ត្រីក្រសួង​ការងារ​ប្រទេស​ថៃ និង​មី​យ៉ា​ន់​ម៉ា ក៏​បាន​ពិភាក្សា​លើ​កិច្ចព្រមព្រៀង ដើម្បី​ផ្តល់​ភាព​ងាយស្រួល​ដល់​កម្មករ​មី​យ៉ា​ន់​ម៉ា​ដែល​ធ្វើការ​នៅ​ប្រទេស​ថៃ ។

ធនាគារ​ក្នុងស្រុក​មាន​សេវាកម្ម​ផ្តល់​ជូន​ដល់​អតិថិជន ដែល​មាន​គម្រោង​ចំណាយ​ប្រាក់​នៅ​បរទេស​រួច​ទៅ​ហើយ ។ ជាក់ស្តែង ធនាគារ Aya,  ធនាគារ CB និង​ធនាគារ Myanmar Oriental សុទ្ធតែ​ជា​ធនាគារ​ដែល​បាន​ចាប់ផ្តើម​ផ្តល់​នូវ​កាត​ឥណទាន​ភ្ជាប់​ជាមួយនឹង​សេវាកម្ម UnionPay JCB និង​បណ្តាញ​ទូទាត់​ប្រាក់​ជាស​កល ។ បណ្តាញ JCB អនុញ្ញាត​ឱ្យ​អ្នកកាន់កា​ត​មី​យ៉ា​ន់​ម៉ា អាច​ប្រើប្រាស់​គណនី​ធនាគារ​របស់​ពួក​គេ​នៅ​ក្នុង​១៩១​ប្រទេស និង​តំបន់ ៕