ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តម្លៃ​ប្រេងឥន្ធនៈ​ឡើង ថ្លៃ​វិញ​ចាប់ពី​ថ្ងៃនេះ​ដល់​ថ្ងៃ​ទី​11 កញ្ញា

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ចាប់ពី​ថ្ងៃ​ទី​២​ដល់​ថ្ងៃ​ទី​១១ កញ្ញា ខាង​មុខ តម្លៃ​ប្រេងឥន្ធនៈ​លក់រាយ​នៅ​តាម​ស្ថានីយ នឹង​បន្ដ​ឡើងថ្លៃ​ពី​៥០​ទៅ​១០០​រៀល​បន្ថែម​ទៀត ។ នេះ​បើ​យោង​តាម​សេចក្ដីជូនដំណឹង​ស្ដី​ពី​ការ​លក់រាយ​ប្រេងឥន្ធនៈ

រាជធានី​ភ្នំពេញ ៖ ចាប់ពី​ថ្ងៃ​ទី​២​ដល់​ថ្ងៃ​ទី​១១ កញ្ញា ខាង​មុខ តម្លៃ​ប្រេងឥន្ធនៈ​លក់រាយ​នៅ​តាម​ស្ថានីយ នឹង​បន្ដ​ឡើងថ្លៃ​ពី​៥០​ទៅ​១០០​រៀល​បន្ថែម​ទៀត ។ នេះ​បើ​យោង​តាម​សេចក្ដីជូនដំណឹង​ស្ដី​ពី​ការ​លក់រាយ​ប្រេងឥន្ធនៈ ដែល​ប្រកាស​ដោយ​អន្តរក្រសួង ក្នុង​នោះ​រួម​មាន​ក្រសួងពាណិជ្ជកម្ម ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួង​រ៉ែ និង​ថាមពល កាលពី​ថ្ងៃ​ទី​១ កញ្ញា ម្សិលមិញ​នេះ ។

ក្នុង​សេចក្ដីជូនដំណឹង​ដដែល តម្លៃ​លក់រាយ​សាំង​ស៊ុប​ពែរ​ឡើងថ្លៃ​ពី​៣.៣៥០​រៀល​ទៅ​៣.៤៥០​រៀល​ក្នុង​១​លី​ត្រ​, សាំង​ធម្មតា​ឡើងថ្លៃ​ពី​៣.៣០០​រៀល ទៅ​៣.៣៥០​រៀល​ក្នុង​១​លី​ត្រ និង​ម៉ា​ស៊ូ​ត​ពី​៣.០៥០​រៀល ទៅ​៣.១០០​រៀល​ក្នុង​១​លី​ត្រ ។ តម្លៃ​នេះ នឹង​ចាប់​អនុវត្ត​ពី​ថ្ងៃ​ទី​២ កញ្ញា រហូត​ដល់​ថ្ងៃ​ទី​១១ កញ្ញា ខាង​មុខ ។

តាម​ការ​អង្កេត តម្លៃ​ប្រេងឥន្ធនៈ​នៅ​ក្នុង​ខែសីហា​កន្លង​មក មានការ​ប្រែប្រួល​ចន្លោះ​ពី​៣.២៥០​រៀល ទៅ​៣.៣៥០​រៀល​ក្នុង​១​លី​ត្រ​សម្រាប់​សាំង​ស៊ុប​ពែរ ។ ចំណែកឯ​សាំង​ធម្មតា​តម្លៃ​ចន្លោះ​ពី​៣.១៥០​រៀល ទៅ​៣.៣០០​រៀល​ក្នុង​១​លី​ត្រ និង​ម៉ា​ស៊ូ​ត​តម្លៃ​ចន្លោះ​ពី​២.៩៥០​រៀល ទៅ​៣.០៥០​រៀល​ក្នុង​១​លី​ត្រ បន្ទាប់​ពី​ធ្លាក់​ចុះ​បន្ដិច​កាលពី​អំឡុង​ខែមិថុនា​កន្លង​មក ។

ការ​ឡើង​ចុះ​នៃ​តម្លៃ​ប្រេង​នេះ បើ​តាម​មន្ត្រី​ក្រសួងពាណិជ្ជកម្ម​ធ្លាប់​ប្រាប់​ថា គឺ​អាស្រ័យ​ទៅ​លើ​ការ​ប្រែប្រួល​តម្លៃ​ប្រេង​អន្តរជាតិ ហើយ​បច្ចុប្បន្ន ក្រសួងពាណិជ្ជកម្ម​បាន​ធ្វើការ​គណនា​តាម​រូបមន្ត​កំណត់​ថ្លៃ​ប្រេង​ដូច​ៗ​គ្នា​សម្រាប់​ក្រុមហ៊ុន​ប្រេង​កម្ពុជា ។

យោង​តាម​តម្លៃ​ប្រេង​ទីផ្សារ​អន្តរជាតិ​បង្ហាញ​ថា តម្លៃ​ប្រេង​បាន​កើនឡើង​វិញ បន្ទាប់​ពី​ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​ប្រាក់​ដុល្លារ​អា​មេ​រិ​ក ។

បន្ទាប់​ពី​មានការ​ធ្លាក់​ចុះ​ប្រមាណ​៣%​ឬ​ច្រើន​ជាង​នេះ​កាលពី​មួយ​រយៈ​មុន​មក តម្លៃ​ប្រេង​បាន​កើនឡើង​ម្តងទៀត​នៅ​អាស៊ី កាលពី​ថ្ងៃ​ទី​១ កញ្ញា ម្សិលមិញ ដែល​ការ​ឡើងថ្លៃ​វិញ​នេះ ស្រប​ពេល​នឹង​ការ​ធ្លាក់​ចុះ​នៃ​តម្លៃ​ប្រាក់​ដុល្លារ ការ​កើនឡើង​នៃ​បរិមាណ​ប្រេង​ឆៅ​របស់​សហរដ្ឋអាមេរិក និង​ផលិតផល​ប្រេង​ផ្សេង​ទៀត​ក្នុង​ស្តុក ។

ប្រេង​របស់​សហរដ្ឋអាមេរិក​បាន​កើនឡើង ១២​សេន ស្មើនឹង​៤៤,៨២​ដុល្លារ​ក្នុង​១​បារ៉ែល បន្ទាប់​ពី​មានការ​ធ្លាក់​ចុះ​ប្រមាណ​១,៦៥​ដុល្លារ ឬ​៣,៦%​កាលពី​មួយ​រយៈ​មុន ។ ចំណែក​ប្រេង Brent របស់​អង់គ្លេស​វិញ ក៏​បាន​កើនឡើង​១០​សេន ស្មើនឹង​៤៦,៩៩​ដុល្លារ​ក្នុង​១​បារ៉ែល​ផង​ដែរ បន្ទាប់​ពី​ធ្លាក់​ចុះ​១,៣៣​ដុល្លារ ឬ​២,៨% កាលពី​មួយ​រយៈ​កន្លង​មក ។

ការ​កើនឡើង​នេះ ស្រប​ពេល​ការ​ស្តុក​ប្រេង​របស់​សហរដ្ឋអាមេរិក​បាន​កើនឡើង​២,៣​លាន​ធុង ដែល​ស្មើនឹង​៥២៥,៩​លាន​ធុង ដែល​ត្រូវ​បាន​បង្ហាញ​ដោយ​រដ្ឋបាល​ព័ត៌មាន​ថាមពល​របស់​ក្រសួង​ថាមពល កាលពី​ថ្ងៃ​ទី​៣១ សីហា កន្លង​មក ។

ការ​ប៉ាន់ស្មាន​ទៅ​លើ​ការ​ចរចា​គ្នា​រវាង​អង្គការ​OPEC និង​ប្រទេស​ផលិត​ប្រេង​ផ្សេង​ៗ​ទៀត​ក្នុង​ការ​គ្រប់គ្រង​ផលិតកម្ម​នោះ បាន​ជួយ​ឲ្យ​មានការ​កើនឡើង​១១%​នៃ​តម្លៃ​ប្រេង​ឆៅ​ក្នុង​ខែសីហា ជា​ខែ​ដែល​កើនឡើង​ខ្លាំង​ជាងគេ​តាំងពី​ខែមេសា​មក ។

ទីផ្សារ​កំពុង​តែ​ព្រួយបារម្ភ​ទៅ​លើ​ថា តើ OPEC អាច​នឹង​ចេញ​ការ​ព្រមព្រៀង​លើ​ការ​បង្អាក់​ផលិតកម្ម​ឬ​អត់ ។ ប៉ុន្តែ​ទីផ្សារ​មិន​មាន​ភាព​ជឿជាក់​ថា OPEC មាន​សមត្ថភាព​ក្នុង​ការ​សម្រេចការ​ចរចា​គ្នា​ទៅ​លើ​ការ​បង្អាក់​ផលិតកម្ម​នេះ​បាន​ឡើយ » ៕