ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជ័យ សុ​វ៉ា​ត និពន្ធ​និង​ច្រៀង​ដោយ​ខ្លួនឯង​ពី​ជីវិត​និស្សិត​ពេទ្យ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ម្ចាស់​ជ័យ​លា​ភី​ចំណាត់ថ្នាក់​លេខ​២ ប្រចាំ​កម្មវិធី «​ផ្កាយ​រះ​ក្នុង​សួន​» លោក​ជ័យ សុ​វ៉ា​ត បាន​ប្រកាស​ចេញ​ថត​បទ​ថ្មី​កាលពី​ថ្ងៃ​ទី​២៧ សីហា ២០១៦ នៅ​បរិវេណ​សាកលវិទ្យាល័យ​ន័​រ​តុ​ន ។

រាជធានី​ភ្នំពេញ ៖ ម្ចាស់​ជ័យ​លា​ភី​ចំណាត់ថ្នាក់​លេខ​២ ប្រចាំ​កម្មវិធី «​ផ្កាយ​រះ​ក្នុង​សួន​» លោក​ជ័យ សុ​វ៉ា​ត បាន​ប្រកាស​ចេញ​ថត​បទ​ថ្មី​កាលពី​ថ្ងៃ​ទី​២៧ សីហា ២០១៦ នៅ​បរិវេណ​សាកលវិទ្យាល័យ​ន័​រ​តុ​ន ។ និស្សិត​សិក្សា​ផ្នែក​សុខាភិបាល​ប្រមាណ​១០០​នាក់ នៃ​សាលា​នោះ​បាន​ស្ម័គ្រចិត្ត​ចូលរួម​សម្ដែង ដើម្បី​បង្ហាញ​ពី​ការ​លំបាក​របស់​ពួក​គេ​ក្នុង​ការ​សិក្សា​ទៅ​មហាជន​និង​ចង់​ឲ្យ​ក្រុម​គ្រួសារ​យល់​ពី​បញ្ហា​ប្រឈម​នានា​របស់​ពួក​គេ ។ 

លោក​ជ័យ សុ​វ៉ា​ត និយាយ​ថា បទ​ចម្រៀង​«​ជីវិត​និស្សិត​ពេទ្យ​» និពន្ធ​ទំនុកច្រៀង និង​បទ​ភ្លេង​ដោយ​រូប​លោក​ផ្ទាល់ ។ បទ​នេះ​ពី​ដំបូង​លោក​សុ​វ៉ា​ត​នឹកឃើញ​ចេះ​តែ​ច្រៀង​លេង  ហើយដោយ​យល់​ថា ចង្វាក់​ដែល​បាន​ប្រឌិត​ឡើង​អាច​ធ្វើ​ជា​បទ​ភ្លេច​ល្អ ក៏​សម្រេច​ផលិត​ជា​បទ​ចម្រៀង ហើយ​និពន្ធ​ទំនុកច្រៀង​និយាយ​ពី​ជីវិត​និស្សិត​ពេទ្យ​។ បទ​នេះ​នឹង​បញ្ចេញ​នៅ​លើ Youtube នា​ថ្ងៃ​ទី​១៥ កញ្ញា ហើយ​ក៏​ជា​បទ​ដែល​លោក​សុ​វ៉ា​ត​គ្រោង​លើកយក​ទៅ​ច្រៀង ក្នុង​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​នៅ​សាលា​ន័​រ​តុ​ន​នា​ថ្ងៃ​ទី​១៧ កញ្ញា​ផង​ដែរ ។

លោក​ជ័យ សុ​វ៉ា​ត និយាយ​ថា អត្ថន័យ​សំខាន់​នៃ​បទ​ចម្រៀង​នេះ​គឺ​រៀបរាប់​ពី​ការ​លំបាក​របស់​និស្សិត​ពេទ្យ​ដែល​ត្រូវ​តស៊ូ​តាំងពី​ឆ្នាំ​ទី​១ រហូត​ដល់​ឆ្នាំ​ទី​៨ ទម្រាំ​អាច​បញ្ចប់​ការ​សិក្សា​បាន ។ បទ​នេះ​រំពឹង​ជោគជ័យ ដោយសារ​តែ​ភាព​ជាក់ស្ដែង គឺ​មនុស្ស​តិច​ណាស់​បានដឹង​ពី​ការ​លំបាក​របស់​និស្សិត​ពេទ្យ ម្យ៉ាង​និស្សិត​ពេទ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ភាគច្រើន​នឹង​គាំទ្រ​បទ​នេះ ។

ជ័យ សុ​វ៉ា​ត និយាយ​ថា «​ដោយសារ​ខ្ញុំ​ជា​និស្សិត​ពេទ្យ​ឆ្នាំ​ទី​៤ ស្រាប់ និង​បានដឹង​ពី​ទុក្ខ​លំបាក​ក្នុង​ការ​សិក្សា​ជំនាញ​នេះ ទើប​អាច​និពន្ធ​បទ​ថ្មី ដែល​ឆ្លុះ​បញ្ចាំង​ពី​ជីវិត​តស៊ូ​របស់​អ្នក​ចង់​រៀន​ពេទ្យ​បាន ។ ក្រៅពី​ការ​សិក្សា​ជាមួយនឹង​ឯកសារ​មេរៀន​ដ៏​ច្រើន និស្សិត​ខ្លះ​ក៏​ត្រូវ​ឃ្លាតឆ្ងាយ​ពី​ក្រុម​គ្រួសារ ។ ការ​សិក្សា​ជំនាញ​ផ្នែក​ពេទ្យ ឬ​វេជ្ជបណ្ឌិត​ត្រូវការ​ការ​ព្យាយាម​ខ្លាំង និង​ហ្មត់ចត់ ព្រោះតែ​ជំនាញ​នេះ​គឺ​ត្រូវ​យក​ទៅ​សង្គ្រោះ​ជីវិត​មនុស្ស ហើយ​អ្វី​ដែល​ខ្ញុំ​ចង់បាន​មក​វិញ​ពី​អ្នក​ទស្សនា និង​អ្នក​ស្តាប់​បទ​ចម្រៀង​នេះ​គឺ​ការ​យល់ចិត្ត និង​ផ្តល់​តម្លៃ​មក​លើ​និស្សិត​ដែល​កំពុង​បន្ត​ការ​សិក្សា​លើ​ជំនាញ​ដ៏​លំបាក​មួយ ។ ប៉ុន្តែ អ្វី​ដែល​ខ្ញុំ​សប្បាយចិត្ត​នោះ គឺ​ខ្ញុំ​ទទួល​ការ​ចូលរួម​ពី​និស្សិត​ពេទ្យ​នៅ​ក្នុង​សាកល​វិទ្យា​ល័យ​ន័​រ​តុ​ន​រហូត​ដល់​១០០​នាក់​មក​ចូល​សម្ដែង​នៅ​ក្នុង​MV​នេះ​។ សកម្មភាព​ដែល​ខ្ញុំ​ចេញ​ថត មិនមែន​ជា​ឈុត​ទាំងស្រុង​ក្នុង​បទ «​ជីវិត​និស្សិត​ពេទ្យ​»​ទេ គឺ​លុះត្រាតែ​បទ​ដែល​គ្រោង​នឹង​ប្រូ​ម៉ូត​នេះ​ទទួល​បានការ​គាំទ្រ ទើប​ខ្ញុំ​នឹង​ថត​MV​ឲ្យ​ពេញលេញ​ម្ដងទៀត ហើយនឹង​មានការ​រៀបចំ​ឲ្យ​និស្សិត​ពេទ្យ​បន្ថែម​ទៀត​ចូលរួម​សម្ដែង​» ។

តារាចម្រៀង​ជ័យ សុ​វ៉ា​ត សូម​ការ​គាំទ្រ​ពី​ទស្សនិកជន​សម្រាប់​បទ​ចម្រៀង​ថ្មី ជា​ស្នាដៃ​ដំបូង ដែល​លោក​និពន្ធ និង​ច្រៀង​ផ្ទាល់​នេះ ៕