ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពេជ្រ សីហា និង​សរ រាជសីហ៍ ឡើង​វ៉ៃ​ដណ្តើម​កៅអី​ទៅ​ជួប ឡុ​ង សុវណ្ណ​ឌឿ​ន នៅ​វគ្គ​ផ្តាច់ព្រ័ត្រ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ពេជ្រ សីហា មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ និង​សរ រាជសីហ៍ មក​ពី​ក្លិប​មោង​ឬ​ស្សី​មរតក​គុន​ខ្មែរ​កំពុង​ត្រៀម​កណ្តាប់ដៃ​ឡើង​វ៉ៃ​លើ​សង្វៀន​ទូរទស្សន៍ PNN

រាជធានី​ភ្នំពេញ ៖ ពេជ្រ សីហា មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ និង​សរ រាជសីហ៍ មក​ពី​ក្លិប​មោង​ឬ​ស្សី​មរតក​គុន​ខ្មែរ​កំពុង​ត្រៀម​កណ្តាប់ដៃ​ឡើង​វ៉ៃ​លើ​សង្វៀន​ទូរទស្សន៍ PNN នៅ​ថ្ងៃអាទិត្យ ទី​៤ កញ្ញា ដើម្បី​ដណ្តើម​កៅអី​ប្រកួត​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​យក​ខ្សែក្រវាត់​ជើងឯក​ជាមួយ​ឡុ​ង សុវណ្ណ​ឌឿ​ន មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា​ដែល​កំពុង​តែ​រង់ចាំ​រួច​ជា​ស្រេច ។

កាលពី​ស​ប្ដា​ហ៍​មុន ឡុ​ង សុវណ្ណ​ឌឿ​ន បាន​ឡើង​អង្គុយ​កៅអី​វគ្គ​ផ្ដាច់ព្រ័ត្រ​មុនគេ​បន្ទាប់​ពី​បាន​យកឈ្នះ ឡេះ តើក មក​ពី​ក្លិប​ពុទ្ធ​សេរី​វង្ស​ព្រែក​តា​ទែន ដោយ​ពិន្ទុ និង​កំពុង​តែ​រង់ចាំ​ប្រកួត​ជាមួយ​អ្នក​ឈ្នះ​ក្រោយ​ជំនួប​រវាង ពេជ្រ សីហា និង​សរ រាជសីហ៍ ។

សរ រាជសីហ៍ មួយ​រយៈ​មកនេះ​ថ្វីដៃ​ប្រកួត​នៅ​លើ​សង្វៀន​របស់​គេ​ធ្វើ​ឱ្យ​អ្នកគាំទ្រ​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​តាម​រយៈ​ការ​យកឈ្នះ​គូប្រកួត​ដែល​សុទ្ធតែ​ជា​ជើង​ខ្លាំង​លំដាប់​ជួរ​មុខ។ ដោយ​មានបទពិសោធន៍​ប្រកួតយូរ​ឆ្នាំ​ធ្វើ​ឱ្យ​កីឡាករ​រូប​នេះ​មាន​ស្នៀតគុន​កាន់តែ​សម្បូរ​បែប ទាំង​ស្នៀត​កែង​និង​ជង្គង់ អាច​ប្រើ​ការ​បាន​យ៉ាង​ស្ទាត់ជំនាញ ចិត្ត​ក៏​សឿង កម្លាំង​ក៏​ខ្លាំង ពេល​វាយ​ចេញ​ម្ដង​ៗ​បង្ក​គ្រោះថ្នាក់ដល់​គូប្រកួត​ខ្លាំង​ណាស់ ។

ទោះបី​យ៉ាងណា បើ​ប្រៀបធៀប​ជាមួយ​កីឡាករ​ពេជ្រ សីហា គឺ​មិន​លើស​គ្នា​ប៉ុន្មាន​ឡើយ គ្រាន់តែ​មួយ​រយៈ​មកនេះ កម្លាំង​របស់​គេ ហាក់ដូចជា​ស្រុត​ចុះ​ជាង​មុន​បន្តិច ។ បើសិនជា​គេ​នៅ​ខ្លាំង​ដូច​មុន​វិញ​សរ រាជសីហ៍ មិនមែន​ជា​ដៃគូ​របស់​គេ​ឡើយ ។ កាលពីមុន ពេជ្រ សីហា ត្រូវ​គេ​ផ្ដល់​រហស្សនាម​ថា ជា​កំពូល​អ្នក​ប្រដាល់​កណ្ដាប់ដៃ​ដែក ព្រោះ​ពេល​វាយ​ចេញ​ម្ដង​ៗ​កម្រ​ខុស​គោលដៅ និង​មាន​ទម្ងន់​ធ្ងន់​ទៀត​ផង​។ ចំណែក​ស្នៀត​កែង​និង​ជង្គង់​របស់​គេ​វិញ​អាច​ប្រើ​ការ​បាន​គ្រប់​ស្ថានការណ៍​ធ្វើ​ឱ្យ​គូប្រកួត​ខ្លាចរអា​គ្រប់​គ្នា​ពេល​ជួប​គេ​ម្ដង​ៗ ។ ប៉ុន្តែ​ភាព​ខ្លាំង​របស់​កីឡាករ​រូប​នេះ​នៅ​ពេល​នេះ​មិន​ដូច​មុន​ទៀត​ទេ ទើប​អ្នក​ដែល​ធ្លាប់​គាំទ្រ​ពី​មុន​មក ហាក់​អល់អែក​ក្នុង​ការ​ផ្ដល់​ទំនុកចិត្ត​ទៅ​លើ
កីឡាករ ពេជ្រ សីហា សម្រាប់​ការ​មក​ប៉ៈ​ជាមួយ​កីឡាករ សរ រាជសីហ៍ លើក​នេះ​។ អ្នកគាំទ្រ​កីឡាករ​ទាំង​ពីរ​កំពុង​រង់ចាំ​មើល​យ៉ាង​អន្ទះសា​រការ​ប្រកួត​រវាង​កីឡាករ
សរ រាជសីហ៍ និង​ពេជ្រ សីហា ដែល​សុទ្ធតែ​ជា​ជើងខ្លាំង​លំដាប់​ជួរ​មុខ​ដូច​គ្នា តើ​នរណា​មាន​វាសនា​បាន​ឡើង​ទៅ​ប្រកួត​នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​ដណ្ដើម​ខ្សែក្រវាត់​ជើងឯក​ជាមួយ​កីឡាករ​ឡុ​ង  សុវណ្ណ​ឌឿ​ន ។

ក្រៅពី​គូ​ដណ្ដើម​ខ្សែក្រវាត់​មួយគូ​នេះ​ទៅ​នៅ​លើ​សង្វៀន​ដដែល​ក៏​មានការ​ប្រកួត​លក្ខណៈ​មិត្តភាព​រវាង​កីឡាករ​កម្ពុជា​-​ថៃ​ចំនួន​២​គូ និង​ការ​ប្រកួត​លក្ខណៈ​ម៉ា​រ៉ា​តុ​ន​ចំនួន​២​គូ​ទៀត​ផង​ដែរ ។ គូប្រកួត​មិត្តភាព​កម្ពុជា ថៃ​មាន​កីឡាក​រហ៊ឹម សេរី មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងការពារជាតិ ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ​Phong Saklek Sith je’Leang ក្នុង​ប្រភេទ​ទម្ងន់​៥៤​គីឡូក្រាម និង​កីឡាករ អាំង សំអាត មក​ពី​ក្លិប​តា​ព្រហ្ម​មាន​ជ័យ ប្រកួតជាមួយ​កីឡាករ​ថៃ​ឈ្មោះ​Munsovan Dam ក្នុង​ប្រភេទ​ទម្ងន់​៥៤​គីឡូក្រាម​ដូច​គ្នា ។ ដោយឡែក​ការ​ប្រកួត​លក្ខណៈ​ម៉ា​រ៉ា​តុ​ន​វិញ​តម្រូវ​ទៅ​លើ​កីឡាករ ជឹ​ម តា​រ៉ា មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា ប្រកួត​ជាមួយ​កីឡាករ ចាន់ រក្សា មក​ពី​ក្លិប​អេ ភូ​ថង​កីឡា និង​គូ​ចុង​ក្រោយ​កីឡាករ ឆាយ មាស មក​ពី​ក្លិប​សំរោង​កោង​កីឡា​ខេត្តបាត់ដំបង ប្រកួត​ជាមួយ កីឡាករ ផា​ន់ សា​រុន មក​ពី​ក្លិប​គជសារ​កីឡា​៕