ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជា​នឹង​មាន​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ថាមពល​ពន្លឺព្រះអាទិត្យ​ឆ្នាំ​2017

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ដើមឆ្នាំ​២០១៧​ខាង​មុខ កម្ពុជា​នឹង​អាច​ទាញ​យក​ថាមពល​អគ្គិសនី​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ ដែល​មាន​កម្លាំង​១០​មេ​ហ្គា​វ៉ា​ត់​សម្រាប់​ផ្គត់ផ្គង់​តាម​តំបន់​នានា​ក្នុង​ប្រទេស​កម្ពុជា ។

រាជធានី​ភ្នំពេញ ៖ នៅ​ដើមឆ្នាំ​២០១៧​ខាង​មុខ កម្ពុជា​នឹង​អាច​ទាញ​យក​ថាមពល​អគ្គិសនី​ដើរ​ដោយ​ពន្លឺព្រះអាទិត្យ ដែល​មាន​កម្លាំង​១០​មេ​ហ្គា​វ៉ា​ត់​សម្រាប់​ផ្គត់ផ្គង់​តាម​តំបន់​នានា​ក្នុង​ប្រទេស​កម្ពុជា ។ រោងចក្រ​អគ្គិសនី​ដើរ​ដោយ​កម្លាំង​ថាមពល​អគ្គិសនី​នេះ ស្ថិត​នៅ​ក្រុង​បា​វិត ខេត្តស្វាយរៀង ក្រោម​ការ​វិនិយោគ​ដោយ​ក្រុមហ៊ុន Sunseap Asset (Cambodia) Co., Ltd ។

នៅ​ក្នុង​ពិធី​ចុះ​អនុស្សរណៈ​យោគយល់​រវាង​ក្រុមហ៊ុន​វិនិយោគ Sunseap Asset (Cambodia) Co., Ltd និង​អគ្គិសនី​កម្ពុជា កាលពី​ថ្ងៃ​ទី​២៩ សីហា កន្លង​មក លោក កែវ រតនៈ​ប្រតិភូ​រាជរដ្ឋាភិបាល ទទួល​បន្ទុក​ជា​អគ្គនាយក​អគ្គិសនី​កម្ពុជា បានឱ្យ​ដឹង​ថា កម្ពុជា​នឹង​ដាក់​ដំណើរការ​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ថាមពល​ពន្លឺព្រះអាទិត្យ​ដំបូង​បង្អស់​ទំហំ​១០​មេ​ហ្គា​វ៉ា​ត់ ។ លោក​ថា ៖ « គម្រោង​នេះ​មាន​១០​មេ​ហ្គា​វ៉ា​ត់ ដែល​មាន​ទំហំ​ធំ ហើយ​វា​មាន​សារសំខាន់​សម្រាប់​កម្ពុជា ព្រោះ​វា​ជា​គម្រោង​ទី​១ ដែល​កម្ពុជា​ដាក់​ដំឡើង​រោងចក្រ​អគ្គិសនី​ដើរ​ដោយ​ថាមពលព្រះអាទិត្យ​ដើម្បី​បញ្ចូល​ទៅ​នឹង​បណ្ដាញ​ជាតិ ។ ទោះបី​វា​មាន​ទំហំ​តូច​ត្រឹមតែ​១០​មេ​ហ្គា​វ៉ា​ត់ តែ​វា​ជា​ប្រភព​អគ្គិសនី​ដែល​កើតឡើង​ដោយ​ថាមពល​ស្អាត គឺ​ព្រះអាទិត្យ » ។

លោក​បន្ត​ថា មូលហេតុ​ដែល​រោងចក្រ​នេះ​បង្កើត​ឡើង​នៅ​ខេត្តស្វាយរៀង ព្រោះ​ខេត្ត​នេះ​នៅ​ខ្វះ​ថាមពល​អគ្គិសនី​ប្រើប្រាស់ ហើយ​កំពុង​រង់ចាំ​បណ្ដាញ​ពី​ភ្នំពេញ​ជួយ ហើយ​វា​ក៏​អា​ចត​ភ្ជាប់​ទៅ​នឹង​បណ្ដាញ​ផ្សេង​ទៀត​បាន​យ៉ាង​ស្រួល​ផង​ដែរ ។

លោក​បន្ត​ទៀត​ថា ថាមពល​អគ្គិសនី​ដែល​នឹង​ដាក់​ឲ្យ​ដំណើរការ​ក្នុង​រយៈពេល​៦​ខែ​ខាង​មុខ​ទៀត នឹង​ចូល​ផ្គុំ​គ្នា​ជាមួយ​ថាមពល​អគ្គិសនី​ដើរ​ដោយ​ធ្យូងថ្ម ដើម្បី​ដើរ​ថាមពល​ថ្មី​ក្នុង​ការ​ផ្គត់ផ្គង់​នៅ​ក្នុង​ប្រទេស​កម្ពុជា ព្រោះថា ប្រសិនបើ​មាន​តែ​ថាមពល​តែ​មួយ​ប្រភេទ​នោះ គឺ​មិន​អាច​ផ្គត់ផ្គង់​គ្រប់គ្រាន់​នោះ​ទេ ។ លោក​និយាយ​ថា ៖ « កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​នៅ​ថ្ងៃនេះ​មាន​រយៈពេល​២០​ឆ្នាំ ហើយ​បើ​តាម​កិច្ចព្រមព្រៀង គឺ​ទុក​រយៈពេល​១​ឆ្នាំ​សម្រាប់​ការ​សាងសង់ ។ ប៉ុន្តែ​យើង​នឹង​ជំរុញ​ឲ្យ​ក្រុមហ៊ុន​សាងសង់​រួចរាល់​ក្នុង​រយៈពេល​ពី​៦​ខែ ទៅ​៧​ខែ ។ ទំហំ​១០​មេ​ហ្គា​វ៉ា​ត់​នេះ ត្រូវ​បាន​ដេញថ្លៃ​ដោយ​ស្មើភាព ដែល​ចូលរួម​ពី​បណ្តា​ក្រុមហ៊ុន​នានា ហើយ​សម្រាប់​ការ​ដេញថ្លៃ​ដែល​ទទួល​បាន គឺ​ក្រុមហ៊ុន​ដែល​ហ៊ាន​តម្លៃ​ទាប ក្នុង​នោះ​មាន​ទឹកប្រាក់​ប្រមាណ​ជាង​១២​លាន​ដុល្លារ​អា​មេ​រិ​ក » ។

លោក កែវ រតនៈ បាន​បញ្ជាក់​ថា ៖ «​ការ​ដាក់​បញ្ចូល​កម្លាំង​ថាមពល​១០​មេ​ហ្គា​វ៉ា​ត់​នេះ បង្ហាញ​ឲ្យ​ឃើញ​ពី​គោលនយោបាយ​ចំនួន​ពីរ​គឺ ១-​ការ​ពង្រឹង​ថាមពល​កកើត​ឡើង​វិញ និង​២-​អគ្គិសនី​កម្ពុជា​កំពុង​តែ​ធ្វើ​ខ្សែបណ្តាញ​ដែល​មាន​១១៥​គីឡូវ៉ុល​ភ្ជាប់​ពី​ភ្នំពេញ​ទៅ​ខេត្តកណ្តាល ព្រៃវែង និង​ស្វាយ​រៀង​ផង​ដែរ​។ ដូចនេះ ពេល​យើង​ផ្គុំ​គ្នា​អស់​ទៅ នៅ​តាម​បណ្តាញ​ទាំងនោះ​នឹង​ទទួល​បាន​ផលប្រយោជន៍​ដូច​ជា​ខេត្ត​ដទៃ​ទៀត​ដែល​បាន​ភ្ជាប់​បណ្ដាញ​ជាតិ​រួច​ហើយ ។ ជាង​នេះ​ទៀត ចំណុច​ដែល​ពឹងផ្អែក​ការ​ទិញ​អគ្គិសនី​ពី​ប្រទេស​ជិតខាង នឹង​កាត់​បន្ថយ​បាន​ច្រើន ឬ​ទាំងស្រុង​តែ​ម្តង ។ គោលដៅ​សំខាន់​នោះ គឺ​ចង់​ឲ្យ​ប្រជាពលរដ្ឋ​មាន​ភ្លើង​ប្រើប្រាស់​គ្រប់គ្រាន់ និង​តម្លៃ​ចុះថោក » ។

ជាមួយ​គ្នា​នោះ​ដែរ លោក កែវ រតនៈ បានឱ្យ​ដឹង​ទៀត​ថា នៅ​ឆ្នាំ​២០១៧ តម្លៃ​ភ្លើង​នឹង​ធ្លាក់​ចុះ​បន្ថែម​ទៀត ជា​ពិសេស នៅ​ខែ​ចូល​ឆ្នាំ​ខ្មែរ​តែ​ម្តង ៕