ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុមហ៊ុន​អាកាសចរណ៍ ANA បើក​ការ​ហោះហើរ​ត្រង់​មក​កម្ពុជា​នៅ​ថ្ងៃនេះ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​អាកាសចរណ៍​All Nippon Airways (ANA) នឹង​បើក​ការ​ហោះហើរ​ត្រង់​ពី​អាកាសយានដ្ឋាន​អន្តរជាតិ ណា​រី​តា ប្រទេស​ជប៉ុន មក​កាន់​រាជធានី​ភ្នំពេញ នៅ​ថ្ងៃនេះ ដើម្បី​បម្រើ​សក្ដានុពល​អ្នក​ធ្វើ​ដំណើរ

រាជធានី​ភ្នំពេញ ៖ ក្រុមហ៊ុន​អាកាសចរណ៍​All Nippon Airways (ANA) នឹង​បើក​ការ​ហោះហើរ​ត្រង់​ពី​អាកាសយានដ្ឋាន​អន្តរជាតិ ណា​រី​តា ប្រទេស​ជប៉ុន មក​កាន់​រាជធានី​ភ្នំពេញ នៅ​ថ្ងៃនេះ ដើម្បី​បម្រើ​សក្ដានុពល​អ្នក​ធ្វើ​ដំណើរ​ទៅ​មក​កម្ពុជា​-​ជប៉ុន ពិសេស​ភ្ញៀវ​ទេសចរ និង​បណ្ដា​វិនិយោគិន ។ ក្រុមហ៊ុន​អាកាសចរណ៍​ដ៏​ធំ​បំផុត​របស់​ជប៉ុន​មួយ​នេះ នឹង​ផ្ដល់​ការ​ហោះហើរ​៧​ជើង​ក្នុង​១​ស​ប្ដា​ហ៍ ដោយ​ប្រើប្រាស់​ប្រភេទ​យន្ដហោះ​ប៊ូ​អីុ​ង ៧៨៧-៨ ។

ការ​ហោះហើរ​ត្រង់​មក​កាន់​រាជធានី​ភ្នំពេញ​នា​ពេល​នេះ នឹង​ទាក់ទាញ​តម្រូវការ​យ៉ាង​ខ្លាំង​ពី​អ្នកជំនួញ ក៏​ដូច​ជា​បង្កើន​ចំនួន​ក្រុមហ៊ុន​ជប៉ុន​ដែល​បាន​ពង្រីក​ខ្លួន​យ៉ាង​ឆាប់រហ័ស​នៅ​កម្ពុជា ខណៈ​ដែល​បច្ចុប្បន្ន ក្រុមហ៊ុន​ជប៉ុន​កំពុង​បណ្ដាក់ទុន​នៅ​កម្ពុជា​មាន​ចំនួន​២៧១ បើ​ធៀប​នឹង​ឆ្នាំ​២០១០ មាន​ប្រមាណ​តែ​៥០​ក្រុមហ៊ុន​ប៉ុណ្ណោះ ។

តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រុមហ៊ុន ANA យន្ដហោះ​នឹង​ចាក​ចេញពី​អាកាសយានដ្ឋាន​អន្តរជាតិ​ណា​រី​តា​នៅ​វេលា​ម៉ោង ១០ និង​៥០​នាទី​ព្រឹក​ថ្ងៃ​ទី​១ កញ្ញា​នេះ និង​មក​ដល់​រាជធានី​ភ្នំពេញ នៅ​វេលា​ម៉ោង​៣ និង​១០​នាទី​រសៀល​ក្នុង​ថ្ងៃ​ដដែល ហើយ​ត្រឡប់​ពី​ភ្នំពេញ​វិញ​នៅ​១០ និង​៥០​នាទី​យប់ និង​ធ្វើការ​ចុះ​ចត​នៅ​ព្រ​លាន​យន្ដហោះ​ណា​រី​តា នៅ​ម៉ោង​៦​និង​៤៥​នាទី​ព្រឹក​ថ្ងៃ​ទី​២ កញ្ញា ។

ការ​ចាប់ផ្ដើម​ប្រតិបត្តិការ​ហោះហើរ​ត្រង់​នា​ពេល​នេះ ក្រុមហ៊ុន​បាន​សម្លឹង​ឃើញ​ពី​តម្រូវការ​ប្រកបដោយ​និរន្ដរភាព​ទៅ​លើ​ភ្ញៀវ​ទេសចរ​ជប៉ុន​ដែល​មក​ទស្សនា​ប្រាសាទ​អង្គរ និង​តំបន់​ទេសចរណ៍​ល្បី​ៗ​ផ្សេង​ទៀត​នៅ​កម្ពុជា ។ ក្នុង​នោះ​ក៏​សង្ឃឹមថា ចំនួន​ភ្ញៀវ​ទេសចរ​កម្ពុជា​នឹង​ទៅ​ទស្សនា​ប្រទេស​ជប៉ុន​មានការ​កើនឡើង​នា​ពេល​អនាគត​ផង​ដែរ ខណៈ​ដែល​សន្ទុះ​នៃ​ប្រជាជន​ខ្មែរ​ដែល​ធ្វើ​ដំណើរ​ទៅ​ក្រៅប្រទេស​កំពុង​មាន​កំណើន​ខ្លាំង ។

តាម​របាយការណ៍​ក្រសួងទេសចរណ៍ ក្នុង​រយៈពេល​៦​ខែ​ដើមឆ្នាំ​២០១៦​នេះ ភ្ញៀវ​ទេសចរ​ជប៉ុន​ដែល​មក​ទស្សនា​កម្ពុជា​មាន​ចំនួន​៩០.៨៧៧​នាក់ កើនឡើង​០,៣% បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០១៥ មាន​ចំនួន​៩០.៦២៧​នាក់ ឈរ​ក្នុង​លំដាប់​ទី​៧ ក្នុង​ចំណោម​ទីផ្សារ​អាទិភាព​ធំ​ៗ​ទាំង​១០ ។ ចំណែក ប្រជាជន​ខ្មែរ​ដែល​ធ្វើ​ដំណើរ​ទៅ​ក្រៅប្រទេស​មាន​ចំនួន​៦៩៩.៦៥៤​នាក់ កើនឡើង​២៦,៥%​បើ​ធៀប​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​២០១៥ ។

វត្តមាន​នៃ​ក្រុមហ៊ុន​អាកាសចរណ៍​ANA នា​ពេល​នេះ ក៏​ទទួល​បានការ​សាទរ​ពី​រាជរដ្ឋាភិបាល និង​ជា​ជោគជ័យ​នៃ​កិច្ចព្រមព្រៀង​ស្ដី​ពី​សេវាកម្ម​ដឹក​ជញ្ជូន​តាម​ផ្លូវអាកាស រវាង​ប្រទេស​ទាំង​ពីរ​ផង​ដែរ ។ ការ​ហោះហើរ​ត្រង់​រវាង​រាជធានី​ទាំង​ពីរ នឹង​ដើរតួ​នាទី​ដ៏​សំខាន់​ក្នុង​ការ​លើកកម្ពស់​បន្ថែម​ទៀត​ដល់​កំណើន​នៃ​ការ​ដឹក​ជញ្ជូន​ទំនិញ​តាម​ផ្លូវអាកាស ទេសចរណ៍ ពាណិជ្ជកម្ម វប្បធម៌ និង​កា​រត​ភ្ជាប់​ប្រជាជន និង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ ។

លោក គូ​ម៉ា​ម៉ា​រូ យូ​ជិ ឯកអគ្គរាជទូត​ជប៉ុន​ប្រចាំ​កម្ពុជា បាន​សម្ដែង​ការ​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ចំពោះ​ការ​ហោះហើរ​ត្រង់​ជា​ប្រចាំ​រវាង​ប្រទេស​ជប៉ុន និង​ប្រទេស​កម្ពុជា នា​ពេល​នេះ ។

លោក​ឯកអគ្គរាជទូត​ថ្លែង​ថា នៅ​ថ្ងៃ​ទី​១ កញ្ញា នេះ ការ​ហោះហើរ​ត្រង់​របស់​ក្រុមហ៊ុន​All Nippon Airway (ANA) នឹង​ចាប់ផ្ដើម​ការ​ហោះហើរ​ជា​ប្រចាំ​ថ្ងៃ​រវាង​ទីក្រុង​តូ​ក្យូ និង​ទីក្រុង​ភ្នំពេញ ដែល​នឹង​នាំ​ឲ្យ​ប្រទេស​ជប៉ុន ខិត​មក​កាន់តែ​ជិត​ថែម​មួយ​កម្រិត​ទៀត ។

លោក​ថ្លែង​បន្ដ​ថា ៖ « ការ​ហោះហើរ​រវាង​ប្រទេស​ទាំង​ពីរ គឺជា​ក្ដី​ស្រមៃ​ដ៏​ធំ​ផុត​របស់​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ​ជា​យូរ​មក​ហើយ ។ ខ្ញុំ​មាន​ក្ដី​រីករាយ​ដែល​ក្ដី​ស្រមៃ​នេះ​បាន​ក្លាយ​ជា​ការ​ពិត​នៅ​ទីបំផុត ។ ខ្ញុំ​សូម​ថ្លែងអំណរគុណ​ចំពោះ​អ្នក​ទាំងអស់​គ្នា រួម​ទាំង​ភាគី​ជប៉ុន និង​ភាគី​កម្ពុជា ដែល​បាន​ជួយ​ឲ្យ​គម្រោង​នេះ​កើត​មាន​ឡើង​។ ខ្ញុំ​មាន​ក្ដី​ជឿជាក់​ថា ការ​​ហោះហើរ​ត្រង់​ជា​រៀងរាល់ថ្ងៃ​រវាង​ទីក្រុង​ភ្នំពេញ និង​ទីក្រុង​តូ​ក្យូ នឹង​នាំ​ឲ្យ​ទំនាក់ទំនង​ទ្វេភាគី​របស់​យើង រំកិល​ទៅ​កាន់​កម្រិត​ដ៏​ថ្មី​សន្លាង​មួយទៀត ។ ចំនួន​ប្រជាជន​ដែល​ធ្វើ​ដំណើរ​ចុះឡើង​រវាង​ប្រទេស​ទាំង​ពីរ នឹង​កាន់តែ​ច្រើន​ទៅ​តាម​គោលបំណង​នៃ​ការ​ធ្វើ​ដំណើរ​របស់​ពួក​គេ​» ។

ក្នុង​ពិធី​ប្រគល់​អាជ្ញាប័ណ្ណ​ហោះហើរ​ជូន​ក្រុមហ៊ុន​អាកាសចរណ៍ ANA កាលពី​ខែឧសភា កន្លង​មក លោក​បណ្ឌិត​សភាចា​រ្យ សុខ អាន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ទទួល​បន្ទុក​ទីស្តីការគណៈរដ្ឋមន្ត្រី ក៏​បាន​សម្ដែង​ការ​សាទរ​ផង​ដែរ​ថា ៖ « ក្នុង​នាម​ឱ្យ​រាជរដ្ឋាភិបាល​កម្ពុជា ខ្ញុំ​សូម​អបអរសាទរ​ចំពោះ​ការ​ហោះហើរ​ត្រង់​រវាង​ប្រទេស​យើង​ទាំង​ពីរ ជា​ពិសេស កា​រត​ភ្ជាប់​ផ្លូវអាកាស​រវាង​រាជធានី​ទាំង​ពីរ គឺ​ទីក្រុង​តូ​ក្យូ និង​រាជធានី​ភ្នំពេញ » ។

បើ​តាម​លោកស្រី​កា​អូ​រិ តា​ណា​បេ លេខា​ទី​២​ប្រចាំ​ស្ថានទូត​ជប៉ុន​នៅ​កម្ពុជា បាន​ថ្លែង​ថា ៖ « ដោយសារ​បច្ចុប្បន្ន​មាន​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម ផ្សារ​ទំនើប និង​ភោជនីយដ្ឋាន​ជប៉ុន​ជា​ច្រើន​កំពុង​មាន​វត្ត​មាននៅ​កម្ពុជា ការ​បើក​ការ​ហោះហើរ​ត្រង់​របស់​ក្រុមហ៊ុន​ANA​នា​ពេល​នេះ សង្ឃឹមថា នឹង​ទាក់ទាញ​វិនិយោគិន​មក​បណ្ដាក់ទុន​វិនិយោគ​នៅ​កម្ពុជា​បន្ថែម​ទៀត ក៏​ដូច​ជា​ជួយ​ជំរុញ​កំណើន​ភ្ញៀវ​ទេសចរ​នៃ​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​ជប៉ុន » ។

គួរ​រំឭក​ថា កាលពី​ខែមករា ឆ្នាំ​២០១៥ រាជរដ្ឋាភិបាល​នៃ​ប្រទេស​ទាំង​ពីរ​កម្ពុជា​-​ជប៉ុន បាន​ចុះ​អនុស្សរណៈ​ស្ដី​ពី​ការ​ហោះហើរ ដែល​បើកផ្លូវ​ឲ្យ​មាន​ប្រតិបត្តិការ​ជើងហោះហើរ​នេះ​។ ការ​ហោះហើរ​ត្រង់​ពី​ប្រទេស​ជប៉ុន​មក​កម្ពុជា ត្រូវ​បាន​គេ​រំពឹង​ថា អាច​សន្សំ​សំចៃ​ពេលវេលា​បាន​ច្រើន ដែល​ជា​ធម្មតា ការ​ហោះហើរ​ពី​ប្រទេស​ជប៉ុន​មក​កម្ពុជា ត្រូវ​ឆ្លងកាត់​ប្រទេស​ថៃ វៀតណាម ឬ​ប្រទេស​កូរ៉េ​ខាងត្បូង ។

បច្ចុប្បន្ន អាកាសយានដ្ឋាន​អន្តរជាតិ​ទាំង​៣​របស់​កម្ពុជា គឺ​ភ្នំពេញ សៀមរាប និង​ក្រុងព្រះសីហនុ កំពុង​តែ​បម្រើសេវា​ដល់​ក្រុមហ៊ុន​អាកាសចរណ៍​បរទេស​ចំនួន​២៩​ក្រុមហ៊ុន និង​ក្រុមហ៊ុន​ក្នុងស្រុក​ចំនួន​៤​ដែល​ធ្វើការ​ហោះហើរ​ជាង​២០០​ជើង​ក្នុង​មួយ​ថ្ងៃ​។ ក្រុមហ៊ុន​អាកាសចរណ៍ All Nippon Airway នឹង​ក្លាយជា​ក្រុមហ៊ុន​អាកាសចរណ៍​បរទេស​ទី​៣០​ដែល​ដំណើរការ​នៅ​ក្នុង​ព្រះរាជាណាចក្រកម្ពុជា ៕