ខេត្តសៀមរាប ៖ ផ្ទះក្បឿង១ខ្នងសសរបេតុងទំហំ៧ម៉ែត្រគុណ១២ម៉ែត្រ ត្រូវបានអគ្គីភ័យឆាបឆេះទាំងស្រុង ខណៈម្ចាស់ចាក់សោទុកចោល បង្កឱ្យមានការភ្ញាក់ផ្អើល និងភ័យព្រលឹងចុងសក់ដល់អ្នកភូមិនាំគ្នាទៅជួយជះទឹកពន្លត់ និងអ្នកខ្លះរុះផ្ទះក្បែរៗនោះចេញ ដើម្បីកុំឱ្យភ្លើងឆេះរាលដាលកាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី២១ មីនា ២០១១ ស្ថិតក្នុងភូមិដំដែកផ្សារ ឃុំដំដែក ស្រុកសូទ្រនិគមន៍ ។
បុរសម្ចាស់ផ្ទះឈ្មោះញឹម យិន អាយុ៦៥ឆ្នាំជាអាចារ្យកិច្ចពិធីមង្គលការផ្សេងៗ ពេលភ្លើងកំពុងឆេះផ្ទះ គាត់ជាប់ទៅប្រជុំនៅការិយាល័យសង្គមកិច្ចស្រុក ចំណែកប្រពន្ធឈ្មោះវ៉ាត គេហៅយាយវ៉ាតៗ អាយុ៦៦ឆ្នាំ ពេលភ្លើងកំពុងឆេះផ្ទះ ជាប់រវល់ទៅលក់នំបញ្ចុកតាមភូមិឆ្ងាយពីផ្ទះ ត្រឡប់មកជញ្ជូនអីវ៉ាន់ ឬទ្រព្យសម្បត្តិចេញពីចំណីភ្លើងមិនទាន់ទេ ។ អ្នកភូមិនិយាយថា ជួយសង្គ្រោះផ្ទះនេះមិនទាន់ទេ ព្រោះរថយន្តពន្លត់អគ្គីភ័យនៅឆ្ងាយ ម្យ៉ាងអំណាចភ្លើងខ្លាំងណាស់ អ្នកភូមិមិនអាចចូលទៅជះទឹកជិតភ្លើងបានទេ ព្រោះក្តៅពេក ដូច្នេះភ្លើងបានប្រើអំណាចពេញទីតែម្តង ។
អ្នកភូមិបន្តថា ពេលភ្លើងកំពុងបញ្ចេញអំណាច អ្នកជិតខាងដែលមានផ្ទះក្បែរនោះបាននាំគ្នារុះជញ្ជាំង ឬផ្ទះចេញតែម្តង ដើម្បីកុំឱ្យភ្លើងឆេះរាលដាលជាបន្តទៀត…ទីបំផុតភ្លើងបានលេបត្របាក់ផ្ទះក្បឿងខាងលើទាំងស្រុងតែម្តង សូម្បីតែម្ចាស់មកជញ្ជូនទ្រព្យសម្បត្តិក៏មិនអាន់ដែរ ៕
ចែករំលែកព័តមាននេះ