ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាតក​សម្លា.ប់​និស្សិត​ស្រី​ជា​សង្សារ សាលក្រម​ផ្ដន្ទាទោស​ដាក់គុក​អស់​១​ជីវិត និង​ប្រាក់​២០​លាន​រៀល

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០១៦ បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស​លើ​សំណុំរឿង​ឃាតក.ម្ម​សម្លា.ប់​សង្សារ​ជា​និស្សិត​រៀន​នៅ

រាជធានី​ភ្នំពេញ ៖ សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០១៦ បាន​ប្រកាស​សាលក្រម​ផ្តន្ទាទោស​លើ​សំណុំរឿង​ឃាតកម្ម​សម្លាប់​សង្សារ​ជា​និស្សិត​រៀន​នៅ សាលា​វ៉ា​ន់​ដា​គណនេយ្យ រួច​យក​សព​ទៅ​ទម្លាក់​ចោល​ក្នុង​ទន្លេ​ក្បែរ​សាលា​បឋម​សិក្សា​ជ្រោយចង្វា ត្រើយ​ខាងកើត ដាក់​ពន្ធនាគារ​អស់​១​ជីវិត និង​សំណង​ជន​រង​គ្រោះ​លើ​ទឹកប្រាក់​ចំនួន​២០​លាន​រៀល​។ សាលក្រម​នេះ​បាន​បើកផ្លូវ និង​ទុក​ពេល​ឲ្យ​ភាគី​ណាមួយ​មិន​សុខចិត្ត​ប្តឹង​ជំទាស់​តាម​កំណត់​ច្បាប់​។

ជនជាប់ចោទ​ក្នុង​សំណុំរឿង​នេះ ឈ្មោះ ហុង កាលី​ឌី​ន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខរបរ​ជា​មន្ត្រី​នគរបាល ទើប​ជាប់​កាតព្វកិច្ច នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ អាសយដ្ឋាន​ស្នាក់​នៅផ្ទះ​របស់​ខ្លួន​លេខ ១០៤ ផ្លូវ​៤៣០ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន រាជធានី​ភ្នំពេញ ជា​ជន​ញៀន​ថ្នាំ​។ គួរ​បញ្ជាក់​ថា សំណុំរឿង​នេះ​ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ លើកយក​មក​បើក​សវនាការ​សួរ​ដេញដោល​២-៣​លើក​រួច​មក​ហើយ ប៉ុន្តែ​ចុង​ក្រោយ​មិន​បាន​កំណត់​ថ្ងៃ​ប្រកាស​សាលក្រម​ច្បាស់លាស់​ទេ ទើបត្រូវ​បាន​ប្រកាស​នៅ​ថ្ងៃ​ទី​៣១ ខែសីហា​នេះ​។

នេះ​ជា​ពេលវេលា​សវនាការ​កន្លង​មក នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០១៦ ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បន្ត​សវនាការ​លើ​សំណុំរឿង​ឃាតកម្ម​សំលាប់​និស្សិត​ស្រី​ហើយ​យក​សាកសព​ទៅ​ទម្លាក់​ចោល​ក្នុង​ទឹកទន្លេ​ក្បែរ​សាលា​បឋម​សិក្សា​ជ្រោយចង្វា​ត្រើយ​ខាងកើត​។ សវនាការ​នេះ​បន្ត​ក្រោយ​ពេល​តុលាការ​បាន​ចាត់​របៀប​ឲ្យ​មានការ​ស៊ើបអង្កេត​បន្ថែម​អស់​រយៈពេល​៦​ខែ​កន្លង​មក​។ ក្រោយ​ពី​អង្គ​សវនាការ​សាកសួរ​ដេញដោល​ចប់​សព្វគ្រប់ ប្រធាន​ក្រុមប្រឹក្សា បាន​លើក​ពេល​ប្រកាស​សាលក្រម ដោយ​គ្មាន​ថ្ងៃ​កំណត់​។

សូម​រំលឹក​ថា​កាលពី​ព្រឹក​ថ្ងៃ​ទី​០១ ខែធ្នូ ឆ្នាំ​២០១៥ ក្រុមប្រឹក្សា​ជំនុំជម្រះ​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​បន្ត​សវនាការ​រឿង​ក្ដី មន្ត្រី​នគរបាល​ក្រសួងមហាផ្ទៃ សម្លាប់​សង្សារ​ជា​និ​សិ​ត្ស សាលា​វ៉ា​ន់​ដា​គណនេយ្យ រួច​យក​សព​ទៅ​ទម្លាក់​ចោល​ក្នុង​ទន្លេ​ក្បែរ​សាលា​បឋម​សិក្សា​ជ្រោយចង្វា ត្រើយ​ខាងកើត​។ ក្នុង​ការ​បន្ត​សវនាការ​ថ្ងៃនេះ​តុលាការ​ផ្ដោត​សំខាន់​តែ​ទៅ​លើ​ការ​សាកសួរ​លើ​សាក្សី និង​ជនជាប់ចោទ​ផ្ទាល់​តែ​ម្ដង​។ សាក្សី​សំខាន់​ក្នុង​ការ​ដោះ​បន្ទុក​ឲ្យ​ជនជាប់ចោទ​ក្នុង​សវនាការ​នេះ​គឺ ឪពុក​ម្ដាយ បងប្អូន​បង្កើត របស់​ជនជាប់ចោទ ដែល​ពួក​គេ​បាន​ឆ្លើយ​បំភ្លឺ​បដិសេធ​មិន​ដែល​ស្គាល់​ជន​រង​គ្រោះ​ដែល​បាន​ស្លាប់​ដោយ​ទារុណកម្ម​យ៉ាង​ឃោរឃៅ​។ ក្រុម​គ្រួសារ​របស់​ជន​រង​គ្រោះ​បាន​ទាមទារ​សំណង​ចំនួន​១០​ម៉ឺន​ដុល្លារ​ពី​ជនជាប់ចោទ​។

តំណាង​អយ្យការ​បាន​ស្នើ​ឲ្យ​មានការ​ចាត់​របៀប​ស៊ើបអង្កេត​បន្ថែម​លើ​ការ​ឆ្លើយឆ្លង​គ្នា​ក្នុង​ទូរស័ព្ទ រវាង​ជនជាប់ចោទ និង​សាក្សី​មួយ​ចំនួន​។ ការ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​លើ​ទឹកកាម​ដែល​ដកហូត​ពី​សាកសព​ជន​រង​គ្រោះ និង​ចម្លើយ​សាក្សី​មួយ​ចំនួន​ទៀត​ជាដើម​។ នៅ​វេលា​ម៉ោង​៤​និង​១៩​នាទី​ល្ងាច សវនាការ​បាន​ប្រកាស​បិទ និង​ចាត់​របៀប​ដើម្បី​ស៊ើបអង្កេត​បន្ថែម​ដូច​ជា ១.​ឲ្យ​សាកសួរ​បន្ថែម​លើ​សាក្សី ២. ឲ្យ​ធ្វើ​កោសល្យ​វិ​ច្ច័​យ​លើ​ទឹករំអិល ៣. ឲ្យ​ស្រង់​យក​របាយការណ៍​ការ​សន្ទនា​តាម​ទូរស័ព្ទ ៤.​សាកសួរ​បន្ថែម​លើ​គ្រូពេទ្យ​ដែល​មក​ចាក់​ថ្នាំ​ឲ្យ​ជន​រង​គ្រោះ​៥.​ឲ្យ​ថត​យក​សំឡេង​សន្ទនា​តាម​ទូរស័ព្ទ​។

សូម​បញ្ជាក់​ទៀត​ថា ក្នុង​សវនាការ​នា​ពេល​កន្លង​មក ជន​ដៃដល់​បាន​បដិសេធ​ចំពោះ​ការ​ចោទប្រកាន់​អំពី​ការ​សម្លាប់​សង្សារ​របស់​ខ្លួន​ឈ្មោះ សុង ដា​វី​ន​។ ក្នុង​សវនាការ​ឈ្មោះ ហុង កាលី​ឌី​ន ដែល​ជា​ជនជាប់ចោទ​បាន​ឆ្លើយ​ថា នៅ​យប់​ថ្ងៃ​ទី​០៣ ខែតុលា ឆ្នាំ​២០១៤ ខ្លួន​នឹង​សង្សារ សុង ដា​វី​ន បាន​ដេក​នៅ​ក្នុងផ្ទះ​របស់​គេ​ជាមួយ​គ្នា​រហូត​ដល់​ថ្ងៃ​ទី​០៥ ខែតុលា ទើប​ខ្លួន​គេ​ដឹក​សង្សារ​ទៅ​ផ្សារ​ផេ​ន​សល ហើយ​ចាប់តាំងពី​ពេល​នោះ​មក​ពួក​គេ​មិន​បាន​ជួប​គ្នា​ទេ​។ ចំណែក​សាក្សី​ម្នាក់ ជា​បងស្រី​ជីដូនមួយ​របស់​សព សុង ដា​វី​ន បាន​បញ្ជាក់​ថា ក្រោយ​ពេល​ប្អូន​ខ្លួន​ចេញ​ទៅ​ជាមួយ ហុង កាលី​ឌី​ន នៅ​ថ្ងៃ​ទី​៤-៥ ខែតុលា សុង ដា​វី​ន បាន​យក​ទូរស័ព្ទ​របស់ កាលី​ឌី​ន ទាក់ទង​មក​ខ្លួន​។ លុះដល់​ថ្ងៃ​ទី​០៦ ខែតុលា​ស្រាប់តែ​ទាក់ទង​លែង​បាន រហូត​ដល់​យប់​ថ្ងៃ​ទី​០៧ ខែតុលា ទើប​ដឹង​ថា​ប្អូនស្រី​ស្លាប់​បាត់​ទៅ​ហើយ​។

ចំណែក​ឈ្មោះ ហុង កាលី​ឌី​ន បាន​ទូរស័ព្ទ​មក​សួរ​ពី​សាកសព​ថែម​ទៀត​។ ដោយសារ​តែ​អស់ម៉ោង​រដ្ឋបាល នៅ​វេលា​ម៉ោង​០៥​ល្ងាច ថ្ងៃ​ទី​៣០ ខែតុលា ចៅក្រម​បាន​សម្រេច​ផ្អាក​សវនាការ ហើយនឹង​បន្ត​នៅ​ថ្ងៃ​ទី​០១ ខែធ្នូ ឆ្នាំ​២០១៥​។ គួរ​រំលឹក​ថា កាលពី​ព្រឹក​ថ្ងៃ​ទី​១៤ ខែតុលា ឆ្នាំ​២០១៤ នៅ​ហាង​កាហ្វេ​ដា​លី​ន ស្ថិត​ក្នុង​សង្កាត់​បឹង​ព្រលឹត ខណ្ឌ​៧​មក​រា សមត្ថកិច្ច​បាន​ឆែកឆេរ​ចាប់ខ្លួន​បុរស​ម្នាក់​ពាក់ព័ន្ធ​នឹង​ការ​សម្លាប់​នារី​ម្នាក់​ជា​និស្សិត​ឆ្នាំ​ទី​១​សាលា​វ៉ា​ន់​ដា​គណនេយ្យ ហើយ​យក​សព​ទៅ​បោះចោល​ក្នុង​ទឹកទន្លេ​។

សេចក្តីរាយការណ៍​បាន​បញ្ជាក់​ឲ្យ​ដឹង​ទៀត​ថា នៅ​ព្រឹក​ថ្ងៃ​ទី​១៤ ខែតុលា ជនសង្ស័យ​ឈ្មោះ ហុង កាលី​ឌី​ន អាយុ​២៧​ឆ្នាំ បាន​ត្រូវ​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ​សហ​ការណ៍​ជាមួយ លោក សៀង សុខ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ និង​មានការ​ចូលរួម​ពី​អាជ្ញាធរ​មូលដ្ឋាន បាន​នាំ​ជនសង្ស័យ​មក​ឆែកឆេរ​នៅផ្ទះ​របស់​ខ្លួន​លេខ​១០៤ ផ្លូវ​៤៣០ សង្កាត់​ផ្សារ​ដើម​ថ្កូវ ខណ្ឌចំការមន ដើម្បី​រក​វត្ថុ​តាង​ពាក់ព័ន្ធ​នឹង​ការ​ជួញដូរ​គ្រឿងញៀន និង​ករណី​រំលោភ​ធ្វើ​ទារុណកម្ម​សម្លាប់​ស្ត្រី​ជា​និស្សិត​ខាងលើ​។

ស្ត្រី​វ័យក្មេង​ម្នាក់ ត្រូវ​បាន​ឃាតក​មិន​ស្គាល់​មុខ​រំលោភ​រួច​ធ្វើ​ទារុណកម្ម​ជាំ​ពេញ​ខ្លួនប្រាណ​រហូត​ដល់​ស្លាប់ ហើយ​ដឹក​សព​យក​ទៅ​ទម្លាក់​ចោល​នៅ​ក្នុង​ទឹកទន្លេ មុខ​សាលា​បឋម​សិក្សា​ជ្រោយចង្វា ខាងត្បូង​ស្ពាន​ជ្រោយចង្វា​ប្រហែល​កន្លះ​គី​ទ្បូ​ម៉ែត្រ ស្ថិត​ក្នុងភូមិ​ទី​២ សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា​។ ហេតុការណ៍​នេះ បាន​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ទ្បើ​ង​កាលពី​ម៉ោង​ប្រមាណ​៦​ព្រឹក ថ្ងៃ​ទី​០៧ ខែតុលា នៅ​ពេល​ដែល​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ទៅ​ហាត់ប្រាណ​ប្រទះ​ឃើញ​សព​អណ្តែត​ទឹក​។ ដំបូង​ឡើយ​សព​ស្ត្រី​រូប​នេះ ពុំ​ត្រូវ​បាន​គេ​ស្គាល់​អត្តសញ្ញាណ​នៅ​ទ្បើ​យ​ទេ មាន​អាយុ​ប្រហែល​ជិត​២០​ឆ្នាំ ស្លៀក​រ៉ូ​បរា​ត្រី​ពណ៌​ទឹកប៊ិច អណ្តែត​ផ្កាប់មុខ​ចម្ងាយ​ប្រមាណ​៣​ម៉ែត្រ​ពី​ច្រាំង​ទន្លេ​។

មន្ត្រី​នគរបាល​ប៉ុស្តិ៍​ជ្រោយចង្វា​បានឱ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​០៧ ខែតុលា​នោះ មាន​អ្នក​ហាត់ប្រាណ​បាន​ទៅ​ឈប់​ឈរ​លេង​នៅ​ក្បែរ​បង្កាន់ដៃ​ច្រាំង​ទន្លេ ក៏​ប្រទះ​ឃើញ​សព​ស្ត្រី​ម្នាក់​នោះ​អណ្តែត​ទឹក​ផ្កាប់មុខ​។ មុន​ដំបូង​អ្នក​ហាត់ប្រាណ​រូប​នេះ ស្មានថា​ជា​តុក្កតា​អណ្តែត​ទឹក លុះ​ក្រោយមក​ទើប​ដឹង​ថា ជាស​ពស្ត្រី​វ័យក្មេង​ម្នាក់ ទើប​ធ្វើ​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ដល់​មនុស្ស​ម្នា​គ្រប់​គ្នា​តែ​ម្តង​។ នា​ព្រឹក​នោះ នៅ​មាត់ច្រាំង​ទន្លេ​ពោរពេញ​ទៅ​ដោយ​មនុស្ស​ម្នា​ត្រៀបត្រា មក​ចោមរោម​មើល ហើយ​សមត្ថកិច្ច និង​អាជ្ញាធរ​ក៏​បាន​ចាត់ចែង​ស្រង់​សព ដោយ​ជួល​ទូក​អូស​តាម​ទឹក​យក​ទៅ​កាន់​ឈាបនដ្ឋាន​វត្ត​ប្រជុំ​សាគរ ហៅ​វត្ត​ថ្មី ដើម្បី​ត្រួតពិនិត្យ​សព​នៅ​ទីនោះ​។

បុរស​ខ្មែរឥស្លាម​ម្នាក់​បានឱ្យ​ដឹង​ថា កាលពី​វេលា​ម៉ោង​ប្រមាណ​៨​និង​៣០​នាទី​យប់ ថ្ងៃ​ទី​០៥ ខែតុលា នៅ​ពេល​រូប​គាត់​ទៅ​រាំ​លេង​កម្សាន្ត​នៅ​រង្គសាល​មេគង្គ​តាម​ផ្លូវជាតិ​លេខ​៥ បាន​ប្រទះ​ឃើញ​ស្ត្រី​រូប​នោះ រួម​ជាមួយ​មិត្តភក្តិ​ទាំងអស់​៦​នាក់ ក្នុង​នោះ​មាន​ភេទ​ទី​៣​ម្នាក់​ផង ចូល​រាំ​លេង​នៅ​ក្នុង​ក្លិប​នោះ​ដែរ​។ លុះ​រំលង​បាន​មួយ​យប់ នៅ​ព្រឹក​ថ្ងៃ​ទី​០៧ ខែតុលា ស្រាប់តែ​ប្រទះ​ឃើញ​ស្ត្រី​រូប​នេះ ក្លាយជា​សព​អណ្តែត​ទឹក​ទៅ​វិញ​។ តាម​ការ​ត្រួតពិនិត្យ​របស់​សមត្ថកិច្ច​បង្ហាញ​ថា ស្ត្រី​រូប​នេះ​ទើបតែ​ស្លាប់​ថ្មី​ៗ​មាន​ស្នាម​ជាំ​ពេញ​ដងខ្លួន ហើយ​ប្រដាប់​ភេទ​មាន​ទឹកកាម​ដែរ​។

ប្រសិនបើ​លង់ទឹក ច្បាស់​ជា​ផឹកទឹក​ពេញ​ពោះ​ហើយ តែ​សព​គ្មាន​សញ្ញា​បែប​នេះ​ទេ គឺ​មាន​ន័យ​ថា ត្រូវ​គេ​សម្លាប់​រួច​យក​មក​ទម្លាក់​ទឹក​។ សមត្ថកិច្ច​បាន​ធ្វើការ​សន្និដ្ឋាន​ថា ស្ត្រី​រូប​នេះ​អាច​ត្រូវ​បុរស​ដែល​ជា​ឃាតក និង​ត្រូវ​អាច​ជា​ប្រុស​ស្នេហ៍​នាំ​នាង​ទៅ​រួមរ័ក​នៅ​កន្លែង​ណាមួយ​ហើយ​វាយ​ធ្វើ​ទារុណកម្ម​ជាំ​ពេញ​ខ្លួន រហូត​ដល់​ស្លាប់ ក៏​ដឹក​សព​យក​ទៅ​ទម្លាក់​ទឹកតែ​ម្តង​។ តាម​រយៈ​ការ​រក​ឃើញ​ទឹកកាម​នៅ​ក្នុង​ប្រដាប់​ភេទ បញ្ជាក់​ថា​ឃាតក​អាច​រំលោភ​សេពសន្ថវៈ​រហូត​បាន​សម្រេច ហើយ​វាយ​ធ្វើបាប​រហូត​ដល់​ស្លាប់ រួច​ទើប​ដឹក​សព​យក​ទៅ​បោះចោល​ក្នុង​ទឹក​។

សព​ស្ត្រី​រូប​នេះ អាច​ត្រូវ​បាន​ឃាតករ​ដឹក​យក​ទៅ​បោះ​ចូល​ក្នុង​ទឹកទន្លេ​នៅ​វេលា​ប្រមាណ​ពាក់កណ្តាល​អធ្រាត្រ ព្រោះ​តាម​ស្ថានភាព​សព​គឺ​ទើបតែ​ស្លាប់​ថ្មី​ៗ​។ ទោះបីជា​យ៉ាងណា គេ​ពុំ​ដឹង​ថា​ឃាតក​មាន​គំនុំ​អ្វី​ជាមួយ​នារី​រូប​នេះ​ទេ ទើប​បានជា​វាយ​ធ្វើ​ទារុណកម្ម​យ៉ាង​ឃោរឃៅ​ជាំ​ពេញ​ខ្លួនប្រាណ រហូត​ដល់​ស្លាប់​បែប​នេះ​។ ក្រោយមក​ទើប​ក្រុម​គ្រួ​សារបាន​អះអាង​ថា នារី​រង​គ្រោះ​ឈ្មោះ សុង ដា​វី អាយុ​២០​ឆ្នាំ ជា​និស្សិត​ឆ្នាំ​ទី​១ នៃ​វិទ្យាស្ថាន​វ៉ា​ន់​ដា​គណនេយ្យ និង​មាន​ទីលំនៅ​ក្នុងផ្ទះ​ជួល​ម្តុំ​ផ្សារ បឹង​ត្របែក បា្ល​ហ្សា និង​មានស្រុក​កំណើត​ក្នុងភូមិ​ភ្នំ​ដែក ឃុំ​រមណីយ៍ ស្រុក​រវៀង ខេត្តព្រះវិហារ​៕