ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផ្ញើ​តាម​ឡានក្រុង​ស្មាន​តែ​មិន​អី បែរជា​អ្នកបើកបរ​ហៅ​ប៉ូលិស​យក​អស់

7 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្ទាក់​ចាប់​បាន​សត្វ​អណ្ដើក​ជិត​១​តោន​កាលពី​វេលា​ម៉ោង​១០ និង​៣០​នាទី​យប់ ថ្ងៃ​ទី​៣០ …

ខេត្តបាត់ដំបង ៖ កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ស្ទាក់​ចាប់​បាន​សត្វ​អណ្ដើក​ជិត​១​តោន​កាលពី​វេលា​ម៉ោង​១០ និង​៣០​នាទី​យប់ ថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ​២០១៦ នៅ​ចំណតរថយន្ត​ដឹក​អ្នកដំណើរ​របស់​ក្រុមហ៊ុន​មួយ​ក្នុង​បរិវេណ​ផ្សារ​ទំនើប​«​ភូ​ពុ​យ​» ដែល​ស្ថិត​ក្នុងភូមិ​អញ្ចាញ សង្កាត​អូរ​ចា ក្រុង​បាត់ដំបង ។

លោក ម៉ៅ រង្សី ប្រធាន​ការិយាល័យ​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត បាន​ឲ្យ​ដឹង​ថា សត្វ​អណ្ដើក​ទាំងនោះ​មាន​តូច​មាន​ធំ និង​មាន​សត្វ​ពស់សង់សឿ​១​ការុង​ផង ត្រូវ​ឈ្មួញ​ផ្ញើ​តាម​រថយន្ត​ដឹក​អ្នកដំណើ​របស់​ក្រុមហ៊ុន​មួយ​ពី​ខេត្តបន្ទាយមានជ័យ បម្រុង​នាំ​ទៅ​កាន់​រាជធានី​ភ្នំពេញ ។ លោក​ថា ដោយ​មានការ​សង្ស័យ ទើប​អ្នកបើកបរ​រថយន្ត​រាយការណ៍​ភ្លាម​ៗ​ប្រាប់​មក​លោក ហើយ​លោក​ក៏​រាយការណ៍​បន្ត​ទៅ​សុំ​គោល​ការ​លោកស្នងការ​នគរបាល​ខេត្ត រហូត​ឈាន​ដល់​ការ​បង្ក្រាប​បាន​តែ​ម្ដង ។

អ្នកបើកបរ​រថយន្ត​ក្រុមហ៊ុន​ដឹក​អ្នកដំណើរ​ដែល​ទ​ទូល​ដឹក​បទល្មើស​សត្វព្រៃ​នេះ បាន​និយាយ​ថា ពេល​ដែល​រថយន្ត​ខ្លួន​បម្រុង​ចេញដំណើ​ពី​ខេត្តបន្ទាយមានជ័យ​ឆ្ពោះទៅ​ភ្នំពេញ មាន​មនុស្ស​ម្នាក់​បាន​ទូរស័ព្ទ​ប្រាប់​ឲ្យ​ដឹក​អីវ៉ាន់​ជា​ច្រើន​ការុង ហើយ​លោក​ក៏​ព្រមព្រៀង បន្ទាប់​ពី​ម្ចាស់​ដឹក​ឥ​វ៉ា​ន់​ប្រាប់​ពី​ចំណុច​ដែល​ដាក់​អីវ៉ាន់​នោះ ប៉ុន្តែ​ម្ចាស់​អីវ៉ាន់​មិន​បាន​ប្រាប់​ថា ជា​របស់​អ្វី​ទេ ដោយ​គ្រាន់តែ​បញ្ជាក់​ថា ឲ្យ​ជួយ​ដឹក​ផង ហើយ​រូបគេ​(​ម្ចាស់​អីវ៉ាន់​)​ទៅ​រង់ចាំ​ទ​ទូល​នៅ​ឯ​ភ្នំពេញ​មុន ។

អ្នកបើកបរ​រថយន្ត​បាន​បញ្ជាក់​ថា ក្រោយ​ពី​ចរចា​ត្រូវ​គ្នា ខ្លួន​ក៏​បើករថយន្ត​ចេញ​ទៅ​ដឹក​អីវ៉ាន់​នោះ តែ​ពេល​លើក​ចូល​រថយន្ត​ហាក់ដូចជា​មានការ​សង្ស័យ​ថា អាច​ជា​សត្វព្រៃ ហើយដោយ​ខ្លាច​ជាប់​ពាក់ព័ន្ធ​នឹង​បទល្មើស​ដឹក​ជញ្ជូន​សត្វព្រៃ​នេះ ទើប​ខ្លួន​រាយការណ៍​ប្រាប់​សមត្ថកិច្ច​ខេត្តបាត់ដំបង​ឲ្យ​ជួយ​អន្តរាគមន៍ និង​ត្រូ​ត​ពិនិត្យ​នៅ​ចំណតរថយន្ត​ខាងលើ រហូត​រក​ឃើញ​សត្វ​ពស់ និង​អណ្ដើក​រាប់រយ​គីឡូក្រាម ។

បើ​តាម​របាយការណ៍​របស់​ការិយាល័យ​ប្រឆាំង​បទល្មើស​សេ​ដ្ធ​កិច្ច​បាន​ឲ្យ​ដឹង​ថា សត្វ​អណ្ដើក​ទាំងនោះ​មាន​តូច​មាន​ធំ​សរុប​ចំនួន​២០៧​ក្បាល និង​មាន​ទម្ងន់​ជិត​១​តោន រួម​ទាំង​សត្វ​ពស់សង់សឿ​១​ការុង​ផង ។

លោក ម៉ៅ រង្សី ប្រធាន​ការិយាល័យ​ប្រឆាំង​បទល្មើស​សេ​ដ្ធ​កិច្ច​ខេត្ត បាន​ថ្លែង​ថា សត្វ​អណ្ដើក និង​សត្វ​ពស់​ទាំងនេះ​អាច​ត្រូវ​ក្រុម​ឈ្មួញ​នាំ​ចូល​ពី​ប្រទេស​ថៃ​ចូល​ខេត្តបន្ទាយមានជ័យ ហើយ​បម្រុង​ដឹក​ឆ្ពោះទៅ​កាន់​រាជធានី​ភ្នំពេញ តែ​ត្រូវ​ជាប់អន្ទាក់​សមត្ថកិច្ច​ពេល​ឆ្លងកាត់​ខេត្តបាត់ដំបង ។ លោក​បាន​បញ្ជាក់​ដែរ​ថា យើង​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​ម្ចាស់​សត្វព្រៃ​ទាំងនោះ​ទេ តែ​យើង​កំពុងធ្វើការ​ស្រាវជ្រាវ ។

ដោយឡែក​សត្វព្រៃ​ទាំងនេះ ត្រូវ​លោកស្នងការ​នគរបាល​ខេត្ត​បញ្ជា​ឲ្យ​មន្ត្រី​ជំនាញ​របស់​លោក​ធ្វើ​កំណត់ហេតុ​ប្រគល់​ជូន​ទៅ​ខាង​មន្ត្រី​ព្រៃឈើ​នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០១៦ ដើម្បី​ចាត់វិធានការ​បន្ត​ហើយ ៕