ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធនាគារជាតិ​នៃ​កម្ពុជា​បើក​វគ្គ​គូលែន​លើក​ទី​4 ស្តី​ពី​ភាព​ជា​អ្នកដឹកនាំ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ធនាគារជាតិ​នៃ​កម្ពុជា បាន​ប្រារព្ធ​ពិធី​បើក​វគ្គ​គូលែន​លើក​ទី​៤ កម្រិត​មូលដ្ឋាន​ស្តី​ពី «​ភាព​ជា​អ្នកដឹកនាំ​» ដល់​មន្ត្រី​បុគ្គលិក​របស់​ធនាគារជាតិ​នៃ​កម្ពុជា ក្នុង​គោលបំណង​ចែករំលែក​ព័ត៌មាន

រាជធានី​ភ្នំពេញ ៖ ធនាគារជាតិ​នៃ​កម្ពុជា បាន​ប្រារព្ធ​ពិធី​បើក​វគ្គ​គូលែន​លើក​ទី​៤ កម្រិត​មូលដ្ឋាន​ស្តី​ពី «​ភាព​ជា​អ្នកដឹកនាំ​» ដល់​មន្ត្រី​បុគ្គលិក​របស់​ធនាគារជាតិ​នៃ​កម្ពុជា ក្នុង​គោលបំណង​ចែករំលែក​ព័ត៌មាន និង​ផ្ទេរ​ចំណេះដឹង ចំណេះធ្វើ និង​បទ​ពិសោធន៍​អនុវត្ត​ការងារ​ជាក់ស្តែង​ដល់​អ្នក​ជំនាន់​ក្រោយ ដើម្បី​បន្ត​និរន្តរភាព​ការងារ​ឆ្ពោះទៅ​រក​ការ​អភិវឌ្ឍ​ក្នុង​ក្របខ័ណ្ឌ​នៃ​សមាហរណកម្ម និង​សេរីភាវូបនីយកម្ម​សេដ្ឋកិច្ច​នៅ​ក្នុង​តំបន់ និង​ពិភពលោក​នា​ពេល​បច្ចុប្បន្ន ។

ថ្លែង​ក្នុង​ពិធី​បើក​វគ្គ​កាលពី​ព្រឹក​ថ្ងៃ​ទី​២៩ សីហា កន្លង​មកនេះ លោក ជា ចាន់​តូ ទេសាភិបាល​ធនាគារជាតិ​នៃ​កម្ពុជា បាន​លើក​ឡើង​ថា វគ្គ​នេះ​គឺជា​យន្តការ​បណ្តុះបណ្តាល​ផ្ទៃក្នុង​មួយ​លើ​ជំនាញ​ផ្នែក​ទន់ ដែល​ធនាគារជាតិ​នៃ​កម្ពុជា​បាន​ផ្តួចផ្តើម​បង្កើត និង​អនុវត្ត​ឡើង​ក្រោម​រូបភាព​ជា​ការ​បណ្តុះបណ្តាល​នៅ​នឹង​កន្លែង ដោយ​ប្រើប្រាស់​ធនធាន​ផ្ទាល់​ទាំង​ផ្នែក​ប្រាជ្ញា និង​ផ្នែក​សម្ភារ ក្នុង​គោលបំណង​ចែករំលែក​ចំណេះដឹង ចំណេះធ្វើ និង​បទ​ពិសោធន៍​អនុវត្ត​ការងារ​ជាក់ស្តែង ជា​ពិសេស​ផ្នែក​ទ្រឹស្តី និង​ការ​អនុវត្ត​ក្របខ័ណ្ឌ ភាព​ជា​អ្នកដឹកនាំ​ជូន​មន្ត្រី​បុគ្គលិក​ដែល​ជា​អ្នក​បន្តវេន ។

លោក​ទេសាភិបាល​ថ្លែង​ថា ៖ « បើ​យើង​ក្រឡេក​មើល​ពី​បទ​ពិសោធន៍​កន្លង​មក​ក្នុង​ដំណាក់កាល​វិបត្តិ​សេដ្ឋកិច្ច ការ​រៀបចំ​និង​អនុវត្ត​យុទ្ធសាស្ត្រ​នានា​សម្រាប់​ដោះស្រាយ​វិបត្តិ​កុំឱ្យ​មាន​ឥទ្ធិពល​ខ្លាំងក្លា​មក​លើ​សេដ្ឋកិច្ច​និង​សង្គម​នោះ បាន​បង្ហាញ​យ៉ាង​ជាក់ច្បាស់​អំពី​សមត្ថភាព​ជា​អ្នកដឹកនាំ និង​ម្ចាស់​ការ​លើ​សភាពការណ៍​របស់​ថ្នាក់ដឹកនាំ​នៃ​ធនាគារកណ្តាល ។ ដោយ​មើលឃើញ​ពីសារ​សំខាន់​នៃ​ចំណេះដឹង​ទាក់ទង​នឹង​ភាព​ជា​អ្នកដឹកនាំ​នេះ​ហើយ ទើប​ធនាគារកណ្តាល និង​អង្គការ​អន្តរជាតិ​នានា តួយ៉ាង​ដូច​ជា​មជ្ឈមណ្ឌល​ស៊ា​សិន​ជាដើម បាន​ចាប់ផ្តើម​យកចិត្តទុកដាក់និង​រៀបចំ​វគ្គ​បណ្តុះបណ្តាល​ស្តី​ពី​ភាព​ជា​អ្នកដឹកនាំ​នៅ​ក្នុង​ធនាគារកណ្តាល និង​ប្រធានបទ​ពាក់ព័ន្ធ​ផ្សេង​ៗ​ទៀត​ជា​រៀង​រាល់​ឆ្នាំ ក្នុង​គោលបំណង​ពង្រឹងសមត្ថភាព និង​ប្រសិទ្ធភាព​ការងារ​តាម​រយៈ​ការ​សិក្សា​ស្វែង​យល់​ទៅ​លើ​បញ្ហា​ប្រឈម​នានា​ក្នុង​ការ​ដឹកនាំ សមត្ថភាព​ដឹកនាំ និង​និន្នាកា​រវិ​វត្ត​ថ្មី​ៗ​លើ​ការ​កសាង​សមត្ថភាព​សម្រាប់​អ្នកដឹកនាំ​ក្នុង​នាម​ជា​បុគ្គល និង​ស្ថាប័ន » ។

លោក​លើក​ឡើង​ថា ចំពោះ​ធនាគារជាតិ​នៃ​កម្ពុជា​វិញ ការ​បណ្តុះបណ្តាល​ទាក់ទង​នឹង​ភាព​ជា​អ្នកដឹកនាំ ត្រូវ​បាន​ធ្វើ​ឡើង​ក្រោម​រូបភាព​ជា​ការ​ចាត់​បញ្ជូន​មន្ត្រី​បុគ្គលិក​ចូលរួម​វគ្គ​សិក្សា និង​សិក្ខាសាលា​ជាមួយ​ធនាគារកណ្តាល​ជា​ដៃគូ និង​ស្ថាប័ន​អន្តរជាតិ​ផ្សេង​ៗ ។ ប៉ុន្តែ​បើ​ទោះបីជា​យើង​ខិតខំ​បណ្តុះបណ្តាល​មន្ត្រី​យើង​យ៉ាងច្រើន​ក៏​ដោយ ក៏​យើង​នៅ​តែ​ទទួលស្គាល់​ថា សមត្ថភាព​ធនធានមនុស្ស​ក្នុង​ជំនាញ​ភាព​ជា​អ្នកដឹកនាំ​នេះ​មិន​ទាន់​គ្រប់គ្រាន់​នៅឡើយ ។ ហេតុនេះ​ហើយ ទើប​ធនាគារជាតិ​នៃ​កម្ពុជា​បាន​រៀបចំ​វគ្គ​គូលែន បណ្តុះបណ្តាល​កម្រិត​មូលដ្ឋាន​ស្តី​ពី​ភាព​ជា​អ្នកដឹកនាំ​នេះ​ឡើង ដោយ​មានការ​ចូលរួម​ធ្វើ​បទឧទ្ទេសនាម​ពី​មន្ត្រី​ដែល​មានបទពិសោធន៍​ខ្ពស់​ក្នុង​ការ​ដឹកនាំ​អនុវត្ត​ការងារ​ប្រចាំ​ថ្ងៃ និង​ធ្លាប់​ឆ្លងកាត់​វគ្គ​បណ្តុះបណ្តាល​ភាព​ជា​អ្នកដឹកនាំ​នៅ​ឯ​បរទេស ៕