ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សំណុំរឿង​ប្តឹង​សុំ​មោឃភាព​សាលាឧទ្ធរណ៍​នឹង​ប្រកាស​ថ្ងៃ​ទី​២ កញ្ញា

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ចៅក្រម​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ​២០១៦ នេះ បាន​បើក​សវនាការ​លើ​បណ្តឹង​របស់​បុគ្គលិក​អង្គការ​អា​ដ​ហុ​ក​៤​រូប ដែល​ប្តឹង​សុំ​មោឃភាព​នីតិវិធី​របស់​សមត្ថកិច្ច​អង្គភាព​

រាជធានី​ភ្នំពេញ ៖ ចៅក្រម​សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​នៅ​ព្រឹក​ថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ​២០១៦ នេះ បាន​បើក​សវនាការ​លើ​បណ្តឹង​របស់​បុគ្គលិក​អង្គការ​អា​ដ​ហុ​ក​៤​រូប ដែល​ប្តឹង​សុំ​មោឃភាព​នីតិវិធី​របស់​សមត្ថកិច្ច​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ ACU ។ សភា​ស៊ើបសួរ​សាលាឧទ្ធរណ៍​ដឹង​នាំ​ដោយ​លោក​ចៅក្រម ងួ​ន អី​ុ​ម និង​តំណាង​មហាអយ្យការ​លោក ង៉ែត សា​រ៉ាត់ សវនាការ​នេះ​ធ្វើ​ឡើង​ដោយ​អសាធារណៈ​។

បុគ្គលិក​អង្គការ​អា​ដ​ហុ​ក​ដែល​បាន​ប្តឹង​តវ៉ា​នោះ រួម​មាន​លោក នី សុខា ប្រធាន​ផ្នែក​ស៊ើបអង្កេត សមាគម​អា​ដ​ហុ​ក​, លោក យី សុខសាន្ត អនុប្រធាន​ផ្នែក​ស៊ើបអង្កេត សមាគម​អា​ដ​ហុ​ក​,​លោក ណៃ វ៉ង​ដា អនុប្រធាន​ផ្នែក​ស៊ើបអង្កេត​សមាគម​អា​ដ​ហុ​ក និង​លោកស្រី លឹ​ម មុនី បុគ្គលិក​អង្កេត​ជាន់ខ្ពស់​អា​ដ​ហុ​ក ដែល​កំពុង​ជាប់​ឃុំ​នៅ​ក្នុង​ពន្ធនាគារ​ព្រៃ​ស​។

គេ​ចាំ​បាន​ថា អង្គភាព​ប្រឆាំង​អំពើ​ពុក​បាន​ឃាត់ខ្លួន​បុគ្គលិក​ជាន់ខ្ពស់​របស់​សមាគម​អា​ដ​ហុ​ក កាលពី​ថ្ងៃ​ទី​២៨ ខែមេសា ឆ្នាំ​២០១៦ ក្រោម​បទ​សង្ស័យ​ថា សូកប៉ាន់​សាក្សី និង​មន្ត្រី គ​.​ជ​.​ប ម្នាក់ ត្រូវ​បាន​ចោទ​ពី​បទ​សមគំនិត​សូកប៉ាន់​សាក្សី​ក្នុង​សំណុំ​កញ្ញា ខុ​ម ចាន់​តារា​ទី ហៅ​ស្រី​មុំ និង​លោក កឹ​ម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ​។

ក្នុង​សំណុំរឿង​នេះ​ដែរ លោក នី ចរិយា អគ្គលេខាធិការ​រង​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​ត្រូវ​ចាប់ខ្លួន​ដោយ​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​ដែរ និង​ត្រូវ​បាន​តុលាការ​ចោទប្រកាន់​ពី​បទ​សមគំនិត​សូកប៉ាន់​សាក្សី​។ សាលាឧទ្ធរណ៍​កាលពី​ពេល​ថ្មី​ៗ​នេះ បាន​បដិសេធ​ការ​សុំ​ប្តឹង​មោឃភាព​នីតិវិធី​របស់​ជន​ជាប់​រូប​នេះ​ម្តង​រួច​មក​ហើយ​។

ក្រៅពី​បុគ្គលិក​សមាគម​អា​ដ​ហុ​ក​ចំនួន​៤​នាក់ និង​មន្ត្រី គ​.​ជ​.​ប ម្នាក់ នៅ​មាន​លោក​ស៊ា​ង ចែត មេឃុំ​ម្នាក់ ត្រូវជា​សាច់ញាតិ​របស់​កញ្ញា​ស្រី​មុំ ក៏​ត្រូវ​បាន​ចាប់ខ្លួន និង​ចោទ​ប្រកាន់​​ពី​បទ​សូកប៉ាន់​សាក្សី​ដែរ បន្ទាប់​មក​អង្គភាព​ប្រឆាំង​អំពើ​ពុក​រលួយ​រក​ឃើញ​ថា គាត់​បាន​យក​ប្រាក់​ប្រមាណ​៥០០​ដុល្លារ​អា​មេ​រិ​ក ទៅ​ឲ្យ​ម្តាយ​របស់​កញ្ញា​ស្រី​មុំ នៅ​ក្នុង​ខេត្តកំពង់ចាម អំឡុង​ខែមេសា ឆ្នាំ​២០១៦ មុន​ពេល​ចាប់ខ្លួន​។

គេ​ចាំ​បាន​ទៀត​ថា មុន​ពេល​បុគ្គលិក​សមាគម​អា​ដុក​ទាំង​៤​នាក់ ត្រូវ​បាន​ចាប់ខ្លួន​ដើមហេតុ​មក​ពី​រឿង​របស់​កញ្ញា​ស្រី​មុំ និង​លោក កឹ​ម សុខា ដែល​ទាក់ទង​នឹង​ខ្សែអាត់​សម្លេង​សាសង​ស្នេហ៍​នេះ ត្រូវ​បាន​គេ​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​ក្នុង​អំឡុង​ខែកុម្ភៈ​។ ពេល​នោះ​កញ្ញា​ស្រី​មុំ​បាន​បដិសេធ​ថា សម្លេង​ខ្សែអាត់​នោះ​មិនមែន​ជា​សម្លេង​នាង​ទេ ប្រាប់​ទៅ​បុគ្គលិក​សមាគម​អា​ហុ​ក​។​តែ​ក្រោយមក​កញ្ញា​ស្រី​មុំ បាន​ប្រាប់​តុលាការ​ដោយ​កែប្រែ​ថា សម្លេង​ក្នុង​ខ្សែអាត់​នោះ​ជា​សម្លេង​របស់​នាង​វិញ​។ តែ​ចំណែក​លោក កឹ​ម សុខា នៅ​តែ​មិន​ព្រម​ទទួលស្គាល់ ឬ​បដិសេធ​ថា សម្លេង​នោះ​ជា​របស់​លោក និង​កញ្ញា​ស្រី​មុំ​ទេ ហើយ​សូ​ម្បី​តែ​តុលាការ​កោះហៅ​ចូល​បំភ្លឺ​ក៏​លោក កឹ​ម សុខា មិន​ចូល​ដែរ​។

ក្នុង​សំណុំរឿង​បណ្តឹង​មោឃភាព​នីតិវិធី​របស់ ACU ខាងលើ​នេះ​ដែរ លោក​ចៅក្រម ងួ​ន អ៊ី​ម សម្រេច​លើក​ពេល​ប្រកាស​សា​ដីកា​នៅ​ព្រឹក​ថ្ងៃ​ទី​២ ខែកញ្ញា ឆ្នាំ​២០១៦ ខាង​មុខ​នេះ​៕