ខេត្តកំពង់ស្ពឺ ៖ កញ្ឆាចំនួន៨៣៤ដើម ស្មើនឹង២០០គីឡូក្រាម បានត្រូវមន្ត្រីប៉ូលិសប្រឆាំងគ្រឿងញៀនរឹបអូសពីម្ចាស់ចំការស្ថិតនៅអូរកូនត្រុំ ក្នុងភូមិទី២ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច កាលពីព្រឹកថ្ងៃទី២៧ មីនា យកទៅរក្សាទុកនៅស្នងការដ្ឋានខេត្តដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូង ។
សមត្ថកិច្ចដែលចុះទៅរឹបអូសនេះក៏មានការចូលរួមពីលោកមុត្ត តារា ព្រះរាជអាជ្ញាលោកវរសេនីយ៍ឯកអ៊ុក សុផល ស្នងការរងទទួលបន្ទុកប្រឆាំងគ្រឿងញៀន ព្រមទាំងកម្លាំងប៉េអឹមខេត្ត និងប៉ូលិសស្រុកផងដែរ ។ មន្ត្រីប៉ូលិសប្រឆាំងគ្រឿងញៀនបានរៀបរាប់ថា កញ្ឆានេះត្រូវបានរកឃើញនៅលើផ្ទៃដីទំហំ៩ហិកតាកន្លះជាដីរបស់ឈ្មោះវ៉ាន់ ពូ ភេទប្រុស មានទីលំនៅក្នុងសង្កាត់ចតុមុខ ខណ្ឌដូនពេញ និងឈ្មោះហែម ស្រស់ ភេទប្រុស ជាអ្នកជួលដីដាំដំឡូងមីរួមទាំងកញ្ឆានេះផង ។ ដោយសារតែប្តីប្រពន្ធអ្នកចាំចំការថែទាំដំឡូងនិងកញ្ឆានេះ រអ៊ូរទាំពីរឿងប្រាក់ជីវភាពពុំគ្រប់គ្រាន់ ទើបមានការឈ្លោះគ្នាប្តីប្រពន្ធពីរប្រាក់កម្រៃចាំចំការហើយធ្លាយរឿងកាប់កញ្ឆាហាលបំរុងលក់ចេញក៏ត្រូវបែកការណ៍ទើបសមត្ថកិច្ចធ្វើការចុះត្រួតពិនិត្យភ្លាមៗដែរ ។
កញ្ឆាស្រស់ទាំងដើម និងកញ្ឆាដែលហាលស្ងួត មានចំនួន៨៣៤ដើម ស្មើនឹង២០០គីឡូក្រាម ត្រូវបានដកហូតយកទៅរក្សាទុកនៅស្នងការដ្ឋានខេត្ត ដើម្បីទុកជាវត្ថុតាងក្នុងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ។ ចំណែកការពាក់ព័ន្ធនឹងអ្នកជួលដីដាំដំណាំនេះ រួមទាំងម្ចាស់ ដីដែលត្រូវបានស្គាល់នោះ អាចប្រឈមមុខនឹងការឆ្លើយបំភ្លឺចំពោះមុខតុលាការ ។ ក្រៅពីធ្វើការត្រួតពិនិត្យ និងរឹបអូសកញ្ឆានេះ សមត្ថកិច្ចពុំបានធ្វើការចាប់ខ្លួនជនណាម្នាក់នោះឡើយ ៕
ចែករំលែកព័តមាននេះ