ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាជិក​សភា​គណបក្សកាន់អំណាច​កូរ៉េ​ខាងត្បូង​ស្នើ​ដាក់​ពង្រាយ​នាវាមុជទឹក​នុយក្លេអ៊ែរ

7 ឆ្នាំ មុន

យោង​តាម YONHAP ថា សមាជិក​សភា​មួយ​ក្រុម​របស់​គណបក្ស SAENURI ជា​គណបក្សកាន់អំណាច​នៅ​កូរ៉េ​ខាងត្បូង​ក្នុង​វេទិកា​នុយក្លេអ៊ែរ​មួយ​បាន​លើក​ឡើង​កាលពី​ថ្ងៃ​ទី​២៨ សីហា ថា កង​ម៉ា​រី​ន​កូរ៉េ​ខាងត្បូង​ត្រូវ​មាន

យោង​តាម YONHAP ថា សមាជិក​សភា​មួយ​ក្រុម​របស់​គណបក្ស SAENURI ជា​គណបក្សកាន់អំណាច​នៅ​កូរ៉េ​ខាងត្បូង​ក្នុង​វេទិកា​នុយក្លេអ៊ែរ​មួយ​បាន​លើក​ឡើង​កាលពី​ថ្ងៃ​ទី​២៨ សីហា ថា កង​ម៉ា​រី​ន​កូរ៉េ​ខាងត្បូង​ត្រូវ​មាន​នាវាមុជទឹក​នុយក្លេអ៊ែរ ដើម្បី​ទប់ទល់​នឹង​ការ​គំរាមកំហែង​ដោយ​មី​ស៊ី​ល​សមុទ្រ​-​ដី​បាលី​ស្ទិ​ក​យុទ្ធសាស្ត្រ MSBS របស់​ក្រុង​ព្យុ​ង​យ៉ាង ព្រមទាំង​ដើម្បី​ប៉ុនប៉ង​ស្វែងរក​ដំណោះស្រាយ​មួយ​ចំពោះ​បញ្ហា​មី​ស៊ី​ល​កូរ៉េ​ខាងជើង ។

សមាជិក​សភា​ទាំងនេះ​ក្នុង​សេចក្តី​ប្រកាស​ព័ត៌មាន​មួយ​ស្នើ​ថា កងទ័ព​របស់​យើង​ត្រូវ​ដាក់​ពង្រាយ​ជា​បន្ទាន់​បណ្តា​នាវាមុជទឹក​នុយក្លេអ៊ែរ​ដែល​មាន​សមត្ថភាព​តាមដាន ពួនស្ទាក់ និង​វាយប្រហារ​ដើម្បី​រារាំង​ទាំងស្រុង​ការ​បង្កហេតុ​ដោយ​មី​ស៊ី​ល MSBS របស់​កូរ៉េ​ខាងជើង ។

ក្រុម​សមាជិក​សភា​នេះ​ដែល​មាន​គ្នា​២២​នាក់ ដឹកនាំ​ដោយ​លោក WON YOO CHUL ជាប់​ឆ្នោត​៥​ដង​ហើយ ។ លោក WON ថ្លែង​ថា កូរ៉េ​ខាងត្បូង​ហ៊ុម​ព័ទ្ធ​ដោយ​សមុទ្រ និង​មាន​ឆ្នេរសមុទ្រ​៣ រង​ការ​គំរាមកំហែង​ដោយ​មី​ស៊ី​ល MSBS របស់​កូរ៉េ​ខាងជើង ។ ការ​ដាក់​ពង្រាយ​នាវាមុជទឹក​នុយក្លេអ៊ែរ​គឺ​ចាំបាច់​ដើម្បី​ទប់ទល់​នឹង​ការ​បង្កហេតុ​ទាំងនោះ ។

វេទិកា​នេះ​ក៏​បាន​ថ្កោលទោស​យ៉ាង​ខ្លាំង​ផង​ដែរ​ចំពោះ​ការ​បាញ់​មី​ស៊ី​ល MSBS របស់​កូរ៉េ​ខាងជើង​ដោយ​និយាយ​ថា នេះ​ជា​អំពើ​បង្កហេតុ​មួយ​ពុំ​អាច​អត់ឱន​ឱ្យ​បាន​ដែល​រំលោភ​បំពាន​លើ​បណ្តា​ដំណោះស្រាយ​របស់​ក្រុមប្រឹក្សាសន្តិសុខ អ​.​ស​.​ប ហើយ​អបអរសាទរ​ការ​អនុម័ត​សេចក្តីថ្លែងការណ៍​មួយ​របស់​ក្រុមប្រឹក្សាសន្តិសុខ​ដែល​បរិហារ​កូរ៉េ​ខាង ជើង។

ក្រុម​សមាជិក​សភា​នេះ​ក៏​ស្នើ​ផង​ដែរ​ដល់​សភាជាតិ​ឱ្យ​អនុម័ត​ដោយ​ឆាប់រហ័ស​បំផុត​នូវ​សេចក្តី​សម្រេចចិត្ត​មួយ ដែល​ថ្កោលទោស​ការ​បង្កហេតុ​ដោយ​មី​ស៊ី​ល MSBS របស់​កូរ៉េ​ខាងជើង ។ ក្រុម​នេះ​បន្ត​ថា ក្រុង​ព្យុ​ង​យ៉ាង​ត្រូវ​បញ្ឈប់​ការ​បង្កហេតុ​ខាង​យោធា​នានា​ដែល​គំរាមកំហែង​ពុំ​ត្រឹមតែ​អាស៊ី​ភាគ​ឦសាន​ប៉ុណ្ណោះ​ទេ តែ​ដល់​ពិភពលោក​ទាំងមូល​ទៀត​ផង ។ កូរ៉េ​ខាងជើង​ត្រូវ​ប្រកាន់​យក​មាគ៌ា​សន្តិភាព និង​ភាព​រុងរឿង ហើយ​ការ​សាកល្បង​នុយក្លេអ៊ែរ និង​ការ​បាញ់​មី​ស៊ី​ល​នានា​នឹង​គ្រាន់តែ​ជា​ការ​បំផ្លាញ​ខ្លួនឯង​ប៉ុណ្ណោះ។

យោង​តាម​សមាជិក​សភា​ទាំងនេះ​ថា មី​ស៊ី​ល MSBS កូរ៉េ​ខាងជើង​អាច​មាន​គ្រោះថ្នាក់​ខ្លាំង​ជាង​មី​ស៊ី​ល​ដី​-​ដី ព្រោះ​វា​បាញ់​ចេញពី​នាវាមុជទឹក​ដែល​ពិបាក​កំណត់​ដឹង ។

បច្ចុប្បន្ន​កង​ម៉ា​រី​ន​កូរ៉េ​ខាងត្បូង​មាន​នាវាមុជទឹក​១៧​គ្រឿង តែ​ពុំ​មាន​នាវាមុជទឹក​នុយក្លេអ៊ែរ​មួយ​គ្រឿង​ណា​ឡើយ ៕