ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទូរស័ព្ទ​ចូល​វិទ្យុ ផ្តាំផ្ញើ​ទៅ​អតីត​ប្តី និង​លា​ក្រុម​គ្រួសារ​ជា​លើក​ចុង​ក្រោយ

7 ឆ្នាំ មុន

ខេត្តកណ្ដាល ៖ ស្ត្រី​វ័យក្មេង​ម្នាក់​បាន​ទូរស័ព្ទ​ចូល​ទៅ​វិទ្យុ​ក្នុងស្រុក​​រៀបរាប់​ផ្តាំផ្ញើ​ទៅ​អតីត​ប្តី​ ព្រមទាំង​លា​ក្រុម​គ្រួសារ​របស់​នាង​ជា​លើក​ចុង​ក្រោយ​ ហើយ​ថែម​ទាំង​បាន​និយាយ​ថា …

ខេត្តកណ្ដាល ៖ ស្ត្រី​វ័យក្មេង​ម្នាក់​បាន​ទូរស័ព្ទ​ចូល​ទៅ​វិទ្យុ​ក្នុងស្រុក​មួយ​រៀបរាប់​ផ្តាំផ្ញើ​ទៅ​អតីត​ប្តី​ ព្រមទាំង​លា​ក្រុម​គ្រួសារ​របស់​នាង​ជា​លើក​ចុង​ក្រោយ​ ហើយ​ថែម​ទាំង​បាន​និយាយ​ថា​ នាង​បាន​លេបថ្នាំ​ជាង​៤០​គ្រាប់​សម្លាប់​ខ្លួន​ទៀត​ផង ។ បន្ទាប់​ពី​ទទួល​បាន​ដំណឹង​នោះ​ហើយ​ បាន​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើលកាលពី​វេលា​ម៉ោង​១០ និង​១៥​នាទី​ព្រឹក ថ្ងៃ​ទី​២៩ ខែសីហា ឆ្នាំ​២០១៦ ហើយ​កម្លាំង​សមត្ថកិច្ច​នគរបាល​ស្រុក​អង្គស្នួល​បាន​ចេញ​ធ្វើការ​ស្រាវជ្រាវ​រហូត​រក​ទីតាំង​ឃើញ និង​នាំ​ទៅ​សង្គ្រោះ​ជីវិត​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ ។

សមត្ថកិច្ច​នគរបាល​ឲ្យ​ដឹង​ទៀត​ថា ស្ត្រី​រូប​នោះ​មិន​ទាន់​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ មាន​អាយុ​ប្រហែល​ជាង​២០​ឆ្នាំ ហើយ​អ្វី​ដែល​មានការ​ភ្ញាក់ផ្អើល​នោះ គឺ​ស្ត្រី​រង​គ្រោះ​បាន​ទូរស័ព្ទ​ទៅ​វិទ្យុ​ក្នុងស្រុក​មួយ ដោយ​បាន​និយាយ​ថា នាង​បាន​លេបថ្នាំ​សម្លាប់​ខ្លួន​អស់​ជាង​៤០​គ្រាប់​រួច​ទៅ​ហើយ ។ មិនតែប៉ុណ្ណោះ នាង​បាន​និយាយ​ថា នាង និង​ស្វាមី​បាន​លែងលះ​គ្នា​រយៈពេល​៧​ឆ្នាំ​ហើយ ប៉ុន្តែ​អតីត​ស្វា​មីនោះ​បាន​តាម​រករឿង​នាង​រហូត មិន​បាន​ឲ្យ​នាង​រស់នៅ​បាន​សុខ​ទេ ទើប​ពេល​នោះ​នាង​បាន​ផ្ដាំផ្ញើ​ទៅ​អតីត​ស្វាមី​របស់​នាង​ឲ្យ​ឈប់​តាម​ចងកម្ម​ចងពារ​នាង​ទៀត ហើយ​នាង​ក៏​លា​ក្រុម​គ្រួសារ​សាច់ញ្ញាតិ​របស់​នាង​ជា​លើក​ចុង​ក្រោយ​ហើយ ។

ការ​និយាយ​ទូរស័ព្ទ​ជាមួយ​បុគ្គលិក​វិទ្យុ​នោះ គឺ​មាន​សម្លេង​ខ្សោយ​បន្តិច​ម្ដង​ៗ ហើយ​បន្តិច​ក្រោយមក​ទូរស័ព្ទ​ក៏​បាន​ដាច់​ការ​ទាក់ទង ទើប​ពេល​នោះ​បុគ្គលិក​វិទ្យុ​ខាងលើ​បាន​ធ្វើការ​ទំនាក់ទំនង​ទៅ​កាន់​នគរបាល​ស្រុក​អង្គស្នួល​ឲ្យ​ជួយ​តាម​ស្វែងរក​ទីតាំង​កើតហេតុ រហូត​ដល់​ឃើញ គឺ​នាង​ស្នាក់​នៅ​ក្នុង​បន្ទប់​លេខ​១ ផ្ទះ​ជួល ស្ថិត​ក្នុងភូមិ​កៅ ឃុំ​បែក​ចាន ស្រុក​អង្គស្នួល ហើយ​នាង​បាន​បិទទ្វារ ខ្ទាស់​គន្លឹះ​ពី​ខាងក្នុង​ជាប់ បន្ទាប់​មក​កម្លាំង​នគរបាល​ក៏​បាន​គាស់​ទ្វារ​ចូល​ទៅ រួច​បាន​ហៅ​រថយន្ត​ពេទ្យ​ដឹក​នាង​ចេញ​ទៅ​កាន់​មន្ទីរពេទ្យ​បង្អែក​ស្រុក​អង្គស្នួល ដើម្បី​សង្គ្រោះ​បន្ទាន់ ប៉ុន្តែ​ពេល​ទៅ​ដល់​ពេទ្យ​នោះ​បន្តិច ក៏​បាន​បញ្ជូន​បន្ត​ទៅ​កាន់​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​វិញ ។

នគរបាល​បាន​ឲ្យ​ដឹង​បន្ត​ទៀត​ថា កម្លាំង​នគរបាល​មិន​ទាន់​យក​អត្តសញ្ញាណ​ស្ត្រី​នោះ និង​អតីត​ប្ដី​របស់​នាង​បាន​នៅឡើយ​ទេ គ្រាន់តែ​ដឹង​ថា នាង​ជា​អ្នកស្រុក​ស្អាង ខេត្តកណ្ដាល នាង​កំពុង​ត្រូវ​បាន​ក្រុម​គ្រូពេទ្យ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​ជួយ​សង្គ្រោះ ហើយ​បើ​តាម​គ្រូពេទ្យ​បាន​ប្រាប់​ថា ថ្នាំ​ដែល​នាង​លេប​នោះ​ជា​ប្រភេទ​ប៉ា​រ៉ា និង​ថ្នាំ​ងងុយដេក ប៉ុន្តែ​នាង​លេប​អស់​មិន​ដល់​៤០​គ្រាប់​នោះ​ទេ អស់​តែ​ប៉ុន្មាន​គ្រាប់​ប៉ុណ្ណោះ ហើយ​សំខាន់​គឺ​នាង​បាន​រួច​ផុត​ពី​គ្រោះថ្នាក់​ដល់​ជីវិត​ហើយ និង​បាន​ចេញ​ទៅ​ផ្ទះ​វិញ​ក្នុង​ពេល​ឆាប់​ៗ​នេះ​ហើយ ៕