ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ន សៀវ​ម៉ី នឹង​មាន​ដំណឹង​ភ្ជាប់ពាក្យ​ឆាប់​ៗ​ក្រោយ​បរាជ័យ​នៅ​អូ​ឡាំ​ពិ​ក

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កាលពីមុន​ចាកចេញ​ទៅ​ប្រកួត​នៅ​អូ​ឡាំ​ពិ​ក កីឡាការិនី​ស៊ន សៀវ​ម៉ី បាន​ប្រកាសប្រាប់​ថា នាង​នឹង​ប្រឹង​ប្រកួត​យក​មេដាយ​ពី​ព្រឹត្តិការណ៍​នេះ​ឱ្យ​បាន​ដាច់​ខាត ដើម្បី​នាំ​យក​មក​វិញ​នូវ​មុខមាត់​ជាតិ

រាជធានី​ភ្នំពេញ ៖ កាលពីមុន​ចាកចេញ​ទៅ​ប្រកួត​នៅ​អូ​ឡាំ​ពិ​ក កីឡាការិនី​ស៊ន សៀវ​ម៉ី បាន​ប្រកាសប្រាប់​ថា នាង​នឹង​ប្រឹង​ប្រកួត​យក​មេដាយ​ពី​ព្រឹត្តិការណ៍​នេះ​ឱ្យ​បាន​ដាច់​ខាត ដើម្បី​នាំ​យក​មក​វិញ​នូវ​មុខមាត់​ជាតិ​នៅ​លើ​ឆាក​អន្តរជាតិ​ផង និង​ដើម្បី​ឱ្យ​នាង​សប្បាយចិត្ត​ក្នុង​ការ​រៀបចំ​គូជីវិត​ដោយ​អារម្មណ៍​ជ្រះស្រឡះ​នោះ​ផង ។ ទោះបី​ប្រកួត​ចាញ់​ធ្វើ​ឱ្យ​នាង​ខ្លួនឯង​ខកចិត្ត ក៏​ដំណឹង​ស្នេហា​របស់​នាង​នៅ​តែ​បន្តដំណើរ​ទៅ​មុខ ។ បើ​យោង​តាម​ការ​បង្ហើប​គឺ​នាង​នឹង​អាច​រៀបចំ​ពិធី​ភ្ជាប់ពាក្យ​ក្នុង​ពេល​ឆាប់​ៗ​នោះ​ផង ដោយ​សារ​​តែ​ភាគី​ខាង​ប្រុស​ពេញចិត្ត​ឱ្យ​រៀបចំ​ឆាប់​ៗ ខណៈ​ភាគី​ខាង​នាង​ក៏​ស្រឡះ​ដៃជើង​ពី​ការ​ប្រកួត​នានា​ដែល​អាច​មាន​ពេល​ងាក​មក​គិត​រឿង​ឯកជន​វិញ​ម្ដង ។ ម្យ៉ាង​មក​ពី​មន្ត្រី​រាជការ​ឈ្មោះ​ណាយ ដែល​តាម​ស្រឡាញ់​នាង​មិន​ចង់​ទុក​យូរ​នាំ​ឱ្យ​ជូរ​ផ្អូម​នោះ​ផង ទើប​ធ្វើ​ឱ្យ​គូស្នេហ៍​ទាំង​ពីរ​ងាក​មក​គិត​រឿង​ភ្ជាប់ពាក្យ ។

ដំណឹង​មួយ​នេះ ចាត់​ទុក​ថា ​ជា​រឿង​ភ្ញាក់ផ្អើល​មួយ​ផង​ដែរ​ដោយសារ​កន្លង​មក ស៊ន សៀវ​ម៉ី មិន​ចង់​និយាយ​ពី​រឿង​ស្នេហា ស្រាប់តែ​ប្រកាសប្រាប់​ថា នាង​និង​បុរស​ឈ្មោះ​ណាយ ពិតជា​ទាក់ទង​គ្នា​ឈាន​ទៅ​រក​មង្គលការ ។ នាង​ថា ទំនាក់ទំនង​ និង​ការ​សិក្សា​ពី​គ្នា​ទៅ​វិញ​ទៅ​មក​មាន​ភាព​ច្បាស់លាស់​មិន​តិច​ឆ្នាំ​នោះ​ទេ ដែល​មាន​ន័យ​ថា​ ក្រៅពី​បាន​យល់ចិត្ត​នឹង​ចិត្ត ក៏​មាន​ចាស់ទុំ​ទាំង​សងខាង​ទទួល​ដឹង​ឮ​ផង​ដែរ ។ ការ​ទម្លាយ​របស់​នាង​ធ្វើ​ឱ្យ​ក្ដី​បារម្ភ​ដែល​ថា ​នារី​ដែល​ពូកែ​ក្បាច់គុន និង​មាន​រាង​ខ្ពស់​ដូច​នាង​ពិតជា​ពិបាក​ស្វែងរក​គូស្នេហ៍​ត្រូវ​គេ​លែង​យល់​ឃើញ​បែប​នោះ ។ នេះ​ក៏​មាន​ន័យ​ថា នាង​រក​ឃើញ​ម្ចាស់​ចិត្ត​ប្រចាំ​បេះដូង​ដែល​មិន​អន់​ជាង​នារី​មានសំណាង​ផ្សេង​ទៀត​ផង​ដែរ ។ ថ្វី​ដ្បិតតែ​មិន​ទាន់​ទម្លាយ​ថា ​គូស្នេហ៍​របស់​នាង​មាន​វ័យ​ប៉ុន្មាន និង​មាន​តួនាទី​ជា​អ្វី​នៅ​ក្នុង​ស្ថាប័ន​ណា​នៅឡើយ ប៉ុន្តែ​យោង​តាម​ការ​បញ្ជាក់ គឺ​នាង​ពិតជា​មាន​ដំណឹង​ច្បាស់លាស់​ពាក់ព័ន្ធ​នឹង​រឿង​គូស្នេហ៍​នោះ​ហើយ ទើប​នាង​ហ៊ាន​បញ្ចេញ​អត្តសញ្ញាណ​គូស្នេហ៍​ថា បុរស​ម្នាក់​នោះ​ឈ្មោះ​ណាយ និង​មាន​គម្រោង​ភ្ជាប់ពាក្យ​ជាមួយ​គ្នា​ក្នុង​ពេល​ឆាប់​ៗ​នេះ​ទៀត​ផង​។ មានការ​ទម្លាយ​ថា បុរស​ម្នាក់​នោះ​ធ្លាប់​ទាំង​បាន​ចេញចូល​ផ្ទះ​នាង និង​ម្ដងម្កាល​ក៏​ធ្វើ​ជា​អង្គរក្ស​របស់​នាង​ធ្វើ​ឱ្យ​មានការ​កត់សម្គាល់​នោះ​ផង បើ​ទោះជា​រាល់ពេល​បណ្ដើរគ្នា​ត្រូវ​អ្នកខ្លះ​មើលឃើញ​ថា ​នាង​ខ្ពស់ស្រឡះ​ដាច់​ខ្លាំង​ជាង​គូស្នេហ៍​របស់​ខ្លួន ។

បើ​កុំ​តែ​ជាប់​ភារៈ​ត្រូវ​ហ្វឹកហាត់​នៅ​កូរ៉េ និង​ត្រូវ​ចេញ​ទៅ​ប្រកួត​នៅ​ប្រទេស​ប្រេ​ស៊ី​ស កាលពី​ពេល​មុន​នោះ កុំ​អី​ទំនាក់ទំនង​ស្នេហ៍​រវាង​នាង និង​បុរស​ឈ្មោះ​ណាយ នឹង​ត្រូវ​ភ្ជាប់​ពាក្យ​ជាមួយ​គ្នា​យូរហើយ​។ អ៊ីចឹង​ហើយ​ទើប​ការ​បរាជ័យ​របស់​នាង​នៅ​ព្រឹត្តិការណ៍​អូ​ឡាំ​ពិ​ក បាន​ជំរុញ​ឱ្យ​នាង​ដែល​ខកចិត្ត​នឹង​ការ​ប្រឹង​ប្រកួត មានគំនិត​ទទួលយក​ចំណង​ភ្ជាប់​ពាក្យ ឬ​អាពាហ៍ពិពាហ៍​ក្នុង​ពេល​កាន់តែ​ឆាប់ ។ ចំណង​ស្នេហ៍​រវាង​នាង និង​មន្ត្រីរាជការ​ម្នាក់​នោះ ត្រូវ​គេ​មើលឃើញ​ថា​ នឹង​ក្លាយជា​រឿង​ភ្ញាក់ផ្អើល និង​ចាប់អារម្មណ៍​ខ្លាំង​ដូច​បងស្រី​របស់​នាង គឺ​ស៊ន ដា​វី​ន និង​កីឡាករ វ៉​ន វី​វ៉ា ដែល​បើកចំហ​ស្នេហា​ជាមួយ​គ្នា​មិន​ខាន ។

ស៊ន សៀវ​ម៉ី បាន​អះអាង​ថា រវាង​នាង និង​បុរស​គូស្នេហ៍​គឺ​ពិតជា​បាន​យល់​គ្នា​កាន់តែ​ច្រើន​នា​ពេល​ចុង​ក្រោយ ប៉ុន្តែ​នាង​មិន​ទាន់​ប្រាកដ​ចំណង​ស្នេហ៍​ដែល​នាង​ចាប់ផ្ដើម​ក្លាហាន​​ទម្លាយ​បន្តិច​ម្ដង​ៗ​នា​ពេល​នេះ នឹង​រុញ​ឱ្យ​នាង​ទទួល​បាន​ផ្លែផ្កា​រហូត​ដល់​មង្គលការ​នៅឡើយ​ទេ ដោយសារ​តែ​ពេលវេលា​នៅ​វែង​ឆ្ងាយ​ទៀត ។ នាង​បាន​ត្រឹមតែ​បញ្ជាក់​​ថា ក្រោយ​ការ​បញ្ចប់​ការ​ប្រកួត​នៅ​អូ​ឡាំ​ពិ​ក​នា​ពេល​នេះ នឹង​ធ្វើ​ឱ្យ​នាង​មាន​ពេល​ទៅ​គិត​រឿង​ផ្ទាល់ខ្លួន ប៉ុន្តែ​ត្រង់​ថា​ភ្ជាប់ពាក្យ​ពេល​ណា និង​រៀប​ការ​ពេល​ណា​គឺ​មិន​ទាន់​កំណត់​ឡើយ ដោយសារ​តែ​ការ​ជ្រើសរើស​ពេលវេលា​មិន​ទាន់​បាន​ពិភាក្សា ។ នាង​ថា វា​ដល់​ពេល​ដែល​នាង​ត្រូវ​គិតគូរ​រឿង​ផ្ទាល់ខ្លួន ជា​ពិសេស​បន្ទាប់​ពី​ចំណង​ស្នេហ៍​របស់​នាង និង​គូស្នេហ៍​ត្រូវ​បាន​គាំទ្រ​ដោយ​ចាស់ទុំ​ទាំង​សងខាង​នា​ពេល​នេះ ។ នាង​ថា គម្រោង​ភ្ជាប់ពាក្យ​នឹង​មិន​ហួស​ពី​ចុងឆ្នាំ​២០១៦​នេះ​ទេ ដោយសារ​តែ​នាង​ក៏​មិន​ចង់​បន្ត​អូស​បន្លាយ​ស្នេហា​ឱ្យ​នៅ​ក្រៅច្បាប់​បន្ត​ទៀត​។

បើ​ទោះជា​នាង​មិន​ច្បាស់​ពី​ពេលវេលា​ភ្ជាប់ពាក្យ  ប៉ុន្តែ​នាង​ថា ចំណង​ស្នេហ៍​តាម​គន្លង​ប្រពៃណី​នឹង​កើតឡើង​មិនយូរ​មិនឆាប់​ បន្ទាប់​ពី​នាង​បាន​បញ្ចប់​ភារៈ​ទាំង​ខកចិត្ត​ពី​អូ​ឡាំ​ពិ​ក ។ នាង​បាន​បញ្ជាក់​ថា រវាង​នាង និង​សង្សារ​បាន​ស្គាល់គ្នា​ទៅ​វិញ​ទៅ​មក​មិន​ក្រោម​៥​ឆ្នាំ​នោះ​ឡើយ ដោយ​ឪពុក​ម្ដាយ​របស់​នាង និង​សង្សារ សុទ្ធតែ​ស្គាល់គ្នា​ច្បាស់ ។ នាង​ថា រូប​នាង និង​សង្សារ បើ​មាន​ដំណឹង​ភ្ជាប់ពាក្យ ក៏​នឹង​រៀប​ការ​ឆាប់​ៗ​ជាមួយ​គ្នា​នោះ​ដែរ ដោយ​មិន​ដំអក់​ទុក​យូរ​ទេ ។

ការ​ប្រកាស​របស់​នាង​ត្រូវ​បាន​មហាជន​ចាប់អារម្មណ៍​យ៉ាង​ខ្លាំង​ហើយ​ក៏​មាន​អ្នក​អបអរសាទរ​ច្រើន​ដែរ នៅ​ពេល​ដែល​មាន​ព័ត៌មាន​ថា នាង​មាន​គូស្នេហ៍​មិន​ខុស​ពី​នារី​ទាំងពួង​បើ​ទោះជា​នាង​មាន​រូបរាង​ខ្ពស់​ដែល​កាលពីមុន​មានការ​ប៉ាន់​ស្មានថា ​បុរស​ភាគច្រើន​នឹង​មិន​ហ៊ាន​រៀប​ការ​ជាមួយ​នាង​នោះ ។ គិត​មក​ដល់​ពេល​នេះ ស៊ន សៀវ​ម៉ី មាន​អាយុ​២២​ឆ្នាំ​ ហើយ​ក៏​សម​ល្មម​នឹង​គិតដល់​រឿង​រៀប​ការ​នោះ​ដែរ ខណៈ​ដែល​ដំណឹង​ស្នេហា​របស់​នាង​ប្រសិនបើ​មាន​ពិធី​មង្គល​នោះ​មែន គឺ​ពិតជា​ផ្អើល​មិន​ខុស​គ្នា​នឹង​ចំណង​ស្នេហ៍​របស់​បងស្រី​នាង​ជាមួយ​កីឡាករវ៉​ន វី​វ៉ា ឡើយ​៕