ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តំបន់ឧស្សាហកម្ម​ខ្នាត​តូច​មី​យ៉ា​ន់​ម៉ា​ខ្វះ​ការ​គាំទ្រ​ពី​រដ្ឋាភិបាល

7 ឆ្នាំ មុន

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ ខណៈ​ដែល​រដ្ឋាភិបាល​តំបន់​យ៉ាំ​ង​ហ្គោ​ន និង​គណៈកម្មការ​វិនិយោគ​មី​យ៉ា​ន់​ម៉ា (MIC) ពិចារណា​លើ​ការ​បង្កើត​ឡើង​វិញ​នៃ​មូលដ្ឋាន​ឧស្សាហកម្ម ម្ចាស់​រោងចក្រ​ដែល​មាន​ស្រាប់​បាន​និយាយ​ថា

ប្រទេស​មី​យ៉ា​ន់​ម៉ា ៖ ខណៈ​ដែល​រដ្ឋាភិបាល​តំបន់​យ៉ាំ​ង​ហ្គោ​ន និង​គណៈកម្មការ​វិនិយោគ​មី​យ៉ា​ន់​ម៉ា (MIC) ពិចារណា​លើ​ការ​បង្កើត​ឡើង​វិញ​នៃ​មូលដ្ឋាន​ឧស្សាហកម្ម ម្ចាស់​រោងចក្រ​ដែល​មាន​ស្រាប់​បាន​និយាយ​ថា មានរឿង​ជា​ច្រើន​ដែល​អាច​បង្កើត​ការ​ប្រកួតប្រជែង​ដល់​ពួក​គេ ។

លោក Ko Gyi ប្រធាន​តំបន់ឧស្សាហកម្ម Dagon ភាគ​ខាងជើង ថ្លែង​ថា ៖ « រដ្ឋាភិបាល​ចង់​អភិវឌ្ឍន៍​តំបន់ឧស្សាហកម្ម​ថ្មី​ដើម្បី​ពង្រឹង​ការ​នាំ​ចេញ ។ ប៉ុន្តែ​ពួក​គេ​គ្មាន​បំណង​អភិវឌ្ឍន៍​ផលិតកម្ម​ក្នុង​តំបន់ឧស្សាហកម្ម​ចាស់​នោះ​ទេ ។ ពួក​យើង​ត្រូវការ​ឱ្យ​តំបន់​ទាំងនេះ​ប្រសើរ​ឡើង ប៉ុន្តែ​យើង​គ្មាន​លទ្ធភាព​គ្រប់គ្រាន់​ក្នុង​ការ​ធ្វើ​វា​ដោយ​ខ្លួនឯង​ឡើយ ។ ប្រសិនបើ​មានការ​ផ្តល់​ជំនួយ​ថវិកា​ឬ​ឧបករណ៍​ថ្មី យើង​នឹង​អភិវឌ្ឍន៍​តំបន់ឧស្សាហកម្ម​ដែល​មាន​ស្រាប់​នេះ​ជា​មុន » ។

លោក​បន្ត​ថា តំបន់ឧស្សាហកម្ម​ចាស់​ភាគច្រើន រួម​ទាំង​តំបន់ឧស្សាហកម្ម​នៅ​ភាគ​ខាងជើង និង​ខាងត្បូង​នៃ​តំបន់ Dagon គឺជា​តំបន់​នៃ​សហគ្រាស​ធុន​តូច ដែល​បាន​កាន់​កាប់​​លើ​ផ្ទៃដី​ទំហំ​២.៤០០​ហ្វី​ត​កា​រ៉េ ។ តំបន់ឧស្សាហកម្ម​ចាស់​នេះ​មាន​អាយុ​ជិត​២០​ឆ្នាំ ហើយ​កំពុង​ទទួល​រង​ការ​ខូចខាត​ផ្នែក​ហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់​មាន​សភាព​ទ្រុឌទ្រោម ការ​ផ្គត់ផ្គង់​ទឹក​និង​អគ្គិសនី​មិន​គ្រប់គ្រាន់ ការ​ប្រមូល​សំរាម​មិន​គ្រប់គ្រាន់ ខណៈ​ប្រតិបត្តិ​ករ​ត្អូញត្អែរ​ពី​ការ​ចំណាយ​ច្រើន​លើ​ការ​បង់ប្រាក់​នៅ​តាម​ផ្លូវ និង​ស្ពាន ។

លោក Ko Lay អ្នកនាំពាក្យ​តំបន់ឧស្សាហកម្ម​ភាគ​ខាងត្បូង​នៃ​តំបន់ Dagon បាន​ឲ្យ​ដឹង​ថា ៖ « រដ្ឋាភិបាល​តំបន់​យ៉ាំ​ង​ហ្គោ​ន​ចង់​គាំទ្រ​ដល់​វិស័យ​ឧស្សាហកម្ម ប៉ុន្តែ​ពួក​គេ​ហាក់ដូចជា​ផ្តោត​ទៅ​លើ​តែ​តំបន់​ធំ​ៗ​ប៉ុណ្ណោះ ដែល​មានការ​វិនិយោគ​ច្រើន​រួច​ទៅ​ហើយ » ។

កាលពី​ស​ប្តា​ហ៍​មុន គណៈកម្មការ​វិនិយោគ​មី​យ៉ា​ន់​ម៉ា​បាន​យល់ព្រម​អភិវឌ្ឍន៍​តំបន់ឧស្សាហកម្ម​ថ្មី និង​ពង្រីក​វិស័យ​ឧស្សាហកម្ម​ដើម្បី​បង្កើន​ការ​នាំ​ចេញ ។

លេខាធិការ លោក Aung Naing Oo បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ថា គណៈកម្មការ​នេះ នឹង​ផ្តល់​អាទិភាព​ដល់​ការ​បង្កើត​ឱកាស​ការងារ​ក្នុង​រោងចក្រ ។ លោក​ថ្លែង​ថា ៖ «MIC នឹង​សម្ពោធ​តំបន់ឧស្សាហកម្ម​ថ្មី​ជាមួយនឹង​ឱកាស​ការងារ​កាន់តែ​ច្រើន ហើយនឹង​បណ្តុះបណ្តាល​កម្មករ​លើ​ជំនាញ​ឧស្សាហកម្ម ។ ហេដ្ឋារចនាសម្ព័ន្ធ​ដែល​ចាំបាច់ នឹង​ត្រូវ​ផ្តល់​ជូន​ដល់​តំបន់​ថ្មី​នេះ » ។

លោក​បន្ត​ថា ៖ «  តំបន់​ថ្មី​នេះ​នឹង​តម្រូវ​ឱ្យ​មាន​ផលិតភាព​ខ្ពស់ ។ ដូច្នេះ យើង​នឹង​បង្កើត​តំបន់ឧស្សាហកម្ម​តូច​ថ្មី​ៗ​ជា​ច្រើន​នៅ​ជុំវិញ​ប្រទេស ។ យើង​នឹង​ធ្វើការ​ជាមួយ​រដ្ឋា​ភិបាល​ទាំង​ថ្នាក់​ជាតិ និង​ថ្នាក់​តំបន់ ដើម្បី​អញ្ជើញ​ក្រុមហ៊ុន​កាន់តែ​ច្រើន​ថែម​ទៀត​មក​វិនិយោគ​នៅ​ក្នុង​តំបន់​ទាំងនោះ ។ តម្រូវការ​សំខាន់​បំផុត គឺ​កម្លាំង​ពលកម្ម​ដែល​មាន​ជំនាញ ។ ការ​អភិវឌ្ឍ​វិស័យ​ឧស្សាហកម្ម គឺ​អាស្រ័យ​លើ​ការ​ផ្តល់​វគ្គ​បណ្តុះបណ្តាល ដែល​វា​នឹង​ទាក់ទាញ​ទាំង​វិនិយោគិន និង​ផ្តល់​ប្រាក់​ឈ្នួល​កាន់តែ​ខ្ពស់​ដល់​អ្នកស្រុក​ក្នុង​តំបន់ » ។

ប្រធាន​រដ្ឋមន្ត្រី​យ៉ាំ​ង​ហ្គោ​ន លោក Phyo Min Thein បាន​ថ្លែង​ថា លោក​ចង់​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​តំបន់ឧស្សាហកម្ម​ទាំងអស់​នៅ​ក្នុង​ទីក្រុង​យ៉ាំ​ង​ហ្គោ​ន ដោយ​ប្រើប្រាស់​តំបន់​ធំ​បំផុត​របស់​ទីក្រុង​នេះ គឺ​តំបន់ Hlaing Tharyar ធ្វើ​ជា​គម្រោង​សាកល្បង ។

លោក Ko Lay និយាយ​ថា ៖ « តំបន់ Hlaing Tharyar បាន​វិនិយោគ​ច្រើន​ជាង​តំបន់ឧស្សាហកម្ម​ភាគ​ខាងជើង និង​ខាងត្បូង​តំបន់ Dagon ។ ពួក​យើង​ព្រួយបារម្ភ​អំពី​តំបន់​ដែល​មាន​ទំហំ​តូច​ជាង​នេះ » ។

ភាគ​ខាងត្បូង​នៃ​តំបន់ Dagon  ត្រូវ​បាន​បែងចែក​ជា​៣​ផ្នែក ដែល​ផ្នែក​នីមួយ​ៗ​មាន​ទំហំ​ប្រហែល​៣០០​ហិ​កតា ។ រោងចក្រ​ជា​ច្រើន​នៅ​ទីនោះ​ប្រើប្រាស់​កម្លាំង​ពលកម្ម​ច្រើន ខ្វះខាត​ហេដ្ឋារចនាសម្ព័ន្ធ និង​ការ​ផ្គត់ផ្គង់​ថាមពល ។

លោក Min Thu Myint ម្ចាស់​រោងចក្រ​មួយ​នៅ​តំបន់ឧស្សាហកម្ម Shwe Pyi Thar និយាយ​ថា ៖ « ទោះបីជា​តំបន់​របស់​យើង​មាន​ទំហំ​ធំ​ជាង​៥២០​ហិ​កតា ប៉ុន្តែ​មាន​តែ​ពាក់កណ្តាល​នៃ​ទំហំ​ដី​ត្រូវ​បាន​គេ​កាន់កាប់ ដោយសារ​តែ​ដី​នៅ​ទី​នេះ​មាន​តម្លៃ​ថ្លៃ​ខ្លាំង ។ ខ្ញុំ​ចង់​ឃើញ​ការ​អភិវឌ្ឍ​តំបន់​ថ្មី ប៉ុន្តែ​រដ្ឋាភិបាល​គួរតែ​គាំទ្រ​តំបន់​ដែល​មាន​ស្រាប់​នេះ​ផង ជាមួយនឹង​ហេដ្ឋារចនាសម្ព័ន្ធ និង​ការ​វិនិយោគ​ថ្មី » ។

លោក Myint Zaw ប្រធាន​គ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន Myanmar Japan Thilawa Development ដែល​គ្រប់គ្រង​តំបន់​សេដ្ឋកិច្ច​ពិសេស​តែ​មួយ​គត់​របស់​ប្រទេស​នេះ បញ្ជាក់​ថា ការ​វិនិយោគ​បរទេស​ទាមទារ​ឱ្យ​មាន​ហេដ្ឋារចនាសម្ព័ន្ធ​ល្អ ។

ដើម្បី​ទ្រទ្រង់​កំណើនសេដ្ឋកិច្ច និង​កាត់​បន្ថយ​ឱនភាព​ពាណិជ្ជកម្ម យើង​ត្រូវ​បណ្តាក់ទុន​ក្នុង​ឧស្សាហកម្ម​នាំ​ចេញ និង​ក្រុមហ៊ុន​ដែល​ប្រើប្រាស់​របស់​ក្នុងស្រុក ជំនួស​ការ​នាំ​ចូល។ លោក​និយាយ​ថា ៖ « ប៉ុន្តែ​យើង​មិន​អាច​ទាក់ទាញ​ការ​វិនិយោគ​ប្រភេទ​នេះ​ឡើយ បើ​ការ​ផ្គត់ផ្គង់​អគ្គិសនី​មិន​អាច​ទុកចិត្ត​បាន​ទេ​នោះ ។ ក្នុង​តំបន់​សេដ្ឋកិច្ច​ពិសេស Thilawa យើង​កំពុង​អញ្ជើញ​ការ​វិនិយោគ​ប្រភេទ​នេះ​សម្រាប់​ថ្ងៃ​អនាគត​។  ប៉ុន្តែ​នៅ​ទី​នេះ ការ​ផ្គត់ផ្គង់​អគ្គិសនី​នៅ​មាន​កម្រិត​នៅឡើយ បើ​ធៀប​នឹង​ប្រទេស​ជិតខាង » ។

គួរ​បញ្ជាក់​ថា ប្រទេស​មី​យ៉ា​ន់​ម៉ា​មាន​តំបន់ឧស្សាហកម្ម​ចំនួន​១៩ និង​មាន​តំបន់ឧស្សាហកម្ម​ចំនួន​៦​ទៀត​ស្ថិត​ក្រោម​ការ​អភិវឌ្ឍ​នៅឡើយ​។ ចំណែក​តំបន់​សេដ្ឋកិច្ច​ពិសេស​ចំនួន​២ គឺ​ស្ថិត​ក្នុង​ដំណាក់កាល​ធ្វើ​ផែនការ រួម​មាន ទីក្រុង Dawei ក្នុង​តំបន់ Tanintharyi និង​ទីក្រុង Kyaukphyu ក្នុង​រដ្ឋ Rakhine ៕