ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមាហរណកម្ម​នៃ​សេដ្ឋកិច្ច​ឌី​ជី​ថ​លអាច​មាន​សារ​ប្រយោជន៍​ដល់​អាស៊ាន

7 ឆ្នាំ មុន

ប្រទេស​សិង្ហ​បុរី ៖ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​សិង្ហ​បុរី បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​កន្លង​មក​ថា តំបន់​អាស៊ាន​បាន​ទទួលផល​ប្រយោជន៍​ពី​ការ​លូតលាស់​នៃ​កិច្ច​សហប្រតិបត្តិការ ប៉ុន្តែ​ការ​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​

ប្រទេស​សិង្ហ​បុរី ៖ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម និង​ឧស្សាហកម្ម​សិង្ហ​បុរី បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​កន្លង​មក​ថា តំបន់​អាស៊ាន​បាន​ទទួលផល​ប្រយោជន៍​ពី​ការ​លូតលាស់​នៃ​កិច្ច​សហប្រតិបត្តិការ ប៉ុន្តែ​ការ​ធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​ឌី​ជី​ថ​ល​នឹង​អាច​ទទួល​បាន​ផល​ចំណេញ​កាន់តែ​ច្រើន ។

លោក​រដ្ឋមន្ត្រី Iswaran បាន​និយាយ​នៅ​ក្នុង​វេទិកា​មួយ​ថា ការ​ធ្វើ​សមាហរណកម្ម​កាន់តែ​ខ្លាំង គឺ​សំខាន់​ណាស់​ក្នុងអំឡុងពេល​មាន​ភាព​សង្ស័យ និង​ស្ទាក់ស្ទើរ​ពីសារ​ប្រយោជន៍​នៃ​ការ​រក្សា​សេដ្ឋកិច្ច​បើកចំហ និង​រួម​គ្នា ។ លោក​ទទួលស្គាល់​ថា នៅ​មាន​កង្វល់​នៅឡើយ​រវាង​អ្នក​ដែល​គិត​ថា ពួក​គេ​ត្រូវ​បាន​ធ្វើ​ឲ្យ​ខូចខាត​ដោយ​សេដ្ឋកិច្ច​បើក​ចំហ ។ លោក​និយាយថា ៖ « ការ​មើលឃើញ​ទាំងនោះ​មិន​ត្រូវ​បញ្ឈប់​គោលនយោបាយ ដែល​អាច​ចៀសវាង​ការ​ខូចខាត​ផលប្រយោជន៍​របស់​ប្រទេស​ក្នុង​ថ្ងៃ​អនាគត​ទេ» ។

លោក​បាន​លើក​ឡើង​ពី​ការ​រីក​ចម្រើន​នៃ​សមាហរណកម្ម​សេដ្ឋកិច្ច​របស់​អាស៊ាន និង​ឱកាស​ត្រូវ​បាន​បង្កើត​ក្នុង​នាម​ជា​កាតាលីករ​ដែល​ជំរុញ​ឲ្យ​មាន​ទិដ្ឋភាព​ជោគជ័យ​ក្នុង​តំបន់ បើ​ទោះជា​សេដ្ឋកិច្ច​សកលលោក​មាន​ភាព​ទន់ជ្រាយ​នៅឡើយ ។

អាស៊ាន​ត្រូវ​បាន​គេ​រំពឹង​ថា នឹង​លូតលាស់​ជា​មធ្យម​៥,២%​ជា​រៀង​រាល់​ឆ្នាំ រហូត​ដល់​ឆ្នាំ ២០២០ ច្រើន​ជាង​កំណើន​សកល​ប្រមាណ​៣% ក្នុង​ប៉ុន្មាន​ឆ្នាំ​ខាង​មុខ ។

លោក Iswaran បន្ត​ទៀត​ថា ៖ «​ដំណាក់កាល​បន្ទាប់​នៃ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច អាស៊ាន ចាំបាច់​ត្រូវ​តែ​ទទួលយក​កា​រត​ភ្ជាប់​ឌី​ជី​ថ​ល ដើម្បី​ឲ្យ​យើង​អាច​រីក​ចម្រើន​ក្នុង​សេដ្ឋកិច្ច​ទៅ​ថ្ងៃ​អនាគត ។ យើង​បាន​ក្លាយជា​តំបន់​ដែល​លូតលាស់​លឿន​ជាងគេ​ក្នុង​សកលលោក​ទៅ​ហើយ ក្នុង​ការ​ទទួលយក​អុ​ី​ន​ធើ​រ​ណេ​ត ជាមួយនឹង​អ្នក​ប្រើប្រាស់​ថ្មី​ៗ​ចំនួន​៣,៨​លាន​នាក់​ជា​រៀង​រាល់​ខែ ។ ប្រសិនបើ​រដ្ឋាភិបាល​ក្នុង​តំបន់​អាស៊ាន​ទទួលយក​កា​រត​ភ្ជាប់​ប្រព័ន្ធ​ឌី​ជី​ថ​ល ហើយ​អាជីវកម្ម​របស់​អាស៊ាន​តាម​ទាន់​នឹង​ការ​ប្តូរ​ទៅ​រក​ការ​ប្រើប្រាស់​ប្រព័ន្ធ​ឌី​ជី​ថ​ល​នោះ ផល​ទទួល​បាន​មក​វិញ​នឹង​មាន​ច្រើន​ជា​មិន​ខាន » ។

សេដ្ឋកិច្ច​ឌី​ជី​ថ​ល​របស់​អាស៊ាន​អាច​លូតលាស់​បាន​ដល់​២០០​ប៊ី​លាន​ដុល្លារ​សហរដ្ឋអាមេរិក​ក្នុង​ឆ្នាំ​២០២៥ ក្នុង​នោះ​ពាណិជ្ជកម្ម​អេ​ឡិច​ត្រូ​និក (E-Commerce) នឹង​ទទួល​បាន​៨៨​ប៊ី​លាន​ដុល្លារ​សហរដ្ឋអាមេរិក ។

លោក​បន្ថែម​ថា សហគ្រាស​ធុន​តូច និង​មធ្យម (SMEs) នឹង​ទទួលផល​ពី​សមាហរណកម្ម​សេដ្ឋកិច្ច​ឌី​ជី​ថ​ល​នេះ​ផង​ដែរ ដោយ​ពួក​គេ​អាច​នឹង​ងាយស្រួល​ក្នុង​ការ​ស្វែងរក​អតិថិជន​កាន់តែ​ច្រើន​ឡើង ។

លោក Iswaran បាន​លើក​ឡើង​ពី​ភ្នាក់ងារ​អាកាសចរណ៍​លើ​អីុ​ន​ធើ​រ​ណេ​ត BeMyGuest របស់​សិង្ហ​បុរី ភាគច្រើន​ជា​សហគ្រាស​ធុន​តូច ដូច​ជា ការ​ដើរ​កម្សាន្ត​ខ្លី​ៗ និង​ថ្នាក់​បង្រៀន​ធ្វើ​ម្ហូប​ជាដើម ។

« BeMyGuest បាន​រីក​ចម្រើន​យ៉ាង​ខ្លាំង​ក្នុង​ផ្នែក​កក់ បន្ទាប់​ពី​មាន​ទំនាក់ទំនង​ជាមួយ​ក្រុមហ៊ុន​ទេសចរណ៍​ដ៏​ធំ​របស់​ចិន គឺ Ctrip ។ BeMyGuest បាន​ក្លាយជា​ក្រុមហ៊ុន​មួយ​ក្នុង​ចំណោម​ក្រុមហ៊ុន​៥០ ដែល​រីក​លូតលាស់ និង​ជឿនលឿន​ជាងគេ ដូច​ជា​សហគ្រាស Airbnb និង Uber » ។ លោក Iswaran បាន​និយាយ​ទៅ​កាន់​អ្នកដឹកនាំ​អាជីវកម្ម​ក្នុង​តំបន់​ជាង​៣០០​នាក់ និង​មន្ត្រី​រដ្ឋាភិបាល នៅ​ក្នុង​វេទិកា​អាស៊ាន និង​អាស៊ី​លើក​ទី​៩ ដែល​ធ្វើ​ឡើង​ដោយ​វិទ្យាស្ថាន​ការ​បរទេស​សិង្ហ​បុរី ។

លោក Bambang Brodjonegoro រដ្ឋមន្ត្រី​ថ្មី​របស់​ឥណ្ឌូ​ណេ​ស៊ី កាន់កាប់​គម្រោងការ​អភិវឌ្ឍ​ជាតិ បាន​និយាយ​ពី​តម្រូវការ​នៃ​កំណែទម្រង់​ក្នុង​ប្រទេស​ថា ៖ « វា​ជា​ពេល​ដែល​ត្រូវ​ងាក​មក​ផ្តោត​លើ​ផ្នែក​សេដ្ឋកិច្ច ។ ខ្ញុំ​គិត​ថា វា​ក៏​ជា​ពេល​សម្រាប់​ជំរុញ​ឲ្យ​មាន​កំណែទម្រង់​ផង​ដែរ » ។

លោក​បន្ថែម​ថា ប្រធានាធិបតី លោក Joko Widodo របស់​ឥណ្ឌូ​ណេ​ស៊ី កំពុង​តែ​ព្យាយាម​កែប្រែ​សេដ្ឋកិច្ច​របស់​ឥណ្ឌូ​ណេ​ស៊ី គឺ​ពី​សេដ្ឋកិច្ច​ពឹងផ្អែក​លើ​ការ​ប្រើប្រាស់ ទៅ​ជា​សេដ្ឋកិច្ច​ពឹងផ្អែក​លើ​ការ​វិនិយោគ​វិញ ។

ទោះជា​មាន​ទស្សនៈ​វិជ្ជមាន​ក្តី ភាព​សង្ស័យ​លើ​កិច្ចព្រមព្រៀង​ដៃគូ​ពាណិជ្ជកម្ម​ឆ្លងកាត់​មហាសមុទ្រ​ប៉ា​ស៊ី​ហ្វិ​ក (Trans-Pacific Partnership) ដែល​ត្រូវ​បាន​ចរចា​អស់​រយៈពេល​៥​ឆ្នាំ​មក​ហើយ នៅ​តែ​មាន​កង្វល់ ។ វា​អាច​នឹង​រាំងស្ទះ​ផង​ដែរ ដោយ​បេក្ខជន​ក្នុង​ការ​បោះ​ឆ្នោត​រើស​ប្រធានាធិបតី​របស់​សហរដ្ឋអាមេរិក​និយាយ​ថា ពួក​គេ​ប្រឆាំង​ទាំង​ពីរ​នាក់ ។

លោក Michael Michalak នាយក​គ្រប់គ្រង​តំបន់​នៃ​ក្រុមប្រឹក្សា​អាជីវកម្ម​រវាង​សហរដ្ឋអាមេរិក និង​អាស៊ាន បាន​ថ្លែង​ថា រដ្ឋបាល​នៅ​ក្រោម​ការ​ដឹកនាំ​របស់​លោក Obama នឹង​ធ្វើ​គ្រប់​បែប​យ៉ាង​ដើម្បី​ជំរុញ TPP ឲ្យ​ឆ្លង​ផុត​សភា ហើយ​វា​មានឱកាស​ធំ​អាច​នឹង​ទទួល​បាន​សច្ចា​នុ​ម័ត​ផង​ដែរ ៕