ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ពលរដ្ឋ​ចោទ​ក្រុមហ៊ុន​វៀតណាម​ជីក​រំលោ.ភ​ដីស្រែ

7 ឆ្នាំ មុន

ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋ​ជាង​១០០​នាក់ ដែល​តំណាង​ឲ្យ​ប្រជាពលរដ្ឋ​ក្នុងភូមិ​ចំនួន​៣​គឺ​ភូមិ​ត្បែង ភូមិ​គុម្ពោត​ទូក និង​ភូមិ​សង្គម ស្ថិត​ក្នុង​ឃុំ​គគីរ​សោម ស្រុក​ស្វាយ​ទាប បាន​មក​ជួបជុំ​គ្នា​សុំ​អំពាវនាវ​

ខេត្តស្វាយរៀង ៖ ប្រជាពលរដ្ឋ​ជាង​១០០​នាក់ ដែល​តំណាង​ឲ្យ​ប្រជាពលរដ្ឋ​ក្នុងភូមិ​ចំនួន​៣​គឺ​ភូមិ​ត្បែង ភូមិ​គុម្ពោត​ទូក និង​ភូមិ​សង្គម ស្ថិត​ក្នុង​ឃុំ​គគីរ​សោម ស្រុក​ស្វាយ​ទាប បាន​មក​ជួបជុំ​គ្នា​សុំ​អំពាវនាវ​ដល់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឱ្យ​ជួយ​អន្តរាគមន៍​ដោយ​ចោទ​ថា ក្រុមហ៊ុន​វៀតណាម ជីក​ប្រឡាយ​លើក​អាច​ម៌​ដី​ចាក់​ធ្វើ​ថ្នល់​រំលោភ​មក​លើ​ដីស្រែ និង​ចាក់​ដី​លុប​លើ​ស្រូវ​ពួក​គាត់ បណ្តាល​ឲ្យ​ខូចខាត​ស្រូវ ហើយ​គ្មាន​អាជ្ញាធរ​ណា​ជួយ​ដោះស្រាយ​ឡើយ ។

ប្រជាពលរដ្ឋ​ដែល​ស្វែងរក​បទ​អន្តរាគមន៍​ពី​សម្តេច​តេ​ជោ​នេះ កើតឡើង​កាលពី​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​២៨ សីហា នៅ​ចំណុច​ភូមិ​សង្គម ឃុំ​គគីរ​សោម ស្រុក​ស្វាយ​ទាប ។ អ្នកស្រី ឃួ​ន មុនី​ល័​ក្ខ អាយុ​៣៣​ឆ្នាំ នៅ​ភូមិ​សង្គម ឃុំ​គគីរ​សោម បាន​ឲ្យ​ដឹង​ថា ក្រុមហ៊ុន​វៀតណាម​យក​គ្រឿងចក្រ​មក​ជីក​ប្រឡាយ បង្ហូរទឹក និង​ចាក់​ដី​ធ្វើ​ថ្នល់​ដឹក​អំពៅ បង្ក​ឲ្យ​ប៉ះពាល់​ដល់​ប្រជាពលរដ្ឋ​ចំនួន​៣​ភូមិ ៖

ទី​១ គឺ​ការ​ជីក​ប្រឡាយ​បាន​ប៉ះពាល់​ដីស្រែ​របស់​ពួក​គាត់ ដោយ​ក្រុមហ៊ុន​យក​អាច​ម៌​ដី​ចាក់​លុប​លើ​ស្រូវពង្រោះ​របស់​ពួក​គាត់​អស់​ផ្ទៃដី​សរុប ទទឹង​៩​ម៉ែត្រ បណ្តោយ​ជាង​៤ ០០០ ម៉ែត្រ​(​បួន​ពាន់​ម៉ែត្រ​)
ទី​២-​ខូច​ស្រូវ​ប្រជាពលរដ្ឋ​រាប់​ពាន់​ហិ​កតា ដោយសារ​រីង​គោក​ទឹក​ក្នុង​ស្រែ មូលហេតុ​ទឹកបាន​ហូរ​ចេញពី​ស្រែ​ចូល​ប្រឡាយ​ដែល​ក្រុមហ៊ុន​វៀតណាម​ជីក​បង្ហូរទឹក​ទៅ​ប្រទេស​វៀតណាម​អស់ ។
ទី​៣-​ការ​ជីក​ប្រឡាយ​កាត់​ផ្លូវ​គោក្របី និង​ផ្លូវ​ប្រជាពលរដ្ឋ​ទៅ​ធ្វើស្រែ ដោយ​មិន​ដាក់​លូ ត្រូវធ្វើ​ផ្លូវ​ឲ្យ​ប្រជាពលរដ្ឋ​វិញ ។ បើ​តាម​ស្ត្រី​ម្នាក់​ឈ្មោះ សាន ច​ន្ថា អាយុ​៣៣​ឆ្នាំ​នៅ​ភូមិ​គម្ពោត​ទូក ឃុំ​គគីរ​សោម តំណាង​ឲ្យ​ប្រជាពលរដ្ឋ​៣​ភូមិ​ខាងលើ បាន​សំណូមពរ​ដល់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន​មេត្តា​ជួយ​អន្តរាគមន៍​ឲ្យ​ក្រុមហ៊ុន​សង​សំណង ៖

១-​លើ​ការ​ខូចខាត​ស្រូវពង្រោះ
២-​សង​សំណង​ថ្លៃ​ដីស្រែ ដែល​ក្រុមហ៊ុន​ចាក់​ដី​រំលោភ​យក​តាម​តម្លៃ​ទីផ្សារ ។
៣-​ធ្វើ​ទ្វារ​ទឹក បិទ​ទឹក​ទុក​ក្នុង​ប្រឡាយ​សម្រាប់​ប្រជាពលរដ្ឋ​ប្រើប្រាស់ និង​ដើម្បី​កុំ​ឲ្យ​ទឹក​ហូរ​ចេញពី​ស្រែ​គោក​ទឹក​ងាប់​ស្រូវ ។
៤-​ដាក់​លូ កាត់​ប្រឡាយ​តាម​ផ្លូវ​ចាស់ (៥០០​ម៉ែត្រ​ដាក់​លូ​មួយ​) ដើម្បី​ប្រជាពលរដ្ឋ​ឆ្លងកាត់​ទៅ​ធ្វើស្រែ និង​យក​គោក្របី​ទៅ​ឃ្វាល​។
បើ​តាម​មន្ត្រី​មូលដ្ឋាន​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​បង្ហើប​ឲ្យ​ដឹង​ថា មូលហេតុ​ក្រុមហ៊ុន​វៀតណាម​ជីក​ប្រឡាយ​នេះ គឺ​ដើម្បី​បង្ហូរទឹក​ចេញពី​ចម្ការ​អំពៅ និង​ចាក់​ដី​ធ្វើ​ថ្នល់​ដឹក​កសិផល​អំពៅ​ទៅ​ប្រទេស​វៀតណាម ។

ប្រភព​ដដែល​បន្ត​ទៀត​ថា ក្រុមហ៊ុន​លោក កុយ សា​រ៉េ​ន មុខងារ​ជា​ស្មៀនឃុំ​ពពែ​ត បាន​ដើរ​ជួល​ដី​ពី​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​គគីរ​សោម ឃុំ​ព្រៃ​តា​អី និង​ឃុំ​មនោ​រម្យ ស្រុក​ស្វាយ​ទាប បាន​រាប់​ពាន់​ហិ​កតា ដោយ​ក្នុង​១​ហិ​កតា​តម្លៃ​២០០​ដុល្លារ ហើយ​បាន​យក​ដី​ទាំងនោះ​ទៅ​ជួល​បន្ត​ឲ្យ​ទៅ​ក្រុមហ៊ុន​វៀតណាម​ក្នុង​១​ហិតា ៥០០​ដុល្លារ​ក្នុង​មួយ​ឆ្នាំ ដោយ​កុងត្រា​រយៈពេល​៣​ឆ្នាំ​គិត​ចាប់ពី​ឆ្នាំ​២០១៦ ដល់​ឆ្នាំ​២០១៨ ។

ចំពោះ​ការ​ជីក​ប្រឡាយ​នេះ គឺ​ជីក​ចាប់ពី​ភូមិ​ព្រៃ​តា​អី ឃុំ​ព្រៃ​តា​អី កាត់​តាម​ភូមិ​ត្បែង ភូមិ​សង្គម និង​ភូមិ​គម្ពោត​ទូក ប្រវែង​៧​គីឡូម៉ែត្រ​ដល់​ព្រំដែន​កម្ពុជា​- វៀតណាម ចំណុច​បង្គោល​សីមា ព្រំដែន​លេខ​១៥៤ ។

ពាក់ព័ន្ធ​ករណី​ជីក​ប្រឡាយ​នេះ លោក កុង សា​រ៉េ​ត ប្រធាន​ក្រុមហ៊ុន បាន​អះអាង​ថា លោក​បាន​សុំ​ទៅ​អាជ្ញាធរ​ឃុំ ស្រុក និង​បាន​ប្រជុំ​ផ្សព្វផ្សាយ​ដល់​ប្រជាពលរដ្ឋ​ដែរ សុំ​ស្តារ​ប្រឡាយ​ចាស់ ប្រជាពលរដ្ឋ​ក៏​បាន​យល់ព្រម ហើយ គោលបំណង​ជីក​ប្រឡាយ ៖
១-​យក​ទឹក​សម្រាប់​ឲ្យ​ប្រជា​កសិករ​ប្រើប្រាស់​បូមទឹក​ដាក់​ស្រូវ​ពេល​មាន​ភាពរាំងស្ងួត និង​បង្ហូរទឹក​ចេញពី​ចម្ការ​អំពៅ ពេល​មាន​ទឹកជំនន់ ។
២-​ធ្វើ​ផ្លូវថ្នល់​ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើ​ដំណើរ​ងាយស្រួល ។
ចំពោះ​ផល​ប៉ះពាល់ ហូរ​ទឹក​ចេញពី​ស្រែ​ចូល​ប្រឡាយ ក្រុមហ៊ុន​បាន​ឲ្យ​ទប់ទឹក​ប្រឡាយ​នោះ​ហើយ ។

ផល​ប៉ះពាល់​ការ​ចាក់​ដី​លើ​ស្រូវពង្រោះ​របស់​ប្រជាពលរដ្ឋ​នោះ លោក​បាន​ចេញ​សំណង​ថ្លៃ​ស្រូវពូជ តាម​គ្រួសារ​ប៉ះពាល់ ខ្លះ​៥​សែន​រៀល​ខ្លះ​៣​សែន​រៀល និង​កំពុង​ពិនិត្យ​គ្រួសារ​ដែល​ប៉ះពាល់​បន្ត​ទៀត ហើយ​ចំពោះ​ប្រជាពលរដ្ឋ​ទាមទារ​ថ្លៃ​ដី​ក្រុមហ៊ុន​មិន​អាច​មាន​លទ្ធភាព​ចេញ​សំណង​បាន​ឡើយ ។ លោក កុយ សា​រ៉េ​ន បន្ត​ទៀត​ថា ក្រុមហ៊ុន EASTERN RiCE FiELD DEVELOPMENT COL .TD បាន​វិនិយោគ​ជួល​ដី​ប្រជាពលរដ្ឋ​ដាំ​ដំណាំ​អំពៅ ចំនួន​២៣៨៣​ហិ​កតា  និង​បាន​ផ្តល់​ការងារ​ឲ្យ​ប្រជាពលរដ្ឋ​ធ្វើការ​ជា​ច្រើន​ដែរ ។

ទាក់ទិន​ការ​ជីក​ប្រឡាយ​នេះ​ដែរ លោក ថា​ច់ រតនា ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខា​ប្រ​ម៉ា​ញ់ និង​នេសាទ​ខេត្ត បាន​ចុះ​ទៅ​ពិនិត្យ​កាលពី​ថ្ងៃ​ទី​២៥ សីហា ២០១៦ បាន​មាន​ប្រសាសន៍​ថា ប្រឡាយ​នេះ​បើ​គ្មាន​ទ្វារ​បិទ​បើក​ទេ គឺ​ហូរ​ទឹក​ចេញពី​ស្រែ​ប្រជាពលរដ្ឋ​អស់​អាច​ខូច​ស្រូវ​ច្រើន​ហិ​កតា​ចំណែក​អំពៅ​លិច​ទឹក​មិន​ខូច​ទេ ៕