ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សិល្បករ​ជាង​30​នាក់​​ចូលរួម​កម្មវិធី​តន្ត្រី​សប្បុរសធម៌រក​ប្រាក់​សង់​អគារសិក្សា​និង​ស្ពាន​នៅ​តំបន់​ដាច់​ស្រយាល

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​ទិ​ត្យ វិច្ឆិកា នឹង​ដឹកនាំ​សិល្បករ​ជាង​៣០​នាក់​ចូលរួម​សម្តែង​ក្នុង​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​មានឈ្មោះ​ថា «​តន្ត្រី​សប្បុរសធម៌​កម្លាំង​ទឹកចិត្ត​សិល្បករ​ខ្មែរ​ជួយ​ខ្មែរ​» ដើម្បី​ស្វែងរក​ប្រាក់​យក

រាជធានី​ភ្នំពេញ ៖ តារាចម្រៀង​ទិ​ត្យ វិច្ឆិកា នឹង​ដឹកនាំ​សិល្បករ​ជាង​៣០​នាក់​ចូលរួម​សម្តែង​ក្នុង​ព្រឹត្តិការណ៍​ប្រគំ​តន្ត្រី​មានឈ្មោះ​ថា «​តន្ត្រី​សប្បុរសធម៌​កម្លាំង​ទឹកចិត្ត​សិល្បករ​ខ្មែរ​ជួយ​ខ្មែរ​» ដើម្បី​ស្វែងរក​ប្រាក់​យក​ទៅ​សាងសង់​សាលារៀន និង​ស្ពាន​នៅ​តំបន់​ដាច់​ស្រយាល​ក្នុង​ខេត្តកោះកុង ។ ការ​បញ្ជាក់​នេះ​ធ្វើ​ឡើង​ក្នុង​សន្និសីទកាសែត​កាលពី​រសៀល​ថ្ងៃ​ទី​២៦ ខែសីហា ឆ្នាំ​២០១៦ នៅ​ភោជនីយដ្ឋាន Jet’s Star ។

លោក​ទិ​ត្យ វិច្ឆិកា និយាយ​ថា រូប​លោក និង​តារាចម្រៀង តារា​សម្តែង តារា​កំប្លែង​ខ្មែរ​មួយ​ចំនួន​រៀបចំ​កម្មវិធី​ប្រគំ​តន្ត្រី និង​តាំងពិព័រណ៍​រយៈពេល​៤​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃ​ទី​៨ ដល់​ថ្ងៃ​ទី​១១ ខែសីហា ឆ្នាំ​២០១៦ នៅ​បុរី​ញូ​ថោ​ន​(​អូ​ដឹ​ម​) ក្នុង​សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ដើម្បី​រៃ​អង្គាសប្រាក់​ប្រាថ្នា​បាន​ជាង​៣​ម៉ឺន​ដុល្លារ​យក​ទៅ​សង់​អគារសិក្សា​មួយ​ខ្នង​៤​បន្ទប់ បន្ទប់ទឹក​២ និង​ស្ពាន​ឆ្លង​អូរ​ប្រវែង​៣០​ម៉ែត្រ ។ សាលា​បឋម​សិក្សា​នោះ​គឺ​សាលា​ឧ​ប​សម្ព័ន្ធ​អូរ​កី នៅ​ភូមិ​ជាំ​ស្លា ឃុំ​ជី​ផាត ស្រុក​ថ្ម​បាំង ខេត្តកោះកុង​។ ការ​ផ្តួចផ្តើម​គំនិត​នេះ​ឡើង​ដោយសារ​តែ​លោក​វិច្ឆិកា​ទៅ​ជួប​ប្រជាជន និង​កុមា​រា​កុមារី​ដែល​មាន​ជីវភាព​ខ្វះខាត និង​ត្រូវការ​អគារសិក្សា​មួយ​ខ្នង​សម្រាប់​តំបន់​ដាច់​ស្រយាល​នោះ ។ ជាង​នេះ​ទៅ​ទៀត ប្រជាជន​ជួប​ការ​លំបាក​ដោយសារ​តែ​គ្មាន​ស្ពាន​ឆ្លងកាត់​អូរ ។ ប្រភព​ចំណូល សំខាន់​ៗ​សម្រាប់​គម្រោង​សង់​អគារសិក្សា​នេះ គឺ​រំពឹង​ទៅ​លើ​សប្បុរសជន​ទាំង​ក្នុង និង​ក្រៅប្រទេស ពិសេស​បណ្តា​ក្រុមហ៊ុន​ដែល​ចូលរួម​ព្រឹត្តិការណ៍​តាំងពិព័រណ៍​លក់​ផលិតផល ។ ចំពោះ​អ្នក​ចូល​ទស្សនា​នឹង​អនុញ្ញាត​ដោយ​សេរី ដោយ​មានឱកាស​បាន​ទិញ​ផលិតផល​របស់​ក្រុមហ៊ុន ។

លោក​ទិ​ត្យ វិច្ឆិកា រំពឹង​ថា កម្មវិធី​នេះ​នឹង​ជោគជ័យ ខណៈ​បណ្តា​ក្រុមហ៊ុន និង​សប្បុរសជន​មួយ​ចំនួន​គាំទ្រ ។ លោក​វិច្ឆិកា​មិន​មាន​គម្រោង​រៀបចំ​កម្មវិធី​បែប​នេះ​ញឹកញាប់​ទេ ព្រោះតែ​លោក​មិន​ចង់​ឲ្យ​មានការ​លើក​ឡើង​ថា​ធ្វើ​អាជីវកម្ម​។ លោក​អាច​នឹង​រៀបចំ​មួយ​ឆ្នាំ​ម្តង​ប៉ុណ្ណោះ ។

លោក​ម៉ៅ រតនា អគ្គនាយក​ក្រុមហ៊ុន RGB Media បញ្ជាក់​ថា RGB គឺជា​ក្រុមហ៊ុន​ផលិតភាព​យន្ត បទ​ចម្រៀង​និង​រៀបចំ​កម្មវិធី​ប្រគំ​តន្ត្រី​ជាដើម ។ ថ្មី​ៗ​កន្លង​មក​ក្រុមហ៊ុន​បាន​បង្កើត​កម្មវិធី​សប្បុរសធម៌​ជាមួយ​សមាគម​សាសនា​របស់​ប្រទេស​កូរ៉េ​ដើម្បី​ស្វែងរក​ប្រាក់​ជួយ​ដល់​មន្ទីរពេទ្យ​គន្ធ​បុប្ផា ។ លោក​សម្រេចចិត្ត សហការ​ជាមួយ​លោក​ទិ​ត្យ វិច្ឆិកា ព្រោះតែ​សកម្មភាព​ជួយ​សង្គម​របស់​លោក​កន្លង​មក​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ចាប់អារម្មណ៍ ។ ក្រុមហ៊ុន​មាន​ឧបករណ៍​គ្រប់គ្រាន់​សម្រាប់​រៀបចំ​កម្មវិធី​ប្រគំ​តន្ត្រី ។ លោក​ទិ​ត្យ វិច្ឆិកា បាន​ដឹកនាំ​សិល្បករ​ស្ម័គ្រចិត្ត​ចូលរួម ដូចនេះ​មិន​មាន​អ្វី​ដែល​ត្រូវ​ចំណាយ​ច្រើន​ទេ ។

លោក​ម៉ៅ រតនា រំពឹង​ថា កម្មវិធី​នេះ​នឹង​ទទួល​បានការ​គាំទ្រ​ច្រើន​ពី​ទស្សនិកជន ហើយ​ពេល​នេះ​ក្រុមហ៊ុន​លោក​ទទួល​បានការ​គាំទ្រ​ពី​បណ្តា​ក្រុមហ៊ុន​មួយ​ចំនួន ។

កម្មវិធី​ប្រគំ​តន្ត្រី​នោះ​ធ្វើ​ឡើង​ក្រោម​ការ​គាំទ្រ​ពី​ក្រសួង​ព័ត៌មាន និង​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ និង​សហការ​រៀបចំ​ដោយ​ក្រុមហ៊ុន RGB Media ។ សិល្បករ​ដែល​នឹង​ចូលរួម ក្នុង​កម្មវិធី​ប្រគំ​តន្ត្រី​នោះ មាន​ដូច​ជា​កញ្ញា​មាស សុខ​សោភា​, លោក​ខាត់ ជេ​ម​, លោក​នេន​ទុំ​, លោក​អីុណូ​, កញ្ញា​ហង្ស សុជាតា​,  លោក​ហេង ពិ​ទូ​, កញ្ញា​យូ​រី​, កញ្ញា​អ៊ុ​ន អា​លី​ហ្សា​, លោក​នៅ ស៊ី​នឿ​ន និង​ក្រុម​តារា​កំប្លែង​ទូរទស្សន៍​CTN ជាដើម​៕