ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កសិករ​ដាំ​ផ្លែស្វាយ​ចន្ទី ត្អូញត្អែរ​ពី​តម្លៃ​ធ្លាក់​ចុះ ខណៈ​តម្លៃ​ប្រេងសាំង​ឡើងថ្លៃ​ខ្ពស់

2 ឆ្នាំ មុន
  • សៀមរាប

គេ​សង្កេត​ឃើញ​កសិករ​មួយ​គ្រួសារ បាន​ដាំ​ដំណាំ​ស្វាយចន្ទី​ចំនួន​៥​ហិ​កតា នៅ​លើ​ដីចម្ការ​មួយ​កន្លែងក្នុងភូមិ​ស្រង់​មាន​ជ័យ ហើយ​កំពុង​ជួល​កម្មករ​ឱ្យ​ចូល​ទៅ​ប្រមូល​ផល​ជា​បណ្តើរ​ៗ​។ តែ​គាត់​ត្អូញត្អែរ​ពី​តម្លៃ​ទីផ្សារ​មានការ​ធ្លាក់​ចុះ ខណៈ​តម្លៃ​ប្រេងសាំង​ឡើងថ្លៃ​ខ្ពស់ត្រដែត ហើយ​ក៏​លំបាក​រក​

ខេត្ត​ប៉ៃលិន ៖ គេ​សង្កេត​ឃើញ​កសិករ​មួយ​គ្រួសារ បាន​ដាំ​ដំណាំ​ស្វាយចន្ទី​ចំនួន​៥​ហិ​កតា នៅ​លើ​ដីចម្ការ​មួយ​កន្លែង ស្ថិត​នៅ​ចំណុច​អូរ​តា​លី ក្នុងភូមិ​ស្រង់​មាន​ជ័យ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ហើយ​កំពុង​ជួល​កម្មករ​ឱ្យ​ចូល​ទៅ​ប្រមូល​ផល​ជា​បណ្តើរ​ៗ​។ តែ​គាត់​ត្អូញត្អែរ​ពី​តម្លៃ​ទីផ្សារ​មានការ​ធ្លាក់​ចុះ ខណៈ​តម្លៃ​ប្រេងសាំង​ឡើងថ្លៃ​ខ្ពស់ត្រដែត ហើយ​ក៏​លំបាក​រក​កម្មករ​ឱ្យ​ចូល​ទៅ​រើស​គ្រាប់ស្វាយចន្ទី​ដែរ​។ ទោះបីជា​យ៉ាងណា បន្ទាប់​ពី​ប្រមូល​ផល​ចាប់ពី​ពេល​ព្រឹក រហូត​ដល់​ពេល​ល្ងាច គាត់​ថ្លឹង​លក់​ឱ្យ​ឈ្មួញ ដើម្បី​យក​ថវិកា​ដោះស្រាយ និង​ផ្គត់ផ្គង់​ជីវភាព​ប្រចាំ​ថ្ងៃ​។

បើ​តាម​ការ​រៀបរាប់​ពី​កសិករ​ម្នាក់​មានឈ្មោះ ហេង ម៉ៅ អាយុ​៦០​ឆ្នាំ រស់នៅ​ក្នុង​ក្រុងប៉ៃលិន បានឱ្យ​ដឹង​ថា ៖ គាត់​បាន​ដាំ​ដំណាំ​ស្វាយចន្ទី​ជាង​១០០០​ដើម នៅ​លើ​ដីចម្ការ​៥​ហិ​កតា ដោយ​យក​ពូជ​ប្រភេទ (M23) មក​ពី​ខេត្តកំពង់ចាម​។ គាត់​បន្ត​ថា ពេល​កំពុង​ដាំ​ដុះ គឺ​គាត់​ប្រើ​បច្ចេកទេស​ខ្លួនឯង ចន្លោះ​ពី​១​ដើម​ទៅ​១​ដើម​ប្រវែង​៧​ម៉ែត្រ រួម​ផ្សំ​ជាមួយនឹង​ការ​សួរនាំ​ពី​កសិករ​ដូច​គ្នា​នៅ​ក្នុង​ខេត្តកំពង់ចាម​ផង​ដែរ​។

កសិករ​ខាងលើ​បន្ត​ថា គាត់​ក៏​មិន​ធ្លាប់​ឃើញ​មាន​ខាង​មន្ទីរ​កសិកម្ម​ខេត្ត ចុះ​ទៅ​អប់រំ ឬ​បង្រៀន​ពី​របៀប​នៃ​ការ​ថែទាំ​ដំណាំ​អ្វី​នោះ​ឡើយ​។ ចំណែក​បញ្ហា​ប្រឈម​ខ្លាំង គឺ​សត្វ​ដង្កូវ សត្វល្អិត តែងតែ​ស៊ី​ផ្កា និង​ត្រួយ​ចន្ទី ដែល​កំពុង​លូតលាស់ ទើប​គាត់​ក៏​ស្វះ​ស្វែងរក​ថ្នាំពុល​នៅ​ទីផ្សារ​យក​ទៅ​បាញ់​ស​ម្លា​.​ប់ ដើម្បី​ឱ្យ​ដំណាំ​របស់​ខ្លួន​មានការ​លូតលាស់​ល្អ បើ​មិន​ដូច្នេះ​ទេ គឺ​មិន​អាច​ទទួល​បាន​ទិន្នផល លក់ដូរ​បាន​ឡើយ​។

កសិករ​រូប​នេះ​បន្ត​ទៀត​ថា ក្នុង​ការ​ប្រមូល​ផល​វិញ គាត់​បាន​ជួល​កម្មករ​ក្នុង​១​ថ្ងៃ​ចំនួន​៤​ទៅ​៥​នាក់ ដើម្បី​ឱ្យ​ដើរ​រើស​គ្រាប់ស្វាយចន្ទី​នៅ​ក្នុង​ចម្ការ​របស់​ខ្លួន​។ តែ​លំបាក​រក​កម្មករ ខណៈ​អ្នក​ចូល​ទៅ​រើស​គ្រាប់​ចន្ទី គាត់​ឱ្យ​ថ្លៃ​ឈ្នួល​១​គីឡូក្រាម ៨០០​រៀល​។ ហើយ​ក្នុង​១​ថ្ងៃ​ៗ អ្នកខ្លះ​អាច​ប្រមូល​ផល​បាន​ចាប់ពី​៤០​ទៅ​៥០​គីឡូក្រាម​ដែរ គឺ​ទទួល​បាន​ប្រាក់​កម្រៃ​ចាប់ពី​៣០០០០​ទៅ​៤០០០០​រៀល ហើយ​ការងារ​នេះ​មិន​លំបាក​នោះ​ទេ​។ គាត់​ក៏​សំណូមពរ​ឱ្យ​ប្រជាពលរដ្ឋ ដែល​ខ្វះ​ការងារ​ធ្វើ សូម​នាំ​គ្នា​ចូល​ទៅ​រើស​គ្រាប់ស្វាយចន្ទីរ​នៅ​ក្នុង​ចម្ការ​របស់​ខ្លួន ទោះបីជា​១​ថ្ងៃ មានកម្ម​ករ​លើស​ពី​១០​នាក់ ក៏​គាត់​ទទួលយក​ដែរ ព្រោះ​បច្ចុប្បន្ន​ការ​ប្រ​មូ​ផល​ចន្ទីរ បាន​តិច ខណៈ​មិនសូវ​មាន​កម្មករ ពោល​គឺ​អាច​ទទួល​បាន​ផល​ត្រឹមតែ​ជាង​១០០​ទៅ​២០០​គីឡូក្រាម​តែ​ប៉ុ ណ្ណោះ​ក្នុង​១​ថ្ងៃ​។

គាត់​បញ្ជាក់​ថា កាលពីមុន តម្លៃ​ទីផ្សារ​គ្រាប់ស្វាយចន្ទី ឈ្មួញ​ទិញ​១​គីឡូក្រាម ចាប់ពី​៥០០០​រៀល​ទៅ​៦០០០​រៀល តែ​រហូត​មក​ដល់​ពេល​នេះ តម្លៃ​ទីផ្សារ​មានការ​ធ្លាក់​ចុះ ដោយ​១​គីឡូក្រាម ឈ្មួញ​ទិញ​ត្រឹមតែ​៤៧០០​រៀល ទៅ​៤៨០០​រៀល​តែ​ប៉ុណ្ណោះ ដោយ​ឈ្មួញ​ចូល​ទៅ​ទិញ​ដល់​ចម្ការ ។ លុះ​គាត់​សួរនាំ គេ​ប្រាប់​ថា ការ​ទិញ​កសិផល​ក្នុង​តម្លៃ​ទាប ព្រោះតែ​ប្រេងសាំង​ឡើងថ្លៃ មិន​អាច​ឱ្យ​តម្លៃ​ខ្ពស់​បាន​ឡើយ ព្រោះ​គេ​បើកបរ​រថយន្ត​ចូល​ទៅ​ដឹក​ដល់​ចម្ការ ត្រូវ​ចំណាយ​អស់​ច្រើន បើ​ទិញ​ក្នុង​តម្លៃ​ខ្ពស់ គេ​មិន​ចំណេញ​នោះ​ឡើយ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ