ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តូយ៉ូតា​​ពន្លះ​នីស្សាន់​ពីក្រោយរបួស​ធ្ងន់​ស្រាល​៦នាក់

15 ឆ្នាំ មុន

ខេត្តបន្ទាយ​មាន​ជ័យ ៖ នៅ​​វេលាម៉ោង​​៨ និង៤៥នាទី​ព្រឹក​ថ្ងៃទី៨ មីនា មានគ្រោះថ្នាក់​ចរា​ចរណ៍​មួយ​បាន​កើត​ឡើង​​ គឺ​រថយន្ត​​តូយ៉ូតា​បុក​រថ​យន្ត​នីស្សាន់​ពីក្រោយបណ្តាល​ឱ្យ​មនុស្ស​ប្រុស​​ស្រី​៦​នាក់រងរបួស​ធ្ងន់​ និងស្រាល ហើយ​ត្រូវ​បាន​រថ​យន្ត​​​សង្គ្រោះ​របស់​ស្នង​ការ​​ដ្ឋាននគរ​បាល​ខេត្ត ដឹកយក​ទៅ​​មន្ទីរ​​ពេទ្យ​ភ្លាមៗ​ផង​ដែរ ។ ហេតុ​ការណ៍​នេះបាន​កើត​ឡើង​ត្រង់​ចំណុច​ស្ពានទី២ លើ​ផ្លូវ​ជាតិ​លេខ​៦ ​ស្ថិតក្នុងភូមិ​កំពង់​ស្វាយ សង្កាត់​​កំពង់​ស្វាយ ​ក្រុង​សិរី​សោភ័ណ ខេត្ត​បន្ទាយ​​មានជ័យ ។ មន្ត្រីប៉ូលិស​​ចរា​ចរ​ខេត្ត​បាន​ឱ្យ​ដឹង​ថា អ្នក​បើក​បរ​រថយន្ត​នីស្សាន់​ឈ្មោះ​ហ៊ី​ ហ៊ាន ភេទ​ប្រុស អាយុ​៣០ឆ្នាំ ​ជា​អ្នក​រត់​តាក់​ស៊ី​នៅភូមិ​​ថ្មី ឃុំ​ណាំ​តៅ ស្រុកភ្នំ​ស្រុក​ ខេត្តបន្ទាយ​មានជ័យ ។ ​ឯអ្នកបើកបរ​រថយន្ត​តូ​យ៉ូ​តា​ឈ្មោះ​ឡុង គុណ លាង ​ភេទប្រុស នៅភូមិស្ទឹង​ថ្មី សង្កាត់ស្វាយ​​ដង្គំ ក្រុង​សៀមរាប ខេត្តសៀមរាប ។

​មន្ត្រី​នគរបាល​ចរា​ចរ​បានឱ្យ​ដឹងយោងតាម​សាក្សី​​​ដែល​ឃើញ​ហេតុការណ៍​នេះថា ​មុន​ពេល​កើត​ហេតុ​​រថ​យន្ត​ទាំង​២គ្រឿង​បើក​​ស្រប​ទិស​គ្នា​ពីកើត​ទៅលិច​​ក្នុង​ល្បឿន​លឿន​ លុះ​មក​ដល់​ចំណុច​​ខាង​លើ រថ​យន្ត​តូយ៉ូ​តាបាន​បុកគូទ​រថ​យន្ត​នីស្សាន់ពីក្រោយ​ពេញ​មួយ​ទំហឹង​ បណ្តាល​ឱ្យ​ខូច​ខាត​ទាំង​ស្រុងផ្នែក​ខាង​មុខ ឯអ្នក​ជិះ​នៅ​លើ​រថ​យន្ត​នីស្សាន់រង​របួស​៦​នាក់​ក្នុងនោះ​មាន​ស្ត្រី​​​២​នាក់​របួស​ធ្ងន់ ។ ចំពោះ​រថយន្តនី​ស្សាន់​​​ខូច​ខាត​ផ្នែក​ខាង​ក្រោយ​​បន្តិចបន្តួចប៉ុណ្ណោះ ។ មន្ត្រីនគរបាល​ចរាចរ​បានបញ្ជាក់​ទៀត​ថា វត្ថុតាង​បង្កគ្រោះ​ថ្នាក់​ទាំង២​គ្រឿង​ សមត្ថ​កិច្ច​​​​​ជំនាញ​បានយក​មករក្សា​ទុកនៅ​ស្នងការដ្ឋាន​នគរ​បាល​ខេត្ត ដើម្បី​រង់ចាំ​ធ្វើការ​ដោះស្រាយ​តាម​ច្បាប់ ៕