ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បង្ក្រាប​ទីតាំង​ចែកចាយ​ថ្នាំ​ញៀន បាន​២​ករណី​ផ្សេង​គ្នា

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌដូនពេញ សហ​ការណ៍​ជាមួយ​កងរាជអាវុធហត្ថ​ខណ្ឌដូនពេញ​ក្រោម​ការ​ដឹកនាំ​ផ្ទាល់​របស់​លោក គួ​ច ចំរើន អភិបាល​ខណ្ឌដូនពេញ

រាជធានី​ភ្នំពេញ ៖ គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌដូនពេញ សហ​ការណ៍​ជាមួយ​កងរាជអាវុធហត្ថ​ខណ្ឌដូនពេញ​ក្រោម​ការ​ដឹកនាំ​ផ្ទាល់​របស់​លោក គួ​ច ចំរើន អភិបាល​ខណ្ឌដូនពេញ និង​លោក វរៈសេនីយ៍ទោ ថោ​ង ពិសិដ្ឋ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខណ្ឌ បាន​ចុះ​បង្ក្រាប​ទីតាំង​ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន​បាន​២​កន្លែង​ផ្សេង​គ្នា​កាលពី​ថ្ងៃ​ទី​២៧ ខែសីហា ឆ្នាំ​២០១៦ ដកហូត​ថ្នាំ​ញៀន​ជិត​៣០០​កញ្ចប់ ។

មន្ត្រី​កងរាជអាវុធហត្ថ​ខណ្ឌដូនពេញ​បាន​ឲ្យ​ដឹង​ថា ដោយ​មាន​កិច្ចសហការ​ណ៍​ល្អ​ពី​កម្លាំង​សន្តិសុខ​ផ្សារ​កណ្តាល និង​ក្រោម​ការ​ដឹកនាំ​ពី​លោក គួ​ច ចំរើន អភិបាល​ខណ្ឌដូនពេញ និង​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខណ្ឌដូនពេញ លោក​វរសេនីយ៍ទោ ថោ​ង ពិសិដ្ឋ បាន​ឆ្មក់​ចូល​បង្ក្រាប​ទីតាំង​ចែកចាយ និង​ប្រើប្រាស់​ថ្នាំ​ញៀន​នៅ​កែង​ផ្លូវ​លេខ​៥ និង​១៤៨ ស្ថិត​ក្នុង​សង្កាត់​ផ្សារ​កណ្តាល​១ ខណ្ឌដូនពេញ ហើយ​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​០៨​នាក់ និង​ដកហូត​ថ្នាំ​ញៀន​ចំនួន​២០​កញ្ចប់​តូច​ផង​ដែរ​។

នៅ​ថ្ងៃ​ដដែល​វេលា​ម៉ោង​០៤​និង​៣០​នាទី​ល្ងាច កម្លាំង​កង​អាវុធហត្ថ​ខណ្ឌដូនពេញ និង​មានការ​ចូលរួម​ដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក​អភិបាល​ខណ្ឌដូនពេញ​បាន​បង្ក្រាប​ទីតាំង​ចែកចាយ និង​ប្រើប្រាស់​ថ្នាំ​ញៀន​ស្ថិត​នៅ​ផ្លូវ​រថភ្លើង សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ប្រមូល​បាន​ថ្នាំ​ញៀន ២៤៣​កញ្ចប់​តូច ឃាត់ខ្លួន​បាន​ជនសង្ស័យ​ចំនួន​០៣​នាក់ ក្នុង​នោះ​ស្រី​០១ និង​ដកហូត​ថ្នាំ​ញៀន​ចំនួន​២៤៣​កញ្ចប់​តូច​។ ជនសង្ស័យ​ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​ដែល​ឃាត់ខ្លួន​មានឈ្មោះ ១.​ឈ្មោះ យ៉ុ​ង ផូ ភេទ​ស្រី អាយុ​៥២​ឆ្នាំ​(​ម្ចាស់ផ្ទះ​) ២.​ឈ្មោះ គង់ ឧសភា ភេទ​ប្រុស អាយុ​១៦​ឆ្នាំ មុខរបរ​និង​ទីលំនៅ​មិន​ពិតប្រាកដ ៣.​ឈ្មោះ រស់ សា​មិត្ត ភេទ​ប្រុស អាយុ​១៣​ឆ្នាំ មុខរបរ និង​ទីលំនៅ​មិន​ពិតប្រាកដ​។

នៅ​ក្នុង​កិច្ច​ប្រតិបត្តិការ​បង្ក្រាប​ទីតាំង​ចែកចាយ និង​ប្រើប្រាស់​ថ្នាំ​ញៀន​នេះ​លោក គួ​ច ចំរើន បាន​មាន​ប្រសាសន៍​បញ្ជាក់​ថា នៅ​ដើមខែ​សីហា​នេះ បាន​ចូលរួម​ប្រតិបត្តិការ ចុះ​ចាប់​ថ្នាំ​ញៀន​៤​លើក ដកហូត​បាន​ថ្នាំ​ញៀន​ចំនួន ៤០៧​កញ្ចប់ ឃាត់ខ្លួន​មនុស្ស ៣៤​នាក់​បញ្ជូន​ទៅ​តុលាការ​។ ថ្ងៃនេះ​ពេល​ព្រឹក ចុះ​ចាប់​នៅ​ផ្លូវ​លេខ​៥ កែង​ផ្លូវ​១៤៨ សង្កាត់​ផ្សារ​កណ្ដាល​១ បាន​២០​កញ្ចប់ មនុស្ស​៧​នាក់ ល្ងាច​នេះ​រហូត​កប់​ព្រលប់ ចុះ​នៅ​រោងចក្រ​ឆ្នាំង ផ្លូវ​រទេះភ្លើង សង្កាត់​បឹង​កក់​២ ជាប់​សង្កាត់​ស្រះ​ចក បាន​ថ្នាំ​ញៀន ២៤៣​កញ្ចប់ មនុស្ស​៣​នាក់​។

ថ្ងៃមុន​មើល​ហ្វេ​ស​ប៊ុ​ក ឃើញ​មន្ត្រីជាន់ខ្ពស់​ម្នាក់ គាត់​បង្ហោះ មិន​ត្រឹមតែ​អត់​លើកទឹកចិត្ត​ទេ ថែម​ទាំង​រិះគន់​ថា សមត្ថកិច្ច​យើង​អត់​ធ្វើ​អ្វី​សោះ និយាយ​យ៉ាង​ស្រួល តែ​សមត្ថកិច្ច អត់​សៅរ៍​អត់​អាទិត្យ​សោះ​។ លោក​សូម​កោតសរសើរ​លោក​វរៈសេនីយ៍ទោ ថោ​ង ពិសិដ្ឋ មេបញ្ជាការ​កងរាជអាវុធហត្ថ​ខណ្ឌដូនពេញ​ដែល​បាន​ខិតខំ​ដឹកនាំ​កម្លាំង​វាយ​បំបែក​ទីតាំង​ចែកចាយ និង​ប្រើប្រាស់​ថ្នាំ​ញៀន​ទាំងនេះ ៕