ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បើ​បង​មិន​បាន​អូន អូន​ក៏​មិន​អាច​បាន​ទៅ​អ្នក​ផ្សេង​ដែរ

7 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​ព្រោះតែ​តាម​ស្រលាញ់​នារី​ម្នាក់​ជា​ច្រើន​ខែ​មិន​បាន ក៏​ចូល​មក​ចាប់​ក្រៀក​នាង​ជាប់​ចាក់​ប្រហារ​ជា​ច្រើន​កាំបិត …

ខេត្តកំពង់ស្ពឺ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា បុរស​ម្នាក់​ព្រោះតែ​តាម​ស្រលាញ់​នារី​ម្នាក់​ជា​ច្រើន​ខែ​មិន​បាន ក៏​ចូល​មក​ចាប់​ក្រៀក​នាង​ជាប់​ចាក់​ប្រហារ​ជា​ច្រើន​កាំបិត រួច​ចាក់​ខ្លួនឯង​ធ្លាយ​ពោះវៀន​ចេញ​មក​ក្រៅ​គួរ​អោយ​ញញើត ។ ករណី​ឃាតកម្ម​នេះ​កើតឡើង​កាលពី​វេលា​ម៉ោង​៧ និង​៤៥​នាទី​ព្រឹក ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ​២០១៦ នៅ​ចំណុច​ផ្សារ​ឧដុង្គ ស្រុក​ឧដុង្គ​ខេត្តកំពង់ស្ពឺ ។

សមត្ថកិច្ច​ស្រុក​ឧដុង្គ​បាន​ឲ្យ​ដឹង​ថា នារី​រង​គ្រោះ​ឈ្មោះ ណែម ច​ន្ឋូ អាយុ​២៤​ឆ្នាំ មុខរបរ​ជាងកាត់ដេរ មាន​ទីលំនៅ​ភូមិ​ឃ្លាំង​ប្រាំ ឃុំ​វាំង​ចាស់ ស្រុក​ឧដុង្គ ចំណែក​បុរស​ដៃដល់​ឈ្មោះ​ស៊ឹ​ម ម៉ូត អាយុ​៣២​ឆ្នាំ មុខរបរ​ជាង​តោន និង​បាញ់ថ្នាំ​ឡាន មាន​ទីលំនៅ​ភូម​តា​ជាល ឃុំ​ព្រះ​ស្រែ ស្រុក​ឧដុង្គ ។

ប្រភព​ពី​សមត្ថកិច្ច​ស្រង់​សំដី​សាក្សី​នៅ​ជិត​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​នារី​រង​គ្រោះ​កំពុង​តែ​អង្គុយ​ដេរខោ​អាវ​នៅ​កន្លែង​កាត់ដេរ​របស់​ខ្លួន ស្រាប់តែ​បុរស​ខក​ស្នេហ៍​បាន​មក​ចាប់​ក្រៀក​នាង ហើយ​ចាក់​ប្រហារ​ជា​ច្រើន​កាំបិត បណ្តាល​ឲ្យ​ត្រដរខ្យល់​យ៉ាង​អាណោច​អ​ធ័ម​បំផុត ភ្លាម​ៗ​នោះ​ជន​ដៃដល់​ក៏​ចាក់​ខ្លួនឯង​ធ្លាយ​ពោះវៀន​ចេញមកក្រៅ​គួរ​ឲ្យញញើត ។

ក្រោយ​ពេល​កើតហេតុ នារី​រង​គ្រោះ​ត្រូវ​បាន​សាច់ញាតិ និង​អ្នក​ជិតខាង​បញ្ជូន​ទៅ​ស​ង្គ្រោះជីវិត តែ​អកុសល​បាន​ស្លាប់​បាត់បង់​ជីវិត​នៅ​ពាក់​កណ្តាលផ្លូវ ។

ប្រភព​ក្រៅផ្លូវការ​នៅ​កន្លែង​កើតហេតុ​បាន​បង្ហើប​ឲ្យ​ដឹង​ថា ជន​ដៃដល់​បាន​តាម​សុំ​ស្នេហ៍​នារី​រង​គ្រោះ​ច្រើន​ខែ​មក​ហើយ តែ​នារី​រង​គ្រោះ​មិន​ព្រម គាប់​ជួន​បង​របស់​នារី​រង​គ្រោះ​មាន​បំណង​យក​ប្អូនស្រី​ទៅ​រស់នៅ​បរទេស​ដោយ​មាន​បំណង​មិន​ចង់​ឲ្យ​ជន​ដៃដល់​ចេះ​តែ​មក​បង្កើត​ទំនាក់ទំនង​ជាមួយ​ប្អូនស្រី​ផង មិនយូរ​ប៉ុន្មាន​ដំណឹង​នេះ​ក៏​ដឹង​ដល់​ជន​ដៃដល់ ធ្វើ​ឲ្យ​ជន​ដៃដល់​មានការ​ខឹងសម្បារ​ជា​ខ្លាំង ហើយ​បាន​បោះពាក្យ​ថា «​បើ​បង​មិន​បាន​អូន អូន​ក៏​មិន​អាច​បាន​ទៅ​អ្នក​ផ្សេង​ដែរ ហើយ​បើ​បង​របស់​នាង​នៅ​តែ​មានះ​បំបែក​នាង​ចេញពី​ខ្លួន​ទៀត​ ជម្រើស​ចុង​ក្រោយ គេ​នឹង​សម្លាប់​នាង​មិន​ឲ្យ​មានជីវិត​ឡើយ ហើយ​ក៏​សម្លាប់​ខ្លួនឯង​ឲ្យ​ស្លាប់​ជាមួយ​គ្នា​ដែរ​» ។ ប៉ុន្តែ​សំណាងល្អ​ជន​ដៃដល់​គ្រាន់តែ​ធ្លាយ​ពោះវៀន ពេល​សមត្ថកិច្ច​មក​ដល់​ក៏​បាន​បញ្ជូន​តាម​រថយន្ត​ស​ង្គោះ ដើម្បី​បញ្ជូន​បន្ត​នៅ​មន្ទីរពេទ្យ​ក្រុងភ្នំពេញ ។

ទាក់ទង​នឹង​ករណី​នេះ​ដែរ បើ​ទោះជា​មានការ​លើក​ឡើង​បែប​នេះ​ក្តី ក៏​មិន​ទាន់​អាច​សន្និដ្ឋាន​ថា ជា​រឿង​ពិត​ឡើយ​ព្រោះ​ពុំ​មាន​ក្រុម​គ្រួសារ​នារី​រង​គ្រោះ​ណា​ម្នាក់​ចេញ​មុខ​មក​អះអាង​ឡើយ នេះ​គ្រាន់តែ​ជា​ការ​លើក​ឡើង​របស់​អ្នក​រកស៊ី​ក្បែរ​កន្លែង​នារី​រង​គ្រោះ​និយាយ​ត​គ្នា​តែ​ប៉ុណ្ណោះ ។ មូលហេតុ និង​រឿង​រ៉ាង​ពិត​យ៉ាងណា​នោះ ទាល់តែ​ក្រុម​គ្រួសារ​នារ​រី​រង​គ្រោះ​ណា​ម្នាក់​ចេញ​មុខ​មក​អះអាង ទើប​ដឹង​ការ​ពិត​ថា រឿងរ៉ាវ​យ៉ាងណា ៕