ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ធ្វើ​ជំនួញ​ក្នុង​វិស័យ​អចលន ទ្រព្យ​ត្រូវ​តែ​ហ៊ាន ទោះ​ក្នុង​ស្ថានភាព​ណា​ក៏​ដោយ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អចលនទ្រព្យ​ដែល​ជា​វិស័យ​ថ្មី​មួយ​សម្រាប់​ប្រទេស​កម្ពុជា បាន​ចាប់ផ្ដើម​មាន​សន្ទុះ​គួរ​ឱ្យ​កត់សម្គាល់ បន្ទាប់​ពី​វិបត្តិ​ហិរញ្ញវត្ថុ​សកលលោក​ក្នុង​ឆ្នាំ​២០០៨​មក ។ ចាប់តាំងពី​ឆ្នាំ​នោះ វិស័យ​មួយ​នេះ​បាន​ងើប

រាជធានី​ភ្នំពេញ ៖ អចលនទ្រព្យ​ដែល​ជា​វិស័យ​ថ្មី​មួយ​សម្រាប់​ប្រទេស​កម្ពុជា បាន​ចាប់ផ្ដើម​មាន​សន្ទុះ​គួរ​ឱ្យ​កត់សម្គាល់ បន្ទាប់​ពី​វិបត្តិ​ហិរញ្ញវត្ថុ​សកលលោក​ក្នុង​ឆ្នាំ​២០០៨​មក ។ ចាប់តាំងពី​ឆ្នាំ​នោះ វិស័យ​មួយ​នេះ​បាន​ងើបឡើង​យ៉ាង​ខ្លាំង ហើយ​វិនិយោគិន​ទាំង​ក្នុង និង​ក្រៅ​ស្រុក​បាន​សម្រុក​បណ្ដាក់ទុន​វិនិយោគ​ជា​បន្តបន្ទាប់​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ ធ្វើ​ឲ្យ​វិស័យ​មួយ​នេះ​មានការ​រីក​ដុះដាល​ទៅ​លើ​សំណង់​អគារ​ខ្ពស់​ៗ ការ​ងើបឡើង​នៃ​តម្លៃ​ដីធ្លី និង​លំហូរ​វិនិយោគិន​មក​ពី​ក្រៅប្រទេស​កាន់តែ​ច្រើន ។ ទន្ទឹម​នឹង​នោះ​ដែរ បច្ចុប្បន្ន​នេះ ក៏​មាន​មតិ​មួយ​ចំនួន​មានការ​ព្រួយបារម្ភ​ចំពោះ​ជោគវាសនា​នៃ​ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា ដោយ​លើក​ឡើង​ថា វា​នឹង​មាន​បញ្ហា ឬ​វិបត្តិ​កើតឡើង​ក្នុង​ពេល​ឆាប់​ៗ​ខាង​មុខ តែ​ក៏​មាន​មតិ​មួយ​ចំនួន​នៅ​តែ​អះអាង​ថា វា​គ្មាន​បញ្ហា​អ្វី​នោះ​ទេ ចំពោះ​វិស័យ​អចលនទ្រព្យ​នៅ​ពេល​បច្ចុប្បន្ន ។

លោកស្រី តាំង ហួរ អគ្គ​នាយិកា​ក្រុមហ៊ុន​អចលនទ្រព្យ​អមតៈ ដែល​បាន​ផ្ដល់​បទ​សម្ភាសន៍​ដល់​ទូរទស្សន៍​ក្នុងស្រុក​មួយ​បាន​ឲ្យ​ដឹង​ថា ក្នុង​ស្ថានភាព​នេះ វា​គ្មាន​បញ្ហា​អ្វី​នោះ​ទេ ហើយ​អ្នក​ដែល​ចង់រក​ស៊ីក្នុង​វិស័យ​នេះ គួរតែ​ចាប់ផ្ដើម បើ​ទោះបីជា​មាន​ពាក្យ​ចចាមអារ៉ាម​ថា វិស័យ​អចលនទ្រព្យ​បាន​ធ្លាក់​ចុះ​ក្ដី ។ លោកស្រី​មាន​ប្រសាសន៍​ថា ៖ « សម្រាប់​ខ្ញុំ​គិត​ថា បច្ចុប្បន្ន​នេះ វា​គ្មាន​បញ្ហា​នោះ​ទេ ក្នុង​វិស័យ​អចលនទ្រព្យ​គឺ​នៅ​ល្អ​ធម្មតា បើ​ទោះបីជា​មាន​អ្នកមួយ​ចំនួន​និយាយ​ថា វិស័យ​អចលនទ្រព្យ​នឹង​ធ្លាក់​ចុះ​សម្បើម​ក្តី ។ ម្យ៉ាងទៀត ក្នុង​នាម​យើង​ជា​អ្នក​រកស៊ី យើង​ត្រូវ​មាន​យុទ្ធសាស្ត្រ​រៀង​ៗ​ខ្លួន និង​មិន​ត្រូវ​ខ្វល់​ពី​យុទ្ធសាស្ត្រ​របស់​ក្រុមហ៊ុន​របស់​អ្នក​ដទៃ​ដែរ ហើយ​យើង​ក៏​មិន​គួរ​ធ្វើ​ដូច​ក្រុមហ៊ុន​ដទៃ​ដែរ ព្រោះថា​ក្រុមហ៊ុន​ផ្សេង​គេ​មាន​គោលដៅ​ផ្សេង ហើយ​ក្រុមហ៊ុន​យើង គឺ​មាន​គោលដៅ​ផ្សេង » ។

លោកស្រី​បន្ត​ថា សម្រាប់​អ្នក​ដែល​ចង់​រកស៊ី មិន​ថា​ក្នុង​វិស័យ​អចលនទ្រព្យ ឬ​វិស័យ​ផ្សេង​ៗ​ទៀត​ទេ ឱ្យ​តែ​ចេះ​សហការ គឺ​វា​នឹង​ធ្វើ​ឱ្យ​មុខ​ជំនួញ​រីក​ចម្រើន​ហើយ ។ លោកស្រី​ថា ៖ «​កាលពី​សម័យ​មុន បើកាលណា​យើង​ធ្វើ​មុខរបរ​ដូច​គ្នា គេ​នឹង​ចាត់​ទុក​យើង​ជា​ដៃគូ​ប្រកួតប្រជែង​។ តែ​សម័យនេះ ខុស​ប្លែក​ពី​សម័យ​មុន គឺ​មានការ​សហការ​គ្នា​បាន​ល្អ បើ​ទោះបីជា​មានមុខ​ជំនួញ​ដូច​គ្នា​ក៏​ដោយ ។ ជាក់ស្ដែង ពួក​យើង​បាន​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក រក​ដៃគូ​ឱ្យ​គ្នា​ទៅ​វិញ​មក និង​រក​ភ្ញៀវ​ឱ្យ​គ្នា ក្នុង​ករណី​ក្រុមហ៊ុន​យើង​មិន​អាច​ទទួល​បម្រើ​អតិថិជន​បាន​ច្រើន​ក្នុង​ពេល​តែ​មួយ » ។

លោកស្រី តាំង ហួរ បន្ថែម​ថា បើ​អ្នករក​ស៊ីក្នុង​វិស័យ​អចលនទ្រព្យ គឺ​ត្រូវ​មាន​ភាព​ក្លាហាន និង​ត្រូវ​ជ្រើសរើស​មើល​ដៃគូ​ដែល​ត្រឹមត្រូវ និង​ដៃគូ​ស្មោះត្រង់ ។ ជាក់ស្ដែង បច្ចុប្បន្ន​នេះ មាន​មនុស្ស​មួយ​ចំនួន​បាន​បង្អើល និង​បំផុស​នូវ​ពាក្យ​ចចាមអារ៉ាម​ថា វិស័យ​អចលនទ្រព្យ​មាន​បញ្ហា​នេះ បញ្ហា​នោះ ឬ​ធ្លាក់​ចុះ​ខ្លាំង​ជាដើម​។ ប៉ុន្តែ​បើសិនជា​អ្នករក​ស៊ីក្នុង​វិស័យ​អចលនទ្រព្យ ហើយ​មាន​ឆន្ទៈ​ក្នុង​ការ​ធ្វើ​មុខ​ជំនួញ​នោះ មិន​ត្រូវ​គិត​ពី​ពាក្យ​ចចាមអារ៉ាម​ទាំងនោះ​ទេ ។

លោកស្រី​បន្ថែម​ថា ៖ « បើ​យើង​ចង់​ធ្វើ ហើយ​ដើមទុន​តិចតួច យើង​គួរតែ​ធ្វើ​ទៅ ព្រោះថា ការងារ​ជា​អ្នក​បង្រៀន​យើង ហើយ​នៅ​ពេល​ដែល​យើង​ចាប់ផ្ដើម​ធ្វើ​វា​នោះ យើង​នឹង​មានគំនិត​ថ្មី​ៗ​ជា​បន្តបន្ទាប់​ទៀត​សម្រាប់​ជា​យុទ្ធសាស្ត្រ ក្នុង​ការ​ធ្វើ​មុខ​ជំនួញ ។ ម្យ៉ាងទៀត ការ​កសាង​សង់​ទំនុកចិត្ត​ដល់​អតិថិជន និង​ដៃគូ​របស់​យើង ក៏​ជា​ចំណុច​សំខាន់​មួយ ដែល​នឹង​ធ្វើ​ឱ្យ​អាជីវកម្ម​របស់​យើង​ទទួល​បាន​ជោគជ័យ ។ ការ​ធ្វើ​អាជីវកម្ម​ជោគជ័យ គឺ​ត្រូវ​ឱ្យ​ភ្ញៀវ​ជា​អ្នក​មក​រក​យើង​វិញ ដល់​ពេល​នោះ​យើង​ឈប់​ដើរ​រក​ភ្ញៀវ​ហើយ » ។
លោកស្រី​បញ្ជាក់​ទៀត​ថា សម័យ​បច្ចុប្បន្ន​មានការ​ងាយស្រួល​ច្រើន​ទៅ​លើ​ការ​សិក្សា ទទួល​បាន​បទ​ពិសោធន៍​ផ្សេង​ៗ​ពី​អ្នកជំនាញ និង អ្នក​ធ្លាប់​ធ្វើ​អាជីវកម្ម​ដែល​ទទួល​បាន​ជោគជ័យ ដូច​ជា មានការ​បើក​វគ្គ​បណ្ដុះបណ្ដាល​ខ្លី សិក្ខាសាលា​ចែករំលែក​បទ​ពិសោធន៍ ក្នុង​នោះ​ដែរ​ក៏​មាន​វគ្គ​ខ្លះ​មិន​គិតថ្លៃ​ទៀត​ផង​សម្រាប់​អ្នក​ចង់​រកស៊ី ឬ​ធ្វើ​អាជីវកម្ម​ណាមួយ ។ ដូចនេះ វា​ជា​ឱកាស​មួយ​ដ៏​ល្អ​សម្រាប់​អ្នកមាន​បំណង​ចង់​ក្លាយជា​អ្នក​រកស៊ី​ដោយ​ខ្លួនឯង ។

តាម​របាយការណ៍​របស់​ក្រសួង​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​បង្ហាញ​ថា រយៈពេល​៦​ខែ​ដំបូង​ក្នុង​ឆ្នាំ​២០១៦​នេះ បាន​បន្ត​ផ្តល់​លិខិតអនុញ្ញាត​សាងសង់​សរុប​ប្រមាណ​១.១៨៣​គម្រោង ដែល​ធ្វើ​ឱ្យ​ទុន​វិនិយោគ​កើនឡើង​៧៤៥% បើ​ធៀប​ទៅ​នឹង​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ។

របាយការណ៍​ដដែល​បង្ហាញ​ទៀត​ថា គិត​ចាប់ពី​ឆ្នាំ​២០០៥ មក​ដល់​ពាក់កណ្តាល​ឆ្នាំ​២០១៦​នេះ ការ​វិនិយោគ​របស់​បរទេស​នៅ​កម្ពុជា មាន​ទឹកប្រាក់​សរុប​ប្រមាណ​៤.២៧៦​លាន​ដុល្លារ ក្នុង​នោះ​កូរ៉េ​ខាងត្បូង​ជាប់​ចំណាត់ថ្នាក់​លេខ​១ ហើយ​ចិន សិង្ហ​បុរី ថៃ ម៉ា​ឡេ​ស៊ី និង​តៃវ៉ាន់ ស្ថិត​ក្នុង​លេខ​រៀង​បន្តបន្ទាប់ ។

បច្ចុប្បន្ន​នេះ សំណង់​អគារ​ដែល​មាន​កម្ពស់​ចាប់ពី​៥​ជាន់ឡើង​ទៅ​ក្នុង​រាជធានី​ភ្នំពេញ មាន​ចំនួន​៧៤១​អគារ ដែល​អគារ​ទាំងនោះ​ត្រូវ​បាន​ប្រើប្រាស់​ជា​អគារ​ស្នាក់​នៅ​រួម (​ខុន​ដូ និង​អា​ផាត​មិន​) អគារ​ពាណិជ្ជកម្ម អគារ​ការិយាល័យ និង​សណ្ឋាគារ​ជាដើម ៕