ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​មាន​ផល​ប៉ះពាល់​ទេ​នៅ​ពេល​គ្រូពេទ្យ​កាត់​ថង់​ប្រមាត់​ចោល?

7 ឆ្នាំ មុន

ថង់ទឹកប្រមាត់​មាន​ទំហំ​តូច​ដូច​ផ្លែ​ប៊័រ​ដែល​ស្ថិត​នៅ​ខាងស្តាំ​នៃ​រង្វង់​ពោះ​ពីក្រោម​ថ្លើម ថង់ទឹកប្រមាត់​មាន​តួនាទី​រក្សា​ទុក​ទឹកប្រមាត់​សម្រាប់​រំលាយ​អាហារ ដើម្បី​បញ្ចេញ​ទៅ​ក្នុង​ពោះវៀនតូច ចិញ្ចឹម​រាង​កាយ​ឱ្យ​

ថង់ទឹកប្រមាត់​មាន​ទំហំ​តូច​ដូច​ផ្លែ​ប៊័រ​ដែល​ស្ថិត​នៅ​ខាងស្តាំ​នៃ​រង្វង់​ពោះ​ពីក្រោម​ថ្លើម ថង់ទឹកប្រមាត់​មាន​តួនាទី​រក្សា​ទុក​ទឹកប្រមាត់​សម្រាប់​រំលាយ​អាហារ ដើម្បី​បញ្ចេញ​ទៅ​ក្នុង​ពោះវៀនតូច ចិញ្ចឹម​រាង​កាយ​ឱ្យ​មាន​ចលនា​ប្រព្រឹត្ត​ទៅ​ជា​ធម្មតា ។

ជុំវិញ​បញ្ហា​នេះ លោក​វេជ្ជបណ្ឌិត Jade Suphapol ជំនាញ​ផ្នែក​ថ្លើម លំពែង ថង់ទឹកប្រមាត់​នៃ​មន្ទីរពេទ្យ​វេជ្ជ​ថា​នី​ប្រចាំ​ប្រទេស​ថៃ បាន​ប្រាប់​កោះសន្តិភាព​ឲ្យ​ដឹង​ថា ជា​ទូទៅ​ជំងឺ​ក្រួស​ក្នុង​ទឹកប្រមាត់ មិន​មាន​សញ្ញា​អ្វី​នោះ​ទេ តែ​បើសិនជា​ដុំ​ក្រួស​នេះ​ធ្លាក់​ចូល​ទៅ​ក្នុង​បំពង់​របស់​វា នោះ​អាច​នឹង​ធ្វើ​ឲ្យ​មានការ​ស្ទះ​មិន​អាច​បញ្ចេញ​ទឹកប្រមាត់​បាន និង​បាន​ស្តែង​ឲ្យ​ដឹង​តាម​សញ្ញា​មួយ​ចំនួន​ដូច​ជា​៖

-​មានការ​ឈឺចាប់​ខ្លាំង​នៅ​ខាងលើ​ពោះ នៅ​នឹង​ខាងស្តាំ​នៃ​ពោះ
-​អាច​មានការ​ឈឺចាប់​នៅ​ខាងក្រោយ​ខ្នង​ត្រង់​ស្លាបប្រចៀវ
-​អាច​ឈឺ​នៅ​ស្មា​ខាងស្តាំ
-​ស្បែក​ឡើង​ពណ៌​លឿង ភ្នែក​លឿង
-​ក្តៅខ្លួន​ខ្លាំង​ជាដើម ។

លោក​វេជ្ជបណ្ឌិត​បាន​បន្ត​ទៀត​ថា ចំពោះ​មូលហេតុ​ដែល​បណ្តាល​ឲ្យ​កើត​មាន​ជំងឺ​ក្រួស​ក្នុង​ថង់​ប្រមាត់​នេះ​មាន​ដូច​ជា​៖
-​ការ​កើនឡើង​នូវ​ជាតិ​ខ្លាញ់​ក្នុង​ខ្លួន
-​ទឹកប្រមាត់​ធ្វើការ​ខុស​ប្រក្រតី
-​ឈាមស​ស៊ី​ឈាមក្រហម
-​ថង់ទឹកប្រមាត់​មិន​បាន​បញ្ចេញ​ទឹកប្រមាត់​អស់​ជាដើម ។

ការ​ព្យាបាល​ជំងឺ​ក្រួស​ក្នុង​ថង់ទឹកប្រមាត់​នេះ មាន​ពីរ​ជម្រើស​៖
១-​ការ​ប្រើប្រាស់​ថ្នាំ​ដើម្បី​រំលាយ​ក្រួសៈ ការ​ព្យាបាល​ប្រភេទ​នេះ​គឺ​ត្រូវ​ប្រើ​ពេលវេលា​យូរ​នៅ​ក្នុង​ការ​រំលាយ​ក្រួស​ទាំងនោះ ការ​ប្រើប្រាស់​ថ្នាំ​សម្រាប់​ព្យាបាល​កម្រ​នឹង​ប្រើ​ណាស់ ហើយ​អាច​ប្រើ​សម្រាប់​អ្នក​ដែល​មិន​អាច​ធ្វើការ​វះកាត់​តែ​ប៉ុណ្ណោះ ។

២-​ការ​វះកាត់​ថង់ទឹកប្រមាត់​ចោលៈ អ្នកជំងឺ​មួយ​ចំនួន​មិន​ចង់​ធ្វើការ​វះកាត់​ថង់​ប្រមាត់​ចោល​នោះ​ទេ ព្រោះ​ពួក​គាត់​យល់​ថាបើ​កាត់​ថង់​ប្រមាត់​ចោល​នោះ​នឹង​មិន​មាន​ទឹក​ប្រមាត់​​សម្រាប់​រំលាយ​អាហារ​ទេ ។ ទាំងនេះ​គឺជា​ការ​យល់​ខុស ព្រោះ​ថ្លើម​ជា​អ្នក​ផលិត​ទឹកប្រមាត់ ចំណែក​ថង់​ប្រមាត់​មាន​តួនាទី​រក្សា​ទឹកប្រមាត់ ដូច្នេះ​បើសិនជា​កើត​មាន​ជំងឺ​នេះ​ហើយ​ធ្វើការ​វះកាត់​ចោល​នោះ​មិន​មាន​ផល​រំខាន់​នៅ​ក្នុង​ការ​រំលាយ​អាហារ​ឡើយ​។ ផ្ទុយ​ទៅ​វិញ នៅ​ពេល​ដែល​កាត់​ថង់​ប្រមាត់​ចោល​ហើយ ទឹកប្រមាត់​នឹង​ហូរ​ចេញពី​ថ្លើម​ចូល​ទៅ​ពោះវៀនតូច​ដោយ​ផ្ទាល់​មិន​លំបាក​រំលាយ​អាហារ​នោះ​ទេ ។

គ្មាន​វិធី​អ្វី​អាច​ការពារ​មិន​ឲ្យ​កើត​មាន​ជំងឺ​ក្រួស​ក្នុង​ថង់ទឹកប្រមាត់​បាន​១០០​ភាគរយ​ទេ តែ​អាច​បង្ការ​បាន​ដោយ​គ្រាន់តែ​លោក​អ្នក​កាត់​បន្ថយ​នូវ​ការ​ទទួលទាន​អាហារ​ដែល​សម្បូរ​ទៅ​ដោយសារ​ជាតិ​ខ្លាញ់​ច្រើន និង​ត្រូវ​ធ្វើការ​តាមដាន​សុខភាព​ឲ្យ​បាន​ញឹកញាប់​ជាមួយ​គ្រូពេទ្យ​ជំនាញ ជា​ពិសេស​ត្រូវធ្វើ​លំ​ហាត់ប្រាណ​ឲ្យ​បាន​ទៀងទាត់​ទើប​ជា​ការ​ប្រសើរ ៕