ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អយ្យការ​អម​សាលាដំបូង ប្រកាស​ច្រានចោល​ខិត្តប័ណ្ណ និង​រឿង​ចាប់​ឈើ​មិន​ត្រូវ​គ្នា

7 ឆ្នាំ មុន

ខេត្ដក្រចេះ ៖ អយ្យការ​អម​សាលាដំបូង​ខេត្ត នៅ​ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ​២០១៦ បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ច្រានចោល ដោយ​ធ្វើការ​បដិសេធ​ទៅ​នឹង​ការ​ចោទប្រកាន់

ខេត្ដក្រចេះ ៖ អយ្យការ​អម​សាលាដំបូង​ខេត្ត នៅ​ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ​២០១៦ បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​ច្រានចោល ដោយ​ធ្វើការ​បដិសេធ​ទៅ​នឹង​ការ​ចោទប្រកាន់​ពី​ម​ជ្ឃ​ដ្ឋា​ន​មួយ​ចំនួន​មក​លើ​អយ្យការ​រង​ពីរ​រូប​ថា​មានជាប់​ពាក់ព័ន្ធ​នឹង​ករណី​បទល្មើស ។ តាម​ប្រភព​ព័ត៌មាន​មុន​នេះ បាន​បង្ហាញ​ពី​ការ​ចាប់​រថយន្ដ​ដឹកឈើ​សុ​ក្រំ​ដែល​ព្រះរាជអាជ្ញា​រង​ម្នាក់​ចាប់ ម្នាក់​សម្រួល ធ្វើ​ឲ្យ​មើលទៅ​ឃើញ​ថា​មិន​មានការ​ចុះសម្រុង​នឹង​គ្នា​នោះ​ទេ ។ 

សេច​ក្តី​ថ្លែងការណ៍​របស់​ស្ថាប័ន​អយ្យការ​អម​សាលាដំបូង​ខេត្ត​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​ហេតុការណ៍​ចំនួន​ពីរ​ករណី​បាន​ផ្ទុះ​ឡើង​ជាប់​ៗ​គ្នា​ក្នុងអំឡុងពេល​ពីរ​ថ្ងៃជា​បន្តបន្ទាប់​ដូច​ជា​ការ​បាច​ខិត្ដប័ណ្ណ​ដោយ​ជនអនាមិក​នៅ​ក្រុង​ក្រចេះ​ចោទប្រកាន់​លោក ហាក់ ហ៊ាន់ ព្រះរាជអាជ្ញា​រង​ថា​បាន​ប្រព្រឹត្ត​សកម្មភាព​អវិជ្ជមាន​មួយ​ចំនួន និង​ការ​បង្ក្រាប​បទល្មើស​ជាក់ស្តែង​រថយន្ត​ដឹកឈើ​មួយ​គ្រឿង​នៅ​ស្រុក​ស្នួល ថា​ជំនួញ​ល្មើសច្បាប់​នេះ​មាន​ទាក់ទង​ទៅ​នឹង​លោក សោ វុ​ទ្ធី ព្រះរាជអាជ្ញា​រង ។ ករណី​ទាំង​ពីរ​នេះ ស្ថាប័ន​អយ្យការ​ចាត់​ទុក​ថា​ជា​រឿង​ចោទប្រកាន់​មួលបង្កាច់​ខុស​ពី​ការ​ពិត ដែល​មិន​អាច​ទទួលយក​បាន ។ ករណី​ទាំងនេះ​ដែរ​ក៏​ត្រូវ​បាន​សារព័ត៌មាន​ក្នុងស្រុក​មួយ​ចំនួន​ចុះ​ផ្សាយ និង​ក៏​មានការ​បង្ហោះ​នៅ​លើ​បណ្តាញ​សង្គម​ទៀតផង ។

នៅ​ក្នុង​សេចក្តីថ្លែងការណ៍​របស់​ស្ថាប័ន​អយ្យការ​បាន​លើក​ឡើង​ថា អយ្យការ​សាលាដំបូង​ខេត្ត​បាន​សង្កេត​ឃើញ​ថា ទាក់ទិន​ទៅ​នឹង​ខិត្ដប័ណ្ណ​អនាមិក​លើ​រូប​លោក ហាក់ ហ៊ាន់ ព្រះរាជអាជ្ញា​រង និង​ករណី​បង្ក្រាប​បទល្មើស​ព្រៃឈើ​ជាក់ស្តែង​ដែល​ទាក់ទង​នឹង​លោក សោ វុ​ទ្ធី ព្រះរាជអាជ្ញា​រង មានការ​ចាប់អារម្មណ៍​ពី​សាធារណជន និង​មានការ​បង្ហោះ​តាម​បណ្តាញ​សង្គម​ព្រមទាំង​មានការ​ចាក់​ផ្សាយ​នៅ​តាម​កញ្ចក់​ទូរទស្សន៍​ក្នុងស្រុក​មួយ​ចំនួន ។
ក្នុង​សេចក្តីថ្លែងការណ៍​បាន​បង្ហាញ​ដោយ​លើក​ហេតុផល​ថា ៖

ករណី​ទី​១-​ការ​បាច​ខិត្ដប័ណ្ណ​នៅ​តាម​មណ្ឌល​ប្រឡង​នៅ​ក្នុង​ក្រុង​ក្រចេះ កាលពី​ថ្ងៃ​ទី​២២ ខែសីហា ដោយ​ចោទប្រកាន់​ទៅ​លើ​លោក ហាក់ ហ៊ាន់ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​ថា បាន​លួច​ប្រព្រឹត្ត​សកម្មភាព​អវិជ្ជមាន​ខុស​វិជ្ជាជីវៈ​នោះ ជា​ករណី​មិន​ពិតប្រាកដ​ទេ​ព្រោះ​គ្មាន​មូលដ្ឋាន និង​ភ័ស្តុតាង​ច្បាស់លាស់ ។

ករណី​ទី​២-​ជា​ករណី​បង្ក្រាប​បទល្មើស​ព្រៃឈើ​ជាក់ស្តែង​កាលពី​យប់​ថ្ងៃ​ទី​២៤ ខែសីហា ដោយ​មានការ​ចាប់ខ្លួន​ជន​ម្នាក់ ហើយ​ជនល្មើស​ម្នាក់​នោះ​បាន​ឆ្លើយ​ដាក់​លោក សោ វុ​ទ្ធី ព្រះរាជអាជ្ញា​រង ។ ប៉ុន្តែ​ក្រោយ​ពី​តំណាង​អយ្យការ​ជជីក​សួរនាំ​បាន​បញ្ជាក់​ថា រូបគេ​មិន​ដែល​ស្គាល់ឈ្មោះ សោ វុ​ទ្ធី ទេ តែ​ជនល្មើស​បាន​ឆ្លើយ​ថា​គឺ​ម្ចាស់​ឈើ​ឈ្មោះ ហេង ហើយ​ឈ្មោះ ហេង បាន​ប្រាប់​ថាបើ​មាន​គេ​ចាប់​ឲ្យ​ឆ្លើយ​ថា ឈើ​ទាំងនេះ​ជា​របស់​ឈ្មោះ សោ វុ​ទ្ធី ។
បើ​ទោះបីជា​មានការ​ច្រានចោល​បែប​ណា​ក្តី ក៏​រាល់​ការ​ចោទប្រកាន់​ទាំងនេះ ត្រូវ​បាន​លោក ហាក់ ហ៊ាន់ ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្ត​អះអាង​ថា កំពុង​តែ​មាន​វិធានការ​ស្រាវជ្រាវ​ជុំវិញ​ការ​បាច​ខិត្ដប័ណ្ណ និង​បទល្មើស​ព្រៃឈើនេះ ៕