ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្រឿងញៀ.ន​9​ខែ លទ្ធផល​នៃ​ការ​បង្ក្រាប​មាន​វិសាលភាព​ធំធេង​ណាស់​ សឹងតែ​គ្មាន​គុក​ដាក់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តាម​របាយការណ៍​បាន​បង្ហាញ​ថា ការ​បង្ក្រាប​បទល្មើស​គ្រឿងញៀ.ន​សរុប​រយៈពេល​៩​ខែ ឆ្នាំ​២០១៦ មាន​ចំនួន​២.២៦៥​ករណី ឃាត់ខ្លួន​៥.០៥៧​នាក់​(​ស្រី​៤៧៦​នាក់​)

រាជធានី​ភ្នំពេញ ៖ តាម​របាយការណ៍​បាន​បង្ហាញ​ថា ការ​បង្ក្រាប​បទល្មើស​គ្រឿងញៀន​សរុប​រយៈពេល​៩​ខែ ឆ្នាំ​២០១៦ មាន​ចំនួន​២.២៦៥​ករណី ឃាត់ខ្លួន​៥.០៥៧​នាក់​(​ស្រី​៤៧៦​នាក់​) ជនជាតិ​ខ្មែរ​៤.៩៥៨​នាក់​(​ស្រី​៤៥៧​នាក់​) និង​ជនបរទេស​១១​សញ្ជាតិ​មាន​ចំនួន​៩៩​នាក់ (​ស្រី​១៩​នាក់​)​រួម​មាន ជនជាតិ​វៀតណាម​៦០​នាក់​(​ស្រី​១៧​នាក់​), នី​ហ្សេ​រី​យ៉ា​១១​នាក់​, ស៊ុ​យ​អែ​ត​១​នាក់​, អា​មេ​រិ​ក​២​នាក់​, កូរ៉េ​ម្នាក់​, ចិន​១០​នាក់​(​ស្រី​ម្នាក់​), ថៃ​៣​នាក់​(​ស្រី​ម្នាក់​), ឡាវ​៨​នាក់​,ហ្វាំ​ង​ឡង់​ម្នាក់​, អូស្ត្រាលី​ម្នាក់ និង​រ៉ូ​ម៉ា​នី​ម្នាក់ ។

នេះ​បើ​យោង​តាម​របាយការណ៍​របស់​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្រសួងមហាផ្ទៃ​ដែល​អាន​ដោយ​លោក​ឧត្តមសេនីយ៍ឯក ខៀវ សា​ម៉​ន នាយក​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​ក្នុង​កិច្ចប្រជុំ​បូក​សរុប​ការងារ​ប្រយុទ្ធ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​រយៈពេល​៩​ខែ ឆ្នាំ​២០១៦ របស់​ផែនការ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​រៀបចំ​នៅ​សាល​ប្រជុំ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ក្រោម​អធិបតីភាព​នាយ​ឧត្តមសេនីយ៍ នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ​កាលពី​ព្រឹក​ថ្ងៃ​ទី​២៦​ខែសីហា ឆ្នាំ​២០១៦ ។

របាយការណ៍​ដដែល​បាន​ឲ្យ​ដឹង​ទៀត​ថា លទ្ធផល​ការងារ​ប្រយុទ្ធ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​រយៈពេល​៩​ខែ ឆ្នាំ​២០១៦ កម្ពុជា​នៅ​តែ​ទទួល​រងគ្រោះថ្នាក់​លើ​ការ​ដឹក​ជញ្ជូន​ការ​ជួញដូរ​គ្រឿងញៀន​ជ្រៀតចូល​ឆ្លងកាត់​តាម​ផ្លូវគោក ផ្លូវទឹក និង​ច្រក​អាកាស​ដោយសារ​ឥទ្ធិពល និង​ទំហំ​បទល្មើស​កើតឡើង​ច្រើន​តាម​តំបន់ ។ ជាក់ស្តែង​ក្នុង​រយៈពេល​៩​ខែ ឆ្នាំ​២០១៦​នេះ សកម្មភាព​មួយ​ចំនួន​ដែល​បង្ក្រាប​បាន​តាម​ច្រក​ព្រ​លាន​យន្តហោះ​៣​ករណី​ឃាត់ខ្លួន​៥​នាក់​(​ថៃ​ម្នាក់​ស្រី​) នី​ហ្សេ​រី​យ៉ា​៣​នាក់ និង​រ៉ូ​ម៉ា​នី​ម្នាក់​ក្នុង​នោះ រឹបអូស​កូ​កា​អ៊ី​ន​ជាង​៨​គីឡូក្រាម គឺ​ប្រភព​ចេញ​មក​ពី​ប្រទេស​អា​រ៉ាប់​រួម​និង​នី​ហ្សេ​រី​យ៉ា ។

នៅ​ច្រកព្រំដែន​គោក​កម្ពុជា​-​ឡាវ (​ខេត្តស្ទឹងត្រែង និង​ខេត្តព្រះវិហារ​) កើត​មាន​៥​ករណី​ឃាត់ខ្លួន​៦​នាក់​(​ខ្មែរ​២​នាក់ ឡាវ​៤​នាក់​) ត្រូវ​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​រឹបអូស​មេ​តំ​ហ្វេ​តា​មីន​(ICE)​បាន​២​គីឡូក្រាម ៧១៨​ក្រាម​។ លោក​ឧត្តមសេនីយ៍ឯក ខៀវ សា​ម៉​ន បាន​បញ្ជាក់​បន្ថែម​ថា គ្រឿងញៀន​ដែល​រឹបអូស​បាន​មាន​សារធាតុ​ញៀន​គ្រប់​ប្រភេទ​ទម្ងន់​សរុប​៦៥​គីឡូក្រាម ៥០០​ក្រាម​ក្នុង​នោះ មាន​មេ​តំ​ហ្វេ​តា​មីន​ម្សៅ​ក្រាម ICE ជាង​៤៤​គីឡូក្រាម​, មេ​តំ​ហ្វេ​តា​មីន​គ្រាប់​(WY) ជាង​៨​គីឡូក្រាម​, ហេ​រ៉ូ​អ៊ី​ន​ជាង​៣​គីឡូក្រាម​, កូ​កា​អ៊ីន​ជាង​៨​គីឡូក្រាម​, កេ​តា​មីន​ជាង​៦៩​ក្រាម​, អ៊ិ​ច​ស្តា​ស៊ី​ជាង​៩០០​ក្រាម​។ ដោយឡែក​កញ្ឆា​ក្រៀម​ជាង​៤​គីឡូក្រាម ដើម​កញ្ឆា​៦២.០២៣​ដើម និង​ប្រេង​ម្រះព្រៅភ្នំ​៩៥​គីឡូក្រាម ។

នៅ​ក្នុង​កិច្ចប្រជុំ​នោះ​ដែរ​លោកនាយ​ឧត្តមសេនីយ៍ នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ​បាន​មាន​មតិ​ថា ការ ប្រយុទ្ធ​ប្រឆាំង​គ្រឿង
ញៀន មិនមែន​ចប់​កណ្តាល​ទីនោះ​ទេ សមត្ថកិច្ច​ត្រូវ​បន្ត​ស្រាវជ្រាវ​ដល់​ឫសគល់​មេខ្លោង​ចែកចាយ​គ្រឿងញៀន​ខុសច្បាប់ ទោះបី​តុលាការ​បើក​សវនាការ​ចប់​ជា​ស្ថាន​ពរ​ក៏​ដោយ បន្ទាប់​មក​សមត្ថកិច្ច​ត្រូវ​តាមដាន​ទៀត​តើ​ការ​ទាក់ទង​រវាង​ទណ្ឌិត​នៅ​ក្នុង​គុក និង​ជនល្មើស វា​យ៉ាងម៉េច​?

ជាមួយ​គ្នា​នោះ​ដែរ លោកនាយ​ឧត្តមសេនីយ៍​អគ្គស្នងការ​នគរបាល​ជាតិ បាន​សំណូមពរ​ឲ្យ​ការ​បង្ក្រាប​នេះ​ធ្វើ​ឲ្យ​ដល់​ឫសគល់​មិនមែន​គ្រាន់តែ​បញ្ជូន​ជនល្មើស​ទៅ​តុលាការ​ហើយ​ចប់​រឿង​នោះ​ទេ ត្រូវ​ស្រាវជ្រាវ​ដល់​ឫសគល់​ថា​ករណី​នេះ​អ្នក​ណា​ជា​មេខ្លោង​ចែកចាយ​? តើ​អ្នក​ណា​ជា​អ្នក​ទទួលផល​ជាដើម​? សមត្ថកិច្ច​បាន​ធ្វើការ​មួយ​ជំហាន​ហើយ​ជាមួយ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ដើម្បី​សិក្សា​ឡើង​វិញ​ពី​បញ្ហា​នេះ ៕