ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ចាប់ខ្លួន​ជនសង្ស័យ​លួច​ម៉ូតូ​ម្នាក់ ទៅ​កាន់​សាលាដំបូង​ខេត្ត

7 ឆ្នាំ មុន

ខេត្តស្ទឹងត្រែង ៖ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៀត​ជាមួយ​សំណុំរឿង​ទៅ​កាន់​សាលាដំបូង នា​រសៀល​ថ្ងៃ​ទី​២៦ ខែសីហា

ខេត្តស្ទឹងត្រែង ៖ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៀត​ជាមួយ​សំណុំរឿង​ទៅ​កាន់​សាលាដំបូង នា​រសៀល​ថ្ងៃ​ទី​២៦ ខែសីហា ពី​បទ​លួច​ដែល​ប្រព្រឹត្ត​ជា​បន្តបន្ទាប់  ក្រោយ​ចាប់ខ្លួន​កាលពី​រសៀល ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ​២០១៦​។ លោក​វរៈសេនីយ៍ឯក ហោ វុ​ទ្ធី នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​បាន​ប្រាប់​ឲ្យ​ដឹង​ថា ជនសង្ស័យ​ខាងលើ​ត្រូវ​ជំនាញ​តាម​ឃាត់ខ្លួន​ក្រោយ​ការ​ស៊ើបអង្កេត​ជា​មុខសញ្ញា​ចាស់​ដោយ​មានការ​បញ្ជាក់​បង្ហាញ​ពី​ក្រុម​របស់​ខ្លួន ក្រោយ​ពី​សមត្ថកិច្ច​ជំនាញ​ចាប់ខ្លួន​កាលពី​យប់ ថ្ងៃ​ទី​២២​ខែសីហា នៅ​ឃុំ​ក្បាល​រមាស ស្រុក​សេ​សាន​កន្លង​ទៅ​។

លោកនាយ​ការិយាល័យ​បាន​បញ្ជាក់​ថា ម៉ូតូ​ដែល​កម្លាំង​នគរបាល​បាន​ដកហូត​ពី​ក្រុម​សង្ស័យ ក្រោយ​ធ្វើ​សកម្មភាព​លួច​បាន​សម្រេច​ហើយ​យក​ទៅ​ដើរ​លក់​ចំនួន​ពីរ​គ្រឿង កាលពី​ថ្ងៃ​ទី​២២ ខែសីហា​នោះ បាន​រក​ឃើញ​ម្ចាស់​ម្នាក់​ហើយ​នៅ​ភូមិ​ស្រែ​ពោធិ៍   ដោយឡែក​ម៉ូតូ​មួយ​គ្រឿង​ទៀត​នៅ​មិន​ទាន់​រក​ម្ចាស់​ឃើញ​នៅឡើយ​ទេ​។ គួរ​បញ្ជាក់​ថា ជនសង្ស័យ​មាន​គ្នា​ជា​ក្រុម ដោយ​កាលពី​យប់​ថ្ងៃ​ទី​២២ ខែសីហា កម្លាំង​នគរបាល​ចាប់ខ្លួន​បាន​ម្នាក់ និង​រត់គេច​ខ្លួន​បាត់​ម្នាក់ លុះ​នៅ​ព្រឹក​ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ​២០១៦ កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​ចាប់ខ្លួន​ជនសង្ស័យ​បាន​ម្នាក់​ទៀត និង​រត់គេច​ខ្លួន​ម្នាក់ ហើយ​ជន​ដែល​រត់គេច​ខ្លួន​លើក​ទី​២​នោះ​ជា​ជន​តែ​មួយ​ដែល​បាន​រត់គេច​ខ្លួន​ក្នុង​ករណី​យប់​ថ្ងៃ​ទី​២២ ខែសីហា​នោះ​ដដែល​។

មន្ត្រី​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​បាន​បន្ថែម​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ចាប់ខ្លួន​នេះ​មានឈ្មោះ ពី​ន សុ​ឃី​ន ភេទ​ប្រុស អាយុ​១៧​ឆ្នាំ រស់នៅ​ភូមិ​កោះ​សំពាយ  ឃុំកោះ​សំពាយ ស្រុក​សៀម​បូក បាន​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​មន្ត្រី​នគរបាល​ស្រុក  ដោយ​ធ្វើ​សកម្មភាព​មាន​គ្នា​ពីរ​នាក់ ត្រូវ​កម្លាំង​នគរបាល​ចាប់​ម្នាក់ និង​រត់គេច​ខ្លួន​ម្នាក់​។ ក្រោយ​សមត្ថកិច្ច​ចាប់ខ្លួន​ជនសង្ស័យ​រួម​នឹង​វត្ថុ​តាង​នៅ​រសៀល​ថ្ងៃ​ដដែល កម្លាំង​នគរបាល​ព្រហ្មទណ្ឌ​បាន​ប្រគល់​ម៉ូតូ​ជន​ទៅ​ម្ចាស់​ដើម​វិញ​ផង​ដែរ​។

លោក​វរៈសេនីយ៍ឯក ហោ វុ​ទ្ធី នាយការិយាល័យ​ព្រហ្មទណ្ឌ​កម្រិត​ស្រាល​បាន​បញ្ជាក់​ប្រាប់​កោះសន្តិភាព​ថា​ជនសង្ស័យ​ឈ្មោះ ពី​ន សុខ​ឃី​ន ជា​មុខសញ្ញា​ជាប់​ពន្ធនាគារ​ទើប​ចេញ ដែល​បាន​លួច​ម៉ូតូ​ប្រជាពលរដ្ឋ​នៅ​គីឡូម៉ែត្រ​លេខ​១២​ភូមិ​រា​ជានុ​កូ​ល សង្កាត់​ស្ទឹង​ត្រែង​កាលពី​ថ្ងៃ​ទី​៩​ហើយ​ត្រូវ​ចាប់ខ្លួន​ប​ញ្ចូ​ន​ទៅ​ពន្ធនាគារ​ថ្ងៃ​ទី​១៥ ខែធ្នូ ឆ្នាំ​២០១៥​។ សមត្ថកិច្ច​ឲ្យ​ដឹង​ថា ក្រុម​បក្ខពួក​ដែល​ធ្វើ​សកម្មភាព​លួច​ម៉ូតូ​ដែល​កម្លាំង​នគរបាល​ចាប់ខ្លួន និង​រត់គេច​ខ្លួន​ទាំងនោះ​សុទ្ធ​សឹង​ជា​កូន​អ្នក​ភូមិ​នៅ​ខេត្តស្ទឹងត្រែង​តែ​ម្តង​។ បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​ត្រូវ​កម្លាំង​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ផ្តន្ទាទោស​តាម​ច្បាប់​។ រីឯ​ជនសង្ស័យ​សកម្មភាព និង​ពូកែ​គេចខ្លួន​ម្នាក់​ទៀត​សមត្ថកិច្ច​កំពុង​បន្ត​តាម​ចាប់ខ្លួន​ផង​ដែរ​៕