ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

TrueMoney និង KOSIGN ចាប់​ដៃគូ​គ្នា​បង្កើត​សហប្រតិបត្តិការ​លើ​សេវា​បង់​វិក្កយបត្រ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ TrueMoney ដែល​ក្រុមហ៊ុន​វេរ​លុយ និង​ទូទាត់​វិក្កយបត្រ និង​ក្រុមហ៊ុន KOSIGN ដែល​ជា​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​ជួល​ម៉ាស៊ីន ATM/BDM, សេវាកម្ម Multi-Banking

រាជធានី​ភ្នំពេញ ៖ TrueMoney ដែល​ក្រុមហ៊ុន​វេរ​លុយ និង​ទូទាត់​វិក្កយបត្រ និង​ក្រុមហ៊ុន KOSIGN ដែល​ជា​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​ជួល​ម៉ាស៊ីន ATM/BDM, សេវាកម្ម Multi-Banking និង​សេវាកម្ម​ជា​ច្រើន​ទៀត បាន​ចាប់ដៃ​សហប្រតិបត្តិការ​លើ​សេវា​បង់​វិក្កយបត្រ​រវាង​ក្រុមហ៊ុន​ទាំង​ពីរ ដើម្បី​បង្ក​លក្ខណៈ​ដល់​អតិថិជន​របស់​ក្រុមហ៊ុន KOSIGN ។ កាលពី​ថ្ងៃ​ទី​២៣ សីហា ក្រុមហ៊ុន​ទាំង​ពីរ​ក៏​បាន​ចុះ​អនុស្សរណៈ​យោគយល់​លើ​កិច្ច​សហប្រតិបត្តិការ​នេះ​ដែរ នៅ​សណ្ឋាគារ​ភ្នំពេញ ។

តាម​សេចក្តី​ប្រកាស​ព័ត៌មាន​រូ​មរ​វាង​ក្រុមហ៊ុន​ទាំង​ពី​ថា តាម​រយៈ​កិច្ចព្រមព្រៀង​នេះ ក្រុមហ៊ុន KOSIGN នឹង​ក្លាយជា​ដៃគូ​សហការ (Super Biller) ដែល​មាន​សិទ្ធិ​ផ្ដល់​បន្ត​នូវ​សេវាកម្ម​បង់​វិក្កយបត្រ​របស់​ក្រុមហ៊ុន TrueMoney ទៅ​ឲ្យ​ក្រុមហ៊ុន​ដទៃ​ទៀត ។ ក្រុមហ៊ុន​ដែល​ជា Biller របស់ KOSIGN អាច​ប្រើប្រាស់ Web Platform ឈ្មោះ​ថា WeBill ដើម្បី​បង្កើត​វិក្កយបត្រ និង​គ្រប់គ្រង​របាយការណ៍ នៃ​ការ​ទូទាត់​វិក្កយបត្រ​ជូន​អតិថិជន ។

នៅ​ក្នុង​ពិធី​ចុះហត្ថលេខា​រវាង​ក្រុមហ៊ុន​ទាំង​ពីរ លោក Jung Tae Sung នាយក​ប្រតិបត្តិ​ក្រុមហ៊ុន KOSIGN បាន​លើក​ឡើង​ថា ការ​សហការ​គ្នា​នេះ ដោយសារ​តែ​ក្រុមហ៊ុន​ទាំង​ពីរ​មាន​ចក្ខុវិស័យ​ដូច​គ្នា ដោយ​គោលដៅ​នា​ពេល​អនាគត​របស់​ពួក​យើង គឺ​ក្លាយជា​ក្រុមហ៊ុន​លំដាប់​លេខ​១ ក្នុង​ជំនួញ​របស់​ពួក​យើង​មិន​ត្រឹមតែ​នៅ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ទេ ប៉ុន្តែ​នៅ​ប្រទេស​ក្នុង​តំបន់ ASEAN ផង​ដែរ ។

លោក​បន្ត​ថា «​ជំហាន​បន្ទាប់​របស់​ពួក​យើង គឺ​ធ្វើ​កិច្ច​សហប្រតិបត្តិការ​ទៅ​លើ​សេវាកម្ម​គ្រប់គ្រង​ប្រាក់បៀវត្ស​ន៍ និង​សេវាកម្ម​បង់ប្រាក់ Online និង Offline ។ ហើយ​សម្រាប់​សេវាកម្ម​គ្រប់គ្រង​បៀវត្ស​ន៍ ក្រុមហ៊ុន​ទាំង​ពីរ​គ្រោង​នឹង​ចាប់ផ្ដើម​ដំណើរការ​នា​ពេល​ឆាប់​ៗ​ខាង​មុខ​នេះ ចំណែកឯ​សេវាកម្ម​បង់ប្រាក់ Online និង Offline ពួក​យើង​កំពុង​តែ​សិក្សា​បន្ថែម​មុន​នឹង​ដំណើរការ » ។

លោក គង់ មាន នាយក​គ្រប់គ្រង​ទូទៅ​របស់​ក្រុមហ៊ុន TrueMoney ប្រចាំ​នៅ​កម្ពុជា បានឱ្យ​ដឹង​ថា សេវាកម្ម​នេះ​នឹង​ផ្ដល់​ភាព​ងាយស្រួល​ដល់ Billers ក៏​ដូច​ជា​អតិថិជន​របស់​ពួក​គាត់ ។ សម្រាប់ Billers ពួក​គាត់​អាច​បង្កើត​វិក្កយបត្រ និង​គ្រប់គ្រង​ការ​បង់​វិក្កយបត្រ​ដោយ​ខ្លួន​គាត់​ផ្ទាល់​តាម​រយៈ Web Platform ដែល KOSIGN បាន​ផ្ដល់​ឲ្យ ។

លោក​ថា «​តាម​រយៈ​ការ​ប្រើប្រាស់ Platform នេះ អាច​កាត់​បន្ថយ​ភាព​ភ័នច្រឡំ ភាព​ច្រំ​ដែល ការ​ចំណាយ​ផ្សេង​ៗ ក៏​ដូច​ជា​កាត់​បន្ថយ​ពេលវេលា​ផង​ដែរ ។ សម្រាប់​អតិថិជន​របស់ Billers មិន​ចាំបាច់​ចំណាយពេល​ទៅ​បង់​វិក្កយបត្រ​ដល់ទី​តាំង​នោះ​ទេ ហើយ​ម្យ៉ាងវិញទៀត​ភ្នាក់ងារ TrueMoney ក៏​មាន​ស្ទើរ​គ្រប់​ទីកន្លែង ហេតុនេះ​អតិថិជន​អាច​បង់​វិក្កយបត្រ​បាន​យ៉ាង​ងាយស្រួល​» ។

លោក​បញ្ជាក់​ថា បច្ចុប្បន្ន​នេះ​ក្រុមហ៊ុន​ទ្រូ​ម៉ា​ន់​នី មាន​ភ្នាក់ងារ​ជិត​៥.០០០​ទីតាំង ចាំ​ផ្ដល់​សេវាកម្ម​ជូន​អតិថិជន​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា ។ ក្រុមហ៊ុន​មាន​ការិយាល័យ​ចំនួន​៦​នៅ​ក្នុង​តំបន់​អាស៊ាន មាន​ប្រទេស​កម្ពុជា​, ថៃ​, ហ្វី​លី​ពី​ន​, ឥណ្ឌូ​នេ​ស៊ី​, មី​យ៉ា​ន់​ម៉ា និង​វៀតណាម ។

គួរ​បញ្ជាក់​ថា បច្ចុប្បន្ន​ក្រុមហ៊ុន​ទ្រូ​ម៉ា​ន់​នី កំពុង​តែ​មានឈ្មោះ​ល្បី​ខាង​សេវាកម្ម​ផ្ទេរ​ប្រាក់​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ដោយសារ​តែ​ក្រុមហ៊ុន​ទទួល​បាន​ទំនុកចិត្ត​ខ្ពស់​ពី​អតិថិជន តាម​រយៈ​ការ​ផ្ដល​ភាព​ងាយស្រួល សុវត្ថិភាព​ខ្ពស់ និង​ថ្លៃ​សេវា​សមរម្យ​ដោយ​ចំណាយ​ត្រឹមតែ​២.៥០០​រៀល​ប៉ុណ្ណោះ​ក្នុង​ការ​ផ្ទេរ​ប្រាក់​ម្ដង​ៗ ។ ម្យ៉ាងទៀត សេវាកម្ម​ផ្ទេរ​ប្រាក់​នៅ​ក្នុង​ប្រទេស​កម្ពុជា ក៏​កាន់តែ​ពេញ​និយម​ច្រើន​ពី​សំណាក់​ប្រជាពលរដ្ឋ ដូច​ជា​ការ​ផ្ទេរ​ប្រាក់​របស់​កម្មករ កម្មការិនី​ទៅ​កាន់​ឪពុក​ម្ដាយ បងប្អូន និង​ការ​ផ្ទេរ​ប្រាក់​ពី​ឪពុក​ម្ដាយ​ទៅ​អោយ​កូន​ៗ​សិក្សា​ជាដើម ៕