ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្ត​កាមរី​ដឹក​ឈើ​គ្រញូង​​ចាប់​ប្រគល់​ឱ្យ​ប៉ូលិស​​សេដ្ឋ​កិច្ច

15 ឆ្នាំ មុន

ខេត្ត​បន្ទាយ​មាន​ជ័យ ៖ រថយន្ត​កាមរី​ដឹក​ឈើ​​គ្រញូង​ចំនួន​៨​ដុំ ​ត្រូវ​បាន​កម្លាំង​ប៉ូលិស​​ស្រុក​មង្គល​បុរី ដេញ​តាម​​ប្រមាញ់​​រហូត​​ម្ចាស់​ភ័យ​​ស្លន់​ស្លោរ​រត់​ចោល​រថយន្ត​​ដ៏​ទំនើប​​គេចខ្លួន​បាត់​ស្រមោល​ ។ ការ​បង្ក្រាប​នេះ​បាន​ធ្វើ​ឡើង​​នៅ វេលា​ម៉ោង​​៣​រសៀល ថ្ងៃ​ទី​១១ មីនា ឆ្នាំ​២០១១ នៅ​ចំណុច​​ភូមិ​ត្រាង ឃុំ​បន្ទាយ​នាង ស្រុក​​មង្គល​បុរី ។

​លោក​វរ​សេនីយ៍​ត្រី ផុន សាលីម អធិការ​នគរ​បាល​​ស្រុក​មង្គល​បុរី បាន​ឱ្យ​ដឹង​ថា ​ដោយ​ការ​ចង្អុយ​​ណែ​នាំ​​ពី​លោក​ឧត្តម​សេនីយ៍​​ស្នង​ការ​​ក្នុង​ការ​ទប់​ស្កាត់​​ និង​បង្ក្រាប​​​នូវ​រាល់​បទ​ល្មើស ​ព្រម​ទាំង​​ការ​ផ្តល់​ព័ត៌​មាន​​ពី​ប្រជា​ពល​រដ្ឋ​​​បាន​ទាន់​​ពេល​ លោក​បាន​ចាត់​តាំង​​កម្លាំង​ធ្វើ​ការ​​ល្បាត​ស្រាវជ្រាវ។ ​ពេល​អ្នក​បើក​​​រថយន្ត​​ដឹក​ឈើ​គ្រញូង​ឃើញ​​កម្លាំង​សមត្ថ​កិច្ច​ល្បាត ​​​ក៏​ព្យា​យាម​បើក​រថយន្ត​​​គេច​​​ចូល​ទៅ​​​ភូមិត្រាង ឃុំ​បន្ទាយ​នាង ហើយ​រត់​គេច​ខ្លួន​បាត់​ ​ទើប​កម្លាំង​​របស់​លោក​បាន​នាំ​យក​​រថយន្ត​នោះ​​មក​កាន់​អធិ​ការ​ដ្ឋាន និង​ធ្វើការ​ប្រគល់​ឱ្យ​សមត្ថ​កិច្ច​ប៉ូលិស​​ប្រឆាំង​បទ​ល្មើស​​សេដ្ឋ​កិច្ច​ក្រសួង​មហា​ផ្ទៃ​​ និង​ប៉ូលិស​​ប្រឆាំង​បទ​ល្មើស​​សេដ្ឋ​កិច្ច​ខេត្ត ដើម្បី​ចាត់​ការ​បន្ត ។

​លោក​វរ​សេនីយ៍​ត្រី ចាប សុផា​ឫទ្ធិ នាយ​ការិយា​ល័យ​ប្រឆាំង​​បទ​ល្មើស​សេដ្ឋ​កិច្ច​នៃ ស្នង​ការ​ដ្ឋាន​នគរ​បាល​ខេត្ត ​និង​លោក​វរ​សេនីយ៍​​ទោ យិន ​ពិសិទ្ធ អនុ​ប្រធាន​ការិយា​ល័យ​ប្រឆាំង​បទ​ល្មើស​​សេដ្ឋ​កិច្ច​នៃ​នាយក​ដ្ឋាន​ប្រឆាំង​បទ​ល្មើស​សេដ្ឋ​កិច្ច​បាន​ឱ្យ​ដឹង​ថា ​ពួក​ឈ្មួញ​ទុច្ចរិត​ដែល​រក​ស៊ីលួច​ដឹក​ឈើ​គ្រញូង​ ច្រើន​តែ​​ប្រើ​ប្រាស់​រថយន្ត​ទំនើប​​ៗហើយ​​​ស្លាក​លេខ​រថយន្ត​ទៀត គឺ​ពួក​គេ​ប្រើ​ប្រាស់​មិន​តិច​ជាង​២​​ទេ ​ដើម្បី​បំភ័ន្ត​ភ្នែក​សមត្ថ​កិច្ច​​។ ជាក់​ស្តែង​​ដូច​រថយន្ត​​​ដែល​សមត្ថ​កិច្ច​​​បង្ក្រាប​បាន​​នេះ ​ជា​ប្រភេទ​រថយន្ត​កាមរី​ឆ្លាម​ ពណ៌​ស ស៊េរី​ឆ្នាំ​២០០២ ដឹក​ឈើ​​គ្រញូង​ចំនួន​៨​កំណាត់ និង​មាន​​ស្លាក​លេខ​ចំនួន​២ គឺ​ស្លាក​លេខ​ទី​១ ភ្នំពេញ 2I-1653 និង​ទី២ ភ្នំពេញ 2M-6703 ។

​លោក​វរ​សេនីយ៍​ទោ យិន ​ពិសិទ្ធ បាន​បន្ត​ថា ឈើ​គ្រញូង​ទាំង​៨កំណាត់ ​និង​រថយន្ត​​បាន​ប្រគល់​ឱ្យ​​ជំនាញ​មេ​ព្រៃ​​ខេត្ត​បន្ទាយ​មាន​ជ័យ​រក្សា​ទុក។ ​ឈើ​​គ្រញូង​ទាំង​៨​កំណាត់​​​នោះ​បើ​តាម​ការ​វាស់​វែង​ក្នុង​១​កំណាត់​ស្មើ​នឹង​២​ម៉ែត្រ គិត​សរុប​គឺ​ស្មើ​០,៧៨៤​ម៉ែត្រ​គូប ៕