ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កាត់ទោស​អតីត​សមាជិក​ព្រឹទ្ធសភា​ម្នាក់​ជាប់គុក​១៨​ខែ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អតីត​សមាជិក​ព្រឹទ្ធសភា​ម្នាក់​ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ប្រកាស​សាលក្រម​កាលពី​រសៀល​ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ​២០១៦ ដាក់​ពន្ធនាគារ​រយៈ​១៨​ខែ…

រាជធានី​ភ្នំពេញ ៖ អតីត​សមាជិក​ព្រឹទ្ធសភា​ម្នាក់​ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ប្រកាស​សាលក្រម​កាលពី​រសៀល​ថ្ងៃ​ទី​២៥ ខែសីហា ឆ្នាំ​២០១៦ ដាក់​ពន្ធនាគារ​រយៈ​១៨​ខែ ពី​បទ​ក្លែងបន្លំ និង​ប្រើប្រាស់​លិខិត​ក្លែង ពាក់ព័ន្ធ​នឹង​ករណី​ប្លន់​យក​ដី​របស់​ក្រុមហ៊ុន​វិនិយោគទុន​ជប៉ុន​មួយ​ទំហំ​ជាង​មួយ​ពាន់​ហិ​កតា ដែល​មាន​ទីតាំង​ស្ថិត​នៅ​ក្រុង​តា​ខ្មៅ និង ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល ។

ឈ្មោះ ពៅ សិទ្ធិ អតីត​សមាជិក​ព្រឹទ្ធសភា​គណបក្ស​ហ្វ៊ុ​ន​ស៊ិ​ន​ប៉ិច​ត្រូវ​បាន​សាលាដំបូង​រាជធានី​ភ្នំពេញ​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​កាលពី​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០១៥ ។

ដើមចម​នៃ​ការ​ផ្តន្ទាទោស​នេះ បាន​កើតឡើង​ដោយសារ​ឈ្មោះ ពៅ សិទ្ធិ បាន​ឃុបឃិត​ជាមួយ​មនុស្ស​មួយ​ចំនួន​ទៀត បង្កើត​ជា​ប្រព័ន្ធ​ខុសច្បាប់​ក្លែង​ឯកសារ យក​ទៅ​ប្តឹង​នៅ​តុលាការ​ខេត្តកណ្តាល ក្នុង​បំណង​ស៊ីដាច់​ដី​ជាង​មួយ​ពាន់​ហិ​កតា​របស់​អ្នក​វិនិយោគ​ជនជាតិ​ជប៉ុន ប៉ុន្តែ​ត្រូវ​បាន​សាលាឧទ្ធរណ៍ និង​តុលាការ​កំពូល​បដិសេធ​ចោល​វិញ ហើយ​សម្រេច​ប្រគល់​ដី​ទំហំ​ជាង​មួយ​ពាន់​ហិ​កតា​នេះ​ទៅ​ឲ្យ​ក្រុមហ៊ុន​វិនិយោគ​វិញ បន្ទាប់​ពី​ចំណាយ​អស់​រយៈពេល​ជាង​៤​ឆ្នាំ​រួច​មក ។

នៅ​ថ្ងៃ​ទី​៩ ខែកក្កដា ឆ្នាំ​២០១៥ លោក អ៊ឹម ឈុ​ន​លឹ​ម អតីតរដ្ឋមន្ត្រី​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ធ្វើ​លិខិត​ទៅ​ប្រធាន​តុលាការ​កំពូល ដើម្បី​សុំ​ការ​បំភ្លឺ​លើ​សំណុំរឿង​នេះ ។ បន្ទាប់​មក​នៅ​ថ្ងៃ​ទី​១៧ ខែកក្កដា ឆ្នាំ​២០១៥ លោក​រដ្ឋមន្ត្រី អ៊ឹម ឈុ​ន​លឹ​ម ក្នុង​នាម​តំណាង​ក្រសួង​រៀបចំ​ដែនដី នគរូបនីយកម្ម និង​សំណង់ បាន​ដាក់​ពាក្យបណ្តឹង​ប្តឹង​ទៅ​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ដើម្បី​អន្តរាគមន៍​ឃាត់ខ្លួន​ឈ្មោះ ពៅ សិទ្ធិ យក​មក​ផ្តន្ទាទោស​តាម​ច្បាប់​តែ​ម្តង ។

គួរ​កត់​សម្គាល់ថា នៅ​ថ្ងៃ​ប្រកាស​សាលក្រម​ខាងលើ​នេះ មាន​គ្រប់​ភាគី​ចូលរួម​ស្តាប់​ក្នុង​សាល​សវនាការ​ជំនុំជម្រះ ។ ក្នុង​នោះ​មាន​លោក SCIARONI មេធាវី​តំណាង​ភាគី​ជប៉ុន ព្រមទាំង​មេធាវី​ផ្សេង​ទៀត​តំណាង​ឲ្យ​ភាគី​ក្រុមហ៊ុន មីន យូ ឃូ​ល​ឆឺ ហ្វោ​ន​ដេ​ស្ហិ​ន ៕