ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

OPIC​ផ្ដល់​125​លាន​ដុល្លារ​ដល់​ធនាគារ​អេ​ស៊ី​លី​ដា គាំទ្រ​ហិរញ្ញប្បទាន​នៅ​កម្ពុជា

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ធនាគារ​អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី ដែល​ធនាគារពាណិជ្ជ​ឈានមុខ​គេ​នៅ​កម្ពុជា បាន​ប្រកាស​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ទី​២៤ សីហា កន្លង​មក​ថា សាជីវកម្ម​វិនិយោគឯកជន​ក្រៅប្រទេស ហៅ​កាត់​ថា

រាជធានី​ភ្នំពេញ ៖ ធនាគារ​អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី ដែល​ធនាគារពាណិជ្ជ​ឈានមុខ​គេ​នៅ​កម្ពុជា បាន​ប្រកាស​ជា​ផ្លូវការ​កាលពី​ថ្ងៃ​ទី​២៤ សីហា កន្លង​មក​ថា សាជីវកម្ម​វិនិយោគ​ឯកជន​ក្រៅប្រទេស ហៅ​កាត់​ថា OPIC ដែល​ជា​ស្ថាប័ន​អភិវឌ្ឍន៍​ហិរញ្ញវត្ថុ​របស់​រដ្ឋាភិបាល​សហរដ្ឋអាមេរិក បាន​ចុះ​កិច្ចព្រមព្រៀង​ផ្ដល់​ហិរញ្ញប្បទាន​ដល់​ធនាគារ​អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី ចំនួន​១២៥​លាន​ដុល្លារ​អា​មេ​រិ​ក​ដើម្បី​គាំទ្រ​សហគ្រាស​ខ្នាត​តូច​បំផុត ខ្នាត​តូច និង​ខ្នាត​មធ្យម (MSMEs)​។ ហិរញ្ញប្បទាន​នេះ ជំរុញ​ឲ្យ​មាន​កំណើន​សេដ្ឋកិច្ច ឱកាស​ការងារ ផលិតផល និង​សេវាកម្ម​ក្នុង​វិស័យ​ឯកជន​នៅ​ប្រទេស​កម្ពុជា​។ នេះ​បើ​យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ធនាគារ​អេ​ស៊ី​លី​ដា ។

លោក​បណ្ឌិត អិុ​ន ចាន់​នី ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ​អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី បាន​មាន​ប្រសាសន៍​ថា ៖  « ការ​ទទួល​បាន​ហិរញ្ញប្បទាន​រយៈពេល​វែង​ពី OPIC ពិតជា​មាន​សារសំខាន់​ខ្លាំង​ណាស់​សម្រាប់​ធនាគារ​អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី ដើម្បី​ពង្រីក​លទ្ធភាព​ការ​ផ្តល់​កម្ចី​ទៅ​សហគ្រាស​ខ្នាត​តូច​បំផុត ខ្នាត​តូច និង​ខ្នាត​មធ្យម នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា ដែល​មាន​តម្រូវការ​ហិរញ្ញប្បទាន​សម្រាប់​ចាប់ផ្តើម និង​ពង្រីក​ធុរកិច្ច ព្រមទាំង​បង្កើន​ចំណូល ។ លើស​ពី​នេះ​ទៀត ហិរញ្ញប្បទាន​របស់ OPIC អាច​រួមចំណែក​បង្កើន​ប្រភព​ទុន​យុទ្ធសាស្ត្រ​របស់​ធនាគារ​អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី ជា​ធនាគារ​ឈានមុខ​គេ​នៅ​ក្នុង​ទីផ្សារ​ហិរញ្ញវត្ថុ​កម្ពុជា » ។

អ្នក​នាង អី​លី​ហ្សា​បេ​ត អែ​ល​. លី​ថ​ល​ហ្វីល ប្រធាន​នាយក​ប្រតិបត្តិ​របស់ OPIC បាន​មាន​ប្រសាសន៍​ថា ៖ « ស្ថាប័ន​យើងខ្ញុំ​មាន​ក្តី​សោមនស្ស​រីករាយ​ដែល​បាន​សហការ​ជាមួយ​ធនាគារ​អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី ។  ហិរញ្ញប្បទាន​របស់ OPIC នឹង​ផ្តល់​លទ្ធភាព​ដល់​ធនាគារ​អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី ក្នុង​ការ​ផ្តល់​ហិរញ្ញប្បទាន​ដល់​សហគ្រាស​ខ្នាត​តូច​បំផុត ខ្នាត​តូច និង​ខ្នាត​មធ្យម​បន្ថែម​ទៀត ដើម្បី​អភិវឌ្ឍន៍​ធុរកិច្ច​ចីរភាព​នៅ​ក្នុង​ប្រទេស​កម្ពុជា ព្រមទាំង​ធ្វើ​ឲ្យ​ជីវភាព​រស់នៅ និង​ការ​ធ្វើ​ធុរកិច្ច​របស់​ពលរដ្ឋ​កម្ពុជា​កាន់តែ​មាន​ភាពល្អ​ប្រសើរ​ឡើង » ។

គួរ​បញ្ជាក់​ថា OPIC ជា​ស្ថាប័ន​អភិវឌ្ឍន៍ ហិរញ្ញវត្ថុ​របស់​រដ្ឋាភិបាល​សហរដ្ឋអាមេរិក ។ ស្ថាប័ន​នេះ ធ្វើ​សញ្ជ័យ​មូលធន​ឯកជន​ដើម្បី​គាំទ្រ​គម្រោង​អភិវឌ្ឍន៍​សំខាន់​ៗ​ឆ្លើយ​តប​ទៅ​នឹង​អាទិភាព​សន្តិសុខ​ជាតិ និង​គោលនយោបាយ​ការ​បរទេស​របស់​រដ្ឋាភិបាល​អា​មេ​រិ​ក ។ ដោយ OPIC វិនិយោគ​ជាមួយ​វិស័យ​ឯកជន​សហរដ្ឋអាមេរិក OPIC បាន​ជំរុញ​ឲ្យ​ធុរកិច្ច​របស់​សហរដ្ឋអាមេរិក​បោះ​ជំហាន​ទៅ​ក្នុង​ទីផ្សារ​ដែល​កំពុង​អភិវឌ្ឍន៍ មាន​ចំណូល​ខ្ពស់ ផ្តល់​ឱកាស​ការងារ​ទាំង​ក្នុង និង​ក្រៅប្រទេស​។ OPIC សម្រេច​បេសកកម្ម​តាម​រយៈ​ការ​ផ្តល់​ហិរញ្ញប្បទាន​ដល់​វិនិយោគិន ផ្តល់​ការ​ធានា​ហានិភ័យ​នយោបាយ និង​គាំទ្រ​មូលនិធិ​វិនិយោគឯកជន នៅ​ពេល​ដែល​មូលនិធិ​ពាណិជ្ជកម្ម​មិន​អាច​រកបាន​ពី​ប្រភព​ផ្សេង ។

OPIC ត្រូវ​បាន​បង្កើត​ឡើងជា​ទីភ្នាក់ងារ​របស់​រដ្ឋាភិបាល​សហរដ្ឋអាមេរិក​ក្នុង​ឆ្នាំ​១៩៧១ ហើយ​ធ្វើ​ប្រតិបត្តិការ​ស្វ័​យ​និរន្តរភាព ដោយ​មិន​ពឹងផ្អែក​លើ​ចំណាយ​ពន្ធ​របស់​ប្រជា​ពលរដ្ឋ​សហរដ្ឋអាមេរិក ។ រាល់​គម្រោង​ហិរញ្ញប្បទាន​របស់ OPIC បាន​គោរព​យ៉ាង​ខ្ជាប់ខ្ជួន​តាម​បទដ្ឋាន​បរិស្ថាន​និង​សង្គម សិទ្ធិ​មនុស្ស និង​សិទ្ធិ​ពលករ​។ កំណត់​ដោយ​អាណត្តិ​​ដែល​មាន​បទដ្ឋាន​ខ្ពស់ OPIC មាន​គោលបំណង​លើកតម្កើង​បទដ្ឋាន​ឧស្សាហកម្ម​នៅ​តាម​តំបន់​នៃ​ប្រទេស​នានា​ដែល OPIC ផ្តល់​ហិរញ្ញប្បទាន ។ សេវាកម្ម​ផ្តល់​ហិរញ្ញប្បទាន​របស់ OPIC សម្រាប់​សហគ្រាស​ថ្មី ឬ​ការ​ពង្រីក​ធុរកិច្ច​ក្នុង​ប្រទេស​ជាង​១៦០​ប្រទេស​នៅ​ទូ​ទាំង​ពិភពលោក ។

បច្ចុប្បន្ន ធនាគារ​អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី បាន​បង្កើត​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ចំនួន​៥​គឺ ធនាគារ​អេ​ស៊ី​លី​ដា ឡាវ​, អេ​ស៊ី​លី​ដា ស៊ី​ឃ្យួ​រឹ​ធី ភី​អិ​ល​ស៊ី​, វិទ្យាស្ថាន​ពាណិជ្ជ​សាស្ត្រ អេ​ស៊ី​លី​ដា​, ស្ថាប័ន​មីក្រូហិរញ្ញវត្ថុ អេ​ស៊ី​លី​ដា មី​យ៉ា​ន់​ម៉ា និង​អេ​ស៊ី​លី​ដា ប្រូ​ភើ​ធី អិ​ល​ធី​ឌី ព្រមទាំង​មាន​ការិយាល័យ​តំណាង​មួយ​នៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា​។

ធនាគារ​អេ​ស៊ី​លី​ដា ភី​អិ​ល​ស៊ី ផ្តល់​ផលិតផល និង​សេវាកម្ម​ហិរញ្ញវត្ថុ​ជូន​ដល់​សាធារណជន​គ្រប់​មជ្ឈដ្ឋាន​ក្នុង​សហគមន៍​អស់​រយៈពេល​ជាង​២៤​ឆ្នាំ​។ ការ​បម្រើ​សេវាកម្ម​ហិរញ្ញ​វត្ថុ​ជូន​ដល់​អតិថិជន​ទាំង​វិស័យ​ឯកជន និង​សាធារណៈ តាម​រយៈ​បណ្តាញ​ប្រតិបត្តិការ​រហូត​២៥៨​សាខា​ទូ​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា​, ៤១​ការិយាល័យ​នៅ​ប្រទេស​ឡាវ និង​៦​ការិយាល័យ​នៅ​ប្រទេស​មី​យ៉ា​ន់​ម៉ា ដែល​មានទ្រព្យ​សកម្ម​សរុប​ចំនួន​ជាង​៤,៣៤​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក សមតុល្យ​ឥណទាន​សរុប​ចំនួន​២.៧២២​លាន​ដុល្លារ​អា​មេ​រិ​ក និង​ប្រាក់​បញ្ញើ​សន្សំ​សរុប​ចំនួន​៣.០៨៥​លាន​ដុល្លារ​អា​មេ​រិ​ក គិត​ត្រឹម​ខែកក្កដា ឆ្នាំ​២០១៦​នេះ ៕