ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វេន សំណាង កំពុង​រង​ទុក្ខ​បាក់ដៃ​លោក​ខេ​ម​ឃ្មាតខ្មី​ទៅ​ជួយ​ជូត​ទឹកភ្នែក​ឱ្យ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កាលពី​រសៀល​ថ្ងៃ​ទី​២៤ សីហា មុន​នេះ តារាចម្រៀង​ខេ​ម និង​ប្រធាន​អង្គការ​«​ខ្ញុំ​ខ្មែរ​» អមដំណើរ​ដោយ​តារា​សិល្បៈ និង​សប្បុរសជន​ជា​ច្រើន បាន​ចុះ​ទៅ​ដល់​ក្លិប​ប្រដាល់​លោក ឡុ​ង សា​វ័​ន្ត

រាជធានី​ភ្នំពេញ ៖ កាលពី​រសៀល​ថ្ងៃ​ទី​២៤ សីហា មុន​នេះ តារាចម្រៀង​ខេ​ម និង​ប្រធាន​អង្គការ​«​ខ្ញុំ​ខ្មែរ​» អមដំណើរ​ដោយ​តារា​សិល្បៈ និង​សប្បុរសជន​ជា​ច្រើន បាន​ចុះ​ទៅ​ដល់​ក្លិប​ប្រដាល់​លោក ឡុ​ង សា​វ័​ន្ត ហើយ​បាន​រួម​គ្នា​បរិច្ចាគ​ប្រាក់​មួយ​ចំនួន ដោយ​មាន​អង្ករ​ផង ជួយ​ដល់​កីឡាករ វេន សំណាង ដែល​កំពុង​រង​ទុក្ខ​បាក់ដៃ​ដោយសារ​ឡើង​ប្រដាល់​នៅ​លើ​សង្វៀន​ទូរទស្សន៍ PNN កាលពី​ថ្ងៃ​ទី​២១ សីហា ។ កីឡាករ​វេន សំណាង បាន​បង្ហាញអារម្មណ៍​ត្រេកអរ​យ៉ាង​ខ្លាំង បន្ទាប់​ពី​តារាចម្រៀង​ខេ​ម​ចុះ​មក​ជួយ​ជូត​ទឹកភ្នែក​ឱ្យ​លោក​ដល់​កន្លែង និង​ថា ថវិកា​និង​អង្ករ​ដែល​លោកខេ​ម និង​ប្រធាន​អង្គការ​«​ខ្ញុំ​ខ្មែរ​»​យក​មក​ប្រគល់​ឱ្យ​នា​ពេល​នោះ គឺ​ចំ​ពេល​ដែល​លោក​កំពុង​ត្រូវការ​ខ្លាំង​បំផុត​។

កីឡាករ​វេន សំណាង បាន​អះអាង​ថា ដោយសារ​តែ​លោក​ឡើង​ប្រដាល់​នៅ​លើ​សង្វៀន​ទូរទស្សន៍ PNN កាលពី​ថ្ងៃអាទិត្យ​ទី​២១ សីហា ជាមួយ​កីឡាករ​មាន​ប្រវត្តិ​ប្រកួត​ជាង​១០០​លើក មាន​បច្ចេកទេស​ប្រកួត​ល្អ​ជាង​ខ្លួន ទើប​ធ្វើ​ឱ្យ​លោក​បរាជ័យ​ថែម​ទាំង​មាន​គ្រោះថ្នាក់​បាក់ដៃ​ទៀត​ផង​នៅ​ពេល​ប្រថុយ​វាយលុក ។ លោក​ថា មុន​ពេល​បាក់ដៃ​លោក​មាន​របួស​បាក់ឆ្អឹង​ជំនីរ​ម្ដង​ហើយ ប៉ុន្តែ​លោក​លាក់​គ្រូបង្វឹក​ព្រោះតែ​ចង់​ឡើង​ប្រកួត​ឱ្យ​បាន​ញឹកញាប់​គ្រាន់​បាន​ប្រាក់​ចិញ្ចឹមជីវិត ។ លោក​ថា  ការ​ប្រកួត​មុន​ៗ​លោក​ជួប​គូប្រកួត​ល្មម​ៗ​គឺ​តែង​ទទួល​បាន​ជ័យជម្នះ ហើយ​បើ​ទោះជា​ចាញ់​ក៏​មិន​ដែល​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ដល់​ខ្លួន​ដែរ ។ លើកលែងតែ​ការ​ប្រកួត​កាលពី​ថ្ងៃ​ទី​២១ សីហា មុន​នោះ​ប៉ុណ្ណោះ ដែល​បណ្ដាល​ឱ្យ​លោក​បាក់ឆ្អឹង​ដៃ  ហើយ​ថវិកា​ដែល​ទទួល​បាន​ពី​ការ​ប្រកួត​ក៏​មិន​គ្រប់​ក្នុង​ការ​ព្យាបាល​ដែរ ។ អ្វី​ដែល​គួរ​ឱ្យ​សង្វេគ​ទៀត​នោះ គឺ​ម្ដាយ​របស់​លោក​ដែល​ស្ថិត​នៅ​ស្រុក​ស្នួល ខេត្តក្រចេះ បាន​ជួប​គ្រោះថ្នាក់​ចរាចរណ៍​បាក់ជើង​ទន្ទឹម​គ្នា​ទៅ​ទៀត ។

លោក​ថា ខ្លួន និង​ម្ដាយ​ដែល​មាន​គ្រោះថ្នាក់​បណ្ដ​ល​ឱ្យ​បាក់ដៃ និង​បាក់ជើង គឺ​មិន​មាន​លទ្ធភាព​ព្យាបាល​នោះ​ទេ ហើយ​លោក​ក៏​អរគុណ​ដល់​អ្នក​បង្ហោះ​សភាព​ក្រលំបាក​របស់​លោក និង​ម្ដាយ​លោកតា​មរយៈ​ហ្វេ​ស​ប៊ុ​ក​ផង​ដែរ ទើប​បណ្ដាល​ឱ្យ​លោក​មានសំណាង​ដូច​ឈ្មោះ​ទទួល​បានការ​ចាប់អារម្មណ៍​ពី​សប្បុរសជន ដូច​ជា​លោក​ខេ​ម​ដែល​ជា​តារាចម្រៀង​ល្បី​ក៏​បាន​យក​ជំនួយ​មក​ឱ្យ​លោក​ផង​ដែរ ។ វេន សំណាង និយាយ​ថា ៖«​ខ្ញុំ​សប្បាយចិត្ត​យ៉ាង​ខ្លាំង​ដែល​គាត់​(​ខេ​ម​)​បាន​ខ​ល​ទៅ​ខ្ញុំ​ហើយ​ថា​គាត់​មាន​លុយកាក់​ខ្លះ​ចង់​ជួយ​ខ្ញុំ ។ ខ្ញុំ​អត់​គិត​ថា នឹង​បាន​ជួប​គាត់​ទេ អ៊ីចឹង​ហើយ​ទើប​ខ្ញុំ​សប្បាយចិត្ត​នៅ​ពេល​ឃើញ​គាត់​ចុះ​មក​ជួយ​ខ្ញុំ​!»​។

លោក​ខេ​ម បាន​អះអាង​ថា លោក​បានដឹង​រឿង​នេះ​តាម​រយៈ​កីឡាករ វង្ស ណ​យ ដែល​លេង​ហ្វេ​ស​ប៊ុ​ក​ជាមួយ​ផ្ញើ​រូបថត​ពី​ការ​លំបាក​របស់​វេន សំណាង ឱ្យ​លោក​បានឃើញ ។ បន្ទាប់​ពី​ដឹង​ថា កីឡាករ​វ័យក្មេង​រូប​នេះ​ពិតជា​កំពុង​រង​ទុក្ខ​បាក់ដៃ​អ​ញ្ចឹ​ង​មែន​ទើប​លោក​ប្រកាស​រក​ជំនួយ​មក​ជួយ ហើយ​ជា​លទ្ធផល​គឺ​មាន​បងធម៌​និង​មិត្តភក្តិ​មួយ​ចំនួន​បាន​ចូលរួម​ជាមួយ​លោក ។ លោក​ថា ថវិកា​ដែល​លោក និង​ប្រធាន​អង្គការ​«​ខ្ញុំ​ខ្មែរ​»​យក​មក​ជួយ​មិន​ច្រើន​នោះ​ទេ ប៉ុន្តែ​អ្វី​ដែល​ច្រើន​គឺ​ទឹកចិត្ត និង​ការ​ពញ្ញាក់​អារម្មណ៍​មហាជន​ឱ្យ​មើលឃើញ​ពី​ការ​លំបាក​របស់​កីឡាករ​វេន សំណាង ដើម្បី​ឱ្យ​មានការ​ជួយ​ដល់​លោក​បន្ត​ទៀត ។ មិន​ខុស​គ្នា​ដែរ ប្រធាន​អង្គការ​«​ខ្ញុំ​ខ្មែរ​»​បាន​អះអាង​ថា លោក​នឹង​រួម​គ្នា​ស្វែងរក​មូលនិធិ​សម្រាប់​ជួយ​ដល់​កីឡាករ​កំសត់​ៗ​នៅ​កម្ពុជា​បន្ត​ទៀត ប៉ុន្តែ​មិន​ប្រកាន់​ថា​នឹង​ជួយ​កីឡាករ​វេន សំណាង ដដែល​នោះ​ឡើយ ៕