ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សន្តិ​សុខ​សាលា​ខណ្ឌ​ចុះ​រៀប​ចំ​សណ្តាប់​ធ្នាប់​​ផ្សារ​ផ្ទុះ​ទំនាស់​ជា​មួយ​អាជីវ​ករ

15 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ សន្តិ​សុខ​សាលា​ខណ្ឌ​ទួល​គោក​បាន​ចុះ​រៀប​ចំ​សណ្តាប់​ធ្នាប់​​នៅ​ផ្សារ​ដើម​គ តាម​បណ្តោយ​ផ្លូវ​៣៣៦ បាន​ទទួល​នូវ​ការ​ចោទ​ថា បាន​រឹប​អូស​កញ្ច្រែង​ឆៃ​ថាវ​របស់​អាជីវ​ករ​ដែល​ដាក់​​លយ​ទៅ​លើ​ផ្លូវ​គ្មាន​សណ្តាប់​ធ្នាប់​​ដាក់​ក្នុង​​រថយន្ត ។ ​ស្ត្រី​ជា​​ម្ចាស់​​បាន​ទាម​ទារ​យក​កញ្ច្រែង​នោះ​មក​វិញ តែ​ក្រុម​សន្តិ​សុខ​មិន​ព្រម​ឱ្យ​ ទើប​បង្ក​ទៅ ជា​ជម្លោះ​ឈាន​ដល់​ការ​​ប្រវាយ​ប្រតប់​​​គ្នា​កាល​ពី​​វេលា​ម៉ោង​១០​ព្រឹក ថ្ងៃ​ទី​២២ មីនា កន្លង​មក​​ ។

​តាម​ការ​រៀប​រាប់​​ពី​ស្ត្រី​អាជីវ​ករ​លក់​បន្លែ​នៅ​ចំពោះ​មុខ​សមត្ថ​កិច្ច​បាន​ឱ្យ​ដឹង​ថា គាត់​ឈ្មោះ​សួង លន់ អាយុ​៤៣​ឆ្នាំ មាន​ស្រុក​កំណើត​នៅ​ភូមិ​រកា​ពក ឃុំ​ទួល​អំពិល ស្រុក​គង​ពិសី ខេត្ត​កំពង់​ស្ពឺ បច្ចុ​ប្បន្ន​ស្នាក់​នៅ​ផ្ទះ​លេខ​៤០ ផ្លូវ​លេខ​៣២៨ ​ភូមិ​៨ សង្កាត់​បឹង​សាឡាង ខណ្ឌ​ទួល​គោក ។ ​នៅ​ព្រឹក​ថ្ងៃ​កើត​ហេតុ គាត់​កំពុង​លក់​បន្លែ​ស្រាប់​តែ​ក្រុម​សន្តិ​សុខ​សាលា​ខណ្ឌ​ទួល​គោក ​មួយ​ក្រុម​ចុះ​រៀប​ចំ​សណ្តាប់​ធ្នាប់​​ហើយ​បាន​ចាប់​យក​កញ្ច្រែង​ឆៃ​ថាវ​របស់​គាត់​ទៅ​ដាក់​លើ​រថយន្ត គាត់​ទៅ​យក​មក​វិញ ​តែ​សន្តិ​សុខ​​មិន​ព្រម​ឱ្យ​ ពេល​នោះ​ក៏​​មាន​ការ​ប្រទាញ​ប្រទង់​គ្នា ។ គាត់​បាន​ចោទ​ថា សន្តិ​សុខ​វាយ​គាត់​មួយ​ដំបង​ចំ​ក្បាល​រួច​គេច​មុខ​ទៅ​បាត់ ។ បន្ទាប់​​មក​កូន​ប្រុស​គាត់​រត់​មក​ជួយ​​តែ​ត្រូវ​​សន្តិ​សុខ​វាយ​ខ្ទប់​នឹង​រថយន្ត ហើយ​ប្តី​គាត់​ក៏​រត់​មក​ជួយ ​ក៏​ត្រូវ​ប៉ូលិស​រដ្ឋ​បាល​ប៉ុស្តិ៍​​​ផ្សារ​ដើម​គ​បាន​ចុះ​មក​អន្តរា​គមន៍​ឱ្យ​ទៅ​ធ្វើ​ពាក្យ​បណ្តឹង ។

តាម​ការ​បំភ្លឺ​ពី​​ប្តី​ស្ត្រី​អ្នក​លក់​បន្លែ​ឈ្មោះ​តាំង សី អាយុ​៥០​ឆ្នាំ បាន​ឱ្យ​ដឹង​ថា ពេល​កើត​ហេតុ​នោះ​គាត់​ទៅ​ហូប​បបរ​ លុះ​ដើរ​ត្រឡប់​មក​វិញ​ឃើញ​សន្តិ​សុខ​កំពុង​វាយ​ប្រពន្ធ​ គាត់​ក៏​ស្ទុះ​ចូល​ទៅ​ជួយ​ប្រវាយ​ប្រតប់​ជា​មួយ​ក្រុម​សន្តិ​សុខ  រួច​ទើប​ប៉ូលិស​ប៉ុស្តិ៍​​ផ្សារ​ដើម​គ​ចុះ​ទៅ​ឃាត់​នាំ​​មក​ប៉ុស្តិ៍​ធ្វើ​កំណត់​ហេតុ ។ ​នៅ​កន្លែង​​កើត​ហេតុ​អាជីវ​ករ​ខ្លះ​បាន​ឱ្យ​ដឹង​ថា ​នៅ​ព្រឹក​នោះ​សន្តិ​សុខ​បាន​ប្រកាស​តាម​មីក្រូ​ឱ្យ​រៀប​ចំ​សណ្តាប់​ធ្នាប់​​លក់ តែ​គ្រួសារ​អ្នក​លក់​នេះ​មិន​ធ្វើ​តាម ទើប​ពេល​សន្តិ​សុខ​ចុះ​មក​ក៏​ទាញ​កញ្ច្រែង​បន្លែ​យក​ទៅ​ដាក់​លើ​រថយន្ត​​ ហើយ​ស្ត្រី​អ្នក​លក់​បាន​ទៅ​​យក​មក​វិញ​ហើយ​កូន​ប្រុស​របស់​គាត់​យក​​ផ្លែ​ល្ហុង​គប់​ទៅ​លើ​សន្តិ​សុខ ។ សន្តិ​សុខ​ក៏​ចុះ​មក​សួរ​នាំ ហើយ​បាន​ព្រមាន​ថា បើ​ត្រូវ​របួស​ដល់​​សន្តិ​សុខ​នឹង​ចាប់​ដាក់​ខ្នោះ​​ហើយ ខណៈ​នោះ​បុរស​ជា​ប្តី​ខឹង​ច្រលោត​ស្ទុះ​យក​កូន​កាំបិត​បំរុង​ចាក់​​ទៅ​លើ​សន្តិ​សុខ​ តែ​​ត្រូវ​សន្តិ​សុខ​រង​ជាប់​ ដោយ​សារ​កំហឹង​​គាត់​ក៏​ទៅ​យក​ឈើ​ជ្រុង​មក​រក​វាយ​ទៀត ។ ទោះ​បី​ជា​បែប​ណា​តាម​ព័ត៌​មាន​​ថា សន្តិ​សុខ​២​នាក់​បាន​រង​របួស។

ការ​ចុះ​រៀប​ចំ​សណ្តាប់​ធ្នាប់​របស់​សន្តិ​សុខ​ខណ្ឌ​ទួល​គោក​នា​ពេល​នេះ រួម​មាន​កម្លាំង​សន្តិ​សុខ​៧​នាក់ រថយន្ត​ពីរ​គ្រឿង​​ដឹក​នាំ​ដោយ​​​លោក​ហ៊ឹម គន្ធ​គិរី ប្រធាន​សន្តិ​សុខ​សណ្តាប់​ធ្នាប់​​​សាលា​ខណ្ឌ​ទួល​គោក ។ ពេល​នេះ​សន្តិសុខ​សាលា​ខណ្ឌ​ទួល​គោក ដែល​រង​គ្រោះ​ក្នុ​ងពេល​មាន​ទំនាស់​​នោះ​ក៏​បាន​ដាក់​ពាក្យ​ប្តឹង​​នៅ​ប៉ូលិស​ប៉ុស្តិ៍​ផ្សារ​ដើម​គ​ចោទ​​ស្ត្រី​អ្នក​​លក់​បន្លែ​​វិញ​ដោយ​ឈ្មោះ​​ពេញ​ សារិន អាយុ​១៩​ឆ្នាំ សន្តិ​សុខ​សណ្តាប់​ធ្នាប់​​សាលា​ខណ្ឌ​ទួល​គោក មាន​ទី​លំនៅ​ភូមិ​ត្រាំ​ដោក ឃុំ​ពង​ទឹក ខណ្ឌ​ដង្កោ ។

មាន​ការ​ចោទ​ប្រកាន់​ថា ​​កន្លង​​មក​កម្លាំង​សន្តិ​សុខ​តែង​តែ​ចុះ​រៀប​ចំ​សណ្តាប់​ធ្នាប់​​តាម​ផ្លូវ​៣៣៦ ជា​ហូរ​ហែ​ តែ​ចំពោះ​​ស្ត្រី​អ្នក​លក់​​ និង​ក្រុម​គ្រួសារ​របស់​គាត់​ដាក់​លក់​បន្លែ​ដោយ​យក​កញ្ច្រែង​​លក់​លយ​ចេញ​មក​ផ្លូវ ហើយ​ក៏​មាន​ការ​ណែ​នាំ​គាត់​ច្រើន​លើក​ច្រើន​សា​​មក​ហើយ​ដែរ ​តែ​គាត់​នៅ​តែ​មិន​ព្រម​ស្តាប់ ទើប​នៅ​ព្រឹក​ថ្ងៃ​កើត​ហេតុ​ក្រុម​សន្តិ​សុខ​បាន​ទៅ​ចាប់​កញ្ច្រែង​ឆៃថាវ​គាត់​ដាក់​លើ​​រថយន្ត​​ ពេល​​នោះ​​ស្ត្រី​អ្នក​​លក់​ស្ទុះ​មក​យក​កញ្ច្រែង​វិញ ហើយ​បាន​វាយ​មក​លើ​​សន្តិ​សុខ​​​ពីរ​ដៃ​ពេល​រថយន្ត​​បើក​​សន្សឹមៗ​ទៅ​មុខ​ ។ ​ពេល​រថយន្ត​បត់​ត្រឡប់​មក​​​ក្រោយ​វិញ ​ស្រាប់​តែ​ប្តី​​របស់​ស្ត្រី​នោះ​រត់​យក​កូន​កាំបិត​មក​ចាក់​លើ​ពួក​​សន្តិ​សុខ​តែ​ម្តង ទើប​ពួក​គេ​​តបត​​ដើម្បី​​ការ​ពារ​ខ្លួន​វិញ ។ ​សន្តិ​សុខ​ឈ្មោះ​ញ៉ក់ ​ម៉ាច អាយុ​២០​ឆ្នាំ ​បាន​ប្តឹង​​គ្រួសារ​​ស្ត្រី​លក់​​បន្លែ​ខាង​លើ​ថា ​បាន​​​យក​កាំបិត​ចាក់​​មក​លើ​ខ្លួន​តែ​​បាន​រត់​គេច​ផុត ។ តាម​ព័ត៌​មាន​ចុង​ក្រោយ​ថា បុរស​ជា​ប្តី​ស្ត្រី​លក់​បន្លែ​ត្រូវ​បាន​សមត្ថ​កិច្ច​ឃាត់​ខ្លួន​ពី​បទ​ប្រើ​អំពើ​ហិង្សា​ធ្វើ​ឱ្យ​សន្តិ​សុខ​២​នាក់​​រង​របួស៕