ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មហារីក​ក្រពេញ​អូ​វ៉ែ​ជា​ប្រភេទ​ជំងឺ​បង្ក​គ្រោះថ្នាក់​ខ្លាំង​បំផុត​សម្រាប់​ស្ត្រី

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អ្នកជំងឺ​នៅ​ប្រទេស​ថៃ​មាន​កើត​ជំងឺមហារីក​ក្រពេញ​អូ​វ៉ែ​កើនឡើង​ប្រមាណ​ជា​៥០០០​ទៅ​៦០០០​នាក់​ជា​រាង​រាល់​ឆ្នាំ​។ ជំងឺ​នេះ​ត្រូវ​បាន​គេ​ចាប់​ទុក​ថា​ជា​ជំងឺ​ដែល​បង្ក​គ្រោះថ្នាក់​ខ្លាំង​បំផុត​ក្នុង​

រាជធានី​ភ្នំពេញ ៖ អ្នកជំងឺ​នៅ​ប្រទេស​ថៃ​មាន​កើត​ជំងឺមហារីក​ក្រពេញ​អូ​វ៉ែ​កើនឡើង​ប្រមាណ​ជា​៥០០០​ទៅ​៦០០០​នាក់​ជា​រាង​រាល់​ឆ្នាំ​។ ជំងឺ​នេះ​ត្រូវ​បាន​គេ​ចាប់​ទុក​ថា​ជា​ជំងឺ​ដែល​បង្ក​គ្រោះថ្នាក់​ខ្លាំង​បំផុត​ក្នុង​ចំណោម​ជំងឺមហារីក​ផ្សេង​ទៀត​នៃ​ប្រដាប់​ភេទ​របស់​ស្ត្រី​។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​របស់​លោក​វេជ្ជបណ្ឌិត Kamol Pataradool អ្នកឯកទេស​ផ្នែក​ជំងឺមហារីក និង​រោគ​ស្ត្រី​នៃ​មន្ទីរពេទ្យ​វេជ្ជ​ថា​នី​ប្រចាំ​ប្រទេស​ថៃ ប្រាប់​អ្នក​យក​ព័ត៌មាន​កាសែត​កោះសន្តិភាព​កាលពី​ព្រឹក​ថ្ងៃ​ទី​២១ ខែសីហា ឆ្នាំ​២០១៦​កន្លង​ទៅ ។

លោក​វេជ្ជបណ្ឌិត​ឯកទេស​រូប​នេះ​បាន​ថ្លែង​ថា ជំងឺ​នេះ​រក​ឃើញ​កើត​មាននៅ​លើ​ស្ត្រី​គ្រប់​វ័យ​តែ​ភាគច្រើន​កើត​លើ​ស្ត្រី​ដែល​មាន​អាយុ​ចាប់ពី​៥០​ឆ្នាំ ឬ​អំឡុង​ពេល​ស្ត្រី​អស់​រដូវ​។ ទោះជា​យ៉ាងណា បច្ចុប្បន្ន​ស្ត្រី​ដែល​មាន​អាយុ​តិច​អាច​ចាប់ផ្តើម​មាន​ហានិភ័យ​ច្រើន​ក្នុង​ការ​កើត​មាន​ជំងឺ​មហា​រី​ក្រពេញ​អូ​វ៉ែ​ខ្ពស់​ជាង​មុន​។ ទាំងនេះ​ប្រហែលជា​អាច​បណ្តាល​មក​ពី​ភាព​មិន​ប្រក្រតី​នៃ​ហ្សែ​ន ឬ​ដោយសារ​តែ​បរិស្ថាន​ជុំវិញ​ផ្លាស់​ប្តូរ រួម​ទាំង​របប​អាហារ និង​ជាតិពុល​ក្នុង​បរិយាកាស​ផង​។ លោក​វេជ្ជបណ្ឌិត​រូប​នេះ​បាន​បន្ត​ទៀត​ថា ជា​ការ​ពិត​មក​ទល់​ពេល​នេះ​នៅ​មិន​ទាន់​អាច​បញ្ជាក់​ពី​មូ​លេ​ហ​តុ​ច្បាស់លាស់​អំពី​ជំងឺ​នេះ​នៅឡើយ​ទេ​។ តែបើ​តាម​ការ​អះអាង​របស់​លោក​វេជ្ជបណ្ឌិត​បាន​បញ្ជាក់​ថា ដំបៅ​ស្បែក​ដោយសារ​តែ​កា​រប​ញ្ជេ​ញ​ពង​អូវុល​ម្តង​ហើយ​ម្តងទៀត​នៃ​ក្រពេញ​អូ​វ៉ែ​ក្នុង​រយៈពេល​យូរ ជា​មូលហេតុ​មួយ​ដែល​ជំរុញ​ឲ្យ​កើត​មាន​ជំងឺមហារីក​ក្រពេញ​អូ​វ៉ែ​។ ទោះបីជា​យ៉ាងណា ក្រុម​ស្ត្រី​ដែល​មាន​ហានិភ័យ​ខ្ពស់​នៅ​ក្នុង​ការ​កើត​មាន​ជំងឺ​នេះ​មាន​ដូច​ជា ស្ត្រី​ដែល​មានការ​មក​រដូវ​លឿន និង​យឺត​ជាង​ការ​កំណត់​, ស្ត្រី​ដែល​មិន​មានកូន​, ស្ត្រិ​ដែល​ពិបាក​នៅ​ក្នុង​ការ​មានកូន​, ស្ត្រី​ដែល​មាន​សាច់ញាតិ​កើត​មាន​ជំងឺមហារីក​ក្រពេញ​អូ​វ៉ែ​ជាដើម​។

លោក​វេជ្ជបណ្ឌិត​ឯកទេស​រូប​នោះ​បាន​ពន្យល់​បន្ត​ថា ជា​ទូទៅ​ជំងឺ​មហា​រី​ក្រពេញ​អូ​វ៉ែ ជា​ញឹកញាប់​មិន​មាន​រោគ​សញ្ញា​នៅ​ក្នុង​ដំណាក់កាល​ដំបូង​នោះ​ទេ សញ្ញា​ដែល​ស្តែង​ឲ្យ​ដឹង​នៅ​ពេល​ដែល​ជំងឺ​នេះ​បាន​វិ​វ​ឌ្ឍ​ទៅ​រក​ស្ថានភាព​ធ្ងន់ធ្ងរ ហើយ​សញ្ញា​ទាំងនេះ​មាន​ដូច​ជា អ្នកជំងឺ​មាន​អារម្មណ៍​ថា មាន​ដុំ​អ្វីមួយ​នៅ​ក្នុង​ពោះ​កាន់តែ​រីក​ធំ​ឡើង​, មានទឹក​នៅ​ក្នុង​ក្រពះ​, មានការ​ឈឺចាប់​ក្នុង​ពោះ​, ទទួលទាន​អាហារ​មិន​បាន​ច្រើន (​មិន​ឃ្លាន​)​ជាដើម ។

ជំងឺ​មហា​រី​ក្រពេញ​អូ​វ៉ែ​ត្រូវ​បាន​គេ​ចែក​ចេញ​ជា​៤​ដំណាក់កាល​ដូច​ជា​៖
១-​ជា​ដំណាក់កាល​អាច​ព្យាបាល​បាន​ដោយ​ការ​វះកាត់ ប៉ុន្តែ​ភាគច្រើន​ក្នុង​ដំណាក់កាល​ដំបូង​ជំងឺ​នេះ​មិន​មាន​រោគ​សញ្ញា​ដែល​អាច​ធ្វើ​ឲ្យ​អ្នកជំងឺ​បានដឹង​ខ្លួន​ជា​មុន​នោះ​ទេ

២-​ដំណាក់កាល​នេះ​កោសិកា​មហារីក​អូ​វ៉ែ​មានការ​រាលដាល​ទៅ​សរីរាង្គ​អាង​ត្រគាក ដូចជា​ស្បូន ដៃ​ស្បូន ឬ​អ្នកជំងឺ​មានការ​ឈឺចាប់​ក្នុង​ពោះ​ឬ​មាន​អារម្មណ៍​ថា​មាន​ដុំ​នៅ​ក្នុង​ពោះ

៣-​ដំណាក់កាល​នេះ​កោសិកា​មហា​រី​បាន​ចូល​ទៅ​ក្នុង​សាច់ដុំ​ពោះ ដែល​អាច​ធ្វើ​ឲ្យ​អ្នកជំងឺ​មាន​អារម្មណ៍​ថា​តឹង​ពោះ​ឡើង​ឆាប់រហ័ស ដោយសារ​តែ​កើត​ទាច​ទឹក រួម​បញ្ចូល​ទៅ​នឹង​ការ​ហើមពោះ និង​ការ​បរិភោគ​បាន​តិច​ជាង​មុន​ផង

៤-​ដំណាក់កាល​នេះ កោសិកា​មហារីក​អូ​វ៉ែ​បាន​បន្ត​ការ​រីក​រាលដាល​កាន់តែ​ខ្លាំងក្លា ទៅ​សរីរាង្គ​ផ្សេង​ទៀត​ដូច​ជា​ថ្លើម សួត​… ។

ដោយសារ​តែ​ជំងឺមហារីក​ក្រពេញ​អូ​វ៉ែ​ក្នុង​ដំណាក់កាល​ដំបូង មិន​មាន​រោគ​សញ្ញា​ច្បាស់លាស់ ដែល​អាច​ឲ្យ​អ្នកជំងឺ​ទទួល​បានការ​ព្យាបាល​បាន​ទាន់​ពេលវេលា​នោះ ជា​ហេតុ​ធ្វើ​ឱ្យ​អ្នកជំងឺ​ភាគច្រើន​ធ្លាក់​ទៅ​ក្នុង​ដំណាក់កាល​ធ្ងន់ធ្ងរ​។ ដូច្នេះ​ការ​ធ្វើតេស្ត​រក​មហារីក​អូ​វ៉ែ​ក្នុង​ដំណាក់កាល​ដំបូង​ជា​ការ​សំខាន់​ណាស់ និង​អាច​ព្យាបាល​ឱ្យ​ជា​សះស្បើយ​បាន​ក្នុង​កម្រិត​ខ្ពស់ ៕