ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ពៅ គី​សាន់ ខំ​សម្តែង​រហូត​ជាប់​ចង្កេះ​ដើរ​មិន​រួច

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តារាភាពយន្ត​ជើង​ចាស់​ដែល​ល្បីល្បាញ​តាម​រយៈ​តួអង្គ​កាច​លោក​ពៅ គី​សាន់ ហៅ​នាយ​ឆើត បាន​ទទួល​អំណោយ​ពី​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុ​ន រ៉ា​នី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា

រាជធានី​ភ្នំពេញ ៖ តារាភាពយន្ត​ជើង​ចាស់​ដែល​ល្បីល្បាញ​តាម​រយៈ​តួអង្គ​កាច​លោក​ពៅ គី​សាន់ ហៅ​នាយ​ឆើត បាន​ទទួល​អំណោយ​ពី​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុ​ន រ៉ា​នី ហ៊ុន សែន ប្រធាន​កាកបាទក្រហមកម្ពុជា បន្ទាប់​ពី​ធ្លាក់ខ្លួន​ឈឺ និង​កំពុង​សម្រាក​ព្យាបាល​នៅ​ក្នុង​គេហដ្ឋាន​។

អំណោយ​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​នាំ​ទៅ​ជូន​លោក​ពៅ គី​សាន់ តាម​រយៈ​លោក​ជំទាវ​ម៉ែ​ន នារី​សោ​ភ័គ អគ្គលេខាធិការ​រង​ទី​១ កាកបាទក្រហមកម្ពុជា កាលពី​រសៀល​ថ្ងៃ​ទី​២២ ខែសីហា ឆ្នាំ​២០១៦  ។

អំណោយ​សប្បុរសធម៌​របស់​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប៊ុ​ន រ៉ា​នី ហ៊ុន​សែន ប្រធាន​កាកបាទក្រហមកម្ពុជា រួម​មាន​ប្រាក់ ទឹកដោះគោ និង​ទឹក​ផ្លែ​ឈើ​មួយ​ចំនួន​ជូន​លោក​ពៅ គី​សាន់ ហៅ​នាយ​ឆើត ដែល​កំពុង​មាន​ជំងឺ​សម្រាក​នៅ​គេហដ្ឋាន​ស្ថិត​ក្នុងភូមិ​ត្រពាំង​អារក្ស សង្កាត់​ឪឡោក ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ។

នា​ឱកាស​នោះ​លោក​ជំទាវ​អគ្គលេខាធិការ​រង​ទី​១ កាកបាទក្រហម​បាន​ផ្តាំផ្ញើ​ការ​សាកសួរ​សុខទុក្ខ និង​ក្តី​នឹករឭក​ពី​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន​កាកបាទក្រហមកម្ពុជា ដែល​ជា​និច្ចកាល​តែងតែ​យកចិត្តទុកដាក់​ចំពោះ​សិល្បករ​ជើង​ចាស់ ដែល​បន្សល់​ទុក​ស្នាដៃ​សិល្បៈ​សម្រាប់​កូនចៅ​ជំនាន់​ក្រោយ ។ លោក​ជំទាវ​ផ្តាំផ្ញើ​ដល់​លោក​ពៅ គី​សាន់ ក៏​ដូច​ជា​សិល្បករ​-​សិល្ប​ការិនី​ទាំងអស់ ឱ្យ​យកចិត្តទុកដាក់​ថែទាំ​សុខភាព​ឱ្យ​បាន​ល្អ យក​ពេលវេលា​សម្រាក​ឱ្យ​បាន​គ្រប់គ្រាន់​ទោះជា​មមាញឹក​ជាមួយ​ការងារ​សិល្បៈ​ខ្លាំង​យ៉ាងណា​ក៏​ដោយ ។

លោក​ពៅ គី​សាន់ និង​ក្រុម​គ្រួ​សារបាន​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ដែល​ជា​និច្ចកាល​យកចិត្តទុកដាក់​ចំពោះ​សុខទុក្ខ​ប្រជាពលរដ្ឋ និង​គិតគូរ​ជាប់​ជា​និច្ច​ចំពោះ​សិល្បករ​គ្រប់​រូប​ដែល​ជួប​ការ​លំបាក​ដោយ​មិន​ប្រកាន់​និន្នាការ​នយោបាយ​អ្វី​ឡើយ ។

លោក​ពៅ គី​សាន់ ហៅ​នាយ​ឆើត ត្រូវ​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​កាន់​មន្ទីរពេទ្យ ភ្លាម​ៗ បន្ទាប់​ពី​លោក​ជាប់​ចង្កេះ​មិន​អាច​កម្រើក​បាន​ពេល​សម្តែង​ក្នុង​រឿង​«​សង្គ្រាម​បេះដូង​» របស់​ផលិតកម្ម ខ្មែរ​មេគង្គ កាលពី​ពេល ថ្មី​ៗ​កន្លង​មក ។

បន្ទាប់​ពី​សម្រាក​ព្យាបាល​នៅ​ក្នុង​មន្ទីរពេទ្យ​បាន​មួយ​រយៈ​ខ្លី​លោក​ពៅ គី​សាន់​ត្រូវ​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​ព្យាបាល​នៅ​គេហដ្ឋាន​វិញ ខណៈ​ពេល​អាការ​ជំងឺ​ធូរស្បើយ​បន្តិច ។
តារា​សម្តែង​ដែល​ទស្សនិកជន​ធ្លាប់តែ​ឃើញ​សម្តែង​ជា​តួ​កាច លោក​ពៅ គី​សាន់ ហៅ​នាយ​ឆើត មាន​ជីវភាព​ក្រលំបាក​ហើយ​ខំប្រឹង​រកស៊ី​យ៉ាង​ត្រដាបត្រដួស ។ ចំណូល​ពី​អាជីព​សិល្បៈ​មិន​អាច​ផ្គត់ផ្គង់​ជីវភាព​បាន​ឡើយ ហេតុ​ដូច្នេះ​លោក​ពៅ គី​សាន់ ត្រូវ​ខំប្រឹង​ធ្វើការ​ទ្វេ​ដង​ទាំង​យប់​ទាំង​ថ្ងៃ​រក​លុយ​ចិញ្ចឹម​កូន​៤​នាក់ ៕