ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលាឧទ្ធរណ៍​បំបែកសំណុំរឿង​ហិ.ង្សា​លើ​ទីលាន​ប្រជាធិបតេយ្យ​ជា​2

7 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ សាលាឧទ្ធរណ៍ នៅព្រឹកថ្ងៃទី២៣ ខែសីហា បានបើកសវនាការលើសំណុំរឿងហិ.ង្សានៅទីលានប្រជាធិបតេយ្យ របស់សកម្មជនគណបក្សសង្គ្រោះជាតិ ដោយសម្រេចបំបែកសំណុំរឿងជាពីរករណី

រាជធានី​ភ្នំពេញ ៖ សាលាឧទ្ធរណ៍ នៅ​ព្រឹក​ថ្ងៃ​ទី​២៣ ខែសីហា បាន​បើក​សវនាការ​លើ​សំណុំរឿង​ហិង្សា​នៅ​ទីលាន​ប្រជាធិបតេយ្យ របស់​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ដោយ​សម្រេច​បំបែកសំណុំរឿង​ជា​ពីរ​ករណី ។

លោក ចាន់ ចេ​ន មេធាវី​ការពារ​ក្តី​ឲ្យ​លោក មា​ជ សុ​វ​ណ្ណា​រ៉ា ក្នុង​ចំណោម​មេធាវី​ផ្សេង​ទៀត​បាន​ឲ្យ​ដឹង​ក្រោយ​សវនាការ​ថា ចៅក្រម​សាលាឧទ្ធរណ៍​បាន​បើក​សវនាការ​កូនក្តី​លោក​លើអង្គសេចក្តី ហើយ​បំបែកសំណុំរឿង​ជា​ពីរ និង​ឯកភាព​នីតិវិធី​របស់​ក្រុម​មេធាវី​ការពារ​ក្តី​នៅ​ពេល​ក្រោយ ។

លោក ចាន់ ចេ​ន បញ្ជាក់​ថា «​ចំពោះ​បញ្ហា​ទាក់ទង​នឹង​សាលាដំបូង​វិញ ចៅក្រម​សាលាឧទ្ធរណ៍​មិន​ទាន់​ជំនុំជម្រះ​ទេ គឺ​គ្រាន់តែ​សម្រេច​បំបែកសំណុំរឿង​ជា​ពីរ ហើយ​និង​ធ្វើការ​ជំ​នុះ​ជម្រះ​រឿង​មោឃភាព​នីតិវិធីតុលាការ ដែល​ក្រុម​មេធាវី​យើង​បាន​ប្តឹង​សាលាដំបូង​» ។

លោក​មេធាវី​រូប​នេះ​បន្ត​ថា លោក​ចៅក្រម​សាលាឧទ្ធរណ៍​បាន​បំបែកសំណុំរឿង​អង្គសេចក្តី​ជា​ពីរ​ចំណែក ដោយ​សំណុំរឿង​សុំ​មោឃភាព បាន​ឯកភាព​ទៅ​ធ្វើ​សវនាការ​នៅ​ពេល​ខាង​មុខ តែ​មិន​ទាន់​ដឹង​ថា​ពេល​ណា​ច្បាស់លាស់​នោះ​ទេ ។

លោក​មេធាវី​បាន​គូសបញ្ជាក់​ថា ពាក់ព័ន្ធ​នឹង​សំណុំរឿង​អង្គសេចក្តី​នោះ តុលាការ​បាន​ផ្តន្ទាទោស​រួម​គ្នា​ចំនួន​១១​នាក់​ពី​៧​ឆ្នាំ ទៅ​២០​ឆ្នាំ ។ ប៉ុន្តែ​មក​ដល់​សាលាឧទ្ធរណ៍ បែងចែក​ជា​ពីរ​តែ​ម្តង ។ លោក​ថា ការ​តតាំង​ក្នុង​សវនាការ​មួយ​ព្រឹក​ពេញ​នោះ ក្រុម​មេធាវី​ចង់​ឲ្យ​តុលាការ​សម្រេច​សំណុំរឿង​មោឃភាព​មុន​សុំ​ណំ​រឿង​អង្គសេចក្តី ព្រោះថា នៅ​ពេល​ដែល​សំណុំរឿង​មោឃភាព​សម្រេច​មុន​នោះ គឺ​មាន​ភាព​ចំណេញ​ចំពោះ​កូនក្តី​លោក  ។

លោក​សង្កត់ធ្ងន់​ថា ថ្ងៃនេះ​សាលាឧទ្ធរណ៍​បាន​សម្រេច​សាលដីកា​បំបែក​អង្គសេចក្តី​ជា​ពីរ ប៉ុន្តែ​មិន​ទាន់​ដឹង​ថា​តុលាការ​នឹង​បើក​អង្គ​ជំនុំជម្រះ​សំណុំរឿង​ទាំង​ពីរ​នោះ​មួយ​ណា​មុន​ទេ ។

ទាក់ទិន​នឹង​សាលាឧទ្ធរណ៍​សម្រេច​បំបែកសំណុំរឿង​ជា​ពីរ​នោះ ត្រូវ​បាន​លោក​មេធាវី ចាន់ ចេ​ន ឲ្យ​ដឹង​ថា ក្រុម​មេធាវី​នឹង​ពិភាក្សា​គ្នា​លើ​បណ្តឹងទាស់​ការ​សម្រេច​នេះ​នៅ​ពេល​ខាង​មុខ ។

លោក អំ សំអាត អ្នកគ្រប់គ្រង​បច្ចេកទេស​ការិយាល័យ​ស៊ើបអង្កេត​នៃ​អង្គការសិទ្ធិមនុស្ស​លី​កាដូ ដែល​ចូលរួម​ស្តាប់​សវនាការ ថ្លែង​ថា នេះ​ជា​លើក​ដំបូង​ហើយ ដែល​សាលាឧទ្ធរណ៍​បាន​សម្រេច​បំបែកសំណុំរឿង​ជា​ពីរ ជា​ពិសេស​នោះ ទាក់ទង​នឹង​សវនាការ​មោឃភាព​នីតិវិធី​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ។

លោក​ថ្លែង​ថា «​កន្លង​មក​យើង​មិន​ដែល​ឃើញ​សាលាឧទ្ធរណ៍ និង​តុលាការ​កំពូល​មាន សវនាការ​ទៅ​លើ​ការ​មោឃភាព​នីតិវិធី​នោះ​ទេ​។ នេះ​យើង​គិត​ថា វា​គឺជា​ប្រវត្តិសាស្ត្រ​ឬ​យុទ្ធសាស្ត្រ លើ​សាលដីកា​របស់​សាលាឧទ្ធរណ៍​សម្រាប់​បន្ត​ទៅ​តុលាការ​កំពូល​ទៀត​ឬ​យ៉ាងណា ។ វា​ជា​ភាព​យុត្តិធម៌​មួយ​សម្រាប់​ជនជាប់ចោទ​ទាំងអស់ មុន​នឹង​សម្រេច​ចូល​ដល់ អង្គសេចក្តី ។

ប៉ុន្តែ​យើង​នៅ​តែ​សោកស្តាយ​ចំពោះ​ពួក​គាត់​ដែល​ជាប់​ឃុំ​យូរ ហើយ​នៅ​តែ​បន្ត​ជាប់​ទៀត ដែល​អាច​ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព​របស់​គាត់​យ៉ាងធ្ងន់ធ្ងរ​» ។
ទោះជា​យ៉ាងណា​ក្តី លោក អំ សំអាត បាន​គាំទ្រ​ចំពោះ​នីតិវិធី​សាលាឧទ្ធរណ៍ ដែល​បាន​បំបែកសំណុំរឿង​ជា​ពីរ​ករណី ហើយ​មានការ​សម្រេច​ទៅ​លើ​មោឃភាព​នីតិវិធី​នេះ ។ ក្នុង​នាម​អង្គការសិទ្ធិមនុស្ស លោក​ចង់​ឃើញ​តុលាការ​ព​ន្លឿ​ន​នីតិវិធី​លើ​ជន​ជាប់​ទោស​ទាំងនោះ ។

លោក​សង្កត់ធ្ងន់​ថា « ខ្ញុំ​យល់​ថា ការ​បំបែកសំណុំរឿង​នេះ​ជា​ដំណើររឿង​មួយ​ល្អ ព្រោះថា​កាលណា​បើ​ដំណើរ​នីតិវិធី​របស់​សាលាដំបូង​ធ្វើ​ខុស​នី​វិធី នោះ​សាលាឧទ្ធរណ៍​ច្រានចោល ហើយ​សាលាឧទ្ធរណ៍​នឹង​បើក​សវ​នា​ជា​ថ្មី ដើម្បី​សម្រេច​។ នេះ​ជា​លទ្ធផល​ល្អ​សម្រាប់​ជនជាប់ចោទ​» ។

លោក មា​ជ សុ​វ​ណ្ណា​រ៉ា នៅ​ពេល​មន្ត្រី​អនុរក្ស​ពន្ធនាគារ​នាំ​មក​សាលាឧទ្ធរណ៍ បាន​ស្រែ​កថា លោក​មិន​មាន​សង្ឃឹមថា​បាន​រួច​ចេញពី​ពន្ធនាគារ​ទេ  ព្រោះថា​សម្តេច​តេ​ជោ​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រកាស​មិន​ឲ្យ​អ្នក​ណា​ដែល​ប្រមាថ​រួចខ្លួន​នោះ​ទេ ។

សូម​ជម្រាប​ថា លោក មា​ជ សុ​ណ្ណា​រ៉ា និង សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​១០​រូប​ទៀត​ដែល​កំពុង​ជាប់​ឃុំ​នៅ​ពន្ធនាគារ​ព្រៃ​ស ត្រូវ​បាន​មន្ត្រី​ពន្ធនាគារ​បញ្ជូន​មក​សាលាឧទ្ធរណ៍​ដើម្បី​ប្តឹង​ជំទាស់​ប្រឆាំង​សាលក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​បាន​កាត់ក្តី​ឲ្យ​សកម្មជន​គណ​ក្ស​សង្គ្រោះ​ជាតិ​ទាំង​អស់នេះ ជាប់​ឃុំ​ក្នុង​ចន្លោះ​ពី​៧​ឆ្នាំទៅ​ដល់​២០​ឆ្នាំ ។ មន្ត្រី​និង​សកម្មជន​គណបក្សប្រឆាំង​នេះ ត្រូវ​បាន​តុលាការ​ចោទ​ពី​ការ​ដឹកនាំ និង​ចូលរួម​ចលនា​កុបកម្ម ដែល​ប្រព្រឹត្ត​ទៅ​នៅ​ស្ពាន​នាគ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ កាលពី​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១៤ ដោយ​អំពើ​ហិង្សា​មួយ​រវាង​សន្តិសុខ​ខណ្ឌដូនពេញ ជាមួយនឹង​ក្រុម​បាតុករ​ដឹកនាំ​ដោយ​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ ។ ក្នុង​អំពើ​ហិង្សា​នេះ​បាន​បណ្ដាល​ឲ្យ​បាតុករ និង​សន្តិសុខ​ខណ្ឌ​រង​របួស​ទាំង​សងខាង ។

ភ្លាម​ៗ បន្ទាប់​ពី​អំពើ​ហិង្សា​នោះ តំណាងរាស្ត្រ​មួយ​ចំនួន​ត្រូវ​បាន​ឃាត់ខ្លួន​មួយ​រយៈ ហើយក្រោយមក​ក៏​ដោះ​លែង​វិញ ដោយសារ​វប្បធម៌​សន្ទនា​បាន​កើត​មាន​ឡើង​រវាង​គណបក្សកាន់អំណាច និង​គណបក្សប្រឆាំង ។ ប៉ុន្តែ​វប្បធម៌សន្ទនា​មិន​បាន​ប៉ុន្មាន​ផង ក៏​បាន​ប្រេះឆា​វិញ ហើយ​ការ​ចាប់ខ្លួន​មន្ត្រី និង​សកម្មជន​បក្ស​ប្រឆាំង កើត​មាន​ជា​បន្តបន្ទាប់ ។

គួរ​បញ្ជាក់​ថា នៅ​ថ្ងៃ​សវនាការ​ថ្ងៃ​ទី​២៣ ខែសីហា​នោះ គេ​សង្កេត​ឃើញ​ភរិយា​លោក អ៊ុ​ក ពេជ្រ​សំណាង បាន​ទ្រហោយំ ដោយសារ​តែ​អនុរក្ស​ពន្ធនាគារ​មិន​អនុញ្ញាត​ឲ្យ​ប្តី​គាត់ និង​ជនជាប់ចោទ​ផ្សេង​ទៀត​ចូល​បន្ទប់ទឹក​បត់ជើង ដោយ​ឲ្យ​បត់ជើងតូច​ដាក់​ដប​ទឹកបរិសុទ្ធ ៕