ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Zaman ជា​សាលា​ឯករាជ្យ​មួយ​នៅ​កម្ពុជា ទាមទារ​ឱ្យ​ឯកអគ្គរដ្ឋទូត​បង្ហាញ​ភស្តុ​តាង​ចោទប្រកាន់

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​២២ សីហា វេលា​ម៉ោង​១០​ព្រឹក លោក ប្រាក់ សុ​ខុន ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​អនុញ្ញាត​ឱ្យ​លោក Ilhan Kemal Tug ឯកអគ្គរដ្ឋទូត​តួ​ក​គី​ប្រចាំ​កម្ពុជា

រាជធានី​ភ្នំពេញ ៖ នៅ​ថ្ងៃ​ទី​២២ សីហា  វេលា​ម៉ោង​១០​ព្រឹក លោក ប្រាក់ សុ​ខុន ទេស​រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​អនុញ្ញាត​ឱ្យ​លោក Ilhan Kemal Tug ឯកអគ្គរដ្ឋទូត​តួ​ក​គី​ប្រចាំ​កម្ពុជា ចូល​ជួប​សម្តែង​ការ​គួរសម និង​ពិភាក្សា​ការងារ នៅ​ទីស្តីការក្រសួង ។

នៅ​ក្នុង​ជំនួប​នេះ លោក​ទេស​រដ្ឋមន្ត្រី ប្រាក់ សុ​ខុន បាន​សម្តែង​នូវ​ការ​ចូលរួម​មរណទុក្ខ​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ជាមួយ​ប្រជាជន និង​រដ្ឋាភិបាល​តួ​ក​គី​ចំពោះ​ការ​បាត់​បង់ជីវិត និង​រង​របួស​ពី​ការ​បំផ្ទុះ​គ្រាប់បែក​នៅ​ទីក្រុង Gaziantep កាលពី​ថ្ងៃ​សៅរ៍ ទី​២០ សីហា​កន្លង​ទៅ ។ រាជរដ្ឋាភិបាល​កម្ពុជា ថ្កោលទោស​ចំពោះ​អំពើ​ភេរវកម្ម​គ្រប់​រូបភាព​ទោះ​ទីកន្លែង​ណា ពេល​ណា និង​ក្រោម​មូលហេតុ​ណា​ក៏​ដោយ ។ លោក​ទេស​រដ្ឋមន្ត្រី ក៏​បាន​សម្តែង​នូវ​ការ​ពេញចិត្ត​ចំពោះ​ការ​រីក​ចម្រើន​ក្នុង​ផ្នែក​ទំនាក់ទំនង​មិត្តភាព និង​កិច្ច​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ ហើយ​លោក​ក៏​បាន​វាយតម្លៃ​ខ្ពស់​ចំពោះ​ការ​ខិតខំ​របស់​លោក​ឯកអគ្គរដ្ឋទូត​ផ្ទាល់​ក្នុង​ការ​រៀបចំ​បើក​ស្ថានទូត​តួ​ក​គី ប្រចាំ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​និង​ការ​ចូលរួម​វិភាគទាន​ដ៏​សំខាន់​របស់​លោក​ឯកអគ្គរដ្ឋទូត ក្នុង​ការ​ពង្រឹង និង​ពង្រីក​បន្ថែម​ទៀត​នូវ​ទំនាក់ទំនង​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ ។

ក្នុង​ឱកាស​នោះ លោក​ទេស​រដ្ឋមន្ត្រី ក៏​បាន​គូសបញ្ជាក់​ថា កម្ពុជា​នឹង​ធ្វើ​ការងារ​ជាមួយ​តួ​ក​គី ដើម្បី​លើក​ឡើង​នូវ​ផែនការ​ទៅ​អនាគត​ទៀត​ក្នុង​ការ​ពង្រឹង និង​ពង្រីក​នូវ​ទំនាក់ទំនង​សហប្រតិបត្តិការ​រវាង​ប្រទេស​ទាំង​ពីរ ។

ជា​ការ​ឆ្លើយ​តប លោក​ឯកអគ្គរដ្ឋទូត​តួ​ក​គី​ក៏​បាន​ជម្រាប​ជូន​លោក​ទេស​រដ្ឋមន្ត្រី អំពី​កា​រវិ​វត្ត​នៃ​សភាពការណ៍​នៅ​តួ​ក​គី​ក្នុង​រយៈ​ពល​ចុង​ក្រោយ​នេះ ហើយ​ក៏​បាន​លើក​សំណើសុំ​ការ​ជួយ​អន្តរាគមន៍​របស់​លោក​ទេស​រដ្ឋមន្ត្រី ចំពោះ​សំណើ​របស់​រដ្ឋាភិបាល​តួ​ក​គី ចង់ឱ្យ​មានការ​បិទ​សាលា Zaman នៅ​កម្ពុជា ។
លោក​ទេស​រដ្ឋមន្ត្រី​បាន​គូសបញ្ជាក់​ថា កម្ពុជា​បាន​តាមដាន​ដោយ​យកចិត្តទុកដាក់​ចំពោះ សភាពការណ៍​នៅ​តួ​ក​គី ហើយ​បាន​កត់សម្គាល់​នូវ​ការ​ឯកភាព​ក្នុង​ចំណោម​ប្រជាជន និង​គណបក្ស​នយោបាយ​ទាំងអស់​ក្នុង​ការ​ប្រឆាំង​នឹង​ការ​ប៉ុនប៉ង​ដណ្តើម​រដ្ឋអំណាច​តាម​វិធី​មិនមែន​ប្រជាធិបតេយ្យ ។ លោក​បាន​ជូនពរ​ឱ្យ​ប្រទេស​តួ​ក​គី ជម្នះ​ពុះពារ​ឆ្លងកាត់​វិបត្តិ ហើយ​វិល​ត្រឡប់​មក​រក​ប្រក្រតី​ភាព​វិញ​ក្នុង​ពេលវេលា​ដ៏​ឆាប់រហ័ស ។

លោក​ទេស​រដ្ឋមន្ត្រី ក៏​បាន​ជម្រាប​វិញ​ថា លោក​នឹង​យក​សំណើ​បិទ​សាលា Zaman ទៅ​ពិគ្រោះ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ​របស់​កម្ពុជា ដោយ​គូសបញ្ជាក់​ថា សេចក្តីសម្រេច​ណាមួយ​នឹង​ត្រូវ ធ្វើ​ឡើង​ផ្អែក​លើ​នីតិវិធី​ច្បាប់ និង​រដ្ឋបាល ដែល​ជា​សមត្ថកិច្ច​របស់​ក្រសួង​អប់រំ យុវជន និង​កីឡា ។

នៅ​ថ្ងៃ​ដដែល​នោះ សាលា​អន្តរជាតិ​ហ្សា​ម៉ា​ន់​ក៏​បាន​ចេញ​សេចក្តីថ្លែងការណ៍​មួយ​របស់​ខ្លួន​ផង​ដែរ ដែល​បាន​ឆ្លើយ​តប​ទៅ​នឹង​សន្និសីទកាសែត​របស់​ស្ថានទូត ។ សេចក្តីថ្លែងការណ៍​បាន​ប្រកាស​ថា ជាបឋម​ក្នុង​នាម​ក្រុមហ៊ុន​ហ្សា​ម៉ា​ន់ យើងខ្ញុំ​សូម​ធ្វើការ​ថ្កោលទោស​យ៉ាង​ខ្លាំង​ចំពោះ​ក្រុម​រដ្ឋប្រហារ​នៅ​ប្រទេស​តួ​ក​គី នៅ​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១៦​។ យើងខ្ញុំ​តែងតែ​ជឿជាក់​យ៉ាង​ខ្លាំង​លើ​លទ្ធិប្រជាធិបតេយ្យ ហើយ​គិត​ថា ការ​បង្កើត​រដ្ឋាភិបាល​នឹង​ត្រូវ​បង្កើត​ឡើង​ឆ្លងកាត់​តាម​រយៈ​ការ​បោះ​ឆ្នោត​ប្រកបដោយ​សេរី និង​យុត្តិធម៌​។ យើងខ្ញុំ​ប្រឆាំង​រាល់​កិច្ច​អន្តរាគមន៍​ពី​ក្រុម​យោធា​ណាមួយ​។ អ្នក​ទាំងអស់​គ្នា​នៅ​ក្នុង​ប្រទេស​តួ​ក​គី នឹង​ទទួល​រង​ជា​ខ្លាំង​ចំពោះ​ការ​ប៉ុនប៉ង​ដ៏​សាហាវយង់ឃ្នង​នេះ ។

សាលា​អន្តរជាតិ​ហ្សា​ម៉ា​ន់ គឺជា​សាលា​អន្តរជាតិ​ឯករាជ្យ​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា ដែល​មាន​សិស្ស​ចុះ​ឈ្មោះ​ចំនួន​ប្រហែល ២០០០ នាក់ ដើម្បី​សិក្សា​ថ្នាក់​ម​តេ្ត​យ្យ ថ្នាក់បឋមសិក្សា ថ្នាក់​វិទ្យាល័យ និង​ថ្នាក់​សាកលវិទ្យាល័យ ។ សាលា​អន្តរជាតិ​ហ្សា​ម៉ា​ន់ ត្រូវ​បាន​គ្រប់គ្រង​ដោយ​ក្រុមប្រឹក្សា​ក្នុង​នោះ មាន​បុគ្គលិក​រដ្ឋបាល និង​លោកគ្រូ​អ្នកគ្រូ​តំណាង​ឱ្យ​ប្រទេស​ចំនួន ១៥​ផ្សេង​ៗ​គ្នា ។ ចំពោះ​ចក្ខុវិស័យ​របស់​យើង គឺ​ខំប្រឹង​លើកតម្កើង​បុគ្គល​ម្នាក់​ៗ​ឲ្យ​ការ​លូតលាស់ ការ​រួមចំណែក​ក្នុង​ពិភពលោក ក្លាយជា​បុគ្គល​រឹងប៉ឹង មានការ​គោរព មាន​ភាព​ជា​សមាជិក​ក្រុម ភាព​ជា​ពលរដ្ឋ​នៃ​ជាតិ​របស់​ខ្លួន និង​ភាព​ជា​សមាជិក​នៃ​សមាគម​ពិភពលោក ។

ចំពោះ​អាជ្ញាប័ណ្ណ​របស់​សាលា​គឺ​ត្រូវ​បាន​ផ្តល់​ដោយ​ក្រសួង​អប់រំ​យុវជន និង​កីឡា ដែល​មាន​ក្រុមហ៊ុន​ហ្សា​ម៉ា​ន់​ជា​អ្នកគ្រប់គ្រង និង​ជា​ក្រុមហ៊ុន​ដែល​បាន​ចុះ​ឈ្មោះ​នៅ​ក្នុង​បញ្ជី​របស់​ក្រសួងពាណិជ្ជកម្ម​ផង​ដែរ ។ ដូច្នេះ​សាលា​នេះ គឺជា​សាលា​របស់​ប្រជាជន​កម្ពុជា ដែល​មានការ​ចុះ​អធិការកិច្ច ការ​បង់ពន្ធ​ជា​ប្រចាំ និង​រៀបចំ​ដោយ​ក្រុមប្រឹក្សាភិបាល​របស់​សាលា​។ សាលា​ហ្សា​ម៉ា​ន់​មាន​ភាព​ល្បីល្បាញ​ដោយសារ​គុណភាព​អប់រំ សមិទ្ធផល​ជា​ច្រើន​ទាំង​ថ្នាក់​ជាតិ និង​អន្តរជាតិ ។

សេចក្តីថ្លែងការណ៍​ដដែល​បន្ត​ថា សាលារៀន ហ្សា​ម៉ា​ន់ ត្រូវ​បាន​ផ្តល់​អាជ្ញាប័ណ្ណ និង​ត្រួតពិនិត្យ​ជា​ប្រចាំ​ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា​។ ចំណែក​ក្រុមហ៊ុន ហ្សា​ម៉ា​ន់ Co.,Ltd វិញ ក៏​បាន​ចុះបញ្ជី​ក្នុង​ក្រសួងពាណិជ្ជកម្ម​កម្ពុជា​ដែរ ដូចនេះ​ហើយ​ហ្សា​ម៉ា​ន់​ជា​ក្រុមហ៊ុន​របស់​ប្រទេស​កម្ពុជា​។ ដោយ​ការ​អះ​អាំង​នេះ​អាច​ធ្វើ​ឱ្យ សិស្សានុសិស្ស ២០០០​នាក់ និង​អាណាព្យាបាល​មួយ​ចំនួន​ទទួល​រង​គ្រោះ​បាន ។

ពាក់ព័ន្ធ​នឹង​ភាព​ស្អាតស្អំ​របស់​យើងខ្ញុំ​ផ្ទាល់ យើង​សូម​អញ្ជើញលោក​ឯកអគ្គរដ្ឋទូត​ម្តងទៀត បង្ហាញ​ភស្តុ​តាង ឬ​សេចក្តីសម្រេច​ណាមួយ​ដោយ​តុលាការ ដែល​គាត់​បាន​បង្ហាញ​ទៅ​កាន់​សាធារណជន និង​អាជ្ញាធរ​។ យើង​មាន​ជំនឿ​ចិត្ត​លើ​ភាព​ស្អាតស្អំ​របស់​អង្គភាព ដូចនេះ​វា​ជា​កាតព្វកិច្ច​របស់​គាត់​ផ្ទាល់​ថា​មាន​ភស្តុ​តាង​អ្វី ដើម្បី​បញ្ជាក់​ការ​ចោទប្រកាន់​របស់​ខ្លួន ។ នេះ​គឺជា​ចក្ខុវិស័យ​របស់​ពួក​យើង​ក្នុង​ការ​ប្រឆាំង​លើ​ប្រការ​នេះ ៕