ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រី​កាំកុងត្រូល​ដឹកនាំ​មន្ត្រី​ជំនាញ ចុះ​ពិនិត្យ​រក​ទំនិញ​ខូចគុណភាព

7 ឆ្នាំ មុន

បន្ទាយ​មាន​ជ័យ ៖ មន្ត្រី​កាំកុងត្រូល​ដឹកនាំ​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​រក​ទំនិញ​ខូចគុណភាព​នៅ​ផ្សារ​កូន​ដំរី​ក្រុង​ប៉ោយ​ប៉ែ​ត​បន្ត​ទៅ​ពិនិត្យ​ណែម​លក់​តាម​ដងផ្លូវ​ក្នុង​ក្រុង​សិរី​សោភ័ណ និង​រឹបអូស​យក​នៅ​ថ្ងៃ​ទី​២៣

បន្ទាយ​មាន​ជ័យ ៖ មន្ត្រី​កាំកុងត្រូល​ដឹកនាំ​មន្ត្រី​ជំនាញ​ចុះ​ពិនិត្យ​រក​ទំនិញ​ខូចគុណភាព​នៅ​ផ្សារ​កូន​ដំរី​ក្រុង​ប៉ោយ​ប៉ែ​ត​បន្ត​ទៅ​ពិនិត្យ​ណែម​លក់​តាម​ដងផ្លូវ​ក្នុង​ក្រុង​សិរី​សោភ័ណ និង​រឹបអូស​យក​នៅ​ថ្ងៃ​ទី​២៣​ ខែសីហា ឆ្នាំ​២០១៦ ក្នុង​ខេត្តបន្ទាយមានជ័យ​។ លោក សៀន ស៊ី​ណាត ប្រធាន​សាខា​កាំ​ង​កុងត្រូល​ខេត្តបន្ទាយមានជ័យ​បាន​ប្រាប់​ថា ដើម្បី​ពង្រឹងគុណភាព​ចំណីអាហារ​ការពារ​សុខមាលភាព​បងប្អូន​ប្រជាពលរដ្ឋ គឺ​ដោយ​មានការ​ណែនាំ​ពី​នាយកដ្ឋាន​សាខា​កាំកុងត្រូល​ខេត្តបន្ទាយមានជ័យ​បាន​សហការ​ជាមួយ​មន្ត្រី​ជំនាញ​មាន​មន្ត្រី​មន្ទីរ​ពាណិជ្ជកម្ម​ខេត្ត ​កម្លាំង​នគរបាល​ប្រឆាំង​បទល្មើស​សេដ្ឋកិច្ច​ខេត្ត និង​ក្រសួង​ប្រចាំ ខេត្ត បន្ទាយមានជ័យ​។

បាន​ចុះ​ពិនិត្យ​រក​ទំនិញ​ខូចគុណភាព និង​ប៉ះពាល់​សុខភាព និង​ផុត​កាលបរិច្ឆេទ និង​ណែនាំ​ឲ្យ​ការ​លក់ដូរ​មានការ​អនាម័យ និង​សោភ័ណ​ភាព គឺ​មន្ត្រី​ចម្រុះ​បាន​ចុះ​ពិនិត្យ​រក​ទំនិញ​ដំបូង​នៅ​តូប និង​ផ្សា​កូន​ដំរី​ក្នុង​ក្រុង​ប៉ោយ​ប៉ែ​ត រឹបអូស​មាន​ទំនិញ មានទឹក​ផ្លែ​ឈើ​ដប​ជ័រ​(​ថៃ​) ផុត​ការ​បរិច្ឆេទ​ចំនួន​៩​យួរ និង​ទឹកដោះគោ​ក្រហម​៨​យួរ នំ​ចា​ខ្វៃ​៣​កញ្ចប់ ទឹកខ្មេះ​រូប​ទន្សាយ​៤៤​ដប ផ្សិត​កំប៉ុង​៤​កំប៉ុង មីសួរ​៤​កញ្ចប់ ទឹកក្រូច​ដប​ជ័រ​៧​ដប ទឹកត្រី​៦​ដប ត្រីខ​១​កំប៉ុង​។

បន្ត​ចុះ​ពិនិត្យ​អ្នកលក់​ណែម​ចំនួន​៥​តូប តាម​ដងផ្លូវ​ចំណុច​ខាងលិច​ស្ពាន​ទឹកថ្លា ក្រុង​សិរី​សោភ័ណ ហើយ​ត្រូវ​បាន​រឹបអូស​មាន​ណែម ដែល​មាន​សារធាតុ​បូ​រ៉ា​ក់​មាន​ចំនួន ២,០០៥​ណែម និង​ខូចគុណភាព​ចំនួន​១,៩០០​ណែម​។ ចំពោះ​អ្នកលក់​ណែម​ទាំង​៥​តូប​នេះ​បាន​ធ្វើការ​ណែនាំ​អប់រំ​កិច្ចសន្យា​ឲ្យ​បញ្ឈប់​ការ​លក់​ណែម​ដែល​មាន​សារធាតុ (​បូ​រ៉ា​ក់ និង​ខូចគុណភាព​)​។ ម្ចាស់​អ្នកលក់​បាន​ប្រាប់​ថា​ណែម​នេះ​គឺ​គាត់​ទិញ​ពី​ឈ្មួញ​ធំ​នៅ​ខេត្តបាត់ដំបង ដែល​បាន​ដឹក​យក​មក​លក់​ជា​ប្រចាំ ហើយ​ម្ចាស់​ដែល​ធ្វើ​ណែម​ប្រាប់​ថា គ្មាន​សារធាតុ​អ្វី​ទេ​ទើប​ពួក​គាត់​ហ៊ាន​ទិញ​ដាក់​លក់​បន្ត បើ​គាត់​បានដឹង​ហើយនឹង​ឈប់​ការ​ទិញ​មក​លក់​ទៀត​ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​សុខភាព​បងប្អូន​ប្រជាពលរដ្ឋ​។

លោក សៀន ស៊ី​ណាត បាន​ណែនាំ​ឲ្យ​បងប្អូន​អាជីវករ​ត្រូវ​បញ្ឈប់​ការ​លក់ទំនិញ​ដែល​ខូចគុណភាព និង​ផុត​កាលបរិច្ឆេទ និង​ទំនិញ​ហាមឃាត់ ពេល​នេះ​បាន​ណែនាំ​អប់រំ​បើ​ឃើញ​ដាក់​លក់​បន្ត​ទៀត​គឺ​ត្រូវ​មាន​វិធានការ​តាម​ច្បាប់​៕