ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលា​វេ​ស្ទើ​ន​អន្តរជាតិ​ប្រគល់​វិញ្ញាបនបត្រ​បញ្ចប់​ការ​សិក្សា​ដល់​សិស្ស​ម​ត្តេ​យ្យ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សាលា​វេ​ស្ទើ​ន​អន្តរជាតិ​ដែល​កំពុង​ទទួល​បាន​នូវ​ការ​គាំទ្រ​លើ​ផ្នែក​បណ្ដុះបណ្ដាល​គុណភាព​អប់រំ​នា​ពេល​បច្ចុប្បន្ន​នេះ បាន​រៀបចំ​ពិធី​ប្រគល់​វិញ្ញាបនបត្រ​បញ្ចប់​ការ​សិក្សា​ថ្នាក់​ម​ត្តេ​យ្យ​សិក្សា

រាជធានី​ភ្នំពេញ ៖ សាលា​វេ​ស្ទើ​ន​អន្តរជាតិ​ដែល​កំពុង​ទទួល​បាន​នូវ​ការ​គាំទ្រ​លើ​ផ្នែក​បណ្ដុះបណ្ដាល​គុណភាព​អប់រំ​នា​ពេល​បច្ចុប្បន្ន​នេះ បាន​រៀបចំ​ពិធី​ប្រគល់​វិញ្ញាបនបត្រ​បញ្ចប់​ការ​សិក្សា​ថ្នាក់​ម​ត្តេ​យ្យ​សិក្សា​ដល់​សិស្ស​ចំនួន​៤៥៩​នាក់ មក​ពី​សាខា​៤​ក្នុង​រាជធានី​ភ្នំពេញ កាលពី​ព្រឹក​ថ្ងៃ​ទី​២០ សីហា ។ ពិធី​នេះ​ប្រារព្ធ​ធ្វើ​ឡើង​នៅ​ក្នុង​បរិវេណ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា ដោយ​មានការ​អញ្ជើញ​ចូលរួម​ពី​សំណាក់​លោក​ជំទាវ គឹ​ម សេដ្ឋា​នី រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា​។

លោក តែ ឡូ​រិ​ន នាយក​សាលា​វេ​ស្ទើ​ន​អន្តរជាតិ ថ្លែង​ថា សាលា​វេ​ស្ទើ​ន​បង្កើត​ឡើង​នៅ​ឆ្នាំ​២០០៣ និង​មាន​សិស្ស​ត្រឹមតែ​២៦២​នាក់​ប៉ុណ្ណោះ ដើម្បី​ចូលរួម​ចំណែក​ក្នុង​ការ​ផ្ដល់​ការ​អប់រំ​ប្រកបដោយ​គុណភាព ជួយ​ឱ្យ​កូន​ខ្មែរ​ទទួល​បាន​នូវ​ចំណេះដឹង​ទាំង​ភាសា​ខ្មែរ ក៏​ដូច​ជា​ភាសា​អង់គ្លេស​សម្រាប់​ប្រើប្រាស់​នៅ​ក្នុង​ការងារ​ក្នុង​និង​ក្រៅប្រទេស ។

សាលា​បាន​ផ្ដល់​ការ​អប់រំ​ចំណេះ​ទូទៅ​ពី​ថ្នាក់​ក្រោម​ម​ត្តេ​យ្យ​ដល់​ថ្នាក់​ទី​១២ ជា​ភាសា​អង់គ្លេស និង​ភាសា​ខ្មែរ ។ កាលពី​ដំបូង សាលា​វេ​ស្ទើ​ន​មិន​ទាន់​មាន​ថ្នាក់​ម​ត្តេ​យ្យ​សិក្សា​នៅឡើយ​ទេ រហូត​មក​ដល់​ឆ្នាំ​២០០៤ ទើប​សាលា​បើក​ឱ្យ​មាន​ថ្នាក់​ម​ត្តេ​យ្យ​នៅ​ក្នុង​កម្មវិធី​សិក្សា​សម្រាប់​ឆ្នាំ​២០០៤-២០០៥ ហើយ​សាលា​ទទួល​បាន​សិស្ស​ចំនួន​៥៩​នាក់​ស្មើនឹង​១១%​នៃ​សិស្ស​សរុប ។ ដោយ​មានការ​គាំទ្រ​ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ សាលា​វេ​ស្ទើ​ន​ទទួល​បាន​សិស្ស​ពី​ថ្នាក់​ម​ត្តេ​យ្យ​ដល់​ថ្នាក់​ទី​១២​ចំនួន​៥.០៦១​នាក់ ក្នុង​នោះ​សិស្ស​ថ្នាក់​ម​ត្តេ​យ្យ​មាន​ចំនួន​១.៥៤៦​នាក់ ស្មើនឹង​៣១% ។

លោក​ជំទាវ គឹ​ម សេដ្ឋា​នី រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​មាន​ប្រសាសន៍​ថា ការ​អប់រំ​នៅ​ថ្នាក់​ម​ត្តេ​យ្យ ពិតជា​មាន​សារៈសំខាន់​ណាស់​ដែល​មាតាបិតា​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់​មើលថែ គាំពារ និង​ផ្ដល់​អាហារូបត្ថម្ភ​ឱ្យ​បាន​គ្រប់គ្រាន់​ទាំង​គុណភាព និង​បរិមាណ ហើយនឹង​ផ្ដល់​ភាព​កក់ក្ដៅ​ដល់​កូន​ៗ​ផង​ដែរ ។ កុមារ​ដែល​ទទួល​បានការ​គាំពារ​យកចិត្តទុកដាក់​ថែទាំ ផ្ដល់​អាហារូបត្ថម្ភ ផ្ដល់​ភាព​កក់ក្ដៅ​ពេញលេញ​បាន​ល្អ នៅ​ពេល​គាត់​ចូល​រៀន​ថ្នាក់​ទី​១ ពួក​គាត់​មាន​បំ​ណិ​ន​នៅ​ក្នុង​ខ្លួន រៀន​ពូកែ មិន​បោះបង់​សាលា មិន​ខ្លាច​សាលា ដែល​ជា​មូលដ្ឋាន​ធ្វើ​ឱ្យ​គាត់​អាច​អភិវឌ្ឍ​សមត្ថភាព កាយសម្បទា​ខួរក្បាល​រៀន​បាន​ពូកែ​ជាង​កុមារ​ដែល​មិន​បាន​គាំពារ​យកចិត្តទុកដាក់​កាលពី​ពួក​គាត់​នៅ​តូច​ៗ ។ ព្រោះថា កុមារ​ដែល​មាន​អាយុ​សូន្យ​ឆ្នាំ​រហូត​ដល់​៣​ឆ្នាំ និង​កុមារ​អាយុ​៣​ឆ្នាំ​រហូត​ដល់​៦​ឆ្នាំ​មាន​ខួរក្បាល​លូតលាស់​លឿន​ជាង​កុមារ​ធម្មតា​២​ដង ដែល​ពី​មុនគេ​គិត​ថា កុមារ​នៅ​ម​ត្តេ​យ្យ​សិក្សា​មិន​សំខាន់ គឺ​គេ​ផ្ដោត​យកចិត្តទុកដាក់​លើ​សិស្ស​ថ្នាក់​ទី​១​ដល់​ថ្នាក់​ទី​៩ ៕