ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្មាន​វាចា​នឹង​ថ្លែង បាន​ត្រឹម​យំ​សំពះ​អង្វរ

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​យំ​សំពះ​អង្វរ​ថា ​ឈប់​ធ្វើ​បែប​នេះ​ទៀត​ហើយ បន្ទាប់​ពី​បុរស​ជា​ប្តី​ប្តឹង​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរាគមន៍​ខណៈ​​ស្ត្រី​ជា​ប្រពន្ធ​បាន​នាំ​ប្រុស​សហា​យមក​ដេក​​ដល់ក្នុង​បន្ទប់ជួល

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​បាន​យំ​សំពះ​អង្វរ​ថា ​ឈប់​ធ្វើ​បែប​នេះ​ទៀត​ហើយ បន្ទាប់​ពី​បុរស​ជា​ប្តី​ប្តឹង​សមត្ថកិច្ច​ឲ្យ​ជួយ​អន្តរាគមន៍​ខណៈ​​ស្ត្រី​ជា​ប្រពន្ធ​បាន​នាំ​ប្រុស​សហា​យមក​ដេក​​ដល់ក្នុង​បន្ទប់ជួល ។ ហេតុការណ៍​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​យប់​ថ្ងៃ​ទី​១៩ ខែសីហា ឆ្នាំ​២០១៦ នៅ​បន្ទប់​ជួល​មួយ​កន្លែង​ក្នុងភូមិ​ដំណាក់​ធំ​១ សង្កាត់​ស្ទឹង​មាន​ជ័យ ខណ្ឌមានជ័យ ។

ប្រភព​ពី​សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ថា ស្ត្រី​ជា​ប្រពន្ធ​ដែល​លួច​មាន​សហាយ​ឈ្មោះ នៅ មុំ អាយុ​២៥​ឆ្នាំ មុខរបរ​កម្មការិនី​រោងចក្រ ចំណែក​ប្រុស​សហាយ​ឈ្មោះ រស់ សា​រ៉ា​ន់ អាយុ​៣៦​ឆ្នាំ មុខរបរ​ជាង​ជួសជុល​ម៉ាស៊ីន​នៅ​ក្នុង​រោងចក្រ យីហោ ចេ​សិន រីឯ​បុរស​ជា​ប្តី​ឈ្មោះ ខៀវ ពិសិដ្ឋ អាយុ​២៥​ឆ្នាំ មុខរបរ​អ្នក​បើករថយន្ត​ដឹក​អ្នកដំណើរ ភ្នំពេញ​-​កំពង់ស្ពឺ ។

ប្រភព​ពី​បុរស​ជា​ប្តី​បាន​ប្រាប់​ឲ្យ​ដឹង​ថា គាត់​បាន​រៀប​ការ​ជាមួយ​ប្រពន្ធ​គាត់​៧​ឆ្នាំ​ហើយ ដោយ​ទទួល​បាន​ចំណងដៃ​កូនស្រី​អាយុ​២​ឆ្នាំ​ម្នាក់ ។ ថ្មី​នេះ​គាត់​សង្កេត​ឃើញ​ប្រពន្ធ​របស់​គាត់​ហាក់​ខុស​ប្លែក​ពី​មុន ធ្វើ​ឲ្យ​គាត់​សង្ស័យក៏​ផ្តាំ​ឲ្យ​ប្អូន​ថ្លៃ​ជួយ​តាម​មើល ស្រាប់​តែ​នៅ​យប់​កើតហេតុ ប្អូនថ្លៃ​របស់​គាត់​ក៏​បានឃើញ​ប្រពន្ធ​របស់​គាត់​នាំ​ប្រុស​ម្នាក់​ចូល​ទៅ​ក្នុង​បន្ទប់​ជួល​តាំងពី​ម៉ោង​៧​យប់ ក៏​បាន​ទូរស័ព្ទទៅ​ប្រាប់​រូប​គាត់ ។ ក្រោយ​ពី​ដឹង​រឿង​ហើយ​គាត់​ក៏​បាន​បើករថយន្ត​ចេញពី​ខេត្តកំពង់ស្ពឺ​មក​ទាំង​យប់ ។

បុរស​ជា​ប្តី​បាន​បន្ត​ថា ពេល​មក​ដល់​មិន​បាន​ធ្វើ​អ្វី​ទេ គឺ​បាន​ទៅ​ប្តឹង​មេ​ភូមិ​ដំណាក់​ធំ​១​ឲ្យ​ជួយ​អន្តរាគមន៍ ទើប​លោក​មេ​ភូមិ​រាយការណ៍​ទៅ​សមត្ថកិច្ច​ចុះ​មក​ដល់​បន្ទប់​ជួល គោះ​ទ្វារ ។ មួយសន្ទុះ ទើប​ស្ត្រី​ជា​ប្រពន្ធ​បាន​បើកទ្វារ​ចេញ​មក ធ្វើ​ដូច​ជា​អត់​ដឹង​រឿង​អី បាន​លាបម្សៅ​មុខ​សស្គុះ និង​ស្លៀក​រ៉ូ​ប​ពេល​យប់ ។ ចំណែក​ប្រុស​សហាយ បាន​រត់​ចូល​ក្នុង​បន្ទប់ទឹក​ទាំង​ខ្លួន​ននលគក តែ​ភ្លាម​ៗ​នោះ​ស្ត្រី​ជា​ប្រពន្ធ​បាន​បោះ​កន្សែង​ឲ្យ​សហាយ​រុំ​ខ្លួន​ចេញ​មក​ស្លៀកពាក់ ពេល​ដែល​ប្តី​ដើរ​រក​ឃើញ​នៅ​ក្នុង​បន្ទប់ទឹក ។

បន្ទាប់​ពី​ចាប់​បាន​សហាយស្មន់​ជាក់ស្តែង នគរបាល​ប៉ុស្តិ៍​ស្ទឹង​មាន​ជ័យ​នាំ​ខ្លួន​ស្ត្រី​ជា​ប្រពន្ធ និង​ប្រុស​សហាយ ព្រមទាំង​បុរស​ជា​ប្តី​ទៅ​សួរនាំ​នៅ​ប៉ុស្តិ៍​នគរបាល​ស្ទឹង​មាន​ជ័យ ។

នៅ​ចំពោះ​មុខ​សមត្ថកិច្ច ប្រុស​សហាយ​បាន​ប្រាប់​ថា ពួក​គេ​ធ្វើការ​ជាមួយ​គ្នា ហើយ​បាន​ស្គាល់គ្នា​២​ខែ​មក​ហើយ និង​បាន​គេ​ជាមួយ​ទើបតែ​បាន​២​ដង​ប៉ុណ្ណោះ ។ ប៉ុន្តែ​បើ​តាម​អ្នក​ជិតខាង​បាន​ឲ្យ​ដឹង​ថា ស្ត្រី​ជា​ប្រពន្ធ​បាន​ទាក់ទងប្រុស​សហាយ​នេះ​យូរ​មក​ហើយ ហើយ​តែងតែ​នាំ​មក​ដេក​ក្នុង​បន្ទប់​ជួល​ពេល​ដែល​ប្តី​មិន​នៅ ។ ចំណែក​ស្ត្រី​ជា​ប្រពន្ធ​វិញ បាន​ត្រឹម​យំ​សំពះ​អង្វរ​ប្តី ដោយ​ប្រាប់​ថា គាត់​ឈប់​ធ្វើ​អ៊ីចឹង​ទៀត​ហើយ ។

ទោះបីជា​យ៉ាងណា បុរស​ជា​ប្តី​បាន​សុំ​ឲ្យ​សមត្ថកិច្ច​ជួយ​អន្តរាគមន៍ សុំ​លែងលះ​គ្នា ហើយ​ប្រគល់​កូនស្រី​អាយុ​២​ឆ្នាំទៅ​ឲ្យ​ប្រពន្ធ និង​សុំ​ចែកទ្រព្យ​សម្បត្តិ​ពាក់កណ្តាល​ម្នាក់ ធ្វើ​ម៉េច​បើ​គេ​អស់ចិត្ត​ពី​គាត់​ហើយ ៕